Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 21 មិថុនា 2018

ធនាគារពិភពលោកគាំទ្រការកែលម្អ បណ្តាញផ្លូវគមនាគមន៍ និងការឆ្លើយតបករណីបន្ទាន់ នៅប្រទេសកម្ពុជា

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ — ប្រទេសកម្ពុជានឹងបន្តកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុនៃផ្លូវជាតិដ៏សំខាន់មួយ ជាមួយនឹងហិរញ្ញវត្ថុបន្ថែមចំនួន ១១០លានដុល្លារសហរដ្ឋអាមេរិក ដែលក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តនៅថ្ងៃនេះ។ ការគាំទ្រហិរញ្ញវត្ថុបន្ថែមសម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវ-ថ្នល់ ជំហានទី២  (Road Asset Management Project II/RAMP II)នេះ ក៏នឹងត្រូវបានគេរំពឹងថានឹងជួយផ្តល់ដល់ការឆ្លើយតបភ្លាមៗនិងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានស្ថានភាពបន្ទាន់។

ផ្លូវជាតិលេខ៤ ដែលផ្លូវជាតិតភ្ជាប់រាជធានីភ្នំពេញដោយផ្ទាល់ទៅកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជាតែមួយគត់នៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ចមួយចំនួន និងតំបន់កសិកម្មជាច្រើន ក្នុងនោះរួមមានកសិដ្ឋានខ្នាតធំផងដែរ។ នៅក្រោមជំនួយហិរញ្ញប្បទានបន្ថែមនេះ បណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រ នឹងទទួលបានការបង្កើនគុណភាពឱ្យល្អជាងមុន តាមរយៈការអ៊ុតកៅស៊ូថ្មីពីលើ និងការរៀបចំឡើងវិញនូវចិញ្ចើមសងខាងផ្លូវ ការដាក់លូបង្ហូរទឹក និងការធ្វើស្ពាន នៅក្នុងតំបន់ងាយលិចទឹក នៅតាមដងផ្លូវនេះ។  

ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសារធារណការនិងដឹកជញ្ជូន និងជាប្រធានគម្រោង មានប្រសាសន៍ថា៖ «ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើផ្លូវជាតិលេខ៤នេះ ដោយសារថាវាជាផ្លូវតែមួយគត់សម្រាប់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាមួយកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។ ការកែលម្អស្ថានភាពផ្លូវដ៏សំខាន់មួយនេះ នឹងជួយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ដែលអាចជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងថែមទៀតនៅក្នុងតំបន់។»

ក្រៅពីការរៀបចំគម្រោងបែបច្នៃប្រឌិតដែលធន់នឹងអាកាសធាតុជាងមុន ហិរញ្ញប្បទានបន្ថែមនេះ នឹងត្រូវបានយកទៅប្រើប្រាស់ផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់ស្ថានីយថ្លឹងរថយន្តបច្ចុប្បន្ន និងជួយកាត់បន្ថយហានិភ័យ ដែលអាចបណ្តាលមកពីការដឹកទំនិញលើសទម្ងន់អនុញ្ញាត។ សុវត្ថិភាពផ្លូវនឹងត្រូវបានចាត់ទុកជាអាទិភាពចម្បង តាម   រយៈការកំណត់សញ្ញាតំបន់ល្បឿនមានកម្រិត ផ្លូវមានសុវត្ថិភាព និងកែលម្អផ្លូវខ្នាតតូចភ្ជាប់ផ្លូវឡើងមកផ្លូវជាតិ ដែលរួមមានទាំងការដំឡើងស្លាក់សញ្ញាបង្ហាញផ្លូវ បង្គោលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនរបស់អ្នកបើកបរទៀតផង។ កិច្ចសន្យាម៉ៅការផ្អែកលើគុណផលការងារនឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ហិរញ្ញប្បទាននេះឱ្យបានដល់កម្រិតអតិបរមា។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា«ការខ្វះ ចន្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធជាការប្រឈមដ៏ធំមួយដល់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជន។ គម្រោងដែលនឹងកែលម្អស្ថានភាពផ្លូវជាតិលេខ៤នេះ នឹងជួយដោះស្រាយភាពប្រឈមទាំងនោះ ហើយវានឹងពង្រីកកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋកម្ពុជា»។

ហិញ្ញប្បទានបន្ថែមនេះបានពង្រីកវិសាលភាពរបស់គម្រោង RAMP II ដែលបានអនុម័តកាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងគោលដៅកែលម្អផ្លូវជាតិនៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និង ខេត្តក្រចេះ។ កញ្ចប់ហិរញ្ញប្បទាននេះនឹងជួយសម្រួលដល់ការឆ្លើយតបភ្លាមៗផងដែរ ក្នុងករណីស្ថានភាព មានវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយដែលចាំបាច់។

មូលនិធិបន្ថែម សម្រាប់គាំទ្រគម្រោងដែលពង្រីករហូតដល់រយៈពេលប្រាំបីឆ្នាំកន្លះនេះ បានផ្តល់ហិរញ្ញវត្ថុដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាផ្នែកមួយរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រ។ មូលនិធិនេះ ជាឥណទានដែលគ្មានការប្រាក់ ហើយនឹងត្រូវសងទូទាត់ក្នុងរយៈពេល៣៨ឆ្នាំ រាប់ទាំងដំណាក់កាលអនុគ្រោះរយៈពេល ៦ ឆ្នាំផងដែរ។


ទំនាក់ទំនង

នៅភ្នំពេញ
លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
នៅវ៉ាស៊ីនតោន
Marcela Sanchez-Bender
(202) 4735863
msanchezbender@worldbank.org
Api
Api