សេចក្តីប្រកាសព័ត៌មាន

កម្ពុជាធ្វើឲ្យប្រសើរឡើងដល់បរិយាកាសពាណិជ្ជកម្មនៅឆ្នាំ ២០១៧

26 តុលា 2016


របាយការណ៍ស្តីពីការធ្វើធុរកិច្ច៖ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមានការរីកចម្រើនរឹងមាំក្នុងការ

កែលម្អបរិយាកាសពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ ៖ របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមធនាគារពិភពលោក ស្តីពីការសម្រួលដល់ការធ្វើធុរកិច្ច បានបង្ហាញថា ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កំពុងតែធ្វើឲ្យប្រសើរឡើងប្រកបដោយភាពរឹងមាំដល់បរិយាកាសពាណិជ្ជកម្ម។ ប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់គឺ ប្រទេសកម្ពុជា ដែលឈរលើលំដាប់ថ្នាក់ទី ១៣១ ក្នុងចំណោម ១៩០ប្រទេស។ ពេលដែលប្រៀបធៀបជាមួយប្រទេសដែលនាំមុខគេជាច្រើន កម្ពុជាបានធ្វើឲ្យគម្លាតថយចុះតាមការអនុវត្តបានល្អបំផុត ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពិន្ទុដែលមិនប្រសើរពី ៥៤,៥៤ ដល់ ៥៤,៧៩ ធៀបនឹងឆ្នាំកន្លងទៅ។

របាយការណ៍ដែលមានចំណងជើងថា ការធ្វើធុរកិច្ច ឆ្នាំ២០១៧៖ ឱកាសស្មើភាពសម្រាប់ទាំងអស់គ្នា ដែលបានចេញផ្សាយនៅថ្ងៃនេះ បង្ហាញថា ជាងពីរភាគបីនៃប្រទេសចំនួន ២៥ស្ថិតក្នុងតំបន់នេះ បានធ្វើកំណែទម្រង់ចំនួន ៤៥ នៅក្នុងឆ្នាំកន្លងទៅ ដើម្បីបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ការធ្វើធុរកិច្ច បើធៀបនឹងឆ្នាំមុន មានតែ ២៨កំណែទម្រង់ទេ។

ពិសេសជាងនេះទៀត នៅក្នុងប្រទេសកម្ពុជា ការិយាល័យឥណទាន បានចាប់ផ្តើមផ្តល់ពិន្ទុទទួលស្គាល់ ដល់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុនានា ដែលបានធ្វើឲ្យមានភាពល្អប្រសើរឡើងដល់លទ្ធភាពទទួលបានព័ត៌មានអំពីឥណទាន។ ការកែលម្អនេះ បានបង្កភាពងាយស្រួលកាន់តែច្រើនឡើងដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជាដែលមានប្រវត្តិហិរញ្ញវត្ថុល្អ ក្នុងការទទួលបានឥណទាន។ ដើម្បីបោះជំហ៊ានទៅមុខ កម្ពុជាចាំបាច់ត្រូវធ្វើឲ្យការចាប់ផ្តើមធ្វើអាជីវកម្មកាន់តែមានភាពងាយស្រួលនិងកាន់តែឆាប់រហ័ស តាមរយៈការកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជី និងមិនចាំបាច់តម្រូវឲ្យមានភស្តុតាងបញ្ជាក់អំពីទុនដែលបានដាក់តម្កល់ ក្រោយការចុះបញ្ជីទេ។

លោកស្រី អ៊ីហ្គូណា ដូបា្រចា​ ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាបាននិងកំពុងមានការរីកចម្រើនក្នុងការជំរុញឲ្យមានបរិយាកាសពាណិជ្ជកម្មកាន់តែល្អប្រសើរជាងមុន។ កំណែទម្រង់នានាដែលកម្ពុជាបាននិងកំពុងធ្វើ គឺកំពុងតែជួយបង្កើតឲ្យមានសេដ្ឋកិច្ចរស់រវើក ដែលវានឹងជួយបង្កើននូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើន និងជួយពួកគេឲ្យចាកផុតពីភាពក្រីក្រ។”

ប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសចំនួន ១០លើគេ នៅលើពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់ធ្វើធុរកិច្ច។ ប្រទេសដែលមានចំណាត់ថ្នាក់លើគេ មាន ប្រទេសញូហ្ស៊ីលែនដ៍ (ស្ថិតក្នុងលំដាប់ថ្នាក់ទី ១) ប្រទេសសឹង្ហបូរី (លំដាប់ថ្នាក់ទី ២) តំបន់រដ្ឋបាលពិសេសហុងកុង ចិន (លំដាប់ថ្នាក់ទី ៤) និងសាធារណរដ្ឋកូរេ (លំដាប់ថ្នាក់ទី ៥)។

លោក រីតា រ៉ាម៉ាលហូ ប្រធានចងក្រងរបាយការណ៍នេះ បានមានប្រសាសន៍ថា “កំណែទម្រង់ថ្មីលើគ្រប់វិស័យនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាការបោះជំហ៊ានលើថ្មដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម។ ការកែលម្អដែលបានកត់សម្គាល់កាលពីឆ្នាំមុន ប្រទេសជាច្រើននៅក្នុងតំបន់នេះ នៅតែត្រូវធ្វើការកែលម្អដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសពាណិជ្ជកម្មសម្រាប់សហគ្រិនក្នុងស្រុកទាំងឡាយ។”

មានឱកាសជាច្រើនដើម្បីកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការចាប់ផ្តើមធុរកិច្ច ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងការពង្រឹងការអនុវត្តកិច្ចសន្យា។ ជាឧទាហរណ៍ វាត្រូវចំណាយពេលជាមធ្យម ៥៧ម៉ោង ដើម្បីគោរពតាមបទបញ្ជាព្រំដែនសម្រាប់ការនាំចេញនៅក្នុងតំបន់។ បែបបទនេះវាយូរជាងរយៈពេល​ដែលគេត្រូវចំណាយនៅក្នុង OECD ក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលជាមធ្យមគេត្រូវចំណាយរយៈពេល ១២ម៉ោង។

ឆ្នាំនេះ ជាលើកដំបូង ការធ្វើធុរកិច្ច រួមបញ្ចូលផ្នែកយែនឌ័រលើប្រធានបទបីក្នុងចំណោមប្រធានបទទាំង ១០ ដែលគ្របដណ្តប់លើ៖ ការចាប់ផ្តើមធ្វើអាជីវកម្ម ការចុះបញ្ជីទ្រព្យសម្បត្តិនិងការពង្រឹងការអនុវត្តកិច្ចសន្យា។ របាយការណ៍នេះបង្ហាញថា នៅក្នុងផ្នែកទាំងនោះ ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកចំនួនពីរបី មានឧបសគ្គផ្នែកយេនឌ័រ។ សម្រាប់ប្រទេសកម្ពុជា គ្មានឧបសគ្គផ្នែកយេនឌ័រទេ។

ក្រៅពីនេះ សូចនាករនៃការបង់ពន្ធ ត្រូវបានពង្រីកដើម្បីគ្របដណ្តប់លើដំណើរការក្រោយបំពេញបែបបទ ដូចជា សវនកម្មពន្ធដា និងការដកយកតម្លៃពន្ធបន្ថែមត្រឡប់វិញ។ ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកជាច្រើន អនុវត្តបានល្អលើផ្នែកទាំងនេះ។ ជាឧទាហរណ៍ រយៈពេលបំពេញបែបបទដកយកតម្លៃពន្ធបន្ថែមត្រឡប់វិញ ត្រូវចំណាយតិចជាង ៥ម៉ោង នៅក្នុងប្រទេសសឹង្ហបូរី និងសម្រាប់សវនកម្ម ត្រូវចំណាយ ២ម៉ោង នៅក្នុងប្រទេសហ្វ៊ីលីពិន។

របាយការណ៍ទាំងស្រុងនិងសំណុំទិន្នន័យ អាចរកមើលបានតាមវេបសាយត៍ដែលមានអាសយដ្ឋាន www.doingbusiness.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង Phnom Penh
Bou Saroeun
ទូរស័ព្ទ:  (855 23) 861 315
sbou@worldbank.org
នៅ​​ក្នុង Washington
Indira Chand
ទូរស័ព្ទ: +1 (202) 458-0434, +1 (703) 376-7491
ichand@worldbank.org



Api
Api

Welcome