សេចក្តីប្រកាសព័ត៌មាន

ក្រុមធនាគារពិភពលោករៀបចំហិរញ្ញប្បទានឥតសំណងទីមួយ ដើម្បីជួយគាំទ្រកំណែទម្រង់របស់ ប្រទេសមីយ៉ាន់ម៉ា

1 សីហា 2012




ការិយាល័យថ្មីបើកដើម្បីជួយលើកស្ទួយជីវិតរបស់ប្រជាជន

យ៉ាងហ្គន ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១២  – ក្រុមធនាគារពិភពលោក កំពុងបង្កើនការគាំទ្ររបស់ខ្លួនចំពោះកំណែទម្រង់នៅក្នុង ប្រទេសមីយ៉ាន់ម៉ា និង កំពុងបើកការិយាល័យថ្មីមួយប្រចាំប្រទេស។ ធនាគារពិភពលោកកំពុងរៀបចំដើម្បីបង្ហាញជូនក្រុមប្រឹក្សាភិបាលរបស់ខ្លួននូវហិរញ្ញប្បទានឥតសំណងរហូតដល់ ៨៥ លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រយោជន៍ដល់បុរស ស្ត្រី និង កុមារ តាមរយៈកម្មវិធីអភិវឌ្ឍន៍នាំមុខដោយសហគមន៍ ដែលនឹងអនុញ្ញាតឲ្យសហគមន៍សម្រេចចិត្តថាតើត្រូវវិនិយោគលើសាលារៀន ផ្លូវថ្នល់ ឬ គម្រោងផ្សេងទៀត។

លោក ជីម យ៉ុងគីម (Jim Yong Kim) ប្រធានក្រុមធនាគារពិភពលោក បានមានប្រសាសន៍ថា"យើងប្តេជ្ញាចំពោះការលុបបំបាត់ភាពក្រីក្រ ហើយការបើកការិយាល័យថ្មីនៅប្រទេសមីយ៉ាន់ម៉ានឹងអនុញ្ញាតឲ្យយើងអាចឈោងដល់ប្រជាជនខ្លះក្នុងចំណោមប្រជាជនក្រីក្របំផុតនៅតំបន់អាស៊ីបូព៌ា។ ពួកគេត្រូវបានកាត់ផ្តាច់ចេញពីសេដ្ឋកិច្ចពិភពលោកអស់រយៈពេលដ៏យូរ ហើយវាគឺជាប្រការសំខាន់ណាស់ដែលពួកគេទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកំណែទម្រង់របស់រដ្ឋាភិបាល។
 
អនុប្រធានក្រុមធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក លោកស្រី ប៉ាម៉េឡា ខុក្ស (Pamela Cox) បានប្រកាសថាហិរញ្ញប្បទានឥតសំណងទាំងនេះ នៅក្រុងយ៉ាងហ្គន ដែលជាកន្លែងដែលលោកស្រីបានបើកការិយាល័យថ្មីមួយនៃក្រុមធនាគារពិភពលោក រួមគ្នាជាមួយ អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី ខារីន ហ្វីនខេលស្តុន (Karin Finkelston)

លោកស្រី ខុក្ស (Cox) បានមានប្រសាសន៍ថា “ប្រទេសមីយ៉ាន់ម៉ាគឺស្ថិតក្នុងចំណោមបណ្តាប្រទេសក្រីក្របំផុតក្នុងតំបន់។ សេចក្តីត្រូវការរបស់ប្រជាជនគឺធំធេង ហើយក្រុមធនាគារពិភពលោកកំពុងធ្វើការជាមួយដៃគូ ដើម្បីគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល ដែលនឹងកែលម្អជីវិតរបស់ប្រជាជន ជាពិសេស ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ”  “ប្រការនេះនឹងជួយកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចដ៏ទូលាយ ដោយបង្កើតកាលានុវត្តភាពសម្រាប់ទាំងអស់គ្នា។”

លោកស្រី ខុក្ស (Cox) និង លោកស្រី ហ្វីខេលស្តុន (Finkelston) បានជួបជាមួយប្រធានាធិបតី អ៊ូ ថេនសេន (U Thein Sein) សមាជិកគណៈរដ្ឋមន្ត្រី លោកស្រី ដ អោងសានស៊ូជី (Daw Aung San Suu Kyi) និង សមាជិកដទៃទៀតនៃរដ្ឋសភា។ នេះគឺជាទស្សនកិច្ចទីមួយដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនគារ ចាប់តាំងពីពេលដែលប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តកំណែទម្រង់។

ហិរញ្ញប្បទានឥតសំណងរបស់ក្រុមធនាគារពិភពលោក នឹងគាំទ្រកម្មវិធីអភិវឌ្ឍន៍ជាតិមួយដែលដឹកនាំដោយសហគមន៍ ដោយផ្តល់មូលនិធិជូនប្រជាជននៅតាមសហគមន៍មូលដ្ឋាន រួមទាំងតំបន់មានវិវាទនៅព្រំដែន។ សមាជិកសហគមន៍ នឹងជ្រើសរើសគម្រោងអភិវឌ្ឍន៍ដែលពួកគេត្រូវការ ហើយតម្លាភាពនឹងធានាបានថាជនគ្រប់គ្នាអាចតាមដានមើលការប្រើមូលនិធិ។
 
ហិរញ្ញប្បទានឥតសំណងទាំងនេះ គឺសំដៅកសាងទំនុកចិត្តលើកិច្ចដំណើរការកំណែទម្រង់។  របាយការណ៍អភិវឌ្ឍន៍នាពេលថ្មីៗនេះមួយរបស់ក្រុមធនាគារពិភពលោកស្តីពីបណ្តាប្រទេសផុយស្រួយនិងរងឥទ្ធិពលវិវាទ សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចពិតប្រាកដ សម្រាប់ប្រជាជននៅក្នុងស្ថានភាពផុយស្រួយ ដើម្បីបង្កើនលទ្ធភាពសម្រាប់សន្តិភាពជាប់លាប់។

ធនាគារ ក៏កំពុងពង្រីកជំនួយបច្ចេកទេស និង ផ្តល់ជំនាញសាកលលោកផងដែរដើម្បីជួយរដ្ឋាភិបាល ក្នុងការផ្តល់សេវាកម្មជូនប្រជាជន។ នៅពេលនេះ ធនាគារកំពុងធ្វើការស្រាវជ្រាវសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីយល់ដឹងឲ្យបានកាន់តែប្រសើរឡើងនូវកម្រិតនៃភាពក្រីក្រ ដើម្បីជួយពង្រីកនិងធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុ និង កែលម្អបរិស្ថានអាជីវកម្ម។

លោកស្រី ខុក្ស (Cox) បានមានប្រសាសន៍ថា“សកម្មភាពនៅក្នុងវិស័យទាំងនេះ នឹងជួយរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ពង្រីកពាណិជ្ជកម្ម គ្រប់គ្រងធនធានរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើង និង បង្កើតការងារនិងកាលានុវត្តភាពថែមទៀតជូនប្រជាជន”

សាវជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាសមាជិកនៃក្រុមធនាគារពិភពលោកដែលផ្តោតទាំងស្រុងលើការអភិវឌ្ឍផ្នែកឯកជន បានចាប់ផ្តើមធ្វើការវាយតម្លៃនៅក្នុងវិស័យទាំងឡាយដែលសំខាន់ចំពោះកំណើនផ្នែកឯកជន ដូចជា លទ្ធភាពទទួលហិរញ្ញវត្ថុ បរិយាកាសវិនិយោគ និង ហេដ្ឋារចនាសម្ព័ន្ធ។ លទ្ធផលនៃការវាយតម្លៃទាំងនេះនឹងបង្កើតមូលដ្ឋានសម្រាប់កម្មវិធីអនាគតរបស់ IFC នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

"ដូចដែលយើងបានមើលឃើញនៅក្នុងបណ្តាប្រទេសដទៃទៀតក្នុងអន្តរកាលអញ្ចឹងដែរ ផ្នែកឯកជនបំពេញតួនាទីដ៏សំខាន់មួយក្នុងការបង្កើតការងារ និង ក្នុងការផ្តល់មធ្យោបាយសម្រាប់ឲ្យគ្រប់គ្នាទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច"  លោកស្រី ហ្វីនខេលស្តុន (Finkelston) បានមានប្រសាសន៍ថា "យើងប្តេជ្ញាចំពោះការជួយប្រជាជនមីយ៉ាន់ម៉ា នៅក្នុងកិច្ចដំណើរការកំណែទម្រង់ និង ចំពោះការជួយគាំទ្រផ្នែកឯកជន ដើម្បីបង្កើតការងារនិងឱកាសសម្រាប់ឲ្យអាជីវកម្មរីកលូតលាស់។”

ជាស្ថាប័នហិរញ្ញវត្ថុពហុភាគីមួយដែលមានប្រទេសសមាជិកចំនួន ១៨៨ ក្រុមធនាគារពិភពលោកនឹងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីធានាឲ្យបានថាសេចក្តីត្រូវការរបស់ប្រជាជនមីយ៉ាន់ម៉ាត្រូវបានបំពេញប្រកបដោយប្រសិទ្ធភាព។

ព័ត៌មានបន្ថែមៈ

  • ប្រទេសមីយ៉ាន់ម៉ានឹងមានលទ្ធភាពទទួលឥណទានគ្មានការប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលគឺជាមូលនិធិរបស់ក្រុមធនាគារពិភពលោកសម្រាប់បណ្តាប្រទេសក្រីក្របំផុត ក្រោយពេលដែលប្រទេសសងបំណុលហួសពេលកំណត់សងរួចចំនួន ៣៩៧ លានដុល្លារជូនក្រុមធនាគារពិភពលោក។
  • ក្រុមធនាគារពិភពលោក កំពុងធ្វើការលើ “យុទ្ធសាស្ត្របណ្តោះអាសន្ន” ថ្មីមួយ ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា និង ដៃគូអភិវឌ្ឍន៍ ដែលនឹងដឹកនាំការងាររបស់ធនាគារ ខណៈពេលដែលធនាគារត្រៀមលក្ខណៈសម្រាប់កម្មវិធីសម្រាប់ ប្រទេស។
  • លោក កាថាន សានការ (Kanthan Shankar) ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងចាំប្រទេសមីយ៉ាន់ម៉ា ដើម្បីដឹកនាំក្រុមបុគ្គលិកនៃក្រុមធនាគារពិភពលោកនៅក្នុងប្រទេស។ លោក សានការ (Shankar) មានបទពិសោធន៍ការងារជាង ១៥ ឆ្នាំនៅក្នុងបរិស្ថានវិវាទនិងក្រោយវិវាទ រួមមានប្រទេសទីម័រឡេស្តេ (Timor-Leste) វេសបែង (West Bank) ហ្គាហ្សា (Gaza) និង កូសូវ៉ូ (Kosovo)។
  • លោក ឆាលស៍ ស្នាយឌ័រ (Charles Schneider) ត្រូវបានតែងតាំងជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីដឹកនាំការអភិវឌ្ឍកម្មវិធីរបស់ IFC នៅប្រទេសមីយ៉ាន់ម៉ា។ លោក ស្នាយឌ័រ (Schneider) មានបទពិសោធន៍ការងារផ្នែកឯកជនជាង ១៥ ឆ្នាំ រួមមាននៅអាស៊ីអគ្នេយ៍ ដែលជាកន្លែងដែលលោកបានធ្វើការនៅប្រទេសវៀតណាម កម្ពុជា និង ឡាវ។ 
  • ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាសមាជិកមួយនៃធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD) ក្នុងឆ្នាំ ១៩៥២។ ធនាគារ បានអនុម័តការផ្តល់ឥណទានថ្មីតាំងពីឆ្នាំ ១៩៨៧។ ក្នុងឆ្នាំ ១៩៩៨ រដ្ឋាភិបាលបានឈានចូលក្នុងបំណុលហួសកំណត់ពេលសង ប៉ុន្តែ បានស្ថិតនៅជាសមាជិកមួយនៃធនាគារ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង វ៉ាស៊ីនតោន
Chisako Fukuda
ទូរស័ព្ទ: +1 (202) 473-9424
cfukuda@worldbank.org
នៅ​​ក្នុង យ៉ាងហ្គន
Sofia Busch
ទូរស័ព្ទ: +95 9 4211 28395
sbusch@worldbank.org
នៅ​​ក្នុង យ៉ាងហ្គន
Novita Patricia Wund
ទូរស័ព្ទ: +62 811 8400438
nwund@ifc.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2013/033/EAP

Api
Api

Welcome