Skip to Main Navigation
សុន្ទរថា និងសំរងអត្ថបទ13 វិច្ឆិកា 2022

បទអន្តរាគមន៍របស់អនុប្រធានធនាគារពិភពលោក លោកស្រី ម៉ានូអែឡា វ. ហ្វេរ៉ូ នៅក្នុងកិច្ចសន្ទនាសកលលើកទី២នៃកិច្ចប្រជុំកំពូលអាស៊ាន

សូមអរគុណប្រធានអង្គប្រជុំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន,​ ឯកឧត្តម និងសហការី។ តាងនាមឱ្យ​ក្រុម​ធនាគារ​ពិភពលោក ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយក្រៃលែងដោយបាន​ចូល​រួមនៅក្នុង​​កិច្ច​សន្ទនា​ថ្ងៃ​នេះ។

ប្រជាជននៅតាម​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវស្តង់ដារជីវភាពរស់នៅ ដែល​បណ្តាលមកពីឥទ្ធិពលអវិជ្ជមានផ្ទួនៗគ្នា​ពីជំងឺរាតត្បាតកូវីដ-១៩ ជម្លោះ និងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសហគមន៍អាស៊ាន គ្មានប្រទេសណាមួយអាចគេចផុតពីដំណើរធាក់ថយទាំងនេះទេ។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់យើងកាលពីមួយខែមុន យើងបានពិភាក្សាគ្នា​ជាមួយអាជ្ញាធរនៅតាមប្រទេសនានា អំពីការគំរាមកំហែងនៃកំណើនអតិផរណាទៅលើការើបឡើងវិញរបស់សេដ្ឋកិច្ចពីជំងឺកូវីដ ដែលនៅមានសភាពផុយស្រួយនៅឡើយ។ ដំណើរធាក់ថយ​នេះ គឺដោយសារតែប្រសិទ្ធភាពមានកម្រិតនៅក្នុងគោលនយោបាយគាំទ្រ​ក្នុងអំឡុងពេលមាន​ជំងឺរាតត្បាតកន្លងមក​ និងដោយសារ​ការកើនឡើងថ្លៃថាមពល និងថ្លៃស្បៀងអាហារទាក់ទងនឹងសង្គ្រាមនៅប្រទេស​​អ៊ុយក្រែន។ កិច្ចពិភាក្សា​របស់​យើងក៏បានផ្តោតផងដែរ​ទៅលើវិធីសម្រាប់រកតុល្យភាពរវាង​ការ​ក្បិតក្បៀត​ហិរញ្ញវត្ថុ និង​ការវិនិយោគដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងបន្តរងផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្រូវការសកល ដែលយើងមើលឃើញថានឹងមានសភាពកាន់តែជ្រាលជ្រៅជាងមុនទៀតនៅក្នុងឆ្នាំ២០២៣។ យើងព្យាករថាកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះនឹងធ្លាក់ចុះមកនៅត្រឹម ៣,២% ពី ៧,២ នៅឆ្នាំ២០២១ និងងើបឡើងវិញដល់ ៤,៦% ទៅ ៥% នៅក្នុងឆ្នាំ២០២៣ នោះបើសិនជាមានការបន្ធូរបន្ថយក្នុងវិធានការរឹតបន្តឹងកូវីដ នៅក្នុងប្រទេសចិន។

នៅត្រង់នេះ ខ្ញុំ​សូមបើក​វង់ក្រចកបន្តិចដើម្បី​លើក​ឡើង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ឥទ្ធិពលរួមគ្នានៃសភាពការណ៍ដែលបានកើតឡើងក្នុងនិងក្រៅប្រទេស បានបំផ្លាញចោលអស់នូវវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រអស់​មួយទសវត្សរ៍។ តាមការប៉ាន់ប្រមាណរបស់យើង ឥឡូវនេះជនក្រីក្រមានចំនួនប្រហែលជា ៤០% នៃប្រជាជនមីយ៉ាន់ម៉ា បន្ថែមពីលើប្រជាជន១,៤លាននាក់ដែលត្រូវ​ផ្លាស់ទីលំនៅក្នុងស្រុកដោយសារជម្លោះ និងមនុស្ស ១៥លាននាក់ផ្សេងទៀតត្រូវ​ប្រឈមនឹងអសន្តិសុខស្បៀង។

សភាពការណ៍ទាំងអស់នេះ កំពុងតែកើតឡើងក្នុងខណៈដែលការប្រែប្រួលអាកាសធាតុបន្តជះឥទ្ធិលអាក្រក់របស់វានៅទូទាំងពិភពលោក។ នាកិច្ចប្រជុំ COP 27 មេដឹកនាំពិភពលោក​បាននិយាយអំពីការលំបាកក្នុង​ការ​ធ្វើចំណាត់ការ​ឱ្យបានខ្លាំងក្លាលើផ្នែកអាកាសធាតុនេះណាស់ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែ​ការ​ខកខាន​ធ្វើចំណាត់ការនាពេល​នេះទៅលើការប្រែប្រួលអាកាសធាតុ នឹងកាន់តែ​គំរាម​កំហែង​ទៅវិញ​ទេដល់​អត្ថិភាព និង​និរន្តរភាព​នៃ​ផល​សេដ្ឋកិច្ច​ដែលសម្រេច​បានកន្លងមក។   

ដូច្នេះ តើ​បណ្តារដ្ឋាភិបាល​ត្រូវ​ធ្វើដូចម្តេច?

របៀបដែលរដ្ឋាភិបាលនានាឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ នឹងតម្រង់ទិស​សម្រាប់ការអភិវឌ្ឍក្នុងផ្លូវវែងឆ្ងាយទៅមុខ។ យើងចង់ឃើញថា ការឆ្លើយតបរបស់​គោលនយោបាយត្រូវបំពេញតាម​គោលដៅរយៈពេលខ្លី និងរយៈពេលវែង ក្នុងពេលតែមួយ​។ ឥឡូវនេះរដ្ឋាភិបាលនានាកំពុងស្វែងរកតុល្យភាពថ្មីរវាងសន្តិសុខជាតិ និងការបើកចំហ។ ចំណុចនេះនឹងជះឥទ្ធិពលទៅលើលំហូររបស់ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, មនុស្ស និងគំនិត។ វិធានការឆ្លើយតបទៅនឹងផ្នែកសន្តិសុខថាមពលនិងលទ្ធភាពជាវថាមពល អាចរុញកិច្ចខិតខំកាត់បន្ថយឥទ្ធិពលប្រែប្រួលអាកាសធាតុឱ្យ​ធ្លាក់ពីគន្លងផ្លូវ​របស់វា។

នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ បណ្តាប្រទេសនៃសមាគមអាស៊ាន​នៅ​មាន​ឱកាស​ច្រើន។

នៅក្នុងវិស័យផលិតកម្ម យើងឃើញថា​មាន​ខ្សែចង្វាក់តម្លៃសកល​ចម្រុះបែប និង​ឱកាសនាំចេញថ្មីច្រើន​សម្រាប់​អាស៊ាន។

នៅក្នុងផ្នែកសេវាកម្ម ឌីជីថលូបនីយកម្ម​កំពុងតែពង្រីកលទ្ធភាព និង​ភាពស័ក្តិសិទ្ធ​របស់​ការផ្តល់​សេវា​នៅ​ក្នុង​ផ្នែក​អប់​រំ, សុខាភិបាល, ហិរញ្ញវត្ថុ និង​ផ្នែកសេវាសាធារណៈច្រើនមុខទៀត។

ពេលនេះ លទ្ធភាពទទួលបានផលចំណេញកាន់តែច្រើនពីបច្ចេកវិទ្យាបៃតង ​បាន​អនុញ្ញាតឱ្យប្រទេស​ជា​ច្រើន​អាច​កាត់​បន្ថយ​ការបំភាយកាបូនដោយ​មិន​បង្កផលប៉ះទង្គិច​ធ្ងន់​ធ្ងរទៅលើកម្រិតនៃ​​ការទទួល​ទាន​ប្រើ​ប្រាស់​, កំណើន និង​ការ​អភិវឌ្ឍ​។

ដើម្បីច្បាមយកកាលានុវត្តភាពទាំងនេះ មានចំណាត់ការសកម្មភាពគន្លឹះបីយ៉ាងដែល​ប្រទេសនីមួយៗអាចធ្វើរៀងៗខ្លួន និង​ចំណាត់ការសកម្មភាពបីទៀតដែលអាស៊ានអាចយកទៅអនុវត្តរួមគ្នា​ក្នុងក្របខណ្ឌសហគមន៍ទាំងមូល។

ទីមួយ សមាជិកអាស៊ានគួរតែចាប់ផ្តើមដកថយបន្តិចម្តងៗពីអន្តរាគមន៍គាំទ្រផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុដែលបានផ្តល់ក្នុងអំឡុងពេលមានជំងឺកូវីដ និងធ្វើការ​​ដោះស្រាយ​ឡើងវិញ​នូវបញ្ហា​​តារាង​សមតុល្យ​ដែលមិនទាន់​ត្រូវបានទូទាត់​ ដោយសារតែ​មានអន្តរាគមន៍អត់ធ្មត់អនុគ្រោះ​ក្នុង​កំឡុងពេលមាន​ជំងឺរាតត្បាត។

ទីពីរ ប្រទេសអាស៊ានត្រូវបង្កើនភាពស័ក្តិសិទ្ធ​នៃគោលនយោបាយសារពើពន្ធ។ ពេលនេះ​ ​បំណុលសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍​បាន​ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ដូច្នេះ​លំហ​គោលនយោបាយសារពើពន្ធមានសភាពកាន់តែចង្អៀតជាងមុនហើយ។ មុនពេលជំងឺកូវីដផ្ទុះឡើង ចំណូលពន្ធក្នុងតំបន់​អាស៊ានមាន​ជាមធ្យម ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ធៀបនឹង ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ក្នុងន័យនេះ គេគួរតែបង្កើនការប្រមូលពន្ធតាមរយៈការពង្រីកមូលដ្ឋានពន្ធ ដោយមិនបាច់ដាក់បន្ទុកទៅលើជនក្រីក្រទេ ជា​ពិសេស​ពន្ធលើអចលនទ្រព្យ, ពន្ធ​លើការបំភាយកាបូន និងពន្ធ​​ឡើងតាមកម្រិតប្រាក់ចំណូលផ្ទាល់ខ្លួននិងប្រាក់ចំណូលក្រុមហ៊ុន។ នៅលើផ្នែកចំណាយវិញ​ ការឧបត្ថម្ភធនទូទៅ​គួរ​តែត្រូវ​បានជំនួសដោយការផ្ទេរសាច់ប្រាក់ឱ្យចំគោលដៅចាំបាច់​វិញ។

ទីបី ប្រទេសនានា​ត្រូវតែបង្កើនគុណភាពនៃធនធានមនុស្ស ដើម្បីស្តារមកវិញនូវការខាតបង់ដោយសារជំងឺកូវីដ និងដើម្បី​បង្កើន​ផលិតភាពការងារ និងនវានុត្តភាព។ ការវិនិយោគក្នុងវិស័យអប់រំគឺជាការ​ចាំបាច់ ដើម្បីត្រៀមសិស្សឱ្យ​មាន​សមត្ថភាព​សម្រាប់ចាប់យក​ការងារនាពេលអនាគត រួមទាំងជំនាញផ្នែកសេដ្ឋកិច្ចឌីជីថល និងបៃតង ផងដែរ។ មានបទពិសោធន៍ច្រើន​ដែល​គេអាចរៀនសូត្រពីក្នុងតំបន់អាស៊ី និងក្នុងតំបន់អាស៊ានបាន។

ដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងនៅកម្រិត​ជាតិនីមួយៗ​ យើងចាំបាច់​ក៏ត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិខ្លាំងជាងនេះថែមទៀត ដែលអាស៊ានអាចជួយបាន​នៅ​ក្នុងវិស័យបីដូចខាងក្រោម៖

ទីមួយ គឺការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងវិបត្តិផ្ទួនៗគ្នា និងកែសម្រួលគោលជំហរគោលនយោបាយ។ កិច្ចប្រជុំអាស៊ានគឺជាឱកាសមួយសម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពឱ្យ​កាន់តែខ្លាំងក្លាថែមទៀត។

ទីពីរ អាស៊ានមានតួនាទីសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ការសម្របសម្រួលការវិនិយោគ និងភាពចុះសម្រុងគ្នានៃគោលនយោបាយ ដែលពង្រីកទីផ្សារតាមប្រទេស​ឱ្យទៅហួស​ពីព្រំដែនជាតិរបស់ខ្លួន។

ការចរចាពាណិជ្ជកម្មដែលជំរុញការកែទម្រង់នៅតាមប្រទេស​ និងដែល​បង្កលទ្ធភាពសម្រាប់ការចូលទៅកាន់ទីផ្សារនៅបរទេស អាចយកតាម​គំរូអាស៊ាននៃលទ្ធិបើកចំហតំបន់ ក៏ដូចជាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់នាពេលថ្មីៗនេះផងដែរ។ អ្វីដែលត្រូវធ្វើមុនគេគឺការចៀសវាពីការរឹតត្បិត​លើការនាំចេញ ដែលនឹងគ្មាននាំអ្វីក្រៅពីការខាតបង់រួមដល់​ប្រទេសទាំងអស់ក្នុងសមាគមទេ។

ការពង្រីកទីផ្សារក៏ពាក់ព័ន្ធនឹងការតភ្ជាប់​បណ្តាញដឹកជញ្ជូន និងថាមពលក្នុងតំបន់​ផងដែរ មានផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ ជាដើម។ យើងកំពុងគាំទ្រគម្រោងសាងសង់​ផ្លូវក្នុងប្រទេសឡាវដែលមានចម្ងាយជាង ១៨០០គីឡូម៉ែត្រ ដែលនឹងបង្កើតបាន​ជាឆ្អឹងខ្នងនៃបណ្តាញផ្លូវក្នុងស្រុក ហើយតភ្ជាប់ពីប្រទេសឡាវជាមួយ​ប្រទេសកម្ពុជា ថៃ និងវៀតណាម ដែលនឹងប្រែក្លាយប្រទេសទាំងនេះ​ទៅ​ជាផ្នែកដ៏សំខាន់មួយ​នៃការតភ្ជាប់នៅ​ក្នុងតំបន់។

ទីបី ចំណាត់​ការ​សកម្មភាពផ្នែក​អាកាសធាតុដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាព ដែលជាអន្តរកម្ម​ដ៏ត្រឹមត្រូវមួយ​ដែលអនុញ្ញាឱ្យមនុស្សគ្រប់​រូប​មាន​ចំណែក​ទទួលបាន​​ប្រយោជន៍​ពីអនាគតបៃតង និងទទួលស្គាល់ និងឆ្លើយតបទៅនឹង​ការចំណាយលើការផ្ទេរទៅរកសេដ្ឋកិច្ច​បៃតង។ គិតត្រឹមតែឆ្នាំសារពើពន្ធចុងក្រោយនេះ ក្រុម​ធនាគារពិភពលោកបានធ្វើហិរញ្ញប្បទាន​គិតជាទឹកប្រាក់សរុបចំនួន ៣១,៧ប៊ីលានដុល្លារអាមេរិក សម្រាប់​បម្រើ​គោលដៅអាកាសធាតុ ក្នុងឆ្នាំសារពើពន្ធ២០២២។ នៅក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ៤៦%នៃការផ្តល់ហិរញ្ញប្បទានរបស់យើងក្នុងរយៈពេលដូចគ្នានេះ គឺធ្វើ​ទៅលើ​គម្រោងអភិវឌ្ឍន៍ផ្នែក​អាកាសធាតុឆ្លាតវៃ។

ចុងក្រោយ ខ្ញុំ​សូមលើកឡើងបន្តិចអំពីប្រទេស​មីយ៉ាន់ម៉ា។ ជាអកុសល ពេលនេះនៅមិនទាន់រកឃើញដំណោះស្រាយ​ចំពោះស្ថានការណ៍នយោបាយនៅទីនោះនៅឡើយទេ ប៉ុន្តែវានៅតែ​ជារឿងសំខាន់ដែលយើងត្រូវស្វះស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត  ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ យើងកំពុងរៀបចំគម្រោងមួយ ដើម្បីជួយ​ដល់សហគមន៍ជាជម្រើសមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងជំហានដំបូង មុននឹងពង្រីកថែមទៀតទៅពេលខាងមុខ។

ជុំវិញបញ្ហាទាំងអស់នេះ កិច្ចសហប្រតិបត្តិការនៅតែជាចំណុចសំខាន់ក្នុងការយកឈ្នះលើបញ្ហាប្រឈមរួមរបស់យើង និងក្នុង​ច្បាមយកឱកាស។ ក្នុងស្មារតីនេះ ខ្ញុំសូមជូនពរកិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តដល់ទីបញ្ចប់​​ដោយជោគជ័យ។

សូមអរគុណ!

 

សុន្ទរកថាថ្លែងជាភាសាអង់គ្លេសក្នុងកិច្ចសន្ទនាសកលលើកទី២។

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image