របាយការណ៍ថ្មី ជំរុញឲ្យប្រទេសនានាអនុម័តគោលនយោបាយការពារសង្គម ដើម្បីការពារដល់កម្មករឲ្យបានកាន់តែច្រើនជាងមុន
ហ្សាកាតា ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៤៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែលមានចំណងជើងថា អត្រាមានការងារធ្វើនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក៖ ការងារ សហគ្រាស និងសុខមាលភាព (ភាសាអង់គ្លេស) បានឲ្យដឹងថា នៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស បានធ្វើឲ្យចំនួនមនុស្សធ្វើការនៅក្នុងបណ្តាប្រទេសភាគច្រើនស្ថិតក្នុងតំបន់អាស៊ីបូព៌ាមានការកើនឡើង ដូចនៅក្នុងបណ្តាប្រទេសដែលមានមនុស្សធ្វើការច្រើនបំផុតនៅក្នុងពិភពលោកដែរ នោះ អ្នកតាក់តែងគោលនយោបាយ គួរតែអនុម័តបទបញ្ជាការងារ និងគោលនយោបាយការពារសង្គម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មករទាំងអស់ រួមបញ្ចូលទាំងអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទ្រង់ទ្រាយធំផងដែរ។
នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានផលិតភាពកើនឡើងក្នុងកំឡុងពេលដែលមានការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ឆាប់រហ័សមួយ ដោយមានប្រជាជនជាច្រើនបានផ្លាស់ប្តូរទីលំនៅមករបស់នៅក្នុងទីក្រុង និងការកើនឡើងនូវសមិទិ្ធផលខ្ពស់ ផ្នែកកសិកម្ម ផលិតកម្ម និងសេវាកម្ម។ បណ្តាប្រទេសជាច្រើនដែលស្ថិតក្នុងចំណាត់ថ្នាក់ក្រីក្រមួយជំនាន់កន្លងទៅហើយនោះ ឥឡូវនេះបានធ្វើសមាហរណកម្មប្រកបដោយជោគជ័យចូលទៅក្នុងខ្សែសង្វាក់អាជីវកម្មជាលក្ខណសកល ដោយបានទាញយកនូវអត្ថប្រយោជន៍ពីតម្លៃពលកម្មដែលមានកម្រិតទាប។ នៅក្នុងប្រទេសភាគច្រើននៅក្នុងតំបន់នេះ ចំនួននៃប្រជាជនដែលកំពុងមានការងារធ្វើ ឬកំពុងស្វែងរកការងារធ្វើ រាប់បញ្ចូលទាំងស្រ្តីផង មានកម្រិតខ្ពស់ជាងបណ្តាប្រទេសដទៃទៀតដែលមានកម្រិតប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។
លោក អាក់សែល វ៉ាន់ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈពិសេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានបង្កើតឲ្យមានការងារធ្វើជាច្រើន និងបានរំដោះប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ ព្រមទាំងជាជោគជ័យមួយរបស់ប្រជាជនដែលមានការងារធ្វើ”។ លោកបានបន្តថា “វាដល់ពេលដែលត្រូវពង្រឹងការរីកលូតលាស់ទាំងនេះតាមរយៈការអនុម័តគោលនយោបាយសង្គមកិច្ចដែលការពារប្រជាពលរដ្ឋ ចៀសជាងការពារដល់វិស័យជាក់លាក់ណាមួយ ទីតាំងណាមួយ ឬមុខរបរអាជីពណាមួយ។ នៅពេលដែលមានការតាក់តែងបានល្អ គោលនយោបាយទាំងនោះ គួរតែធ្វើឲ្យបានប្រាកដប្រជាថា ការគាំពារសង្គម និងបទបញ្ជាការងារនានា បានផ្តល់អត្ថប្រយោជន៍ដល់កម្មករដែលងាយរងគ្រោះភាគច្រើននៅក្នុងសង្គម”។
នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់តំបន់នេះកំពុងតែថយចុះ និងតម្លៃពលកម្មកំពុងតែកើនឡើង កត្តាកំហិតផ្សេងៗនៃទីផ្សារពលកម្មបច្ចុប្បន្ននិងគោលនយោបាយការពារសង្គមនៅក្នុងតំបន់នេះ កំពុងតែក្លាយជាបញ្ហាធ្ងន់ធ្ងរមួយដែលតម្រូវឲ្យដោះស្រាយជាបន្ទាន់។ ទោះបីជាគោលនយោបាយទាំងនោះ ត្រូវបានតាក់តែងបានល្អយ៉ាងណាក៏ដោយ ក៏គោលនយោបាយទាំងនោះជារឿយៗត្រូវបានគេអនុវត្តមិនបានល្អ ហើយបណ្តាលឲ្យមនុស្សកាន់តែច្រើនឡើង ជាពិសេស ស្រ្តី មនុស្សក្មេងៗ និងមនុស្សដែលមានជំនាញតិចតួចដូចជាបោសសម្អាតឬអ្នកយាម និងអ្នកផ្តល់ម្ហូបអាហារជាដើម ទទួលបាននូវការងារដែលគ្មានការគាំពា គ្មានបទបញ្ជា និងគ្មានការងារធ្វើដែលត្រូវបង់ពន្ធ (ការងារមិនផ្លូវការ) ឬក៏បណ្តាលឲ្យអត់មានការងារធ្វើតែម្តង។
របាយការណ៍បានឲ្យដឹងថា ឧទាហរណ៍ ជាធម្មតា កញ្ចប់ថវិកាជាតិសម្រាប់អ្នកអត់ការងារធ្វើ អាចជួយនិយោជក់នានាឲ្យរួចផុតពីកាតព្វកិច្ចទូទាត់សំណងលើការបញ្ឈប់បុគ្គលិកដែលត្រូវចំណាយច្រើន ពន្ធលើពលកម្មទាបជាងមុន និងលើកទឹកចិត្តឲ្យក្រុមហ៊ុនក្លាយជាស្របច្បាប់។ ឧទាហរណ៍ គោលនយោបាយថែទាំសុខភាពសកលរបស់ប្រទេសថៃ គឺជាប្រភេទនៃការធានារ៉ាប់រងសង្គមមួយដែលបានកាត់បន្ថយរួចជាស្រេចនូវចំណាយចេញពីហោប៉ៅរបស់អ្នកជម្ងឺ និងនាំឲ្យមានការប្រើប្រាស់សេវាពេទ្យកាន់តែទូលំទូលាយជាងមុន។
របាយការណ៍នេះគឺជាការបំពេញបន្ថែមទៅលើរបាយការណ៍របស់ធនាគារពិភពលោកដែលមានចំណងជើងថា របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០១៣៖ ការងារ (ភាសាអង់គ្លេស) និងបានរួមចំណែកផ្តល់នូវភស្តុតាងជាក់ស្តែងមួយចំនួនជុំវិញផលប៉ះពាល់នៃគោលនយបាយការងារ និងជម្រើសសម្រាប់កំណែទម្រង់ នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ប្រទេសនានានៅក្នុងតំបន់មានរូបភាពនៃមូលដ្ឋានសេដ្ឋកិច្ចផេ្សងៗគ្នា មានទាំងប្រទេសដែលមានលក្ខណះជាជនបទជាទីក្រុង និងជាកោះតូចៗនៅដាច់ស្រយាល ដូចនេះមិនអាចយកវិធីសាស្រ្តតែមួយអាចត្រូវទាំងអស់នោះទេ។ ការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនិងប្រជាសាស្ត្រនៅក្នុងតំបន់នេះ ព្រមទាំងប្រវត្តិខ្វះកម្លាំងពលកម្មរបស់ខ្លួន បានបង្ហាញអំពីភាពបន្ទាន់ និងឱកាសសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដើម្បីអនុម័តនូវគោលនយោបាយគាំពារសង្គមថ្មីមួយ ដែលមានជាគំរូនៃការចំណាយទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ជាមួយនឹងគោលនយោបាយនានាដែលមានជាយូរមកហើយ។
លោក ប៊ើត ហូហ្វមេន ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហិ្វក បានមានប្រសាសន៍ថា “អាជីវកម្មដូចធម្មតា មិនមែនជាជម្រើសទេ។ ផលវិបាកនៃការមិនបានចាត់វិធានការបន្ថែម ដើម្បីធានាឲ្យមានកំណើនសុខុមាលភាពពីការងារ នឹងមានគំរាមកំហែងកាន់តែច្រើនដល់ការឯកភាពសង្គម និងដោយសារតែមានកំណើនថយចុះ វានឹងកម្រិតដល់ផលិតភាពនិងដាក់កំហិតដល់កំណើនលើបទដ្ឋានរស់នៅផងដែរ”។
របាយការណ៍នេះបានសរសេរថា គោលនយោបាយការងារបច្ចុប្បន្ន មិនបានជួយដល់កម្មករភាគច្រើន វាហាក់ដូចជាការគំាទ្របុរសដែលមានអាយុពេញកម្លាំងការងារក្នុងការងារដែលមានប្រាក់ខែជាជាងស្ត្រី យុវជននិងអ្នកដែលមានជំនាញទាបទេ។ ភស្តុតាងជាក់ស្តែង បានបង្ហាញឲ្យឃើញថា ប្រាក់បៀវត្សអប្បបរមាដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី វៀតណាម និងថៃ បានកាត់បន្ថយឱកាសការងារយ៉ាងច្រើនលើសលុបសម្រាប់ស្ត្រីនិងមនុស្ស វ័យក្មេង។
នៅទូទាំងតំបន់នេះ ជាង ៣០ភាគរយនៃពលរដ្ឋដែលមានអាយុពី ១៥ឆ្នាំ ដល់ ២៤ឆ្នាំ បានធ្វើចំណាកស្រុក ដោយសារពួកគេគ្មានការងារធ្វើ ឬមិនបានទទួលការអប់រំឬការបណ្តុះបណ្តាល។ បញ្ហានោះ បានបង្កើតឲ្យមានការបែងចែកទីផ្សារពលកម្ម និងការហាមប្រាម ព្រមទាំងមានហានិភ័យនៃភាពវឹកវរនិងអំពើហិង្សាក្នុងសង្គមកាន់ខ្ពស់ជាងមុន។ ទន្ទឹមនឹងនោះ ការតម្លើងប្រាក់បៀវត្សសម្រាប់កម្មករជំនាញ ដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយបច្ចុប្បន្ន បានបណ្តាលឲ្យមានវិសមភាពកាន់តែខ្ពស់ជាងមុននៅក្នុងប្រទេសមួយចំនួន។
ដើម្បីរក្សាតំបន់នេះឲ្យស្ថិតនៅលើផ្លូវមួយដែលត្រឹមត្រូវ របាយការណ៍នេះបានផ្តល់នូវអនុសាសន៍ថា បណ្តាប្រទេសជាច្រើន គួមើលឲ្យបានវែងឆ្ងាយលើសពីទីផ្សារពលកម្ម និងផ្តោតការយកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះនានា ដូចជា គោលនយោបាយដែលធានាដល់ស្ថិរភាពថ្លៃ លើកទឹកចិត្តដល់វិនិយោគទុននិងគំនិតថ្មី ព្រមទាំងគាំទ្រដល់ក្របខ័ណ្ឌ និយ័តកម្ម ដែលគំាទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលជួលមនុស្សភាគច្រើននៅក្នុងតំបន់នេះឲ្យមានការងារធ្វើ។
លោក ទ្រូមែន ផេកខាដ ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធឈានមុខជាច្រើនដែលបានសរសេររបាយការណ៍នេះ បានមានប្រសាសន៍ថា “គោលនយោបាយឧស្សាហកម្មពីលើចុះក្រោម មាននិរន្តរភាពតិចតួចនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលមានការធ្វើសមាហរណកម្មកាន់តែច្រើនឡើងនិងសេដ្ឋកិច្ចពិភពលោកដែលផ្អែកលើច្បាប់ជាមូលដ្ឋាន”។ លោកបន្តថា “ជាជម្រើស អ្នកតាក់តែងគោលនយោបាយនានា គួរតែសំឡឹងមើលកំណែទម្រង់នៅក្នុងគោលនយោបាយមួយចំនួនតាមផ្នែកនីមួយៗ និងអនុម័តគោលនយោបាយនានាដែលគាំពារដល់ពលរដ្ឋដែលកំពុងមានការងារធ្វើទាំងអស់ សូម្បីតែពួកគេធ្វើការងារឲ្យខ្លួនឯងផ្ទាល់ ឬជួលអ្នកដទៃឲ្យមកធ្វើការងារឲ្យខ្លួនក៏ដោយ”។
តាមការពិត ប្រទេសក្នុងតំបន់មានមូលដ្ឋានសេដ្ឋកិច្ចផ្សេងៗ ដូចនេះ ចាំបាច់តម្រូវឲ្យមានអាទិភាពគោលនយោបាយផ្សេងៗគ្នាដែរ។ ចំពោះប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចនៅទាក់ទងនឹងផ្នែកកសិកម្មជាចំបង របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា អ្នកតាក់តែងគោលនយោបាយនានា គួរតែផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាពកសិកម្ម និងជំរុញលើកទឹកចិត្តដល់សហគ្រាសមិនមែនកសិកម្ម។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចផ្អែកទៅលើតំបន់ទីក្រុង ដូចជា នៅប្រទេសចិន ឥណ្ឌូណេស៊ី ហ្វ៊ីលីពិន និងវៀតណាម របាយការណ៍នេះ បានផ្តល់ជាយោបល់ថា រដ្ឋាភិបាល គួរផ្តោតការយកចិត្តទុកដាក់លើការជំរុញឲ្យទីក្រុងដំណើរការបានល្អប្រសើរ តាមរយៈការបង្កើនហេដ្ឋរចនាសម្ព័ន្ធ និងកែលម្អសេវាកម្ម។
ចូលអានព័ត៌មានអំពីយើងនៅលើទំព័រហ្វេសប៊ុក តាមអាសយដ្ឋាន៖ https://www.facebook.com/worldbank
អានព័ត៌មានថ្មីៗនៅលើទំព័រទ្វីធើ តាមអាសយដ្ឋាន៖ https://www.twitter.com/worldbankasia