សេចក្តីប្រកាសព័ត៌មាន

ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែ មានភាពរឹងមាំ ទោះបីជា ពិភពលោកកំពុងជួបបញ្ហាប្រឈមក្តី

12 មេសា 2016


កំណើនសេដ្ឋកិច្ចពិតរបស់កម្ពុជា បានប៉ាន់ប្រមាណថានឹងនៅតែរឹងមាំក្នុងកម្រិត ៦,៩ភាគរយ នៅក្នុងឆ្នាំ ២០១៦

ភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៦ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានភាពរឹងមាំ គឺក្នុងកម្រិត ៧,០ភាគរយ ក្នុងឆ្នាំ ២០១៥ ដែលកំណើននេះនាំមុខដោយវិស័យកាត់ដេរនិងសំណង់។ នៅក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងរំពឹងថាមានកម្រិតប្រហែល ៦,៩ភាគរយ ដែលធ្វើកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានកំណើនលឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា។

មានហានិភ័យជាច្រើនចំពោះការប្រមើលមើលនេះ ដោយរួមមានបញ្ហា ការបន្តកើនឡើងនៃប្រាក់ដុល្លារ ការងើបឡើងវិញដែលមានល្បឿនយឺតជាងមុននៃសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប និងផលប៉ះពាល់ដែលជាលទ្ធផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន និងបញ្ហាទីផ្សារពលកម្មដែលមានសក្តានុពល។ បើពិនិត្យមើលទៅលើមូលដ្ឋាននៃផលិតកម្មនិងការនាំចេញមានភាពចង្អៀត និងផ្តោតតែទៅលើទីផ្សារនាំចេញទៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេ  រិក ប្រទេសកម្ពុជាគឺប្រឈមនឹងការប្រកួតប្រជែងកាន់តែច្រើនឡើង ដែលវាធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចបន្តិចម្តងៗ។

លោក អាសាន សូ​ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការបង្កើនវិនិយោគទុនសាធារណៈ ដើម្បីដោះស្រាយបញ្ហាផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបន្តកែលម្អបរិយាកាសពាណិជ្ជកម្ម វាពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា បន្តការប្រកួតប្រជែងបាន។”

បន្ទាប់ពីការថយចុះនៅដើមឆ្នាំ ២០១៥ ការនាំចេញសម្លៀកបំពាក់បានវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងឆមាសទីពីរ ចុងក្រោយទទួលបាននូវកំណើន ១២,៣ភាគរយ ធៀបនឹងឆ្នាំ ២០១៤ មានតែ ៩,២ភាគរយ។ វិស័យសំណង់នៅតែជាក្បាលម៉ាស៊ីនសម្រាប់កំណើនដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០១៥ នាំមុខដោយការវិនិយោគផ្ទាល់ពីបរទេសដែលមានស្ថេរភាពនៅក្នុងវិស័យនេះ។

វិស័យទេសចរណ៍ ស្ថិតក្នុងកម្រិតមធ្យម ទោះបីជាវិស័យនេះមានការងើបឡើងវិញនៅក្នុងប្រទេសជិតខាងក្តី ជាពិសេសនៅក្នុងប្រទេសថៃ និងវៀតណាម។ ចំនួនភ្ញៀវទេសចរសរុបដែលបានមកទស្សនាកម្ពុជានៅក្នុងឆ្នាំ ២០១៥ បានកើនឡើងត្រឹមតែ ៦,១ភាគរយ (ចំនួនភ្ញៀវកើនដល់ ៤,៧៨លាននាក់) បើធៀបនឹងឆ្នាំ ២០១៤ មាន ៦,៩ភាគរយ។ កំណើនទិន្នផលស្រូវនៅទាប បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងការធ្លាក់ថ្លៃនៃកសិផល បានធ្វើឲ្យប៉ះពាល់ដល់កំណើននៅក្នុងវិស័យកសិកម្ម។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បានឆ្លុះបញ្ចាំងអំពីថាតើវិស័យហិរញ្ញវត្ថុ បានគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅបានកម្រិតណា។ ឥណទានក្នុងស្រុកបានកើនឡើងត្រឹម ២៧ភាគរយនៅក្នុងឆ្នាំ ២០១៥។ នៅក្នុងបរិបទនេះ ការពង្រឹងការត្រួតពិនិត្យវិស័យធនាគារ គឺជារឿងសមស្របដើម្បីថែរក្សាបាននូវស្ថេរភាពនិងនិរន្តរភាពនៃហិរញ្ញវត្ថុ។ វិធានការជាច្រើននាពេលថ្មីៗនេះ ដូចជា ការបង្កើនលក្ខខណ្ឌតម្រូវផ្នែកមូលធនសម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា គឺជាការអភិវឌ្ឍដែលអាចទទួលយកបាន។

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ណៅភ្នំណពញ៖
ណល្លក ប ូ សាណរឿន
ទូរស័ព្ទ: + (855) 23-861-315
sbou@worldbank.org
នៅ​​ក្នុង ណៅវា៉ាេុីនណតាន៖
Jane Zhang
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org



Api
Api