សេចក្តីប្រកាសព័ត៌មាន

សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំទោះបីជាមានឧបសគ្គ

7 តុលា 2013



សេដ្ឋកិច្ចកម្ពុជានៅតែមានលក្ខណ:រឹងមាំក្នុងពេលដែលបរិស្ថានពិភពលោកជួបបញ្ហាប្រឈម ហើយភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា ២០ ភាគរយ

 

ភ្នំពេញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៣  កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា កំពុងតែរីកលូតលាស់ក្នុងល្បឿនមួយយឺតៗ តួយ៉ាងដូចជា ប្រទេសចិនបានផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្តោតលើការនាំចេញ មកផ្តោតលើបរិមាណតម្រូវការក្នុងស្រុក។ កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម ដូចជា ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃឡង់ដ៍ ក៏កំពុងមានការកើនឡើងយឺតៗផងដែរ ដោយសារតែវិនិយោគទុនកាន់តែថយចុះ តម្លៃទំនិញនៅលើពិភពលោកកាន់តែធ្លាក់ចុះ ហើយកំណើននេះមានកម្រិតទាបជាងកំណើននៃការនាំចេញដែលគេបានប៉ាន់ប្រមាណ នេះបើយោងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍នេះបានឲ្យដឹងថា កំណើនព្យាករណ៍សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះមានចំនួន ៧,១ភាគរយ សម្រាប់ឆ្នាំ ២០១៣ និង ៧,២ ភាគរយ សម្រាប់ឆ្នាំ ២០១៤។ ទោះជា តាមការត្រួតពិនិត្យមើលឡើងវិញលើការព្យាករណ៍របស់ធនាគារពិភពលោកក្នុងខែមេសា ឆ្នាំ ២០១៣ បង្ហាញថា កំណើននេះមានការធ្លាក់ចុះបន្តិចបន្តួចក្តី សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា កំពុងនាំមុខគេនៅក្នុងតំបន់ដទៃទៀត។

លោក អាក់សែល វ៉ាន់ ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា «សេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បន្តនាំមុខសេដ្ឋកិច្ចពិភពលោក ដោយបានរួមចំណែក ៤០ភាគរយនៃកំណើនផលិតផលសរុបក្នុងស្រុករបស់ពិភពលោក គឺច្រើនជាងបណ្តាប្រទេសនៅក្នុងតំបន់ដទៃ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចពិភពលោកជារួមដែលកំពុងកើនឡើង ឥឡូវនេះ គឺដល់ពេលដែលបណ្តាប្រទេសកំពុងអភិវឌ្ឍនានា ចាប់ផ្តើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធនិងគោលនយោបាយនានាដើម្បីគាំទ្រដល់កំណើននេះ កាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។»

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងសម្រេចបានតាមគោលដៅក្នុងអត្រា ៧,៥ភាគរយនៅឆ្នាំនេះ។ ទស្សនវិស័យរយៈពេលខ្លី កំពុងតែទទួលបានជោគជ័យ ពីព្រោះទិន្នន័យផលិតកម្មឧស្សាហកម្ម បានបង្ហាញឲ្យឃើញអំពីភាពរឹងមាំកាន់តែខ្លាំងឡើងនៃទិន្នផល (ធាតុចេញ) នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០១៣។ កំណើនក្នុងឆ្នាំ ២០១៤ ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៧,៧ភាគរយ ប៉ុន្តែនៅមានហានិភ័យច្រើនទាក់ទងទៅនឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនឡើងវិញ ព្រោះថា ការធ្លាក់ចុះកាន់តែខ្លាំងឡើងនៃវិនិយោគទុនដែលគេបានរំពឹងទុក អាចមានផលប៉ះពាល់អវិជ្ជមានលើតំបន់នេះ ជាពិសេស លើអ្នកផ្គត់ផ្គង់ទំនិញមូលធននិងវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មទៅឲ្យប្រទេសចិន។

ដោយមិនរាប់បញ្ចូលប្រទេសចិន សេដ្ឋកិច្ចរបស់តំបន់នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,២ភាគរយ នៅក្នុងឆ្នាំ ២០១៣ និង ៥,៣ភាគរយ នៅក្នុងឆ្នាំ ២០១៤។ ខណៈដែលបរិមាណតម្រូវការក្នុងស្រុក បន្តធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង កំណើនវិនិយោគទុននៅក្នុងប្រទេសអាស៊ានកំពុងថយចុះ រួមទាំង ប្រទេសឥណ្ឌូណេស៊ី ថៃឡង់ដ៍ និងម៉ាឡេស៊ី។ ការទិញទំនិញយកមកប្រើប្រាស់និងការផ្ទេរប្រាក់ដ៏ច្រើន បានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានការរីកចម្រើន។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសតូចតាចនៅក្នុងតំបន់ កំពុងមានការរីកចម្រើនជាបន្ត៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកើនឡើងលើផ្នែកនាំចេញសម្លៀកបំពាក់និងវិស័យទេសចរណ៍។ ដោយសារតែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជប៉ុន និងតំបន់អឺរ៉ុប បានងើបប្រសើរឡើងវិញនៅក្នុងត្រីមាសទីពីរក្នុងឆ្នាំ ២០១៣ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា ក៏មានការរីកចម្រើនព្រមគ្នាផងដែរ ដោយសារតែចំណែកនៃពាណិជ្ជកម្មរបស់ប្រទេសទាំងនេះមានកម្រិតខ្ពស់។ ប៉ុន្តែ ប្រទេសទាំងនេះចាំបាច់ត្រូវតែត្រៀមលក្ខណៈឲ្យបានល្អប្រសើរជាងនេះដើម្បីកែសម្រួលបញ្ហានានាដែលនឹងអាចកើតមាន។

ក្នុងរយៈពេលពីរបីខែកន្លងទៅ ពាក្យចរចាមអារាមអំពីការដកចេញនៃផែនការកាត់បន្ថយបរិមាណនៅក្នុងសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានការលក់បង្ហើយនូវទីផ្សារហ៊ុន និងការធ្លាក់ចុះនៃរូបិយប័ណ្ណ ដែលធ្វើឲ្យប៉ះពាល់ដល់បណ្តាប្រទេសនានាដែលមានការចូលរួមជាច្រើនពីបរទេសនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន។

លោក ប៊ើត ហូហ្វមេន ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា «សេចក្តីសម្រេចចិត្តរបស់ក្រុមធនបម្រុងសហព័ន្ធដើម្បីពន្យាការកាត់បន្ថយលំហូរចូលនៃមូលធន បានធ្វើឲ្យទីផ្សារមានស្ថេរភាពសម្រាប់ពេលបច្ចុប្បន្ន ដោយបានផ្តល់នូវឱកាសទីពីរដល់ប្រទេសជាច្រើនដើម្បីចាត់វិធានការកាត់បន្ថយហានិភ័យដែលកើតចេញពីអស្ថេរភាពក្នុងពេលអនាគត។ ការកាត់បន្ថយការពឹងផ្អែកលើបំណុលរយៈពេលខ្លីនិងជារូបិយប័ណ្ណបរទេស ការទទួលយកអត្រាប្តូរប្រាក់ក្នុងកម្រិតទាបជាងនៅពេលដែលកំណើនស្ថិតនៅក្រោមសក្តានុពល និងការបង្កើតគោលនយោបាយការពារដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃធនធានហិរញ្ញវត្ថុពិភពលោកដែលកំពុងប្រែប្រួល គឺជាវិធីមួយចំនួនក្នុងចំណោមវិធីនានាដែលអាចជួយដល់ប្រទេសជាច្រើនដើម្បីត្រៀមលក្ខណៈ។»

កម្ពុជា: សេដ្ឋកិច្ចនៅតែមានលក្ខណ:រឹងមាំ ក្នុងពេលដែលបរិស្ថានសេដ្ឋកិច្ចពិភពលោកជួបបញ្ហប្រឈម ហើយលទ្ធភាពសម្រេចបាននូវកំណើនដែលបានការព្យាករណ៍ថាស្មើនឹង៧ ភាគរយនៅ ឆ្នាំ ២០១៣ ទំនងជាអាចអនុវត្តបាន ។ កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចផ្តោតលើការនាំចេញ ហេតុនេះ កំណើនផលិត ផលក្នុងស្រុកសរុបរបស់កម្ពុជាដឹកនាំដោយកំណើនខ្ពស់នៃវិស័យកសិកម្មដែលមានចីភាព (ពិសេសស្រូវដែលត្រូវបាននាំចេញផ្លូវការនិងក្រៅផ្លូវការ) និងការនាំចេញសម្លៀកបំពាក់ដែលមិនស្រុត ព្រមទាំងសកម្ម ភាពសំណង់ដែលមានសន្ទុះសារជាថ្មី និងមានវិស័យទេសចរណ៍ដ៏រឹងមាំ ។ ទោះជាយ៉ាងណាក្តីទស្សនវិស័យសេដ្ឋកិច្ចតទៅអនាគត ប្រឈមមុខនឹងហានិភ័យមួយចំនួន។ គេមិនដឹងច្បាស់ថាតើផលប៉ះពាល់នៃភាពមិនច្បាស់លាស់ខាងនយោបាយក្រោយការបោះឆ្នោតមកលើការវិនិយោគដោយផ្ទាល់ពីបរទេស និងកំណើនសេដ្ឋកិច្ចមានទំហំប៉ុណ្ណានោះទេទោះបីជាមានការប្រសើរជាងមុនខ្លះចំពោះសេដ្ឋកិច្ចបណ្តាលប្រទេសនានា។ ក្នុងកំឡុងប៉ុន្មានឆ្នាំក្រោយនេះភាពក្រីក្របានថយចុះ យ៉ាងច្រើននៅសល់ប្រមាណ ២០%ប៉ុណ្ណោះ  ទោះបីជាមានការកាត់បន្ថយភាពក្រីក្រយ៉ាងច្រើនបែបនេះក្តី គ្រួសារភាគច្រើនដែលបានចាកផុតពីភាពក្រីក្រ មានគំលាតពីភាពក្រីក្រតិចតួច ។

អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៏ថា «ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនខ្ពស់។ ជាលទ្ធផល ការកាត់បន្ថយភាពក្រីក្រ មានលក្ខណ:គួរឱ្យចាប់អារម្មណ៍ គឹសម្រេចបានពី ៥០% នៅឆ្នាំ ២០០៤ មកប្រមាណជា ២០% នៅឆ្នាំ ២០១១។" ទោះជាយ៉ាងណាក្តី "នៅមានបញ្ហាប្រឈមដ៏ធំនៅឡើយ។ ប្រជាជនប្រមាណជា ៥០% នៅតែមានភាពងាយរងគ្រោះទៅនឹងវិបត្ដិសេដ្ឋកិច្ច ដែលធ្វើអោយពួកគេធ្លាក់ចូលក្នុងភាពក្រីក្រសារជាថ្មី។ លើសពីនេះទៅទៀត ភាពក្រីក្រគឺជាបាតុភូតកើតឡើងនៅតំបន់ជនបទ ខណ:ដែល ៩០% នៃអ្នកក្រីក្រកំពុងរស់នៅតំបន់នោះ។»

ផលប៉ះពាល់នៃការកាត់បន្ថយលំហូរចូលនៃមូលធននៅក្នុងតំបន់នេះ ក៏អាចត្រូវបានរក្សានូវតុល្យភាពផងដែរដោយគោលនយោបាយសេដ្ឋកិច្ច Abenomics ដែលជាយុទ្ធសាស្រ្តថ្មីមួយរបស់ជប៉ុនដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ដែលអាចបង្កើនវិនិយោគទុនរបស់ជប៉ុននៅក្នុងតំបន់នេះបាន។

ការឆ្លើយតបនៃសារពើពន្ធនិងរូបិយវត្ថុក្នុងទ្រង់ទ្រាយធំទៅនឹងវិបត្តិនៃសេដ្ឋកិច្ចពិភពលោក ក៏បានបង្កើននូវភាពងាយរងគ្រោះជាច្រើនផងដែរនៅក្នុងប្រទេសជាច្រើន។ អាជ្ញាធរនានា ចាំបាច់ត្រូវតែត្រៀមលក្ខណៈជាស្រេចដើម្បីឆ្លើយតបទៅនឹងកំណើនជាបន្តបន្ទាប់នៃអត្រាការប្រាក់នៅក្នុងបណ្តាប្រទេសជឿនលឿន និងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដងដើម្បីស្តារឡើងវិញនិងរក្សានូវស្ថេរភាពហិរញ្ញវត្ថុ។

នៅក្នុងរយៈពេលវែង ដោយសារតែ អត្រាការប្រាក់ពិភពលោកដែលកើនឡើងកាន់តែខ្ពស់ ទំនងជានឹងប៉ះពាល់ដល់វិនិយោគទុន ការបង្កើនកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ពឹងផ្អែកយ៉ាងសំខាន់លើការកែលម្អកំណែទម្រង់រចនាសម្ព័ន្ធ។ ប្រទេសនានាចាំបាច់ត្រូវតែធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគរបស់ខ្លួន និងធ្វើការវិនិយោគបន្ថែមទៀតលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងខណៈដែលកំពុងធ្វើឲ្យវិនិយោគទុនសាធារណៈកាន់តែមានប្រសិទ្ធិភាព។ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចពិភពលោកដែលកាន់តែរឹងមាំ អាចជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍឲ្យបន្តធ្វើកំណែទម្រង់នានា ដោយធ្វើឲ្យប្រទេសទាំងនេះមានលទ្ធភាពអាចទទួលបាននូវអត្ថប្រយោជន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងរក្សាបាននូវកំណើនរបស់ខ្លួនកាន់តែរឹងមាំ។ រដ្ឋាភិបាលនានាចាំបាច់ត្រូវតែឆ្លើយតបទៅនឹងហានិភ័យនៃសារពើពន្ធ និងបង្កើតនូវឱកាសដើម្បីគាំទ្រដល់កំណើនរយៈពេលវែង ជាមួយនឹងវិធានការនានា រួមបញ្ចូលទាំងការកាត់បន្ថយប្រាក់ឧបត្ថម្ភលើថាមពល។

លោក ហូហ្វមេន បានមានប្រសាសន៍ថា «កំណែទម្រង់រចនាសម្ព័ន្ធដែលនឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋក្នុងការចែករំលែកផលចំណេញពីភាពរីកចម្រើន គឺជាគន្លឹះឆ្ពោះទៅរកកំណើននាពេលអនាគត។»

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជារបាយការណ៍ត្រួតពិនិត្យមើលឡើងវិញពិស្តាររបស់ធនាគារពិភពលោកលើសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់នេះ។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយពីរដងក្នុងមួយឆ្នាំ និងអាចរកមើលបានដោយឥតគិតថ្លៃនៅលើវេបសាយត៍របស់ធនាគារពិភពលោកតាមអាសយដ្ឋាន ៖ https://www.worldbank.org/eapupdate

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
សារឿន ប៊ូ
ទូរស័ព្ទ: +(855 12) 414 088
sbou@worldbank.org
នៅ​​ក្នុង សឹង្ហបូរី
Dini Djalal
ទូរស័ព្ទ: +62-21-5299-3156
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
Chisako Fukuda
ទូរស័ព្ទ: +1 (202) 473-9424
cfukuda@worldbank.org




Api
Api

Welcome