Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 18 មករា 2022

ជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោកដើម្បីបង្កើនការរៀន និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ — ធនាគារពិភពលោក នៅថ្ងៃនេះ បាន​អនុម័តជំនួយហិរញ្ញប្បទានសរុប​ចំនួន ៦៩,២៥​លានដុល្លារអាមេរិក ដែលក្នុងនោះមាន​អំណោយពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ (Global Partnership for Education/GPE) ផង ដើម្បីជួយ​កម្ពុជា​ក្នុង​ការធ្វើ​ឱ្យ​​កាន់តែ​​ប្រសើរនូវ​លទ្ធភាពប្រកបដោយសមធម៌ក្នុង​ការ​​ទទួលបាន​ការអប់រំជាមូលដ្ឋាន និង ក្នុង​ការ​ឆ្លើយតបឱ្យ​បាន​រហ័សទៅនឹង​វិបត្តិនានា​ដែលប៉ះពាល់​ដល់​ប្រព័ន្ធអប់រំក្នុងប្រទេស។  

កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់​ចំនួន ៦០លានដុល្លារអាមេរិក ដែល​ធនាគារពិភពលោកនឹងផ្តល់ជាឥណទាន​​តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និង​ចំនួន ៩,២៥លានដុល្លារអាមេ រិក​ទៀត ដែលជាជំនួយឥតសំណងពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ

ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់​គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណង​ជួយ​កម្ពុជា​ក្នុង​ការ​ឈានទៅសម្រេច​ចក្ខុវិស័យ​នៃផែនការយុទ្ធសាស្ត្រ​នៃការអប់រំ ឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)។ ចក្ខុវិស័យនោះគឺឆ្ពោះទៅ “បង្កើត និង អភិវឌ្ឍធនធាន​មនុស្ស​ប្រកបដោយគុណភាពខ្ពស់​ និង សីលធម៌ល្អ ដើម្បី​អភវិឌ្ឍ​ឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន”។ ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ រដ្ឋា​ភិបាលកម្ពុជា​បានបង្ហាញការប្តេជ្ញាចិត្ត​លៃលករកដំណោះស្រាយដល់បញ្ហាប្រឈមធំពីរ គឺ ការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និង វិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន ក្នុងនោះរួមមានការអប់រំសម្រាប់ក្មេងតូច,​ ការអប់រំកម្រិតបឋម និង​ការអប់រំកម្រិតមធ្យមសិក្សា​ចំណេះទូទៅ។ ​  

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា៖ “កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើន​នៅ​ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែ​បញ្ហានៅបន្តមាននៅឡើយ​ពាក់ព័ន្ធទៅនឹងលទ្ធភាព​ទទួលបានការអប់រំប្រកបដោយសមធម៌ ជា​ពិសេស​សម្រាប់​កុមារច្រើនក្រុម មានដូចជា​ ​កុមាររស់នៅតាមតំបន់ដាច់ស្រយាល,​ កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង​ កុមារមានពិការភាព។ ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់​សិស្ស​បានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលា​រៀន​ត្រូវ​បាន​បិទទ្វារ​យ៉ាងយូរ ដោយសារ​តែការរាតត្បាតនៃជំងឺកូវីដ-១៩”។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងរកដំណោះស្រាយ​ដល់​បញ្ហា​ប្រឈមទាំងនេះ និង​ ស្តារ​ការអប់រំឱ្យកាន់​តែមានភាពប្រសើរឡើងវិញថែមទៀត។”

លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិ​នៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ មានប្រសាសន៍ដូច្នេះថា៖ “ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ​គឺចំពេលដ៏សំខាន់ ក្នុងខណៈដែល​វីរុសបំប្លែងនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។ យើងសង្ឃឹមថា ជំនួយទាំងនេះ​នឹង​ជួយ​កម្ពុជា​ឱ្យបន្តពង្រីកលទ្ធភាពក្នុងការ​ទទួល​បាន​ការអប់រំប្រកបដោយគុណភាព និង ធានា​យ៉ាងណាឱ្យ​កុមារក្នុងក្រុមងាយរងគ្រោះបំផុត​បានចូលសាលារៀន និង ទទួលចំណេះដឹង ផង។”

គម្រោងនេះមានសកម្មភាពធំៗ ដូច​ជា ការអនុវត្ត​កម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​​គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និង​បុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀនឱ្យ​ប្រសើរឡើងថែមទៀត។ គម្រោងនេះ​មាន​ការ​សាងសង់ និង ស្តារជួសជុល​ឡើងវិញនូវ​អគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តាលគ្រូ និង​សាលាអប់រំពិសេស ហើយនិងតម្រូវការទិញ​គ្រឿងបរិក្ខារ​បច្ចេកវិទ្យា​សម្រាប់ការអប់រំ និង​ការ​ជួយ​ដល់​សិស្ស​មាន​ពិការភាព រាប់​ទាំងការវាយតម្លៃលើសភាពនៃពិការភាពនីមួយៗផង។ ក្រៅពីនេះ គម្រោង​នៅមានការសាកល្បងកម្មវិធីអប់រំបច្ចេកវិទ្យា​មួយ​ (EdTech) សម្រាប់​មុខវិជ្ជាគណិតសាស្ត្រ។

គោលដៅមួយក្នុងចំណោមគោលដៅនានារបស់គម្រោងនេះ គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារ​ទូទៅ​នៅ​ក្នុង​ប្រព័ន្ធអប់រំទាំងមូល តាមរយៈការកសាងសមត្ថភាពជាតិសម្រាប់​កម្មវិធីកែទម្រង់​វិស័យអប់រំ, ការរៀបចំ​យុទ្ធ​សាស្ត្រ​ឡើងវិញ​សម្រាប់​អនុវិស័យ, និង​ការ​ត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើ​ជាអាជីព។ ​គម្រោងក៏មានគោលដៅមួយទៀត​ក្នុងការ​ជួយ​សម្រួល​ដល់ការរៀបចំ​ផែនការយុទ្ធសាស្ត្រ​នៃ​ការ​អប់រំឆ្នាំ២០២៤-២០២៨ និង​ការ​រៀបចំឱ្យមាន​ “វេទិកាឧត្តមានុវត្ត” ប្រចាំឆ្នាំក្នុងវិស័យអប់រំផងដែរ។

អំពីធនាគារពិភពលោក

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទាន, ចំណេះដឹងជាសាកល និងការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីជួយប្រទេសមានចំណូលទាប និងមធ្យមក្នុង​កិច្ច​ខិតខំ​បញ្ចប់ភាពក្រីក្រ, ឱ្យ​ទទួលបានកំណើនប្រកបដោយចីរភាព និងវិនិយោគក្នុងការ​បង្កើតឱកាសសម្រាប់ពលរដ្ឋ​ទាំងអស់គ្នា។ ធនាគារពិភពលោករួមមានធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD) ដែលជាធនាគារអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាប្រភពមូលនិធិដ៏ធំបំផុតមួយសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។ រួមគ្នាជាមួយស្ថាប័នដទៃទៀតរបស់ធនាគារពិភពលោក ក៏ដូចជាដៃគូនានាក្នុង​វិស័យសាធារណៈនិងឯកជន យើងកំពុងជួយក្នុង​ការ​រកដំណោះស្រាយដល់បញ្ហាប្រឈមជាសកលនៃសតវត្សរ៍ទី២១ នៅគ្រប់វិស័យសំខាន់ៗរបស់​ការអភិវឌ្ឍ។ ពិភពលោកដែលគ្មាននរណាម្នាក់រស់នៅក្នុងភាពក្រីក្រ និងដែលមនុស្សគ្រប់រូបមានឱកាសជីវិតរស់នៅកាន់តែប្រសើរ នៅមិនឆ្ងាយពីចុងដៃរបស់យើងទេ។

អំពីភាពជាដៃគូសាកលសម្រាប់ការអប់រំ

អង្គការ ភាពជាដៃគូសាកលសម្រាប់ការអប់រំ តំណាងឱ្យ​ការប្តេជ្ញាចិត្តរួមគ្នា​ឆ្ពោះទៅលុបបំបាត់វិបត្តិនានា​​ក្នុង​ការ​អប់រំ​នៅ​​លើ​ពិភព​លោក។ យើងធ្វើការកៀរគរដៃគូ និង​ មូលនិធិដើម្បីជួយ​ដល់​ប្រទេស​មានចំណូលទាបចំនួន ៧៦ប្រទេស ក្នុងកិច្ចខិតខំប្រែក្លាយ​ប្រព័ន្ធ​អប់​រំ​របស់​ខ្លួនឱ្យផ្តល់ឱកាស​សម្រាប់​ក្មេងស្រី និង ក្មេងប្រុស​គ្រប់​រូប​ ដើម្បីពួកគេ​អាច​ទទួល​បាន​ការ​អប់រំ​ប្រកបដោយគុណភាព​ ដែល​ពួក​គេ​ត្រូវ​ការ​ចាំបាច់​ដើម្បី​បញ្ចេញ​សក្តានុពល​រៀងៗខ្លួន​ឱ្យ​បាន​ពេញលេញ និង ដើម្បី​រួមចំណែក​ដល់​ការ​កសាងពិភព​លោក​មួយ​ដែលកាន់តែមានភាពប្រសើរឡើងថែមទៀត។  


សេចក្តីប្រកាសព័ត៌មាន​លេខ 2022/054/EAP

ទំនាក់ទំនង

វ៉ាស៊ីនតោន
Nick Keyes
+1 202 473-9135
nkeyes@worldbank.org
ភ្នំពេញ
លោក ប៊ូ សារឿន
855 23 261315
sbou@worldbank.org
នាយកកិច្ចការព័ត៌មាននៃ GPE
Tamara Kummer
+ 33 7 82 26 07 18
tkummer@globalpartnership.org
Api
Api