- add-style
- font-medium
- lp-body-content
ផ្នែកដឹកជញ្ជូន, សមត្ថភាពឡូហ្ស៊ីស្ទិក និងការផ្គត់ផ្គង់ថាមពេល នៅតែជាបន្ទុកច្រើនលើចំណាយថ្លៃដើម
ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ — សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករទុកថានឹងមានកំណើន៥,៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និង ឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ នេះបើយោងទៅតាម របាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយ ធនាគារពិភពលោក។ នៅក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយក្រោមចំណងជើងថា Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោកនិយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២%។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ”។ លោកស្រីពោលបន្ថែមទៀតថា៖ “ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយ ចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងស្តារលំហសារពើពន្ធឡើងវិញ។”
បើទុកជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលដែលពិបានទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមានក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
វិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។
របាយការណ៍នេះមានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម។
របាយការណ៍ Cambodia Economic Update ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ហើយផ្តោតលើការវិវឌ្ឍនៃម៉ាក្រូសេដ្ឋកិច្ចនៅក្នុងរយៈពេលខ្លី និងមធ្យម។
លោក ប៊ូ សារឿន
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style