សេចក្តីប្រកាសព័ត៌មាន

ផែនការទំនាក់ទំនងថ្មីសម្រាប់កម្ពុជា លើកឡើងអំពីការគាំទ្ររបស់ក្រុមធនាគារពិភពលោកដើម្បីជួយកាត់បន្ថយភាពក្រីក្រ

19 ឧសភា 2016


គម្រោងថ្មីចំនួន៤ផ្តោតទៅលើការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា

ទីក្រុងវ៉ាស៊ីងតោន ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦—នាយកប្រតិបត្តិរបស់ធនាគារពិភពលោកនៅថ្ងៃនេះបានពិភាក្សាលើផែនការទំនាក់ទំនងសម្រាប់ប្រទេសឆ្នាំ២០១៦—២០១៧ សម្រាប់ប្រទេសកម្ពុជា និងបានអនុម័តផ្តល់ហិរញ្ញវត្ថុលើគម្រោងចំនួន៤ដើម្បីជួយដល់សហគមន៍ជាច្រើននៅទូទាំងប្រទេសឲ្យទទួលបានផ្លូវថ្នល់ប្រសើរ មានធនធានទឹកប្រកបដោយចីរភាព លើកកម្ពស់ជីវភាពតាមរយៈកសិកម្ម និងទទួលបានការថែទាំសុខភាព។

ផែនការទំនាក់ទំនងសម្រាប់ប្រទេសនេះបានដាក់ចេញនូវយុទ្ធសាស្ត្រនៃក្រុមធនាគារពិភពលោកដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រយ៉ាងហោចណាស់ឲ្យបាន១ភាគរយក្នុងមួយឆ្នាំដែលបានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤—២០១៨។ យុទ្ធសាស្រ្តនេះមានគោលបំណងជួយកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងលើបរិយាកាសធុរកិច្ច និងបង្កើតឲ្យមានផលិតផលដែលអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារពិភពលោក។ វាក៏មានគោលបំណងជួយលើកកម្ពស់ការផ្តល់សេវាសង្គម និងហេដ្ឋារចនា    សម្ព័ន្ធ​និងបង្កើតឱកាសសម្រាប់អ្នកក្រីក្របំផុត និងកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈគោលនយោបាយ កាវិនិយោគ និងកម្មវិធីមួយចំនួនក្នុងការកសាងទ្រព្យធន និងការបង្កើតការងារឲ្យបានច្រើន។

លោកស្រី វិតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ាមានប្រសាសន៍ថា “ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាគឺមានលក្ខណៈប្រសើរច្រើន ដោយមានកំណើនច្រើនជាង ៧ ភាគរយ ជាមធ្យមក្នុងមួយឆ្នាំៗនាទសត្សរ៍ចុងក្រោយនេះ និងភាពក្រីក្របានថយចុះពី៥២ភាគរយនៅឆ្នាំ២០០៤ មកនៅត្រឹម ១៧ភាគរយនៅឆ្នាំ២០១២។” លោកស្រីបន្តថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការឲ្យសកម្មជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់លក្ខខណ្ឌសេដ្ឋកិច្ចនិងសង្គមសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជួយពួកគាត់ឲ្យចាកចេញពីភាពក្រីក្រ ហើយក៏ជួយដោះស្រាយភាពងាយរងគ្រោះនៃប្រជាជនដែលបានចាកចេញពីភាពក្រក្ររួចហើយ។”

កម្មវិធីដែលផ្តល់ហិរញ្ញវត្ថុក្រោមផែនការនេះមានគម្រោងអភិវឌ្ឍន៍ចំនួន៧ មានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លា ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ជាស្ថាប័នមួយរបស់ធនាគារពិភពលោកដែលផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្របំផុត។ កម្មវិធីនេះនឹងផ្តោតលើការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា ហើយវាក៏ឆ្លើយតបទៅនឹងលទ្ធផលដែលបានមកពីការពិគ្រោះយោបល់នៅទូទាំងប្រទេសនាពេលកន្លងមក ក៏ជាការស្នើសុំរបស់រដ្ឋាភិបាលសម្រាប់ផ្តល់ជាហិរញ្ញវត្ថុវិនិយោគ និងគាំទ្រដល់ការប្រឹក្សាយោបល់នានារបស់ក្រុមធនាគារពិភពលោក។

ក្នុងអំឡុងពេលនៃការអនុវត្តផែនការទំនាក់ទំនងសម្រាប់ប្រទេសនេះ ក្រុមធនាគារពិភពលោកនឹងរៀបចំការវិនិច្ឆ័យសម្រាប់ប្រទេសបែបជាប្រព័ន្ធមួយ ដែលវានឹងអាចជួយកំណត់ឱកាស និងការប្រឈមនានា ក៏ដូចជាដំណោះស្រាយសម្រាប់កាត់បន្ថយភាពក្រីក្រ និងចែករំលែកផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនក្រីក្រនៅកម្ពុជា។ ធនាគារពិភពលោកក៏នឹងផ្តល់ជាការប្រឹក្សាយោបល់ទៅតាមការស្នើសុំរបស់រដ្ឋាភិបាល ដែលផ្តោតទៅលើជំនួញនិងការវិនិយោគ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងវិស័យសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នមួយរបស់ក្រុមធនាគារពិភពលោក ដែលផ្តោតលើ      វិស័យឯកជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នឹងពង្រីកការចូលរួមរបស់ខ្លួនជាមួយនឹងទឹកប្រាក់ប្រមាណ ២០០លានដុល្លាក្នុងការវិនិយោគនានា និង១០លានដុល្លាទៀតជាសេវាកម្មប្រឹក្សាយោបល់ លើវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងជំនួញនិងការប្រកួតប្រជែងសម្រាប់ឆ្នាំ២០១៦—២០១៧។ ភ្នាក់ងារធានារ៉ាប់រងវិនិយោគទុនពហុភាគី ដែលជាស្ថាប័នរបស់ក្រុមធនាគារពិភពលោកធ្វើការលើការធានារ៉ាប់រងហានិភ័យផ្នែកនយោបាយ ក៏បានត្រៀមខ្លួនរូចជាស្រេចផងដែរក្នុងការផ្តល់ការធានារ៉ាប់រងហានិភ័យផ្នែកនយោបាយ និងធានាដល់អ្នកវិនិយោគក្នុងវិស័យនានា ដូចជា ហិរញ្ញវត្ថុ សិប្បកម្ម កសិឧស្សាហកម្ម និងសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

លោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ការចូលរួមថ្មីរបស់យើងជាមួយកម្ពុជាគឺចាប់ផ្តើមជាមួយនឹងគម្រោងមួយចំនួនដែលមានគោលបំណងនាំមកនូវផលប្រយោជន៏ជាក់ស្តែងសម្រាប់កម្ពុជា”។ លោកបានបន្តថា “យើងនឹងជួយជាហិរញ្ញវត្ថុសម្រាប់គម្រោងនានា ដូចជា ជួយការថែទាំសុខភាពឲ្យបានប្រសើរជាងមុន ថែទាំផ្លូវថ្នល់ និងគាំទ្រប្រជាជនក្រីក្រដែលពួកគាត់រស់ពឹងអាស្រ័យលើកសិកម្ម និងនេសាទ។ យើងនឹងបន្តភាពជាដៃគូយ៉ាងជិតស្និតជាមួយកម្ពុជាក្នុងការផ្តល់បទពិសោធន៍អន្តរជាតិ និងជួយកសាងសមត្ថភាពក្នុងប្រទេស ពង្រីងស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ច។”

គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៤ដែលបានអនុម័តនេះមានទឹកប្រាក់ចំនួន ១៣០លានដុល្លា ជាឥណទានគ្មានការប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ការសងត្រឡប់វិញគឺនៅចន្លោះពី ២៥ ទៅ ៤០ឆ្នាំ ហើយរយៈពេលនៃការចាប់ផ្តើមសងគឺនៅចន្លោះពី ៥ ទៅ ១០ឆ្នាំបន្ទាប់ពីខ្ចី។

គម្រោងសមធម៌និងការលើកកម្ពស់គុណភាពសុខភាព៖ គម្រោងដែលមានទឹកប្រាក់៣០លានដុល្លានេះនឹងផ្តោតលើការកសាងនូវយន្តការហិរញ្ញវត្ថុសុខភាពបែបថ្មីពីរនៅកម្ពុជា។ ទី១ គឺមូលនិធិសមធម៌សុខភាពដែលជួយចេញថ្លៃសេវាសុខភាពជូនដល់ប្រជាជនក្រីក្រីប្រមាណ៣លាននាក់ កាត់បន្ថយការចំណាយលុយចេញពីហោប៉ាវគាត់ និងផ្តល់ហិរញ្ញវត្ថុដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ទី២ គឺតាក់តែងឡើងវិញនូវមូលនិធិការផ្គត់ផ្គងសេវាកម្មដែលវានឹងអាចជួយលើកកម្ពស់សេវាសុខភាព រួមទាំងការគ្រប់គ្រងផ្នែកសុខាភិបាល ការមកធ្វើការទៀងទាត់របស់គ្រូពេទ្យ និងការគ្របដណ្តប់នៃសេវាសុខភាព។

គម្រោងនេះក៏នឹងចូលរួមផ្តល់ថវិកាដោយរដ្ឋាភិបាល ធនាគារពិភពលោក និង ៥០លានដុល្លាទៀតផ្តល់ជូនដោយមូលនិធិមរតកពហុម្ចាស់ជំនួយដោយមានរដ្ឋាភិបាលអូស្រា្តលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ មូលនិធិមរតកសម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ជប៉ុនជាមួយនឹងធនាគារពិភពលោកក៏បានផ្តល់ហិរញ្ញវត្ថុចំនួន១លានដុល្លាបន្ថែមដើម្បីពង្រឹងការតាមដាន និងការវាយតម្លៃ។

គម្រោងគ្រប់គ្រងធនធានទឹកចំរុះទន្លេមេគង្គ៖ ទឹកប្រាក់សម្រាប់គម្រោងនេះមាន១៥លានដុល្លា មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានជលផលនិងទឹក​ហើយជួយកាត់បន្ថយភាពក្រីក្រនៅជនបទតាមអាងទន្លេមេគង្គភាគឥសាននៃប្រទេសកម្ពុជា។

គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២៖ ​គម្រោងនេះមានទឹកប្រាក់៦០លានដុល្លា មានគោលបំណងថែទាំផ្លូវប្រវែង២១៨គ.មដែលវាអាចទប់ទល់នឹងទឹកជំនន់បាន កាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងផ្តល់ឲ្យមានទំនាក់ទំនងកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងក្រចេះ។

គម្រោងការបែងចែកដីសម្រាប់សង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច៖ មានទឹកប្រាក់២៥លានដុល្លានឹងផ្តល់ជូនសម្រាប់សេវាកម្មបណ្តុះបណ្តាល់វិស័យកសិកម្មដល់ប្រជាជនដែលពីមុនគ្មានដី និងមានដីតិចតូចក្នុងសហគមន៍ចំនួន១៤ នៅ៥ខេត្ត។ ប្រជាជនច្រើនជាង ៥០០០ គ្រួសារនៅក្នុងសហគមន៍នេះនឹងទទូលបានការគាំទ្រផ្នែកកសិកម្ម និងមានផ្លូវថ្នល់ប្រសើរ មានសាលារៀន និងក្លិនិកសុខភាព។ គ្រួសារភាគច្រើនគឺជាអ្នកទទួលផលពីគម្រោងមុនដែលបានផ្តល់ដីជូនពួកគាត់រួចហើយ។

ផែនការទំនាក់ទំនងសម្រាប់ប្រទេសនេះតាក់តែងឡើងដោយយោងកិច្ចពិគ្រោះយោបល់ដែលបានរៀបចំនូវទូទាំងប្រទេសជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើន រួមមានមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សមាជិកសភា អង្គការសង្គមស៊ីវិលថ្នាក់ជាតិ និងអន្តរជាតិ វិស័យឯកជន បញ្ញាវន្ត ដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារអង្គការសហប្រជាជាតិ។ ផែនការទំនាក់ទំនងនេះគឺ   ផ្តល់ឲ្យក្រុមធនាគារពិភពលោកមានឲ្យមានទំនាក់ទំនងពេញលេញសាជាថ្មីឡើងវិញក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានផ្អាក់ការផ្តល់ហិរញ្ញវត្ថុថ្មីពីសមាគមអភិវឌ្ឍន៍អន្តរជាតិចាប់តាំងពីឆ្នាំ២០១១។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ធនាគារពិភពលោកបានបន្តវត្តមានយ៉ាងសកម្មនៅកម្ពុជាដោយបានផ្តល់ហិរញ្ញវត្ថុដល់គម្រោងដែលបានអនុម័តរួចកន្លងមក។ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅទីក្រុងភ្នំពេញ
លោក ប៊ូ សារឿន
ទូរស័ព្ទ: + (855) 23-861-315
sbou@worldbank.org
នៅ​​ក្នុង នៅវ៉ាស៊ីងតោន
លោក ខាល ហែនឡន
ទូរស័ព្ទ: +1 (202) 460-8626
chanlon@worldbank.org
និងលោកស្រីជែន ហ្សាង
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2016/382/EAP

Api
Api

Welcome