គំនិត

កម្ពុជា: ដល់ពេលវិនិយោគលើធនធានមនុស្ស

7 ធ្នូ 2012


ប៉ាម៉េឡា ខុក្ស កាសែតភ្នំពេញប៉ុស្តិដល់ពេលវិនិយោគលើធនធានមនុស្ស

ដោយ ផាមីឡា ខក អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា

មួយទស្សវត្សកន្លងមកនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចគួឲ្យកត់សម្គាល់។ ធនាគារ
ពិភពលោករំពឹងថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,៦ភាគរយ នៅឆ្នាំនេះ ជាឆ្នាំ
ដែលសេដ្ឋកិច្ចពិភពលោកមានភាពផុយស្រួយ។ ក្នុងខណៈនេះ កម្ពុជាអាចប្រែក្លាយយ៉ាង
លឿនទៅរកសេដ្ឋកិច្ចឧស្សាហកម្ម និងផលិតកម្មគួរឲ្យកោតសរសើរ។

តើនេះជាការសម្លឹងមើលដ៏ត្រឹមត្រូវឬ សម្រាប់អាណាគតកម្ពុជា?

ចម្លើយគឺពិតជាត្រឹមត្រូវ ប៉ុន្តែលុះត្រាតែកម្ពុជាវិនិយោគលើធនធានដ៏សំខាន់បំផុតរបស់ខ្លួន
នោះគឺមនុស្ស មានន័យថាបង្កលក្ខណះងាយស្រួលដល់បុគ្គលម្នាក់ៗឲ្យជឿជាក់ថាគាត់មាន
សក្តានុពល និងមានសមត្ថភាពផលិតដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

រហូតមកដល់ពេលនេះ ការវិនិយោគរបស់កម្ពុជាគឺបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម
និងកម្មន្តសាល ដែលវាពិតជាមានសារសំខាន់ណាស់ក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ
សេដ្ឋកិច្ចរបស់ប្រទេស។ ជាមួយនឹងដំណើររីកចំរើនសេដ្ឋកិច្ច វាមានការលើកឡើងយ៉ាង
ច្បាស់ថា ការខិតខំប្រឹងប្រែងទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីជួយប្រទេសឲ្យ
ទទួលបានសមធម៌ និងសេ្ថរភាពកំណើន ហើយជាពិសេសជាង​នេះទៅទៀតគឺការកាត់បន្ថយ
ភាពក្រីក្រ។

បច្ចុប្បន្ន បើទោះបីជាទទួលបានសមិទិ្ធផលសេដ្ឋកិច្ចរបស់ប្រទេសប្រសើរក្តី មានប្រជាជន
ប្រមាណ​២០ភាគរយ ឬប្រមាណ ២,៨​លាននាក់នៅក្រនៅឡើយ។ ជិត ៤០​ភាគរយនៃកុមារ
ដែលមានអាយុក្រោម៥ឆ្នាំគឺកង្វះអាហារូបត្ថម្ភ និង ២៨​ភាគរយ ក្នុងអាយុ​ដូចគ្នានេះ​មានទម្ងន់
មិនគ្រប់គីឡូ។ នាអំឡុងពេលមួយទស្សវត្សកន្លងទៅ ជំនាញសម្រាប់ការងារនៃមនុស្សជំទង់
មានការកើនឡើងក្នុងអត្រាយឺតជាងប្រទេសក្នុងតំបន់អាស៊ីបូព៌ា ហើយភាគរយនៃកម្មករដែល
មានជំនាញក្នុងចំណោមអ្នកធ្វើការរកកម្រៃគឺនៅទ្រឹង។

នៅពេលដែលសេដ្ឋកិច្ចកំពុងតែរីកចំរឿនខ្លាំង​ វានឹងអាចត្រូវបានគេមើលរំលង។ ប៉ុន្តែ
សម្រាប់អនាគតកម្ពុជា ទាំងនេះជារឿងដែលយើងត្រូវដោះស្រាយ ហើយនេះគឺអ្វីដែល
ធនាគារពិភពលោកអាចជួយបាន។ ការបញ្ចប់ភាពក្រីក្រ និងការចែករំលែកភាពរីកចំរឿន
គឺជាស្នូលនៃបេសកកម្មរបស់ធនាគារពិភពលោក។

ការវិនិយោគលើការអភិវឌ្ឍមនុស្ស ជាពិសេសលើសុខភាព និងអប់រំ គឺត្រូវការជាអាទិភាពនៅ
ប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសសម្រាប់ទាំងអស់គ្នា ជាពិសេសអ្នកក្រ និងអ្នកងាយរង
គ្រោះ។ ការអន្តរាគមន៍លើវិស័យទាំងនេះ​គឺធ្វើការរួមគ្នាដើម្បីកសាងធនធានមនុស្សរបស់
ប្រទេសមួយចាប់តាំងពីមុនពេលក្មេងចាប់ផ្តើមចូលរៀន។ មានភស្តុតាងជាច្រើនបានបង្ហាញ
អំពីសារសំខាន់នៃការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់​​ និងការថែទាំសុខភាពចាប់តាំងពីវ័យដំបូង
របស់កុមារ គឺជាមូលដ្ឋានគ្រឹះនៃការរីកចំរើនផ្នែកបញ្ញា និងបានសិក្សារយៈពេលវែង។

រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីផ្តល់ឱកាសឲ្យក្មេងៗបានសិក្សាព្រម
ទាំងទទួលបានគុណភាពនៃការអប់រំ ពេលនេះគឺមានប្រមាណជា​៩៦​ភាគរយនៃកុមារអាយុ
ពី​ ៦​ ដល់​ ១១ឆ្នាំបានចូលរៀននៅបឋមសិក្សា។ ជាមធ្យមការធ្វើតេស្តនៅបឋមសិក្សា និង
មធ្យមសិក្សាគឺមានលទ្ធផលប្រសើរ ហើយការចុះឈ្មោះចូលរៀននៅឧត្តមសិក្សាបានកើន
ឡើង៤ដង រវាងឆ្នាំ ២០០១​ និងឆ្នាំ២០១១។

បច្ចុប្បន្ន ធនាគារពិភពលោកបាននឹងកំពុងគាំទ្រវិស័យសុខាភិបាល​ និងអប់រំនៅកម្ពុជា។ ជា
​មួយរដ្ឋាភិបាល​ និងដៃគូរអភិវឌ្ឍន៍របស់យើង យើងបានផ្តល់ហិរញ្ញវត្ថុដល់មូលនិធិសមធម៌
សម្រាប់សុខភាព និងអាហារូបករណ៍ដល់សិស្សក្រីក្រ មាន ជាង២,៥ លានករណីនៃការ
ព្យាបាលជម្ងឺសម្រាប់ប្រជាជនក្រីក្រចាប់តាំងពីឆ្នាំ២០០៩ និងផ្តល់អាហារូបករណ៍ប្រមាណជា
៦៣០០០សិស្សក្រីក្រនៅមធ្យមសិក្សាតាំងពីឆ្នាំ២០០៥។ ប៉ុន្តែនៅមានការងារជាច្រើនទៀត
ដែលត្រូវធ្វើដើម្បីពង្រីកការគ្របដណ្តប់ គុណភាព និងអភិបាលកិច្ចសម្រាប់វិស័យទាំងនេះ។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងតែកើនឡើងក្តី និយោជកជាច្រើនបានរាយការណ៍ថា វាមាន
ការមិនស៊ីសង្វាក់គ្នារវាងជំនាញដែលនិស្សិតរៀននៅឧត្តមសិក្សារួមយកមកបំរើការងារ និង
ជំនាញដែលទីផ្សារត្រូវការ។ ការសិក្សារបស់ធនាគារពិភពលោកនាពេលថ្មីៗនេះបានរក
ឃើញថា ២២ភាគរយនៃនិយោជកបរទេសនៅកម្ពុជាបានបរិយាយថាវាជាបញ្ហាប្រឈមធ្ងន់ធ្ងរ
ឬធ្ងន់ធ្ងរខ្លាំង សម្រាប់ការងាររកស៊ីរបស់ពួកគេ។

នេះមានន័យថាប្រជាជនកម្ពុជាភាគច្រើនបានទទួលប្រាក់កម្រៃតិចជាងអ្វីដែលពួកគាត់អាច
ទទួលបានប្រសិនបើពួកគាត់មានការសិក្សាគ្រប់គ្រាន់ និងមានជំនាញ។ សម្រាប់ប្រទេស
វានឹងនាំទៅរកសមត្ថភាពផលិតទាបព្រោះវាបានដាក់កំហិតនៃសក្តានុពលរបស់ប្រទេស
កម្ពុជាដើម្បីទាក់ទាញវិនិយោគ និងលើកកម្ពស់ស្តង់ដារជីវភាពរស់នៅសម្រាប់ទាំងអស់គ្នា។
ដូចនេះយុទ្ធសាស្រ្តកំណើនសម្រាប់ប្រទេសគឺទាមទារឲ្យមានជំនាញប្រសើរ។

ជាស្ថាប័នចំណេះដឹង និងហិរញ្ញវត្ថុសកលលោកមួយ ធនាគារពិភពលោកធ្វើការជាមួយ
រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានានៅជុំវិញពិភពលោក ប្រមែប្រមូលការអនុវត្តល្អៗ និងផ្តល់ជា
ដំណោះស្រាយអភិវឌ្ឍន៍សម្រាប់បញ្ហាលំបាកៗជាច្រើនដែលប្រទេស និងសហគមន៍នានា
កំពុងប្រឈម។ ធនាគារពិភពលោកបានស្រង់យកចំណេះដឹង និងបទពិសោធន៍ពីបណ្តា
ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងតំបន់ឯទៀតៗ ហើយត្រៀមជាស្រេចដើម្បីជួយ លើកទឹក
ចិត្ត និងចែករំលែកអំពីវិធីសាស្រ្តដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវ
គោលដៅ អភវិឌ្ឍន៍របស់ខ្លួន។

ជាឧទាហរណ៍ នៅប្រទេឥណ្ឌូនេស៊ី ធនាគារពិភពលោកបានគាំទ្រកម្មវិធីជំនួយសង្គមមួយ
ដែលបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាដែលប្រទេសនេះមិនអាចទទួលបានតាមគោល
ដៅអភិវឌ្ឍន៍​សហសវត្សរ៍ ជាពិសេស​ សុខភាពមាតា សុខភាពកុមារ និងការអប់រំទាំងអស់គ្នា
ដោយប្រើប្រាស់វិធីសាស្រ្តដែលផ្តើមចេញពីសហគមន៍ដ៏ជោគជ័យមួយ។ សហគមន៏ខ្លួនគាត់
ផ្ទាល់បានទទួលរាប់រងការងារ និងការផ្តល់ថវិកាសម្រាប់ជំនួយដល់សូចនករណ៍ដែលបាន
កំណត់ជាគោលដៅចំនួន១២សម្រាប់សុខភាព​និងអប់រំ​ ជាលទ្ធផលគឺស្ត្រី និងកុមារចំនួន
១,៦​លាននាក់ទទួលបានការប្រឹក្សា និងគាំទ្រចំពោះអាហារូបត្ថម្ភ ដែលការងារនេះបានជួយ
កុមារជាង ៣៦៥០០០នាក់ទទួលបានភាពស៊ាំនឹងជម្ងឺ លុបបំបាត់បានជាង ១៨៥​០០០ករណី
នៃកុមារដែលមិនគ្រប់គីឡូ ហើយបានផ្តល់ជំនួយដល់សិស្សនៅបឋមសិក្សា និងមធ្យមសិក្សា
ចំនួន ៣៨២០០០នាក់។

ប្រទេសតាជីហ្គីស្ថាន គឺជាប្រទេសមួយទៀតដែលប្រឈមនឹងអត្រាខ្ពស់នៃកុមារដែលមិន
គ្រប់ គីឡូបណ្តាលមកពីកង្វះអាហារូបត្ថម្ភដែលបង្កឡើងដោយការលោតឡើងខ្ពស់នៃតម្លៃ
ម្ហូប អាហារកាលពីឆ្នាំ២០០៨។​ ដើម្បីបំបាត់ការប្រឈមនេះ ធនាគារពិភពលោកគាំទ្រ
គម្រោងសហគមន៍និងសុខភាពមូលដ្ឋានមួយដើម្បីផ្តល់ជាកញ្ចប់ចំណីអាហារ និងអាហារ
បំប៉នដល់ស្ត្រី ទារក និងកុមារ អាយុក្រោម៥ឆ្នាំ ប្រមាណជា ៥០០០០នាក់។ នៅពាក់
កណ្តាលឆ្នាំ២០១១ គម្រោងបានបណ្តុះបណ្តាលបុគ្គលិកពេទ្យបឋមចំនួន១០០០នាក់
និងអ្នកស្ម័គ្រចិត្តនៅសហគមន៍ចំនួន៣០០នាក់ដើម្បីអប់រំស្តីពីបំបៅកូនដោយទឹកដោះម្តាយ
អាហារូបត្ថម្ភល្អ និងការមើលថែក្មេងដែលមានជម្ងឺ។

ការទទួលបានលទ្ធផលទាំងនេះគឺទាមទារការខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងខ្លាំងក្លា
ទាំង រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងអ្នកពាក់ពាន់ផ្សេងៗទៀត។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំនៅសប្តាហ៍នេះ ខ្ញុំបានពិភាក្សាជាមួយរដ្ឋាភិបាល និង
ដៃគូអភិវឌ្ឍន៍របស់យើង ថាតើធនាគារពិភពលោកអាចជួយអ្វីបានខ្លះសម្រាប់យុទ្ធសាស្រ្ត
អភិវឌ្ឍន៍ របស់កម្ពុជា ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបចូលរូម និងទទួលផលពីការរីក
ចំរឿនរបស់ប្រទេសនាពេលអនាគត។


Api
Api

Welcome