ភ្នំពេញ ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៣៖ លោក អូលរិក ហ្សាចៅ នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ីអគ្នេយ៍(រួមមានប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ានិងថៃឡង់) បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រុមយុវជន។ នេះគីជាទស្សនកិច្ចលើកដំបូងក្នុងឋានៈលោកជានាយកថ្មីប្រចាំតំបន់អាស៊ីអគ្នេយ៍។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ្សាចៅ បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងស្នើសុំយោបល់ពីភាគីពាក់ព័ន្ធនានាទាក់ទងទៅនឹងផែនការរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំរបស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ប្រទេសកម្ពុជា បានសម្រេចលើសគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ដើម្បីកាត់បន្ថយភាពក្រីក្រ ដោយបានកាត់បន្ថយអត្រាភាពក្រីក្របានជាង ៥០ភាគរយ គឺពី ៥៣ភាគរយ នៅក្នុងឆ្នាំ ២០០៤ មកនៅប្រហែល ២០ភាគរយ នៅក្នុងឆ្នាំ ២០១១ និងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានស្នាដៃល្អជាងគេបំផុតនៅលើពិភពលោកក្នុងការងារកាត់បន្ថយភាពក្រីក្រ។ ស្របពេលជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជាជិត ៣ លាននាក់ នៅតែក្រនៅឡើយនៅក្នុងឆ្នាំ ២០១១។ កៅសិបភាគរយនៃប្រជាពលរដ្ឋទាំងនេះ រស់នៅតំបន់ជនបទ។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កម្ពុជាជាច្រើនដែលបានធ្វើចំណាកស្រុកមកធ្វើការនៅទីប្រជុំជន ពុំមានតុល្យភាពជាមួយនឹងថ្លៃឈ្នួលផ្ទះនិងតម្លៃទំនិញដែលកំពុងតែកើនឡើងនោះទេ។ នៅក្នុងឆ្នាំ ២០១១ ជិត ៤០ភាគរយនៃកុមារទាំងអស់ដែលមានអាយុក្រោម ៥ឆ្នាំ ខ្វះអាហារូបត្ថម្ភ និង២៨ភាគរយដែលមានអាយុដូចគ្នា មានទម្ងន់មិនគ្រប់។ នេះគឺជាបញ្ហាប្រឈមសំខាន់របស់ប្រទេសកម្ពុជា និងក៏ជាឱកាសសំខាន់របស់កម្ពុជាផងដែរ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការរស់រានរបស់កុមារទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេ និងព្រមទាំងជួយពួកគេឲ្យរួចចាកពីភាពក្រីក្រ។
លោក ហ្សាចៅ បានមានប្រសាសន៍ថា «ខ្ញុំមកថ្ងៃនេះក្នុងឋានៈជានាយកប្រចាំប្រទេសកម្ពុជា ដើម្បីស្តាប់មតិយោយបល់របស់អស់លោកអំពីបញ្ហាប្រឈមសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ខ្ញុំចង់បានគំនិតយោបល់ល្អបំផុតរបស់អស់លោកសម្រាប់ការរៀបចំកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្រ្តរយៈពេលខ្លីរបស់យើង ដែលគ្រោងនឹងធ្វើនៅថ្ងៃខាងមុខ ដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលយើងចាប់ផ្តើមកិច្ចពិគ្រោះយោបល់របស់យើង យើងសូមបញ្ជាក់ជូនថា យើងចង់ស្តាប់ប្រជាជនឲ្យបានច្រើននៅទូទាំងប្រទេសតាមលទ្ធភាពដែលអាចធ្វើទៅបាន។»
ផែនការសម្រាប់កម្ពុជា៖ ផែនការយុទ្ធសាស្រ្តរបស់ធនាគារពិភពលោក នឹងផ្តោតការយកចិត្តទុកដាក់លើដោះស្រាយតម្រូវការសំខាន់ៗរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺប្រជាពលរដ្ឋទាំងឡាយណាដែលមិនទាន់ចាកចេញពីភាពក្រីក្រ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសបានរីក ចម្រើន។
លោក ហ្សាចៅបានទៅទស្សនាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងបានជជែកលេងជាមួយអ្នកជម្ងឺជាច្រើនដែលបានទទួលការគាំទ្រពីមូលនិធិសមធម៌សម្រាប់សុខភាព ដែលជួយបង់ថ្លៃចំណាយលើការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ លោក ហ្សាចៅ បានមានប្រសាសន៍ថា «ធ្វើការរួមគ្នាជាមួយប្រជាជនកម្ពុជា ដៃគូអភិវឌ្ឍន៍ដទៃទៀត និងអង្គការសង្គមស៊ីវិលនានា យើងនឹងពង្រឹងបាននូវភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា ដើម្បីស្វែងរកនូវមធ្យោបាយឆ្ពោះទៅមុខដែលល្អប្រសើរមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេស កុមារ គ្រួសារ សហគមន៍ ដែលគ្មានការងារធ្វើ មានប្រាក់ចំណូលទាប មានបញ្ហាសុខភាព និងខ្វះការងារ។ ការទទួលបានការអប់រំ ការថែទាំសុខភាពកាន់តែប្រសើរ ជំនាញនិងការបណ្តុះបណ្តាលដែលកាន់តែប្រសើរ អាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងមនុស្សដែលកំពុងធ្វើការ។ យើងប្តេជ្ញាកសាងបន្ថែមនូវភាពជាដៃគូប្រវត្តិសាស្រ្តរបស់យើងជាមួយប្រជាជនកម្ពុជា ដើម្បីជួយប្រជាជនកម្ពុជាកសាងនូវអនាគតដ៏ល្អប្រសើរមួយ។»