សេចក្តីប្រកាសព័ត៌មាន

ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាជោគជ័យមួយរបស់ប្រជាជនដែលមាន
ការងារធ្វើនៅក្នុងតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក

9 ឧសភា 2014


របាយការណ៍ថ្មី ជំរុញឲ្យ​ប្រទេសនានា​អនុម័ត​គោលនយោបាយការពារសង្គម ដើម្បី​​ការពារដល់​កម្មករឲ្យបាន​កាន់តែច្រើនជាងមុន

ហ្សាកាតា ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៤៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែលមានចំណង​ជើងថា អត្រាមានការងារធ្វើនៅ​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក៖ ការងារ  សហគ្រាស និង​សុខមាលភាព (ភាសាអង់គ្លេស) បានឲ្យដឹងថា នៅពេលដែល​ការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស បាន​ធ្វើឲ្យ​ចំនួន​មនុស្សធ្វើការ​នៅក្នុង​​បណ្តាប្រទេស​ភាគច្រើនស្ថិតក្នុង​តំបន់​អាស៊ីបូព៌ាមានការកើនឡើង ដូចនៅក្នុងបណ្តាប្រទេស​​​ដែល​មាន​មនុស្សធ្វើការច្រើនបំផុត​នៅក្នុងពិភពលោកដែរ នោះ អ្នកតាក់តែងគោលនយោបាយ គួរតែ​​អនុម័ត​បទបញ្ជាការងារ និងគោលនយោបាយការពារសង្គម ដើម្បី​​ផ្តល់​អត្ថប្រយោជន៍ដល់​កម្មករទាំងអស់ រួម​បញ្ចូល​ទាំង​​អ្នកដែល​ធ្វើការក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ទ្រង់ទ្រាយធំ​ផងដែរ។

នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ  តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានផលិតភាពកើនឡើងក្នុងកំឡុងពេល​ដែលមានការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ឆាប់រហ័សមួយ ដោយមាន​ប្រជាជន​ជាច្រើនបាន​​ផ្លាស់ប្តូរទីលំនៅ​មក​​របស់នៅក្នុងទីក្រុង និងការកើនឡើងនូវសមិទិ្ធផលខ្ពស់​ ផ្នែក​កសិកម្ម ផលិតកម្ម និងសេវាកម្ម​។ បណ្តាប្រទេសជាច្រើនដែល​ស្ថិតក្នុងចំណាត់ថ្នាក់​ក្រីក្រមួយជំនាន់​កន្លងទៅហើយនោះ ឥឡូវនេះ​បាន​​ធ្វើ​សមាហរណកម្ម​ប្រកបដោយជោគជ័យចូលទៅក្នុង​ខ្សែ​សង្វាក់​អាជីវកម្ម​ជាលក្ខណសកល ដោយ​បាន​ទាញ​យក​នូវ​​​​អត្ថប្រយោជន៍​ពី​តម្លៃពលកម្មដែលមានកម្រិតទាប។ នៅក្នុងប្រទេសភាគច្រើននៅក្នុងតំបន់​នេះ ចំនួននៃ​ប្រជាជនដែលកំពុងមានការងារធ្វើ ឬ​កំពុងស្វែងរកការងារធ្វើ រាប់បញ្ចូលទាំងស្រ្តីផង មានកម្រិតខ្ពស់ជាង​​បណ្តាប្រទេសដទៃទៀត​ដែលមានកម្រិត​ប្រាក់ចំណូល​ប្រហាក់ប្រហែលគ្នា។

លោក អាក់សែល  វ៉ាន់ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់​​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា “ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈពិសេសនៅក្នុង​តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាន​បង្កើតឲ្យមានការងារធ្វើជាច្រើន និងបានរំដោះ​ប្រជាជន​រាប់លាននាក់​ចេញពី​ភាពក្រីក្រ ព្រមទាំងជាជោគជ័យមួយរបស់ប្រជាជនដែល​មានការងារធ្វើ”។ ​ លោកបានបន្តថា “វាដល់ពេល​ដែលត្រូវ​ពង្រឹងការរីកលូតលាស់ទាំងនេះតាមរយៈការអនុម័តគោលនយោបាយសង្គមកិច្ច​ដែល​ការពារ​ប្រជាពលរដ្ឋ ចៀសជាង​ការពារដល់​វិស័យ​ជាក់លាក់ណាមួយ ទីតាំង​ណាមួយ ឬ​មុខរបរអាជីពណាមួយ។ នៅពេលដែល​មានការតាក់តែងបានល្អ គោលនយោបាយ​ទាំងនោះ គួរតែ​ធ្វើ​ឲ្យបានប្រាកដប្រជាថា ការគាំពារសង្គម និង​បទបញ្ជាការងារនានា បានផ្តល់អត្ថប្រយោជន៍ដល់​កម្មករ​ដែល​ងាយរងគ្រោះភាគច្រើននៅក្នុងសង្គម”។

នៅពេលដែល​កំណើន​សេដ្ឋកិច្ច​របស់តំបន់​នេះកំពុងតែ​ថយចុះ និង​តម្លៃ​ពលកម្មកំពុងតែកើនឡើង កត្តាកំហិត​ផ្សេងៗនៃ​ទីផ្សារ​ពលកម្ម​បច្ចុប្បន្ន​​និង​គោលនយោបាយ​ការពារសង្គមនៅក្នុងតំបន់នេះ កំពុងតែក្លាយជា​បញ្ហា​​​ធ្ងន់ធ្ងរមួយ​ដែល​​តម្រូវឲ្យដោះស្រាយជាបន្ទាន់។ ទោះបីជា​​គោលនយោបាយ​ទាំងនោះ​ ត្រូវបាន​តាក់តែង​បាន​ល្អយ៉ាងណាក៏ដោយ ក៏​គោលនយោបាយទាំងនោះ​ជារឿយៗត្រូវបានគេអនុវត្តមិនបានល្អ ហើយ​បណ្តាល​ឲ្យ​មនុស្សកាន់តែច្រើនឡើង ជាពិសេស ស្រ្តី​ មនុស្សក្មេងៗ និង​មនុស្សដែល​មាន​ជំនាញ​តិចតួចដូចជាបោស​សម្អាត​ឬអ្នកយាម និង​អ្នកផ្តល់ម្ហូបអាហារជាដើម ទទួលបាននូវការងារ​ដែល​គ្មានការគាំពា  គ្មាន​​បទ​បញ្ជា និង​​គ្មានការងារធ្វើដែលត្រូវបង់ពន្ធ​​ (ការងារមិនផ្លូវការ) ឬ​ក៏​បណ្តាលឲ្យ​អត់​មានការងារធ្វើតែម្តង។

របាយការណ៍បានឲ្យដឹងថា ឧទាហរណ៍ ជាធម្មតា កញ្ចប់ថវិកាជាតិសម្រាប់​អ្នកអត់ការងារធ្វើ អាច​ជួយនិយោជក់នានា​ឲ្យ​រួចផុតពីកាតព្វកិច្ច​​ទូទាត់សំណងលើការបញ្ឈប់បុគ្គលិកដែលត្រូវចំណាយច្រើន ​ពន្ធលើ​ពលកម្មទាបជាងមុន និង​លើកទឹកចិត្ត​ឲ្យក្រុមហ៊ុន​ក្លាយជាស្របច្បាប់។ ឧទាហរណ៍​ គោលនយោបាយ​ថែទាំសុខភាព​សកល​របស់​ប្រទេសថៃ គឺជា​​ប្រភេទនៃ​ការធានារ៉ាប់រង​សង្គម​មួយ​ដែល​​បាន​កាត់បន្ថយ​រួចជាស្រេចនូវ​ចំណាយ​ចេញពីហោប៉ៅ​របស់​អ្នកជម្ងឺ និង​នាំឲ្យមាន​ការប្រើ​ប្រាស់​សេវាពេទ្យ​​កាន់តែទូលំទូលាយ​ជាងមុន។

របាយការណ៍នេះគឺជាការបំពេញបន្ថែមទៅលើ​របាយការណ៍របស់ធនាគារពិភពលោក​ដែលមានចំណង​ជើងថា ​របាយការណ៍​អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០១៣៖ ការងារ​ (ភាសាអង់គ្លេស) និងបានរួមចំណែក​ផ្តល់នូវ​ភស្តុតាង​ជាក់ស្តែង​មួយចំនួនជុំវិញ​ផលប៉ះពាល់នៃ​​គោលនយបាយ​ការងារ និង​ជម្រើស​សម្រាប់កំណែទម្រង់​​ នៅក្នុង​តំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ប្រទេសនានានៅក្នុងតំបន់មានរូបភាពនៃមូលដ្ឋានសេដ្ឋកិច្ចផេ្សងៗគ្នា មានទាំងប្រទេសដែលមានលក្ខណះជាជនបទជាទីក្រុង និងជាកោះតូចៗនៅដាច់ស្រយាល​​ ដូចនេះមិនអាចយក​វិធីសាស្រ្តតែមួយអាចត្រូវទាំងអស់នោះទេ។ ការផ្លាស់ប្តូរ​នៃសេដ្ឋកិច្ចនិង​ប្រជាសាស្ត្រ​នៅក្នុងតំបន់នេះ ព្រមទាំង​ប្រវត្តិ​ខ្វះកម្លាំង​ពលកម្ម​របស់​ខ្លួន បានបង្ហាញ​អំពី​ភាពបន្ទាន់​ និង​​ឱកាសសម្រាប់​បណ្តាប្រទេស​នៅក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដើម្បី​អនុម័ត​​​នូវ​គោលនយោបាយ​គាំពារសង្គមថ្មីមួយ ​ដែលមានជាគំរូនៃការ​ចំណាយទាបជាង​​បណ្តាប្រទេស​​នានានៅក្នុង​តំបន់ ជាមួយនឹង​គោលនយោបាយ​នានាដែលមានជាយូរមកហើយ។

លោក ​ប៊ើត​ ហូហ្វមេន ប្រធានសេដ្ឋកិច្ចវិទូ​របស់ធនាគារពិភពលោក​​​ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហិ្វក បានមាន​ប្រសាសន៍ថា “អាជីវកម្មដូចធម្មតា មិនមែនជាជម្រើសទេ។ ផលវិបាក​នៃ​ការ​មិន​បាន​ចាត់វិធានការ​បន្ថែម ដើម្បីធានា​ឲ្យមានកំណើន​សុខុមាលភាពពីការងារ នឹង​​​មានគំរាមកំហែងកាន់តែច្រើនដល់ការឯកភាពសង្គម និង​​ដោយសារតែ​មានកំណើន​ថយចុះ វានឹង​កម្រិតដល់​​ផលិតភាព​និងដាក់​​កំហិតដល់​កំណើនលើ​បទដ្ឋាន​រស់នៅផងដែរ”។

របាយការណ៍នេះបានសរសេរថា ​គោលនយោបាយ​ការងារ​បច្ចុប្បន្ន មិនបានជួយ​ដល់​​កម្មករភាគច្រើន​ វាហាក់ដូចជាការ​គំាទ្របុរស​ដែលមានអាយុពេញកម្លាំងការងារក្នុងការងារដែលមានប្រាក់ខែជាជាង​ស្ត្រី យុវជន​និងអ្នកដែលមានជំនាញទាបទេ។ ភស្តុតាងជាក់ស្តែង​ បានបង្ហាញឲ្យឃើញថា ប្រាក់​បៀវត្ស​អប្បបរមា​ដែលកំពុងកើនឡើង​នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី វៀតណាម និងថៃ បានកាត់​​បន្ថយ​​ឱកាសការងារ​យ៉ាងច្រើនលើសលុបសម្រាប់​ស្ត្រីនិង​មនុស្ស វ័យក្មេង។

នៅទូទាំងតំបន់នេះ ជាង ៣០ភាគរយនៃ​ពលរដ្ឋ​ដែល​មាន​អាយុ​ពី ១៥ឆ្នាំ ដល់ ២៤​ឆ្នាំ ​បានធ្វើចំណាកស្រុក ដោយ​សារពួកគេ​គ្មានការងារធ្វើ​ ឬ​មិនបាន​ទទួល​ការអប់រំឬ​ការបណ្តុះបណ្តាល។ បញ្ហានោះ បាន​បង្កើតឲ្យមាន​ការបែងចែក​​​​ទីផ្សារពលកម្ម និង​ការ​​​ហាមប្រាម ព្រមទាំង​​មាន​ហានិភ័យ​នៃ​ភាពវឹកវរនិង​អំពើហិង្សាក្នុង​សង្គម​កាន់​ខ្ពស់​ជាងមុន។ ទន្ទឹមនឹងនោះ ការតម្លើងប្រាក់បៀវត្ស​សម្រាប់កម្មករជំនាញ ដែល​​ទទួល​បាន​អត្ថប្រយោជន៍ពី​គោលនយោបាយបច្ចុប្បន្ន​ បាន​បណ្តាលឲ្យ​មាន​វិសមភាព​កាន់​តែខ្ពស់ជាងមុននៅក្នុង​ប្រទេស​មួយចំនួន។

ដើម្បី​រក្សា​តំបន់នេះ​ឲ្យស្ថិតនៅលើ​ផ្លូវ​មួយដែលត្រឹមត្រូវ របាយការណ៍នេះបាន​ផ្តល់​នូវអនុសាសន៍ថា បណ្តា​ប្រទេសជាច្រើន គួមើលឲ្យបានវែងឆ្ងាយលើសពី​ទីផ្សារពលកម្ម​ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​​​​មូលដ្ឋានគ្រឹះនានា ដូច​ជា គោលនយោបាយ​ដែល​ធានា​​ដល់​ស្ថិរភាពថ្លៃ លើកទឹកចិត្ត​ដល់​វិនិយោគទុននិង​គំនិតថ្មី ព្រមទាំងគាំទ្រ​ដល់​ក្របខ័ណ្ឌ​​​​​​ និយ័តកម្ម​ ដែល​គំាទ្រដល់​​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែល​ជួល​មនុស្សភាគច្រើន​នៅក្នុងតំប​ន់នេះ​ឲ្យមានការងារ​ធ្វើ​។

លោក ទ្រូ​មែន ផេកខាដ ​ជា​អ្នកនិពន្ធ​ម្នាក់ក្នុងចំណោម​អ្នក​និពន្ធ​ឈានមុខជាច្រើន​ដែល​បាន​សរសេររបាយការណ៍នេះ បាន​មានប្រសាសន៍ថា “គោលនយោបាយ​ឧស្សាហកម្ម​ពីលើចុះក្រោម មាននិរន្តរភាពតិចតួច​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែលមានការធ្វើសមាហរណកម្ម​កាន់តែ​ច្រើនឡើងនិងសេដ្ឋកិច្ចពិភពលោក​ដែល​ផ្អែក​លើ​ច្បាប់​ជាមូលដ្ឋាន”។ លោកបន្តថា “ជាជម្រើស អ្នកតាក់តែងគោលនយោបាយនានា គួរតែ​​សំឡឹង​មើល​​កំណែទម្រង់​​​នៅក្នុង​គោលនយោបាយ​មួយចំនួន​តាមផ្នែកនីមួយៗ និង​អនុម័ត​​គោលនយោបាយ​នានា​ដែល​គាំពារដល់​​ពលរដ្ឋ​ដែល​កំពុងមានការងារធ្វើទាំងអស់​ សូម្បីតែពួកគេធ្វើ​ការងារឲ្យខ្លួនឯង​ផ្ទាល់ ​ឬ​ជួល​អ្នកដទៃ​ឲ្យ​មកធ្វើការងារឲ្យ​ខ្លួន​ក៏ដោយ”។​

តាមការពិត ប្រទេសក្នុងតំបន់មានមូលដ្ឋានសេដ្ឋកិច្ចផ្សេងៗ ដូចនេះ ចាំបាច់តម្រូវឲ្យមាន​អាទិភាពគោលនយោបាយ​ផ្សេងៗគ្នាដែរ។ ចំពោះ​ប្រទេស​ជាច្រើន​ដែល​មានសេដ្ឋកិច្ចនៅ​ទាក់ទងនឹងផ្នែក​កសិកម្មជាចំបង របាយការណ៍នេះ​ បាន​ផ្តល់​អនុសាសន៍ថា អ្នកតាក់តែងគោល​នយោបាយនានា គួរតែផ្តោតការយកចិត្តទុកដាក់លើការបង្កើន​ផលិតភាព​កសិកម្ម​ និង​ជំរុញ​លើកទឹកចិត្តដល់​សហគ្រាស​​មិនមែនកសិកម្ម។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចផ្អែកទៅលើតំបន់ទីក្រុង ដូចជា​ នៅប្រទេសចិន ឥណ្ឌូណេស៊ី ហ្វ៊ីលីពិន និង​វៀតណាម របាយការណ៍នេះ បាន​ផ្តល់​ជាយោបល់ថា រដ្ឋាភិបាល​ គួរផ្តោត​ការយកចិត្តទុកដាក់លើ​​ការជំរុញឲ្យ​ទីក្រុង​ដំណើរការ​បានល្អប្រសើរ តាមរយៈ​ការ​បង្កើន​ហេដ្ឋរចនាសម្ព័ន្ធ​ និង​កែ​លម្អ​សេវាកម្ម។ 

ចូល​អានព័ត៌មានអំពីយើងនៅលើ​ទំព័រហ្វេសប៊ុក តាម​អាសយដ្ឋាន៖ https://www.facebook.com/worldbank

អានព័ត៌មាន​ថ្មីៗនៅលើទំព័រទ្វីធើ តាមអាសយដ្ឋាន៖ https://www.twitter.com/worldbankasia

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង សឹង្ហបូរី
Dini Djalal
ទូរស័ព្ទ: +62-21-5299-3156
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
Jane Zhang
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2014/480 /EAP

Api
Api

Welcome