សេចក្តីប្រកាសព័ត៌មាន

កម្ពុជាលើកកម្ពស់គុណភាពអប់រំ និងផ្លូវជនបទដោយការគាំទ្រពីធនាគារពិភពលោក

14 មេសា 2017


ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧— ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកបានអនុម័តថវិកា១០០លានដុល្លាអាមេរិកសម្រាប់គម្រោងពីរនៅកម្ពុជា ដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា “យើងសូមស្វាគមន៍ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវានិងទីផ្សារនៅតំបន់ជនបទ។”

គម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យនេះមានរយៈពេល៥ឆ្នាំហើយផ្តោតលើថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេស មានទឹកប្រាក់ប្រមាណ៤០លានដុល្លាអាមេរិកដែលផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ជាភ្នាក់ងារមួយរបស់ធនាគារពិភពលោកសម្រាប់ជួយប្រទេសក្រីក្រ។ គម្រោងមានគោលបំណងពង្រឹងការគ្រប់គ្រងរបស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀន ពិសេសលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា។

គម្រោងក៏នឹងធ្វើឲ្យប្រសើរឡើងនូវគុណភាពសមស្របរបស់នាយកសាលា និងសាលារៀនដោយស្ថាបនាឡើងវិញនូវអនុវិទ្យាល័យចំនួន១០០ និងសាងសង់ថ្មីចំនួន ៣០។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់សិស្សជាង ១៦០០០នាក់ គ្រូជាង ២២០០នាក់ នាយកនិងនាយករងអនុវិទ្យាល័យ៣១០នាក់ និងមន្រ្តីនៃអនុវិទ្យាល័យ ព្រមទាំងមន្រ្តីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ចំនួន១៥០០នាក់។

លោកស្រី អ៊ីហ្គូណា​ ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា “ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ កម្ពុជាបានពង្រីកការទទួលបានការសិក្សានៅបឋមនិងអនុវិទ្យាល័យយ៉ាងធំធេង។ គម្រោងនេះនឹងជួយកម្ពុជា មានលទ្ធភាពថែមទៀតក្នុងការលើកកម្ពស់ការទទួលបានគុណភាពអប់រំនៅអនុវិទ្យាល័យ”។

គម្រោងទី២ គឺការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតំបន់អាស៊ីអាគ្នេយ៍ដែលនឹងជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៅសហគមន៍ជនបទ។ ផ្លូវលំបាកធ្វើដំណើរឬមិនអាចធ្វើដំណើរ វានឹងងាយរងគ្រោះដល់ការអភិវឌ្ឍសំខាន់ៗ។ គម្រោងនេះនឹងស្ថាបនាឡើងវិញផ្លូវជនបទប្រវែង ២៥០ គ.ម ក្នុងខេត្តចំនួន ៦ តាមដងទន្លេមេគង្គ និងទន្លេសាប ហើយវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣,៥លាននាក់ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល រួមទាំងប្រជាជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ។ គម្រោងនឹងស្ថាបនាផ្លូវដែលអាចធន់នឹងទឹកជំនន់ ដែលអាចបញ្ជៀសការចំណាយខ្ពស់លើការសាងសង់ដដែលៗ។ ប្រព័ន្ធគ្រប់គ្រងផ្លូវថ្នល់ និងយុទ្ធសាស្រ្តនានានឹងត្រូវពង្រឹងដើម្បីគាំទ្រដល់កម្ពុជាលើផែនការធន់នឹងអាកាសធាតុ ការអនុវត្ត និងការតាមដានផ្លូវជនបទ។ 

លោកស្រី ដូប្រាចា មានប្រសាសន៍ថា “ការធ្វើឲ្យប្រសើរឡើងនូវផ្លូវជនបទគឺជាស្នូលនៃការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយសារថា ប្រជាជន៧៩ភាគរយ និងប្រជាជនក្រីក្រ៩១ភាគរយនៃប្រជាជនកម្ពុជាទាំងអស់រស់នៅជនបទ។ ផ្លូវជនបទប្រសើរ និងធន់នឹងឥទ្ធិពលអាកាសធាតុអាក្រក់នឹងជួយសិស្សបានទៅសាលា គ្រួសារបានទៅមណ្ឌលសុខភាព ហើយកសិករទូទាំងប្រទេសអាចនាំផលិតផលរបស់ខ្លូនទៅលក់នៅទីផ្សារបាន”។

គម្រោងនេះក៏មានការគាំទ្រជាជំនួយឥតសំណងជាទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិកពីមូលនិធិសកលសម្រាប់កាត់បន្ថយ និងស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលថវិកានេះនឹងជួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្កើតមធ្យោបាយហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយ និងដាក់បញ្ចូលភាពធន់នឹងអាកាសធាតុនេះទៅក្នុងផែនការវិនិយោគសាធារណៈ។

 

For more information, please visit: www.worldbank.org/cambodia
Visit us on Facebook: www.facebook.com/worldbank
Be updated via Twitter: twitter.com/WB_AsiaPacific 
For our YouTube channel: www.youtube.com/worldbank

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង Washington, DC
Jane Zhang
ទូរស័ព្ទ: +1 (202) 123-4567
janezhang@worldbank.org
នៅ​​ក្នុង Phnom Penh
Saroeun Bou
ទូរស័ព្ទ: (855 12) 414 088
sbou@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2017/212/EAP

Api
Api