សេចក្តីប្រកាសព័ត៌មាន

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកទំនងជានៅតែមានភាពរឹងមាំ

13 មេសា 2017


របាយការណ៍នេះបានផ្តល់អនុសាសន៍ឲ្យអ្នកតាក់តែងគោលនយោបាយនានាបន្តដោះស្រាយភាពងាយរងគ្រោះនៃម៉ាក្រូសេដ្ឋកិច្ច 

កែលម្អគុណភាពនៃចំណាយសាធារណៈ និងបង្កើនការធ្វើសមាហរណកម្មដើម្បីជួយតំបន់នេះឲ្យមានភាពរឹងមាំយូរអង្វែង។

សឹង្ហបូរី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧៖  យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា ត្រូវបានគេរំពឹងទុកថានឹងនៅតែមានភាពល្អប្រសើរនៅក្នុង  រយៈពេលបីឆ្នាំខាងមុខទៀត ដែលកំណើននេះកើនឡើងដោយសារតែបរិមាណតម្រូវការក្នុងស្រុកមានភាពល្អប្រសើរ និងការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពិភពលោក និងតម្លៃទំនិញ។ ភាពក្រីក្រនៅក្នុងតំបន់នេះ ទំនងជានឹងបន្តធ្លាក់ចុះ ដោយសារតែកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់និងចំណូលផ្នែកពលកម្មដែលកំពុងកើនឡើង។

ក៏ប៉ុន្តែ ភាពងាយរងគ្រោះនៃបរិស្ថានជាលក្ខណសកលនិងភាពងាយរងគ្រោះក្នុងស្រុក នៅតែបង្កហានិភ័យដល់ភាពជោគជ័យរបស់តំបន់នេះ។ ទោះបីជា អត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិកកើនឡើងខ្ពស់លឿនជាងការរំពឹងទុក អារម្មណ៍របស់អ្នកឧបត្ថម្ភនិយមនៅក្នុងប្រទេសជឿនលឿនមួយចំនួន និងការកើនឡើងដ៏ឆាប់រហ័សនៃឥណទាន និងបំណុលច្រើននៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ាក្តី ក៏របាយការណ៍នេះ បានផ្តល់អនុសាសន៍ឲ្យអ្នកតាក់តែងគោលនយោបាយនានា បន្តផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដោយប្រុងប្រយ័ត្ន និងធានាឲ្យមានតុល្យ​ភាពសារពើពន្ធក្នុងរយៈពេលមធ្យមប្រកបដោយចីរភាព។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលទើបតែនឹងចេញផ្សាយថ្មីៗនេះ បានរំពឹងទុកថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តធ្លាក់ចុះបន្តិចម្តងៗ ដោយសារតែការប្រើប្រាស់និងសេវាកម្មមានតុល្យភាពឡើងវិញ។ របាយការណ៍នេះបានព្យាករណ៍ថា អត្រាកំណើសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមាន ៦,៥ ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ៦,៣ភាគរយនៅក្នុងឆ្នាំ ២០១៨ បើធៀបទៅនឹងឆ្នាំ ២០១៦ មាន ៦,៧ ភាគរយ។ ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅក្នុងតំបន់អាស៊ីអគ្នេយ៍ផងដែរ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចបន្តួចពី ៤,៩ ភាគរយក្នុងឆ្នាំ ២០១៦ ដល់ ៥ភាគរយនៅក្នុងឆ្នាំ ២០១៧ និង៥,១ ភាគរយនៅក្នុងឆ្នាំ២០១៨ ។ ជារួម សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦,២ ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ៦,១ ភាគរយនៅក្នុងឆ្នាំ ២០១៨។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “គោលនយោបាយដែលល្អៗនិងការកើនឡើងបន្តិចម្តងនៃសេដ្ឋកិច្ចរបស់ពិភពលោក បានជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ទទួលបាននូវកំណើនប្រកបដោយចីរភាពនិងកាត់បន្ថយភាពក្រីក្រ។ ដើម្បីឲ្យកំណើននេះមានភាពរឹងមាំយូរអង្វែង ប្រទេសនានានឹងចាំបាច់ត្រូវកាត់បន្ថយភាពងាយរងគ្រោះនៃសារពើពន្ធ ស្របពេលដែលកំពុងតែកែលម្អគុណភាពនៃចំណាយសាធារណៈ និងជំរុញឲ្យមានសមាហរណកម្មនៅលើពិភពលោក និងក្នុងតំបន់។”

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ នឹងបន្តកើនឡើងដោយសារបរិមាណតម្រូវការក្នុងស្រុកដែលមានភាពល្អប្រសើរ រួមទាំងការវិនិយោគសាធារណៈនិងឯកជនដែលកំពុងតែមានការកើនឡើង។ និន្នាការនេះ ក៏នឹងត្រូវបានគាំទ្រផងដែរដោយកំណើនជាបន្តបន្ទាប់នៃបរិមាណនាំចេញ នៅពេលដែលទីផ្សារថ្មីដែលកាន់តែដើរតួនាទីកាន់តែសំខាន់ឡើងនិងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នានាងើបឡើងវិញ។ ការងើបឡើងវិញដែលមានល្បឿនយឺតៗនៃតម្លៃទំនិញ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនាំចេញទំនិញនៅក្នុងតំបន់នេះ ក៏ប៉ុន្តែវានឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសនាំចូលទំនិញនៅក្នុងតំបន់អាស៊ីបូព៌ាទេ។

នៅក្នុងប្រទេសចិន កំណើនសេដ្ឋកិច្ច នឹងបន្តកើនឡើងក្នុងកម្រិតធម្យម ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីឥទ្ធិពលនៃវិធានការនានារបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការសមត្ថភាពដែលកើនឡើងនិងឥណទានដែលលើសតម្រូវការ។ ជាលទ្ធផល របាយការណ៍នេះរំពឹងថា សកម្មភាពលើវិស័យអចលនទ្រព្យនឹងមានការធ្លាក់ចុះ។

បណ្តាប្រទេសកំពុងអភិវឌ្ឍធំៗនៅក្នុងសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ នឹងទំនងជាមានការកើនឡើងលឿនជាងមុនបន្តិចបន្តួចនៅក្នុងឆ្នាំ ២០១៧ ‑ ១៨ ទោះបីមានហេតុផលផ្សេងៗគ្នាក៏ដោយ។ ប្រទេសហ្វ៊ីលីពីន នឹងទទួលបានអត្ថប្រយោជន៍ពីចំណាយសាធារណៈដែលច្រើនជាងមុនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងបន្តិចបន្តួចលើផ្នែកវិនិយោគឯកជន ការពង្រីកឥណទាន និងកំណើននៃការផ្ទេរឬទូទាត់ប្រាក់ នៅពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះមកនៅត្រឹម ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ២០១៨។ ប្រាក់ឧបត្ថម្ភធនកាន់តែច្រើនជាងមុនរបស់រដ្ឋាភិបាល ការចំណាយកាន់តែច្រើនជាងមុនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញដែលកំពុងមានការកើនឡើង នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីឲ្យកើនឡើងត្រឹម ៤,៣ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ៤,៥ភាគរយនៅក្នុងឆ្នាំ ២០១៨។

នៅក្នុងប្រទេសឥណ្ឌូណេស៊ី ការពង្រីកឥណទាននិងតម្លៃប្រេងឥន្ធនៈដែលកាន់តែខ្ពស់ជាងមុន នឹងជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៥,២ភាគរយនៅក្នុងឆ្នាំ ២០១៧ បើធៀបទៅនឹងឆ្នាំ ២០១៦ មាន ៥ភាគរយ។ នៅក្នុងប្រទេសវៀតណាម កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៦,៣ភាគរយនៅក្នុងឆ្នាំ ២០១៧ ស្របគ្នាជាមួយនឹងទំនោរទីផ្សារនិងវិនិយោគផ្ទាល់ពីបរទេសដែលមានភាពរឹងមាំ។

ប្រទេសដែលមានសេដ្ឋកិច្ចតូចតាចនៅក្នុងតំបន់នេះ នឹងទទួលបានអត្ថប្រយោជន៍ជារួមពីឥទ្ធិពលដែលនៅតែបន្តរីងមាំរបស់ប្រទេសមានសេដ្ឋកិច្ចធំនៅជិតខាងខ្លួន និងប្រទេសខ្លះទៀតក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរពីតម្លៃទំនិញដែលខ្ពស់ជាងមុន។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំណើនសេដ្ឋកិច្ចនឹងកើនឡើងពី ៦,៥ភាគរយក្នុងឆ្នាំ ២០១៦ ដល់ ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ៧,២ភាគរយនៅក្នុងឆ្នាំ ២០១៨ នៅពេលដែលចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើង និងកំណែទម្រង់រចនាសម្ព័ន្ធបានទាក់ទាញវិនិយោគទុនបរទេសបានកាន់តែច្រើនជាងមុន។

សេដ្ឋកិច្ចរបស់ប្រទេសប៉ាពូញូហ្គីនី នឹងវិលមករកភាពប្រសើរវិញបន្តិចម្តងៗ ដោយសារតែមានគម្រោងរុករករ៉ែនិងប្រេងថ្មីៗមួយចំនួន។ សេដ្ឋកិច្ចរបស់ប្រទេសម៉ុងហ្គោលី នឹងមិនមានការកើនឡើងទេនៅក្នុងឆ្នាំ ២០១៧ ខណៈដែលរដ្ឋាភិបាលដោះបំណុលរបស់ខ្លួនឲ្យមកនៅកម្រិតមួយដែលអាចទ្រទ្រង់បាន ក៏ប៉ុន្តែ ត្រូវបានគេរំពឹងសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងវិលមករកភាពធម្មតាវិញនៅក្នុងឆ្នាំ ២០១៨។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ទោះបីជាមានភាពជោគជ័យគួរឲ្យពេញចិត្តក្តី ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់តំបន់នេះ ពឹងផ្អែកលើអ្នកតាក់ តែងគោលនយោបាយនានាដែលទទួលខុសត្រូវ និងកែតម្រូវភាពមិនប្រាកដប្រជាសំខាន់ៗនៅលើពិភពលោកនិងភាពទន់ខ្សោយក្នុងស្រុក។ អ្នកតាក់តែងគោលនយោបាយនានា គួរតែកំណត់អាទិភាពលើវិធានការនានាដែលទប់ទល់ទៅនឹងហានិភ័យជាលក្ខណសកលដែលគំរាមកំហែងដល់លទ្ធភាពនិងថ្លៃចំណាយលើហិរញ្ញវត្ថុខាងក្រៅ ព្រមទាំងកំណើននៃការនាំចេញ។ គេគួរតែខិតខំប្រឹងប្រែងផងដែរដើម្បីពង្រឹងគោលនយោបាយនិងក្របខ័ណ្ឌស្ថាប័ន ដើម្បីជំរុញកំណើនលើផលិតភាព។”

របាយការណ៍នេះ ស្នើឲ្យមានការយកចិត្តទុកដាក់លើផ្នែកម៉ាក្រូសេដ្ឋកិច្ចដើម្បីឆ្លើយតបទៅនឹងហានិភ័យធំៗដែលអាចនឹងប៉ះពាល់ដល់ភាពជោគជ័យលើផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ។ របាយការណ៍នេះបាននិយាយថា នៅទូទាំងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំក្នុងតំបន់នេះ ការបង្កើនចំណូលសារពើពន្ធអាចជួយរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីជាច្រើនដែលអាចជួយកែលម្អនិងជំរុញឲ្យមានការដាក់បញ្ចូលគ្រប់ជ្រុងជ្រោយ ស្របពេលជាមួយគ្នានឹងការកំពុងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងចំពោះចីរភាពនៃសារពើពន្ធ។ បណ្តាប្រទេសតូចជាងគេមួយចំនួនដែលនាំចេញទំនិញ នឹងចាំបាច់ត្រូវចាត់វិធានការដើម្បីបង្កើនភាពមិនជាប់បំណុលសារពើពន្ធរបស់ខ្លួន។ របាយការណ៍នេះ បានឲ្យដឹងទៀតថា ជាមួយនឹងអតិផរណាដែលកំពុងកើនឡើង (ទោះបីជាចេញពីកម្រិតទាបមួយក្តី) និងលំហូរមូលធនដែលគ្មានស្ថេរភាពកាន់តែច្រើនឡើង អ្នកតាក់តែងគោលនយោបាយនានានៅក្នុងតំបន់នេះភាគច្រើន គួរតែពិចារណាក្នុងការកែតម្រូវគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។

នៅក្នុងប្រទេសចិន  របាយការណ៍នេះ បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយបំណុលរួមនិងរៀបចំរចនាសម្ព័ន្ធសហគ្រាសគ្រប់គ្រងដោយរដ្ឋសាជាថ្មី រឹតបន្តឹងបទបញ្ជាគ្រប់គ្រងធនាគារស្រមោល និងដោះស្រាយបំណុលរបស់គ្រួសារជំពាក់ធនាគារ។ កំណែទម្រង់ដើម្បីកាត់បន្ថយសមត្ថភាពឧស្សាហកម្មដែលលើសតម្រូវការ អាចត្រូវបានបំពេញបន្ថែមដោយការផ្លាស់ប្តូរក្នុងសង្គមនិងគោលនយោបាយការងារដែលបានកែលម្អ។ ជាមួយនឹងកំណើននៃឥណទានដែលនៅតែមានកម្រិតខ្ពស់នៅក្នុងប្រទេសជាច្រើនក្នុងតំបន់នេះ ដែលរួមមានប្រទេសវៀតណាម ហ្វ៊ីលីពីន និងឡាវ របាយការណ៍នេះ បានផ្តល់ជាយោបល់ឲ្យមានការយកចិត្តទុកដាក់លើការពង្រឹងបទបញ្ជា និងបង្កើនការគ្រប់គ្រង។

បញ្ហាប្រឈមរយៈពេលវែងសម្រាប់តំបន់នេះ ស្ថិតនៅលើការគាំទ្រឲ្យមានកំណើនសេដ្ឋកិច្ចឆាប់រហ័សប្រកបដោយចីរភាពខណៈដែលកំពុងតែធានាឲ្យមានការដាក់បញ្ចូលឲ្យបានកាន់តែច្រើនឡើង។ រដ្ឋាភិបាលនានាអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន តាមរយៈការបង្កើនផលិតភាពនិងវិនិយោគទុន ដែលបានធ្លាក់ចុះនាពេលថ្មីៗនេះនៅក្នុងប្រទេសជាច្រើន ព្រមទាំងតាមរយៈការកែលម្អគុណភាពនៃចំណាយសាធារណៈ។

ទោះបីជាការការពារនិយមកំពុងមានការកើនឡើងនៅក្នុងតំបន់នេះក្តី ក៏តំបន់អាស៊ីបូព៌ាអាចចាប់យកឱកាសជាច្រើនដើម្បីជំរុញឲ្យមានការធ្វើសមាហរណកម្មក្នុងតំបន់ រួមទាំងតាមរយៈការពង្រឹងគំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត កាត់បន្ថយឧបសគ្គនានាចំពោះចល័តភាពពលកម្មនិងពង្រីកលំហូរនៃទំនិញនិងសេវាកម្មឆ្លងកាត់ព្រំដែននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ក្រៅពីនេះ របាយការណ៍នេះបាននិយាយថា អ្នកតាក់តែងគោលនយោបាយនានាអាចកំណត់ភាពជោគជ័យនៃសេដ្ឋកិច្ចថ្ងៃអនាគតនៅលើផ្លូវមួយដែលកាន់តែមានចីរភាពជាងមុន ប្រសិនបើពួកគេចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការធ្វើកសិកម្ម ការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងប្រពលវប្បកម្មកសិកម្មនៅក្នុងតំបន់។

នៅក្នុងប្រទេសកម្ពុជា កំណើនសេដ្ឋកិច្ចបន្តមានភាពរឹងមាំក្នុងអត្រា ៦,៩ភាគរយសម្រាប់ឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥គឺ៧,០ភាគរយ។ វិស័យសំណង់នៅតែមានភាពរស់រវើក ខណៈដែលការនាំចេញផ្នែកសម្លៀកបំពាក់បានថយចុះ ដោយសារតែភាពប្រកួតប្រជែងនៅក្រៅប្រទេសរបស់កម្ពុជាកំពុងជួបបញ្ហាប្រឈមដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ការកើនឡើងនៃចំណាយថ្លៃដើមពលកម្មនិងការប្រកួតប្រជែងពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដែលផ្តល់ប្រាក់ឈ្នួលទាប។ ដោយសារតែលក្ខខណ្ឌអាកាសធាតុអំណោយផលល្អប្រសើរជាងមុន ផលិតកម្មកសិកម្មមានការកើនឡើងប្រសើរជាងមុនក្នុងឆ្នាំ២០១៧​។ កំណើនអ្នកទេសចរណ៍ ទាបជាមុនបន្តិចគឺ៥%ក្នុងឆ្នាំ២០១៦​ នេះដោយតែភាពជោគជ័យក្នុងការពង្រីកតំបន់ទាក់ទាញសម្រាប់អ្នកទេសចរក្រៅពីតំបន់អង្គរវត្ត នៅមានកម្រិតនៅឡើយ។ កំណើននៅកម្ពុជាត្រូវប៉ាន់ប្រមាណថានឹងនៅតែមានភាពរឹងមាំ គឺ៦,៩ភាគរយសម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម និងទេសចរណ៍ដែលវាអាចជំនួសនៃការធ្លាក់ចុះវិស័យសំណងនិងការនាំចេញសម្លៀកបំពាក់។

លោកស្រី អ៊ីហ្គូណា ដូបា្រចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “វាគួឲ្យសាទរដែលឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ជាបន្ត វាពិតជាសំខាន់ណាស់ក្នុងការជំរុញការវិនិយោគលើផលិតភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចនិងគាំទ្រដល់ប្រជាជនក្រីក្រ ហើយធ្វើយ៉ាងណាផលប្រយោជន៍នៃកំណើននាពេលខាងមុខបានដល់ប្រជាជនកម្ពុជាទាំងមូល។”​​

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាការត្រួតពិនិត្យមើលឡើងវិញពិស្តាររបស់ធនាគារពិភពលោកលើសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយពីរដងក្នុងមួយឆ្នាំ និងអាចរកមើលបានដោយឥតគិតថ្លៃតាមអាសយដ្ឋាន ៖ https://www.worldbank.org/eapupdate

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង Singapore
Dini Djalal
ទូរស័ព្ទ: +65 6501-3666
ddjalal@worldbank.org
នៅ​​ក្នុង Washington
Jane Zhang
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2017/199/EAP

Api
Api

Welcome