អ្នកស្រី ទឹម សុគឿន អាយុ ២៧ឆ្នាំ ជាស្ត្រីដែលមានផ្ទៃពោះ ៧ខែកន្លះ និងរស់នៅភូមិខ្វែក ឃុំមោង ខេត្តសៀមរាប។ គាត់បានទៅឲ្យគ្រូពេទ្យពិនិត្យផ្ទៃពោះតាមដានការលូតលាស់របស់កូនគាត់ជាប្រចាំ ដើម្បីឲ្យដឹងច្បាស់ថាតើគាត់និងកូនក្នុងផ្ទៃ រួមទាំងកូនប្រុសអាយុក្រោម៥ឆ្នាំរបស់គាត់កំពុងទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ឬយ៉ាងណា។
អ្នកស្រីបាននិយាយថា “សម្រាប់កូនដំបូងរបស់ខ្ញុំ ខ្ញុំមិនដែលបានទទួលការពិនិត្យផ្ទៃពោះទេ។ ក៏ប៉ុន្តែ សម្រាប់កូនទីពីររបស់ខ្ញុំវិញ ចាប់តាំងពីខ្ញុំបានទទួលការបណ្តុះបណ្តាលមក ខ្ញុំបានទៅមណ្ឌលសុខភាពលើសពី ៥ដង ព្រោះខ្ញុំចង់ដឹងច្បាស់ថាកូនរបស់ខ្ញុំនិងរូបខ្ញុំមានសុខភាពល្អឬយ៉ាងណា។”
បញ្ហាកុមារខ្វះអាហារូបត្ថម្ភនៅកម្ពុជា មានសភាពធ្ងន់ធ្ងរ៖ ៤០ភាគរយនៃកុមារអាយុក្រោម ៥ឆ្នាំ មានរូបកាយក្រិនមិនលូតលាស់នៅក្នុងឆ្នាំ ២០១៣ និង ២១ភាគរយនៃស្រ្តីទីទ័លក្រមិនបានទទួលការថែទាំពិនិត្យផ្ទៃពោះ បើធៀបទៅនឹងស្ត្រីនៅក្នុងប្រទេសអ្នកមានជាងគេបំផុតមួយក្នុងចំណោម៥ប្រទេស មាន១,៥ភាគរយ។
តាមរយៈគម្រោងសង្គហទានសាកល្បងនេះ ស្រ្តីក្រីក្រនិងកុមារត្រូវបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ នៅពេលដែលពួកគាត់ទៅចូលរួមក្នុងសិក្ខាសាលារៀនសូត្រសម្រាប់សហគមន៍ស្តីពីសុខភាពនិងអាហារូបត្ថម្ភ ឬទៅឲ្យពេទ្យពិនិត្យផ្ទៃពោះនិងពិនិត្យសុខភាពក្រោយសម្រាលកូនរួចនៅឯមណ្ឌលសុខភាពក្នុងមូលដ្ឋាន។
ថវិកាឧបត្ថមគឺចាត់ចែងដោយធនាគារអេអឹមខេ ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកមួយ ចំណែកឯការបណ្តុះបណ្តាលត្រូវបានរៀបចំផ្តល់ជូនដោយអង្គការរ៉ាឆា ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។ គម្រោងនេះមានគោលបំណងបង្កើនការប្រើប្រាស់សេវាសុខភាពដែលចាំបាច់ដោយស្រី្តមានផ្ទៃពោះ និងកុមារ (អាយុពី ០ ដល់ ៥ឆ្នាំ)។
សិក្ខាកាមមួយរូបទៀត គឺ អ្នកស្រី ឡន សាអែម អាយុ ២៩ឆ្នាំ រស់នៅភូមិគោកចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អ្នកស្រី បានសាងសង់បង្គន់ដ៏សាមញ្ញមួយនិងមានតម្លៃថោក បន្ទាប់ពីគ្រូបណ្តុះបណ្តាលបានជំរុញលើកទឹកចិត្តពួកគាត់ឲ្យសម្អាតផ្ទះរបស់ខ្លួនជាប្រចាំនិងបរិភោគអាហារណាដែលមានសុវត្ថិភាព។
អ្នកស្រី សាអែម បានទទួលស្គាល់ថា ស្ថានភាពរស់នៅដែលខ្វះអនាម័យរបស់គាត់ កំពុងតែធ្វើឲ្យកូនស្រីអាយុ ៤ឆ្នាំ និងកូនប្រុសអាយុមួយឆ្នាំរបស់គាត់ មានជម្ងឺជាញឹកញាប់។
អ្នកស្រី សាអែម បាននិយាយដោយទឹកមុខញញឹមខណៈដែលកំពុងឈរនៅក្បែរបង្គន់ថ្មីរបស់គាត់ ថា “ឥឡូវនេះ កូនៗរបស់ខ្ញុំមិនសូវឈឺដូចមុនទៀតទេ ហើយម្តាយខ្ញុំនិងខ្ញុំ ឈប់ទៅបត់ជើងនៅទីវាលហើយ។” ថ្ងៃក្រោយ អ្នកស្រី មានផែនការសង់បង្គន់បេតុង នៅពេលណាដែលគាត់មានលុយគ្រប់គ្រាន់។
ក្រោយពីបានចូល រួមក្នុងសិក្ខាសាលាជាច្រើន អ្នកស្រី សែម ចាន់ថា ជាស្រ្តីមេម៉ាយអាយុ ១៩ឆ្នាំ បានផ្លាស់ប្តូររបៀបដែលគាត់មើលថែទាំកូនប្រុសអាយុ ៣ឆ្នាំរបស់គាត់ ដោយបានងូតទឹកឲ្យកូនបានយ៉ាងត្រឹមត្រូវ លាងសម្អាតក្រចករបស់គាត់ លាងដៃរបស់ពួកគាត់មុនញ៉ាំអាហារ និងនាំកូនរបស់គាត់ទៅមណ្ឌលសុខភាពយ៉ាងទៀតទាត់ដើម្បីតាមដានទម្ងន់របស់កូន។
អ្នកស្រី បាននិយាយខណៈដែលកំពុងអង្គុយក្បែរកូនប្រុសរបស់គាត់នៅឯភូមិកំពីងពួយ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យថា “ខ្ញុំសប្បាយចិត្ត ពីព្រោះកូនប្រុសរបស់ខ្ញុំវាធំលឿននិងមានសុខភាពល្អ។ ការទៅឲ្យវេជ្ជបណ្ឌិតពិនិត្យព្យាបាល គឺជារឿងសំខាន់ណាស់ ពីព្រោះយើងអាចដឹងថាតើកូនរបស់យើងមានសុខភាពល្អឬមិនល្អ។ ប្រសិនបើដឹងថាកូនយើងមានសុខភាពមិនល្អ យើងចាំបាច់ត្រូវធ្វើអាហារដែលមានជីវជាតិច្រើនឲ្យវាញ៉ាំ។”
អ្នកស្រី សាអែម អ្នកស្រី សុគឿន និងអ្នកស្រី ចាន់ថា គឺជាស្រ្តីក្នុងចំណោមគ្រួសារចំនួន ១.៥០០គ្រួសារដែលបានទទួលផលពីគម្រោងសង្គហទាននេះ ដែលអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ គម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់កុមារចំនួន ១.៩៤៥នាក់ និងស្ត្រីមានផ្ទៃពោះចំនួន ៣៨១នាក់ នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ភាគនិរតីនៃប្រទេសកម្ពុជា ក្នុងចន្លោះពីខែ ឧសភា ឆ្នាំ ២០១៥ ដល់ ខែ ឧសភា ឆ្នាំ ២០១៦។
ប្រធានមន្ទីរពេទ្យបង្អែកភ្នំស្រុក លោក ថំ សារីម បានកត់សម្គាល់ថា ចំនួនប្រជាពលរដ្ឋក្រីក្រដែលបានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យនេះ បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីគម្រោងសង្គហទានសាកល្បងនេះបានចាប់ផ្តើម។ ដោយមានការគាំទ្រនិងជំរុញលើកទឹកចិត្តពីមន្រ្តីសម្របសម្រួលគម្រោង ស្ត្រីជាច្រើនកំពុងតែស្វែងរកសេវាផ្សេងៗដូចជា ការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាលកូនរួច ការចាក់វ៉ាក់សាំងបង្ការ និងការតាមដានការលូតលាស់របស់ទារក។
តាមការមើលឃើញរបស់លោកសារីម គម្រោងនេះក៏បានផ្តល់ផលប្រយោជន៍ដល់មណ្ឌលសុខភាពផងដែរ ពីព្រោះនៅពេលដែលមន្ទីរពេទ្យផ្តល់នូវសេវាបន្ថែមដល់ប្រជាពលរដ្ឋក្រីក្រ មន្ទីរពេទ្យទទួលបានប្រាក់ចំណូលបន្ថែម ហើយប្រាក់ចំណូលនេះត្រូវបានបែងចែកជាប្រាក់លើកទឹកចិត្តដល់បុគ្គលិករបស់គាត់ផងដែរ។
លោកបានមានប្រសាសន៍ថា “សម្រាប់ប្រជាពលរដ្ឋក្រីក្រ សុខភាពរបស់ពួកគាត់មានភាពកាន់តែល្អប្រសើរឡើង។ ពួកគាត់ក៏អាចប្រើប្រាស់ប្រាក់ទទួលបានពីគម្រោងនេះដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគាត់ និងទិញអាហារដែលមានគុណភាពល្អឲ្យកូនៗពួកគាត់ញ៉ាំផងដែរ។”
អ្នកភូមិ គោកចា ម្នាក់ទៀត នៃខេត្តបន្ទាយមានជ័យ គឺអ្នកស្រី សាន ចាន់ឌឿន អាយុ ៣៣ឆ្នាំ បានអះអាងថាប្រសាសន៍របស់លោកសារីម គឺជាការពិត។ អ្នកស្រីបាននិយាយថា “ចាប់តាំងពីខ្ញុំទទួលបានប្រាក់ពីគម្រោងនេះមក គ្រួសាររបស់យើងខ្ញុំ មានអាហារញ៉ាំបីពេលក្នុងមួយថ្ងៃ។ កាលពីមុន ពួកយើងមានអាហារញ៉ាំតែមួយពេលឬពីរពេលទេក្នុងមួយថ្ងៃ។”