Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 20 មីនា 2020

លើកកម្ពស់គណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗនៅប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ធនាគាពិភពលោកបានអនុម័ត​ជំនួយ​ឥតសំណង​ចំនួនពីរកញ្ចប់បំពេញបន្ថែម​ទៀត​ នៅ​ថ្ងៃនេះ សម្រាប់គាំទ្រ​ដល់​គណនេយ្យភាពសង្គម​នៅ​តាម​ផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន​ មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និង​រដ្ឋបាល​មូលដ្ឋានក្នុងខេត្តចំនួន១០ នៃប្រទេសកម្ពុជា។

បើទុកជាមានការ​កែលម្អបានប្រសើរឡើងច្រើនគួរសមហើយក្តី​នូវ​លទ្ធភាពទទួល​បាន​សេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គុណភាពរបស់សេវានេះនៅតែជាបញ្ហាប្រឈមមួយនៅឡើយ។ ​ការ​ផ្តល់​មតិ​ដោយផ្ទាល់​ពីសំណាក់អ្នក​ប្រើប្រាស់​ដែល​បានជ្រាបអំពីសេវា​ទាំងនេះ ជា​ពិសេសពីសំណាក់ពលរដ្ឋទូទៅតែម្តង គឺ​ជា​កត្តា​សំខាន់​មួយជំរុញ​ឱ្យ​សេវា​សាធារ​ណៈនានា​ទទួល​បាន​ការ​កែលម្អគុណភាព​កាន់​តែប្រសើរឡើង នៅជុំវិញពិភពលោក។

កញ្ចប់ជំនួយឥតសំណងទីមួយ ​មាន​ទឹកប្រាក់ចំនួន ៥,៩៥លានដុល្លារអាមេរិក ត្រូវបាន​អនុម័តផ្តល់​ទៅឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់​ធ្វើសកម្មភាពនានាពាក់ព័ន្ធផ្នែកគណនេយ្យភាពសង្គម រួមមាន ការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍​ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋអំពីសេវានានាដែលពួកគាត់មានសិទ្ធិទទួលបាន និង​អំពី​ការ​ប្រើ​ប្រាស់​មូលនិធិសាធារណៈ។ អ្នកសម្របសម្រួល​នឹង​រៀបចំធ្វើនូវតារាងពិន្ទុសម្រាប់ពលរដ្ឋធ្វើការវាយតម្លៃ​គុណភាព​របស់​សេវាសាធារណៈ និង​ផ្តល់ការឯកភាពគ្នានៅលើ​ផែនការ​សកម្មភាព​រួមមួយ​ចំនួន​ជាមួយ​អ្នក​ផ្តល់សេវា សម្រាប់​កែលម្អគុណភាព​របស់​សេវាបន្តទៀត។

កញ្ចប់ជំនួយឥតសំណងទីពីរ មានទឹកប្រាក់ចំនួន​ ១,៧២​លាន​ដុល្លារអាមេរិក ត្រូវ​បាន​ផ្តល់ជូន​លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹង​សមត្ថភាព​របស់អ្នក​ផ្តល់​សេវា​រដ្ឋាភិបាល នៅក្នុងការជូនព័ត៌មានដល់​សាធារណជនអំពី​ការ​បំពេញមុខងារ​ និង​ការ​ប្រើ​ប្រាស់​មូលនិធិដោយ​គណៈកម្មាធិការនេះ និង​ក្នុងការឆ្លើយតបឱ្យ​បាន​កាន់​តែល្អឡើងទៅនឹងមតិយោបល់​របស់​ពលរដ្ឋ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មាន​ប្រសាសន៍ថា៖ «ការពង្រឹងការចូលរួមរបស់​ពលរដ្ឋ​ គឺ​ជា​ចំណុចផ្តោតយកចិត្តទុកដាក់មួយនៅក្នុងចំណោមផ្នែកសំខាន់ៗនានានៅ​ក្នុង​ឯកសារ​ក្របខណ្ឌ​ភាព​ជាដៃគូ​​របស់​ធនាគារពិភពលោក ប្រចាំនៅប្រទសកម្ពុជា។ ធនាគារពិភពលោក​បាន​ចាត់ទុក​ក្របខណ្ឌគណនេយ្យ​ភាព​សង្គម​របស់​រដ្ឋា​ភិបាល​​ថា​ជា​កិច្ច​ខិតខំ​ទូទៅដ៏សំខាន់​មួយ​ សម្រាប់​បំពេញទៅលើ​ការ​វិនិយោគ​ក្នុងវិស័យអប់រំ, សុខាភិបាល, ការ​ផ្គត់ផ្គង់ទឹកស្អាត និង​សេវាដទៃទៀត តាមរយៈអភិក្រម​ជាលក្ខណៈប្រព័ន្ធ​និង​ប្រកប​ដោយចីរភាព ដើម្បី​ប្រមែប្រមូល​ពលរដ្ឋឱ្យ​ចូលរួមពាក់ព័ន្ធ និងពង្រឹង​សមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឱ្យអ្នកផ្តល់សេវា​មាន​គណនេយ្យភាពនៅ​ក្នុង​ការ​បំពេញមុខងាររបស់ខ្លួន។»

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ មានគោលបំណង​ទ្រទ្រង់ដល់​ការអនុវត្ត​ដំណាក់កាលទីពីរ នៃគម្រោង​ក្របខណ្ឌគណនេយ្យភាពសង្គម ដែល​មាន​អាយុកាលពីឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣។ ក្របខណ្ឌនេះ​ គឺ​ជាផ្នែកស្នូល​មួយ​ខ្វះមិនបាននៅក្នុងកម្មវិធី​កែទម្រង់​វិមជ្ឈការ​របស់​រដ្ឋា​ភិបាល ដែល​សំដៅ​ពង្រឹងការឆ្លើយតបរបស់​រដ្ឋាភិបាលទៅនឹងសេចក្តីត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ គម្រោងនេះ​ ​ជាគំនិតផ្តួចផ្តើមរួមរវាងរដ្ឋាភិបាលនិង​សង្គមស៊ីវិល ហើយស្ថិតក្រោមការចាត់ចែង​របស់គណៈកម្មាធិការដឹកនាំភាពជាដៃគូ (Partnership Steering Committee/PSC) ដែល​មាន​ក្រសួង​មហាផ្ទៃ និង​តំណាង​របស់​អង្គការក្រៅរដ្ឋាភិបាល ជា​សហប្រធាន។ គណៈកម្មាធិការនេះ​មានសមាសភាពសមាជិក​​រវាងតំណាង​មកពីក្រសួងនានានៃរដ្ឋាភិបាល — មានក្រសួងមហាផ្ទៃ, អប់រំ យុវជន និងកីឡា, សុខាភិបាល, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឧស្សាហកម្ម និង​សិប្បកម្ម, និង ​សាធារណការ​និង​ដឹកជញ្ជូន  — និងតំណាងសង្គមស៊ីវិល។

ឯកឧត្តម ង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នៃលេខាធិការដ្ឋាន​របស់គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំ​ក្នុង​ការ​អនុវត្ត​ក្របខណ្ឌគណនេយ្យភាព ISAF នេះ ដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូរវាង​រដ្ឋបាលថ្នាក់ក្រោមជាតិ​និង​ពលរដ្ឋ និង​ពង្រីក​គណនេយ្យភាព​របស់​រដ្ឋបាលថ្នាក់ក្រោមទាំងនោះ​ឱ្យ​កែលម្អ​ការ​ផ្តល់សេវា​សា​ធារណៈ បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។» ឯកឧត្តមពោល​បន្ថែមទៀតថា៖ «ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ក្នុង​ការ​ផ្តល់សេវាសាធារណៈឱ្យ​កាន់តែមានប្រសិទ្ធភាព និង​កាន់តែមានគណនេយ្យភាព  និង​ក្នុង​ការ​ឆ្លើយតបទៅ​តាមការ​វិវត្តន៍​ប្រែប្រួល​នូវសេចក្តីត្រូវការរបស់ពលរដ្ឋ និង​វិស័យ​ឯកជន នាពេលអនាគត។»

គម្រោងនានានៅក្រោម​ភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់លើ​អ្នក​ផ្តល់សេវាសាធារណៈ ដែលរួមមាន សាលារៀន​និង​មណ្ឌលសុខភាព, ឃុំ សង្កាត់,​ ស្រុក និង​រដ្ឋបាល​ក្រុង នៅ​ក្នុងខេត្តចំនួន១០ គឺខេត្តបន្ទាយមានជ័យ, សៀមរាប, ព្រះវិហារ, កំពង់ធំ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង, ស្វាយរៀង, កែប, និង​ព្រះសីហនុ។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ «ផ្អែកលើ​បទពិសោធន៍​ និង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន​ក្នុងប៉ុន្មានឆ្នាំមកនេះ ខ្ញុំជឿជាក់ថា ជំនួយថ្មីនេះនឹង​កាន់​តែ​ពង្រឹង​បាន​ថែមទៀតនូវ​ការ​ឆ្លើយតប​របស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នក​ប្រើ​ប្រាស់​សេវា។ លោក​ពោលបន្ថែមទៀតថា៖ «ក្របខណ្ឌ​គណនេយ្យភាពសង្គមនេះ គឺជាយុគសម័យថ្មីមួយនៃការផ្តល់​សេវាសាធារណៈ ដែលអមមកជាមួយនូវការ​លើក​កម្ពស់​ឱ្យ​មាន​កិច្ច​សន្ទនា​បែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើ​ឱ្យ​មាន​​ការ​ប្រែប្រួលយូរអង្វែងនៅក្នុង​ការ​ផ្តល់សេវា​សា​ធារណៈ ជា​ពិសេស​សម្រាប់​ក្រុមជនងាយរងគ្រោះ។»

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះគឺស្ថិតក្រោមការគ្រប់គ្រងដោយធនាគារពិភពលោក និងឧបត្ថម្ភហិរញ្ញវត្ថុដោយ​មូលនិធិ​មរតកសម្រាប់គណនេយ្យភាពសង្គម ​ និង​ការផ្តល់សេវានៅកម្ពុជា ​(Cambodia Social Accountability and Service Delivery Trust Fund) ក្រោមការឧបត្ថម្ភ​របស់​រដ្ឋា​ភិបាល​អាល្លឺម៉ង់ និង​ស្វ៊ីស។

ព័ត៌មានផ្សេងទៀតអាចរកមើលបាននៅលើវេបសាយ៖ www.worldbank.org/cambodia

ហ្វេសប៊ុក៖ https://www.facebook.com/worldbank

ធ្វីតធឺរ៖ https://www.twitter.com/worldbank

កាណាល់យូធូប៖ https://www.youtube.com/worldbank


សេចក្តីប្រកាសព័ត៌មាន​លេខ 2020/03/20

ទំនាក់ទំនង

នៅភ្នំពេញ
លោក ប៊ូ សារឿន តាមរយ
(855 12) 414 088
sbou@worldbank.org
Api
Api