សេចក្តីប្រកាសព័ត៌មាន

ធនាគារពិភពលោក រំពឹងថា កំណើនសេដ្ឋកិច្ចនៅក្នុង
បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ ២០១៤ នឹងមានសន្ទុះកាន់តែយឺត

6 តុលា 2014


ការព្យាករណ៍បានបង្ហាញឲ្យដឹងថា តំបន់នេះនឹង​មានកំណើនសេដ្ឋកិច្ច​ជិត ៧ភាគរយ នៅឆ្នាំនេះ ហើយ​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា នៅតែ​រក្សាបាននូវភាពរឹងមាំក្នុង​កម្រិត​ ៧,២ ភាគរយ។

សឹង្ហបូរី ថ្ងៃទី ៦ ខែ​ តុលា ឆ្នាំ ២០១៤ ‑‑ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែល​បានចេញផ្សាយនៅថ្ងៃនេះដោយធនាគារពិភពលោក បានឲ្យដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើននៅក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹងមានកំណើនសេដ្ឋកិច្ចទាបជាងមុនបន្តិចនៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ ល្បឿននៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ដោយមិនរាប់បញ្ចូលប្រទេសចិន នឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារតែសេដ្ឋកិច្ចរបស់​ប្រទេសដែលមានប្រាក់​ចំណូលខ្ពស់បានវិលមករកភាពល្អប្រសើរឡើងវិញ និង​ជំរុញឲ្យមានការនាំចេញកាន់តែច្រើនពីតំបន់នេះ។ ក៏ប៉ុន្តែ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក​ នៅតែ​ជាតំបន់​ដែលកំពុងមានការរីកលូតលាស់​លឿនេះជាងគេបំផុត​នៅក្នុងពិភពលោក។

របាយការណ៍នេះបានសរសេរថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា នឹងកើនឡើងត្រឹម ៦,៩ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយបានថយចុះពី ៧,២ភាគរយធៀបនឹងឆ្នាំ ២០១៣។​កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន នឹងថយចុះបន្តិចមកនៅត្រឹម ៧,៤ភាគរយនៅឆ្នាំនេះ និង ៧,២ ភាគរយ​នៅ​ឆ្នាំ ២០១៥ ស្របពេលដែ​លរដ្ឋាភិបាល​ចិនព្យាយាមរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យមាននិរន្តរភាពជាងមុន តាមរយៈការ​អនុវត្តនូវគោលនយោបាយឆ្លើយតបទៅនឹងភាពងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងការកំហិត​នៃរចនា​សម្ព័ន្ធ។ ដោយមិនរាប់បញ្ចូលប្រទេសចិន កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ ត្រូវ​បានគេរំពឹងថានឹង​ធ្លាក់ចុះមកនៅ ៤,៨ភាគរយ នៅឆ្នាំនេះ មុននឹងកើនឡើងវិញមកនៅ ៥,៣ភាគរយ​នៅឆ្នាំ ២០១៥ ស្របពេលដែលការនាំចេញមានការកើនឡើង និងកំណែទម្រង់​សេដ្ឋកិច្ចក្នុងស្រុកមានភាពប្រសើរឡើង នៅក្នុង​បណ្តាប្រទេសនៅ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក អាក់សែល វ៉ាន់ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមាន​ប្រសាស៍ថា «តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹង​បន្តមានសក្តានុពលក្នុងការរីកលូតលាស់ក្នុងកម្រិតមួយ​កាន់តែខ្ពស់ជាងមុន និងលឿនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតនៅក្នុងតំបន់ ប្រសិនបើ អ្នកតាក់​តែង​គោល​នយោបាយ អនុវត្តនូវ​របៀប​វារៈកំណែទម្រង់​ក្នុងស្រុកមួយក្នុងទ្រង់ទ្រាយធំ ដែលរួមមាន​ ការលុបបំបាត់ចោល​នូវឧបសគ្គនានាចំពោះវិនិយោគទុនក្នុងស្រុក  ធ្វើឲ្យប្រសើរឡើងដល់ភាពប្រកួតប្រជែងលើការនាំចេញ និងផ្តល់ការពន្យល់​ឲ្យបាន​ច្បាស់លាស់លើ​ការចំណាយសាធារណៈ។»

ស្របពេលដែល​តំបន់នេះទាំងមូល នឹង​ទទួលបាននូវ​អត្ថប្រយោជន៍ច្រើនជាងតំបន់ដទៃទៀតពីភាពល្អប្រើសើរ​​​ឡើងវិញនៃ​សេដ្ឋកិច្ចសាកល  ផលប៉ះពាល់នេះនឹងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យ​លើបរិយាកាសវិនិយោគនិង​ការនាំចេញរបស់​ប្រទេសទាំងនោះ។ ប្រទេសចិន ម៉ាឡេស៊ី វៀតណាម និងកម្ពុជា បាន​ត្រៀមលក្ខណៈល្អ ក្នុងការបង្កើនការនាំចេញ ដែលជាការឆ្លុះបញ្ចាំងអំពីការធ្វើសមាហរណកម្មស៊ីជម្រៅទៅ​ក្នុង​ខ្សែសង្វាក់​ផលិតកម្មនៅក្នុងសាកលលោក និងក្នុងតំបន់ ដែល​បាន​ជំរុញ​ពាណិជ្ជកម្មសកលលោក នៅក្នុង​ រយៈពេល​ ២០ឆ្នាំចុងក្រោយមកនេះ។

របាយការណ៍នេះបាន​កែតម្រូវការព្យាករណ៍​របស់ធនាគារពិភពលោកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីសម្រាប់ឆ្នាំ ២០១៤ ពី ៤,៩ភាគរយ​នៅក្នុង​ខែមេសា ទៅជា ៥,៧ភាគរយ ដោយសារតែទំហំនៃការនាំចេញ​​មានការកើនឡើងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ប្រទេសថៃក៏ត្រូវបានគេរំពឹងទុកផងដែរថានឹង​ទទួលបាន​អត្ថប្រយោជន៍ពីសេដ្ឋកិច្ចសាកលលោកដែលបានវិលមករកភាពប្រសើរឡើងវិញនេះ ទោះបីជាខ្លួនមានភាពខ្លាំង​ក្នុងការចូលទៅក្នុង​ខ្សែសង្វាក់ផលិតកម្មសាកលក្តី ប្រសិនបើភាពវឹកវរខាងផ្នែកនយោបាយបានធូរស្បើយ។

ក៏ប៉ុន្តែ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែល​នៅតែពឹងផ្អែកលើទំនិញ​នាំចេញនោះ​ កំណើនសេដ្ឋកិច្ច​នឹង​ធ្លាក់ចុះពី ៥,៨ភាគរយក្នុងឆ្នាំ ២០១៣ មកនៅត្រឹម ៥,២ភាគរយ​នៅក្នុងឆ្នាំនេះ ដែលបណ្តាលមកពីតម្លៃទំនិញធា្លក់ចុះ ទាបជាងការប្រើប្រាស់​ដែលរដ្ឋាភិបាលបានប៉ាន់ស្មាន និងការបង្កើនឥណទានដែលមានសភាពកាន់តែយឺតជាងមុន។

ជាចំណុច​ដ៏ល្អមួយសម្រាប់ប្រទេសនានានៅក្នុងតំបន់នេះ៖ ការប្រើប្រាស់ជាលក្ខណៈឯកជន​មានទំហំធំ គាំទ្រដោយ​កត្តារួមផ្សំផ្សេងៗដូចជា ការចំណាយទាក់ទងទៅនឹងការបោះឆ្នោត​នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងទីផ្សារការងារ​ដ៏រឹងមាំមួយនៅ​ក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងប្រទេសហ្វ៊ីលីពីន ការផ្ញើប្រាក់ដែលមានបរិមាណច្រើន​ត្រឡប់ចូលក្នុងប្រទេសវិញ បាន​ជំរុញឲ្យ​ការប្រើប្រាស់ជាលក្ខណៈ​ឯកជន​មានការកើនឡើង ដែលមានទំហំច្រើនជាងពាក់​កណ្តាលនៃកំណើនសេដ្ឋកិច្ចសរុបរបស់ប្រទេស បើតាមការព្យាករណ៍ទុកកំណើននេះនឹងកើនឡើងដលើ ៦,៤ភាគរយនៅឆ្នាំនេះ និង ៦,៧ភាគរយ​នៅក្នុងឆ្នាំ ២០១៥។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលជាមួយនឹងការធ្វើកំណែទម្រង់ស្ថាប័ននិងគោលនយោបាយនាពេលថ្មីៗនេះ ព្រមទាំងការបើកឲ្យមានទំនាក់ទំនង​ជាអន្តរជាតិឡើងវិញ  កំណើនសេដ្ឋកិច្ច​របស់ប្រទេសនេះនឹង​កើនឡើងដល់ ៨,៥ភាគរយនៅឆ្នាំនេះ និង​ឆ្នាំ​ក្រោយ។

ភាពមិនប្រាកដប្រជាដែលគួរឲ្យកត់សម្គាល់ជាច្រើនដែលនៅបន្តកើតមាន អាចជះឥទ្ធិពលដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុងតំបន់នេះ។ បណ្តាប្រទេសដែលមាន​ប្រាក់ចំណូលខ្ពស់ ជាពិសេស បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនិង​ជប៉ុន អាចជួបប្រទះនូវហានិភ័យធ្ងន់ធ្ងរនៅពេលខាងមុខ។ ស្ថានភាពហិរញ្ញវត្ថុសាកលលោក អាចកាន់តែមាន​សភាពតានតឹងខ្លាំងឡើង ហើយ​ភាពតានតឹង​ផ្នែក​នយោបាយភូមិសាស្រ្តក្នុងសកលលោកនិងក្នុងតំបន់ អាចជះ​ឥទ្ធិពលដល់​ការព្យាករណ៍ទាំងនេះ។ តំបន់នេះ ក៏នៅតែមានភាពងាយរងផលប៉ះពាល់​ផងដែរ​ ប្រសិនបើ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធា្លក់ចុះខ្លាំង (ទោះបីជាវាទំនងជាមិនអាចកើតឡើងក្តី) ដែលអាចធ្វើឲ្យប៉ះពាល់​ដល់ផលិតករទំនិញយ៉ាងខ្លាំង ដូចជា អ្នកនាំចេញលោហៈធាតុ នៅក្នុងប្រទេសម៉ុងហ្គោលី និងអ្នកនាំចេញ​ធ្យូងថ្មនៅក្នុងប្រទេស​ឥណ្ឌូនេស៊ី។

លោក ស៊ុដហៀ សេទី ប្រធានសេដ្ឋកិច្ចវិទូប្រចាំតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិករបស់ធនាគារ​ពិភពលោក បាន​មាន​ប្រសាសន៍ថា «វិធីដែលប្រសើរបំផុតសម្រាប់​ប្រទេសនានានៅក្នុងតំបន់នេះ ក្នុង​ការទប់ទល់ទៅនឹង​ហានិភ័យ​ទាំងនេះ គឺត្រូវ​ឆ្លើយតបទៅនឹងភាពងាយរងផលប៉ះពាល់ទំាងឡាយដែលបណ្តាល​មកពីគោលនយោបាយហិរញ្ញវត្ថុនិងសារពើពន្ធក្នុងអតីតកាល ហើយយកវិធានការទាំងនេះទៅបំពេញបន្ថែមលើ​កំណែទម្រង់រចនាសម្ព័ន្ធនានាដើម្បីបង្កើន​ភាពប្រកួតប្រជែងលើការនាំចេញ។»

របាយការណ៍នេះបាន​បង្ហាញនូវអនុសាសន៍គោលនយោបាយសម្រាប់​បណ្តាប្រទេសផ្សេងៗដើម្បី​ទប់ទល់ទៅនឹង​ហានិភ័យ និងចាប់ផ្តើមដើរនៅលើ​ផ្លូវមួយដែលមាន​កំណើន​ប្រកបដោយ​ចីរភាព។ ឧទាហរណ៍ ប្រទេស​ម៉ុង​ហ្គោលី និង​ឡាវ ចាំបាច់ត្រូវតែកាត់បន្ថយនូវឱនភាពសារពើពន្ធ និងរឹតបន្តឹងគោលនយោបាយ​រូបិយ​វត្ថុ។ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និងថៃឡង់ដ៍  វិធានការនានាក្នុងការ​គាំទ្រដល់​ប្រាក់ចំណូលនិងកាត់បន្ថយប្រាក់ឧបត្ថម្ភ​ដែល​ចំណាយមិនត្រឹមត្រូវ នឹងជួយបង្កើតឲ្យមានឱកាសសម្រាប់ការវិនិយោគផ្តោតលើផលិតភាព និងការចំណាយ​ផ្តោតលើ​ការកាត់បន្ថយភាពក្រីក្រ ខណៈដែលកំពុង​កសាង​ឡើងវិញជាបណ្តើរៗនូវប្រព័ន្ធ​សុវត្ថិភាពសារពើពន្ធ។

នៅក្នុងប្រទេសចិន នៅពេលដែល​រដ្ឋាភិបាល​ព្យាយាមរក្សា​តុល្យភាពរវាងហានិភ័យដែលកំពុងកើនឡើងនិងការ​ឆ្លើយតបទៅនឹងគោលដៅនៃកំណើន  របាយការណ៍នេះ បានបង្ហាញឲ្យដឹងថា កំណែទម្រង់រចនាសម្ព័ន្ធនានា​នៅក្នុង​វិស័យ​ជាច្រើន​នាពេល​កន្លងមកលើ​ផ្នែក​សហគ្រាសនិងសេវាកម្មរបស់រដ្ឋ អាចជួយរក្សាលំនឹងផលប៉ះពាល់​បណ្តាលមកពីការអនុវត្ត​វិធានការបន្ថែម ដើម្បី​ត្រួតពិនិត្យមើលបំណុល​ក្នុង​ស្រុករបស់​រដ្ឋាភិបាល និងត្រួតពិនិត្យមើ​លប្រព័ន្ធធនាគារ​ដែលមិនច្បាស់លាស់។

របាយការណ៍នេះក៏បានសរសេរផងដែរអំពីកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង ដែល​នឹង​ជួយ​ប្រទេសនានា​ឲ្យទាញយកផលប្រយោជន៍ឲ្យបានច្រើនបំផុតពី​ស្ថានភាពសេដ្ឋកិច្ច​សាកល​ដែល​បានវិលមករកភាពល្អប្រសើរឡើងវិញនោះ។ កំណែទម្រង់សំខាន់ៗរួមមាន ការវិនិយោគ​កាន់តែច្រើនឡើងថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ  ការកែលម្អភស្តុភារពាណិជ្ជកម្ម  និងធ្វើសេរីភាវូបនីយកម្មសេវាកម្ម និងវិនិយោគទុនផ្ទាល់ពីបរទេស។ ហើយ​ប្រ​ព័ន្ធ​អប់រំ​ជាច្រើននៅក្នុង​តំបន់នេះ មិនបានបង្កើតនូវជំនាញនានាដែល​ទីផ្សារពលកម្មត្រូវការនោះទេ។ របាយការណ៍នេះ បាន​ណែនាំនូវយុទ្ធសាស្ត្រដែលមានលក្ខណៈទូលំទូលាយមួយ​ ដើម្បីឆ្លើយតបទៅនឹង​បញ្ហានានា រាប់បញ្ចូលទាំងការអភិវឌ្ឍការអប់រំសម្រាប់កុមារតូច រហូតដល់ការអប់រំថ្នាក់ឧត្តមសិក្សា និងការសិក្សារៀនសូត្រជាប្រចាំ។

ប្រទេសកម្ពុជា

កំណើនសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា មានលំនឹងល្អ ទោះបីជាមានភាព​មិនប្រាកដប្រជានៅក្នុងស្រុក និង​អស្ថេរភាព​នៅក្នុងបណ្តាប្រទេសជិតខាង​ខ្លួនក្តី។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា​ ត្រូវបានគេព្យាករណ៍ថានឹង​កើន​ឡើងដល់ ៧,២ភាគរយ នៅក្នុងឆ្នាំ ២០១៤ និង ៧,៥ភាគរយ​នៅក្នុងឆ្នាំ ២០១៥។ វិស័យកាត់ដេរ នៅតែជាក្បាល​ម៉ាស៊ីនដ៏សំខាន់មួយសម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច និងបន្ទាប់មកគឺមានវិស័យសំណង់។ អត្រានៃភាពក្រីក្រ បាន​បន្តធ្លាក់ចុះដល់​ ១៨,៦ភាគរយ នៅក្នុងឆ្នាំ ២០១២ ក៏ប៉ុន្តែ ល្បឿននៃការកាត់បន្ថយភាពក្រីក្រ បានថយចុះ​ក្នុង​ចន្លោះពីឆ្នាំ ២០០៤​​ ដល់ ២០១១ នៅពេលដែល​តម្លៃអង្ករដែលបានកើនឡើងកាន់តែខ្ពស់ បានធ្វើឲ្យប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច។ វិស័យធនាគារ មានស្ថេរភាព ​ដោយ​សារ​វិនិយោគទុន​ផ្ទាល់ពីបរទេសនិង​ប្រាក់បញ្ញើរបស់​វិស័យឯកជនមានការកើនឡើងខ្ពស់។ ក៏ប៉ុន្តែ កំណើន​នេះ អាចនឹង​ជួបហានិភ័យ​ ប្រសិនបើ កម្ពុជាជួបនូវ​វិបត្តិ​ការងារ  ទឹកជំនន់  ការបន្តធ្លាក់ចុះនៃតម្លៃស្រូវ និងអសន្តិសុខខាងនយោបាយ​នៅក្នុងតំបន់ដែលអាចនឹងកើត​មានឡើង។

លោក​ អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក បាន​មានប្រសាសន៍ថា «កម្ពុជាកំពុង​តែ​រីករាយ​ក្នុង​ការទទួលបាននូវកំណើនសេដ្ឋកិច្ចល្អសម្រាប់រយៈពេលមួយឆ្នាំទៀត ដោយសារស្ថានភាពសេដ្ឋកិច្ចសាកលលោក​ដែលបាន​វិលត្រឡប់មកភាពល្អប្រសើរវិញ។ កំណើនដ៏រឹងមាំនេះ នឹង​ជួយ​កម្ពុជាឲ្យ​សម្រេចបានគោលដៅ​របស់ខ្លួនក្នុងការ​បន្ត​កាន់បន្ថយភាពក្រីក្រ និង​លើកកម្ពស់វិបុលភាពជារួម។​​»

លោក អេនរិច អាល់ដាហ្ស ការ៉ូល សេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំប្រទេស បានមានប្រសាសន៍ថា «កម្ពុជាបាន​​ចូលរួម​ក្នុង​ក្រុមបណ្តាប្រទេសដែល​មានកំណើនខ្ពស់។ ជាមួយនឹង​ការទទួលបាននូវកំណើនជាមធ្យមប្រចាំឆ្នាំ ៧,៧ភាគរយ សម្រាប់​រយៈពេល ពីរទសវត្សក្នុងពេលនេះ  បច្ចុប្បន្ន​ កម្ពុជាគឺជា​ប្រទេសទី ៦ ដែលមានកំណើន​លឿនជាងគេបំផុតនៅក្នុងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៣​ដល់​ ២០១៣។ អត្រាកំណើនដែលកាន់តែទាបជាងមុន ចាប់តំាងពីមានវិបតិ្ត​ហិរញ្ញវត្ថុ​សាកលលោក​មក បានប្រប៉ាន់ ថា កម្ពុជាកំពុងសម្លឹងរកមើលវិធីផ្សេងៗដើម្បីបន្តគាំទ្រដល់​កំណើន​សេដ្ឋកិច្ច និងកាត់​បន្ថយ​ភាពក្រីក្រ ដើម្បី​ជួយ​សម្រេចគោលបំណងរបស់ខ្លួន។»

របាយការណ៍នេះ បាន​ឲ្យដឹងថា បញ្ហាប្រឈម​ដែល​សំខាន់ គឺត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម ទេសចរណ៍ និង​ផលិតកម្ម។ វិធានការនានាដូចជា ការបង្កើន​វិនិយោគទុនសាធារណៈលើសេវា​កម្មផ្តល់យោបល់​ផ្នែកកសិកម្ម  ការបណ្តុះគ្រាប់ពូជ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ អាចបង្កើន​ផលិតភាព​នៃ​វិស័យកសិកម្មបាន។ ក្រុមហ៊ុននានា អាច​ទទួលបាន​អត្ថប្រយោជន៍ពី​ការលុបបំបាត់ចោលនូវកត្តារារាំង​សំខាន់ៗនានា ដូចជា តម្លៃ​អគ្គិសនី​ខ្ពស់ និងប្រព័ន្ធដែល​គ្មាន​លក្ខណៈ​ប្រកួតប្រជែង។

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាការត្រួតពិនិត្យមើលឡើងវិញដែលមានលក្ខណៈ​ទូលំទូលាយ​របស់ធនាគារពិភពលោកលើ​សេដ្ឋកិច្ច​នៅក្នុងតំបន់នេះ។ របាយការណ៍នេះ ត្រូវបាន​បោះពុម្ពផ្សាយ​ ពីរដងក្នុងមួយឆ្នាំ និង​អាចរកអានបាន​ដោយឥតគិត​ថ្លៃ​នៅ​លើ​វេបសាយត៍​តាម​អាសយដ្ឋាន​៖ http://www.worldbank.org/eapupdate



ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
សារឿន ប៊ូ
ទូរស័ព្ទ: (855 23) 861 315
sbou@worldbank.org
នៅ​​ក្នុង សឹង្ហបូរី
ដានី ចាឡាល
ទូរស័ព្ទ: +62-21-5299-3156
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
ចេន ហ្សាំង
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org




Api
Api