រឿងពិសេស

ទ្រព្យសម្បត្តិដំបូងគេគឺសុខភាព

2 មីនា 2016


Image

អគារមន្ទីរពេទ្យថ្មីមួយនៅក្នុងខេត្តព្រះវិហារ គឺជានិមិត្តសញ្ញាមួយនៃការផ្លាស់ប្តូរដែលមិនគួរឲ្យជឿមួយក្នុង រយៈពេល ២០ឆ្នាំចុងក្រោយ នៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជា។ មន្ទីរពេទ្យចាស់ដែលគ្មានបរិក្ខាគ្រប់គ្រាន់នោះ ត្រូវបានជួសជុលកែលម្អយ៉ាងច្រើន និងបានបើកបម្រើប្រជាពលរដ្ឋជាផ្លូវការនៅក្នុងឆ្នាំ២០១៣។ ឥឡូវនេះ អ្នកជម្ងឺដែលរស់នៅតាមតំបន់ជនបទ អាចទទួលបានថ្នាំទំនើបៗដែលពួកគេត្រូវការដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ឬក៏មិនចាំបាច់ប្រឹងរកលុយដែលខ្លួនគ្មាននោះទេ។ សព្វថ្ងៃនេះ មន្ទីរពេទ្យ ១៦មករា គឺជាមន្ទីរពេទ្យដែលធំជាងគេបង្អស់នៅក្នុងខេត្តព្រះវិហារ។ មន្ទីរពេទ្យនេះមានគ្រឿងបរិក្ខាទំនើប និងមានបុគ្គលិកកម្រិតវេជ្ជបណ្ឌិត និងអ្នកឯកទេសខាងវេជ្ជសាស្ត្រ រាប់បញ្ចូលទាំងនាយកមន្ទីរពេទ្យ គឺលោកវេជ្ជបណ្ឌិត គង់ ឡូ ផងដែរ។ អ្នកជម្ងឺពីរនាក់ ក្នុងចំណោមអ្នកជម្ងឺជាច្រើនមានឈ្មោះ អ្នកស្រី ចេត ដុក និងអ្នកស្រី ស៊ីវ ម៉ៅ។


Image

រឿងរបស់​អ្នកស្រី ស៊ីវ ម៉ៅ

នៅក្នុង​ភូមិដ៏តូចមួយ​ស្ថិតនៅ​ភាគខាង​ជើង​នៃប្រទេសកម្ពុជា ស្រ្តីក្មេងម្នាក់ អាច​និយាយ​អរគុណដល់​ម្តាយ​ក្មេក​ដែល​មានការគិត​គូរ​បាន​រហ័ស​ និង​​អរគុណដល់មន្ទីរពេទ្យថ្មីនៅទីរួមខេត្ត ដែល​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​គាត់និងទារក​របស់គាត់​។ ដោយសារភាពប្រសើរឡើង​ដល់​​ផ្នែក​ថែទាំ​សុខភាព​ អត្រាស្លាប់របស់​មាតា​នៅក្នុង​ប្រទេសកម្ពុជា​បាន​ថយចុះប្រហែលពីរភាគបី​ ចាប់តាំងពី​ឆ្នាំ១៩៩០​មក។ អ្នកស្រី ស៊ីវ ម៉ៅ ត្រូវបាន​គេកត់ត្រា​​នៅក្នុង​ស្ថិតិ។

កាលពីមួយឆ្នាំមុន អ្នកស្រី ស៊ី​វ ម៉ៅ ដែល​មាន​អាយុ ២៦ឆ្នាំ បាន​ទទួលការ​វះកាត់យក​ទារកចេញ នៅឯមន្ទីរពេទ្យ ១៦មករា ក្រោយពីឆ្មបបុរាណ​មិន​អាច​ជួយ​គាត់​បង្កើត​ទារក​របស់គាត់​នៅ​ផ្ទះបាន​។ អ្នកស្រី ម៉ៅ និងប្តីរបស់គាត់​ ឈ្មោះ រ៉ា រេត អាយុ ២៧ឆ្នាំ និង​កូនប្រុសរបស់ពួកគាត់​ រស់នៅជា​មួយម្តាយក្មេករបស់គាត់​នៅ​ភូមិចារ ក្នុង​ខេត្តព្រះវិហារ ចម្ងាយប្រហែល ៤០០​គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

“ការងាររបស់ខ្ញុំគឺ​ធ្វើ​ស្រែ។ ខ្ញុំរស់នៅជាមួយម្តាយក្មេករបស់ខ្ញុំ។ សុខភាពរបស់ខ្ញុំធម្មតា​ទេ ក៏ប៉ុន្តែ កាលពីឆ្នាំមុនរហូតមក​ដល់​ខ្ញុំមាន​ផ្ទៃពោះ​ចុងក្រោយ​នេះ ខ្ញុំ​បាន​ឃើញថា​ ខ្ញុំមាន​ធ្លាក់​ឈាម​។ ខ្ញុំភ័យខ្លាចខ្លាំងណាស់​។ ខ្ញុំ​ព្រួយ​បារម្ភអំពីជីវិត​របស់ខ្ញុំ និង​កូន​របស់ខ្ញុំ។ ខ្ញុំនៅផ្ទះតែម្នាក់ឯង។ ម្តាយខ្ញុំនិងប្តីរបស់ខ្ញុំ​បាន​ទៅ​ធ្វើ​ស្រែបាត់​ហើយ​។ នៅពេលនោះ​ ខ្ញុំបាន​ហៅ​ពួកគាត់​ឲ្យ​ត្រឡប់មក​វិញ។

“អ្នក​ជម្ងឺ​មួយចំនួន ប្រើ​ឱសថបុរាណ​ ក៏ប៉ុន្តែ​ អ្នកខ្លះទៀត​​បាន​ទៅ​មណ្ឌល​សុខភាព​។ ប្រសិនបើ យើងគ្មាន​ប្រាក់ យើង​ខ្ចីពីសាច់​ញាតិ្ត។ ខ្ញុំត្រូវ​បាន​គេបញ្ជូនទៅ​មណ្ឌលសុខភាព​។ នៅទីនោះ ​​គ្រូពេទ្យដាក់​សេរ៉ូម​ឲ្យ​ខ្ញុំ ក៏ប៉ុន្តែឈាម​ធ្លាក់​ឥតឈប់សោះ។ ពួកគាត់​បាន​និយាយថា ពួកគាត់មិន​អាចព្យាបាល​ខ្ញុំបានទេ រួចក៏​បញ្ជូន​ខ្ញុំ​មកមន្ទីរពេទ្យខេត្ត។ នៅទីនោះហើយ ដែល​វេជ្ជបណ្ឌិត​ជាច្រើននាក់​បានធ្វើការវះកាត់បង្កើតកូន​របស់ខ្ញុំ។ កូន​របស់ខ្ញុំឥឡូវ​នេះ មាន​អាយុ​មួយឆ្នាំហើយ។ វាមាន​ឈ្មោះ ឫទ្ធិ សំណាង​។ យើង​ទាំងអស់គ្នា​មាន សំណាង​ណាស់​។ កូន​ខ្ញុំមាន​សុខភាព​ល្អទេ។”

Image

អ្នកស្រី ស៊ិន សាវី អាយុ ៥៨ ម្តាយ​ក្មេករបស់អ្នកស្រី ស៊ីវ ម៉ៅ​ រំឮករឿង .....

“នៅពេល​ដែល​យើង​បាន​ទៅដល់​មន្ទីរពេទ្យនោះ វេជ្ជបណ្ឌិត​ជាច្រើន​​បាន​និយាយ​ប្រាប់ខ្ញុំថា ប្រសិនបើកូន​របស់ខ្ញុំត្រូវ​បាន បញ្ជូន​​ទៅមន្ទីរ​ពេទ្យ​យឺតជាង​នេះតែពីរថ្ងៃ នាង​នឹង​ស្លាប់​ហើយ​។ វេជ្ជបណ្ឌិត​ បាន​និយាយ​ប្រាប់ខ្ញុំថា ពួកគេនឹង​ធ្វើការ​វះកាត់កូន​របស់ខ្ញុំ​នៅថ្ងៃ​បន្ទាប់​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដោយ​ឮថា កូន​ប្រសារស្រី​របស់​ខ្ញុំ​បាន​រស់​រាន​មាន​ជីវិត​។ កូនប្រុស​របស់ខ្ញុំមាន​ការព្រួយបារម្ភ ក៏ប៉ុន្តែ ខ្ញុំបាន​ប្រាប់គេថាមាន​វេជ្ជបណ្ឌិត​ល្អៗ​ច្រើន​នៅទីនេះ ហើ​យ​ពួកគាត់​អាច​ជួយ​សង្គ្រោះ​ជីវិត​ប្រពន្ធ​កូនឯង​បាន​។

“ខ្ញុំបាន​ថ្លែងអំណរគុណ និង​អង្គការ​ដែលបាន​ជួយ​ពួកយើង។​ សព្វថ្ងៃនេះ ចៅប្រុស​របស់ខ្ញុំមាន​សុខភាពល្អទេ។ ខ្ញុំក៏ជា​ឆ្មប​ដែល​ទទួលបាន​ការបណ្តុះបណ្តាលម្នាក់ដែរ ក៏ប៉ុន្តែ នៅពេលដែល​ខ្ញុំបាន​ឃើញស្ថានភាព​កូន​ប្រសារស្រី​ខ្ញុំដូច្នោះ ខ្ញុំមានការព្រួយបារម្ភ​ណាស់ ពីព្រោះ ខ្ញុំមិនដែល​បាន​ជួ​ប​ករណីបែបនេះទេ។ កូន​ខ្ញុំ​មាន​សំណាង​ ដោយ​មានអង្គការ និង​មន្ទីរពេទ្យ​ជួយនាង​ និង​មួយវិញទៀត​គឺ​យើងមាន​ផ្លូវ​ល្អ ដែល​អាចឲ្យ​យើង​នាំ​នាង​ដល់​មន្ទីរ​ពេទ្យ​បាន​យ៉ាង​ឆាប់។​

ប្រសិនបើគ្មានការគាំទ្រពីអង្គការ និង​គ្មាន​មន្ទីរពេទ្យថ្មីព្រមទាំងមាន​វេជ្ជបណ្ឌិត​ជំនាញ​ទេនោះ ខ្ញុំនឹង​ចំណាយ​អ្វីៗទាំងអស់​ ដើម្បីជួយ​សង្គ្រោះ​នាង (សូម្បី​តែ​លក់​ផ្ទះ​ ឬលក់ដី​របស់​ខ្ញុំ​ ក៏​ខ្ញុំ​ត្រូវ​តែ​លក់​ដែរ) ពីព្រោះខ្ញុំស្រឡាញ់កូន​ប្រសារ​ខ្ញុំណាស់។

រឿង​របស់​អ្នកស្រី ចេត ដុក

Image

អ្នកស្រី ចេត ដុក អាយុ ៦៦ឆ្នាំ ដែល​រស់​នៅ​ក្នុង​ភូមិគូលេន​ខាងជើង នៃ​ខេត្តព្រះវិហារ ទទួល​បាន​ការព្យា​បាល​នៅមន្ទីរពេទ្យនេះ។ ប្តី​របស់គាត់​ឈ្មោះ អិន តែល អាយុ ៦៥ឆ្នាំ ពិការភ្នែ​ដោយ​ការផ្ទុះគ្រាន់មីន​កប់ក្រោមដីក្នុង​កំឡុង​សង្គ្រាម​ស៊ីវិលនៅ​ឆ្នាំ១៩៨៩។

“ខ្ញុំឈ្មោះ ចេត ដុក។ ខ្ញុំមានកូន​៦នាក់ (​កូនប្រុស៤​នាក់ និង​កូន​ស្រី​២​នាក់)។ កូនទាំងអស់​បាន​រៀប​ការ​អស់ហើយ ហើយពួកគេ​រស់​នៅ​ជាមួយ​គ្រួសារ​របស់គេ​រៀងៗខ្លួនអស់។ ខ្ញុំរស់នៅជាមួយ​ប្តីរបស់ខ្ញុំ។ កូន​របស់ខ្ញុំជួយទំនុកបំរុង​ពួកយើង​។ យើង​ធ្លាប់ធ្វើ​ស្រែ​​ក៏ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ធ្វើស្រែ​លែងកើតហើយ​។ យើ​ងគ្មាន​ក្របី​ ឬ​គោ សម្រាប់​ភ្ជួរនឹង​គេទេ ដូច្នេះ យើង​ធ្វើ​ស្រែ​ដោយ​កម្លាំង​ខ្លួន​ឯង។ សុខភាព​របស់ខ្ញុំមិនល្អ​ទេ។ មុន​នឹង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​​ត្រូវ​បាន​សាងសង់ឡើង គ្រូ​ឱសថបុរាណ​ខ្មែរ​ព្យា​បាល​ជម្ងឺ​របស់ពួក​យើង។

“មុននឹង​ខ្ញុំ​ត្រូវបាន​គេបញ្ជូនទៅមន្ទីរពេទ្យ កូន​របស់ខ្ញុំបាន​ចំណាយ​​ប្រាក់អស់ច្រើន​ណស់​ដើម្បីទិញឱសថ បុរាណ​យកមកព្យាបាល​ខ្ញុំ។ ពួកគេ​បាន​ខ្ចីប្រាក់​ដើម្បី​ទិញ​ថ្នាំ ក៏ប៉ុន្តែ​ជម្ងឺ​របស់ខ្ញុំ​នៅ​តែ​មិន​បានធូរ​ស្បើយ​។ បន្ទាប់​មក​ប្តី​របស់ខ្ញុំបាន​ប្រាប់​ឲ្យ​កូន​ខ្ញុំឈប់​ប្រើ​ឱសថ​បុរាណ​ខ្មែរព្យា​បាល​ខ្ញុំទៀត​។ គាត់​បាន​ឲ្យ​កូន​របស់ខ្ញុំយកខ្ញុំទៅ​មន្ទីរ​ខេត្ត។ ខ្ញុំសំណាង​ហើយ​ដែល​គាត់​បាន​ស្នើ​ឲ្យ​ធ្វើ​ដូច្នេះ។

“កូន​ខ្ញុំ​បាន​ជួល​មធ្យោបាយ​ដឹក​ជញ្ជូនគេ​មួយ​ក្នុង​តម្លៃ ១០០.០០០​រៀល (២៥ដុល្លារ) និង​បាន​ខ្ចី​ប្រាក់​គេចំនួន ១លាន​រៀល​ (២៥០ដុល្លារ)​ បន្ថែម​ទៀត ដើម្បីបញ្ជូន​ខ្ញុំទៅមន្ទីរពេទ្យ​។ ​នៅក្នុង​មន្ទីរពេទ្យ​ ខ្ញុំអត់​ដឹង​ខ្លួន​អស់​រយៈ​បីថ្ងៃ។ នៅពេលដែល​ខ្ញុំបាន​ដឹង​ខ្លួនឡើង​ រឿង​ទី​មួយដែលខ្ញុំបាន​ធ្វើ​នោះ​​គឺ ខ្ញុំបាន​សួរ​កូន​របស់ខ្ញុំថា តើយើងត្រូវ​បង់​ថ្លៃពេទ្យ​អស់​ប៉ុន្មានទៅ​? កូន​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំវិញថា មូលនិធិ​សមធម៌សុខភាព​ បាន​ចេញ​ថ្លៃ​ចំណាយ​លើ​ការព្យា​បាល​ទាំងអស់រួច​ហើយ​​ ព្រម​ទាំង​ថ្លៃ​ធ្វើ​ដំណើរ​ផងដែរ​។

“កូន​របស់ខ្ញុំ​ក៏បាន​ប្រាប់ខ្ញុំ​ផងដែរថា ​វេជ្ជបណ្ឌិត​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ខ្ញុំណាស់​។ ខ្ញុំបាន​ប្រាប់​កូន​របស់ខ្ញុំថា ដោយសារ​តែ​ខ្ញុំ​ទទួលបាន​ការថែ​ទាំ​នេះហើយ ទើប​ខ្ញុំបានរស់​រាន​មាន​ជីវិតវិញ។ បន្ទាប់​មក​ ខ្ញុំ​បាន​បួង​សួង​និង​ជូនពរ​ដល់​វេជ្ជបណ្ឌិត​ទាំងអស់​ឲ្យ​មាន​សុខភាពល្អ ដើម្បី​ឲ្យ​ពួកគាត់​អាច​នៅព្យា​បាល​ខ្ញុំ​ម្តងទៀត។”

“មុននឹង​ទទួល​បាន​ការព្យាបាល​ ខ្លួន​របស់ខ្ញុំញ័រ​គ្រប់ពេល​ទាំងអស់។ ខ្លួនរបស់ខ្ញុំ មាន​ការ ឈឺចុកចាប់​ ខ្ញុំដេកមិន​បាន​ទេ។ ឥឡូវនេះ ខ្ញុំ​មា​នសុខភាព​ល្អ​ប្រសើរជាងមុន។ ខ្ញុំអាច​ដើរ​បាន និង​អាចយួរទឹក​បាន​ខ្លះ។ ពីមុន ខ្ញុំ​មិន​អាចកាន់យួរ​អ្វីបាន​ទេ សូម្បី​តែ​ចាន​មួយ​កាន់​មិន​ជាប់ផង។“

Image


Api
Api

Welcome