សេចក្តីប្រកាសព័ត៌មាន

អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកទស្សនកិច្ចប្រទេសកម្ពុជា

3 វិច្ឆិកា 2015


ភ្នំពេញ ថ្ងៃទី ៣ ខែវិច្ឆិកា ២០១៥—លោក អាកសែល វ៉ាន់ ត្រុតសេនប៊ើក អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ក្នុងអំឡុងពេលដែលលោកមកទស្សនកិច្ចជាផ្លូវការលើកទី១នៅកម្ពុជា ថា ធនាគារពិភពលោកនឹងធ្វើការជាមួយកម្ពុជាដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់លក្ខខណ្ឌសេដ្ឋកិច្ច និងសង្គម សម្រាប់ប្រជាជនរបស់ខ្លួន ជាពិសេសក្នុងវិស័យកសិកម្ម សុខភាព អប់រំ និងដឹកជញ្ជូន។

លោក ត្រុតសេនប៊ើក បានមកទស្សនកិច្ចចាប់ពីថ្ងៃទី២៩ ខែតុលាដល់ថ្ងៃទី ៣ ខែវិច្ឆិកា បានជួប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សមាជិកសភា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សាអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសអ្នកដែលងាយរងគ្រោះ។ លោកក៏បានទៅទស្សនកិច្ចគម្រោងដែលគាំទ្រថវិកាដោយធនាគារពិភពលោកក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប ដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ដែលទទួលបានផលប្រយោជន៍ពីគម្រោងទាំងនេះ។

លោក ត្រុតសេនប៊ើក មានប្រសាសន៍ថា “យើងបានមើលឃើញដោយផ្ទាល់ថា ប្រជាជនកម្ពុជាអាចផ្លាស់ប្តូរជីវភាពរបស់ពួកគាត់បាននៅពេលដែលពួកគាត់ទទួលនូវឱកាសណាមួយ ហើយនេះជាក្តីសង្ឃឹមដ៏សំខាន់បំផុត។ ពួកគាត់ចង់ឃើញការវិនិយោគទុនច្រើនថែមទៀតក្នុងវិស័យអភិវឌ្ឍន៍ជនបទ សុខភាព អប់រំ ដឹកជញ្ជូន និងសេវាកម្មសង្គមផ្សេងៗទៀត។” លោក បន្តថា “ក្រុមធនាគារពិភពលោក ត្រៀមរួចរាល់ហើយក្នុងការគាំទ្រការវិនិយោគលើវិស័យទាំងនេះ។”

ថ្មីៗនេះធនាគារពិភពលោកបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទូទាំងប្រទេសជាមួយអ្នកពាក់ព័ន្ធក្នុងប្រទេសកម្ពុជាស្តីពីការប្រឈម និងឱកាសនៃការអភិវឌ្ឍរបស់ប្រទេសនេះ។ ពេលនេះធនាគារពិភពលោកកំពុងតែដំណើការរៀបចំកម្មវិធីរបស់ខ្លួនក្នុងការចូលរួមជាមួយកម្ពុជាដោយប្រើប្រាស់សេវាមួយចំនួនដូចជា ការងារវិភាគ ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោក ត្រុតសេនប៊ើក មានប្រសាសន៍ថា “យើងបានពិភាក្សាគ្នាដ៏ល្អ ហើយខ្ញុំរំពឹងថានឹងបន្តពង្រីកភាពជាដៃគូរបស់យើងជាមួយកម្ពុជា។”

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅភ្នំពេញ
លោក ប៊ូ សារឿន (៨៥៥) ២៣ ៨៦១ ៣១៥
ទូរស័ព្ទ:  (855) 23-861 315
sbou@worldbank.org
នៅ​​ក្នុង នៅវ៉ាស៊ីនតោន
លោក ខាល ហែនឡុន ១ (២០២) ៤៧៣ ៨០៨៧
ទូរស័ព្ទ: +1 (202) 473-8087
chanlon@worldbank.org

សេចក្តីប្រកាសព័ត៌មាន​លេខ
11/03/2015

Api
Api