លោក ហ៊ន អឿន ជាមន្រ្តីកសិកម្ម ខេត្តត្បូងឃ្មុំ។ ក្នុងនាមជាទីប្រឹក្សាកសិកម្មម្នាក់ប្រចាំក្នុងខេត្តនេះ លោកមានជំនឿថា អត្ថប្រយោជន៍ដែលលោកបាននាំទៅដល់កសិករឯទៀតតាមរយៈកិច្ចខិតខំរបស់គាត់ នឹងឋិតឋេរច្រើនឆ្នាំទៅមុខទៀត។
បច្ចុប្បន្ន លោក អឿន កំពុងជួយបង្ហាត់បង្រៀនកសិករដទៃទៀត ក្នុងការកែលម្អបច្ចេកទេសធ្វើការដាំដុះនិងចិញ្ចឹមសត្វ។ ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃសកម្មភាពក្រោមគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (LASED and LASED II) ជំហានទី២ របស់ធនាគារពិភពលោក ជាមួយការគាំទ្របច្ចេកទេសពីអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ គម្រោងនេះឈានទៅបញ្ចប់នៅចុងឆ្នាំ២០២១ នេះ។
លោក អឿន បានពោលដូច្នេះថា៖ “កសិករដែលយើងធ្វើការជាមួយ មានការប្តេជ្ញាចិត្តខ្លាំងណាស់ចំពោះការដាំដុះ និងការចិញ្ចឹមត្រី និងសត្វ ដែលធ្វើឱ្យពួកគាត់រកចំណូលបន្ថែមបានប្រសើរ”។ គាត់បានប៉ាន់ស្មានឱ្យដឹងថា ក្នុងចំណោមអ្នកចូលរួមបណ្តុះបណ្តាល មានកសិករពី៦០ ទៅ៧០ភាគរយដែលចេះបច្ចេកទេសថ្មីនិងយកវាទៅប្រើភ្លាម ហើយអ្នកឯទៀត ពួកគេចាប់ផ្តើមអនុវត្តចំណេះដឹងក្រោយពេលដែលពួកគេបានឃើញការបង្ហាញនូវការប្រើប្រាស់បច្ចេកទេសនៅនឹងចម្ការផ្ទាល់។
លោក ស៊ុន រ៉ុន ជាកសិករអាយុ៤៣ឆ្នាំ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ ដែរនោះបានយកចំណេះដឹងដែលគាត់ទទួលបានអនុវត្តក្នុងការដាំត្រសក់ និងសាលាដ នៅលើដីក្នុងទីធ្លាផ្ទះរបស់គាត់។ គាត់និយាយថា ក្នុងមួយឆ្នាំ គាត់អាចរកចំណូលបាន ៦,៥លានរៀល ពីការលក់បន្លែ និងប្រហែល ៥លានរៀល ទៀត ពីការលក់គ្រាប់ស្វាយចន្ទីដែលគាត់ដាំនៅលើចម្ការទំហំ ៣ហិកតា របស់គាត់។
អ្នកស្រី សាន សុគន្ធ ដែលជាអ្នកជិតខាងរបស់លោក ស៊ុន រ៉ុន បានចាប់ផ្តើមចិញ្ចឹមមាន់ និងត្រីជាមួយប្តីគាត់ក្នុងឆ្នាំ២០១៩ បន្ទាប់ពីពួកគាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស។ តាំងពីពេលនោះមក គាត់រកចំណូលបាន ៦,៧លានរៀលពីការលក់មាន់ និងជិត ១លានរៀលទៀតពីការលក់ត្រី បន្ថែមពីលើចំណូលដែលបានពីការលក់បន្លែ និងស្វាយចន្ទី។
“យើងនឹងបន្តដាំដំណាំ និងចិញ្ចឹមសត្វតទៅទៀត ព្រោះយើងចាស់ហើយ ហើយទាំងអស់នេះសុទ្ធតែជាការងារល្អបំផុតសម្រាប់ចំណូលរបស់យើង” -- អ្នកស្រី សាន សុគន្ធ អាយុ ៥៤ឆ្នាំ មានប្រសាសន៍ដូច្នេះនៅពេលដែលអ្នកស្រីកំពុងវេចខ្ចប់បន្លែយកទៅលក់ក្នុងភូមិ។
នៅឯខេត្តក្រចេះឯណោះវិញ លោក កៅ ផល្លា អាយុ ៦០ឆ្នាំ ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅឃុំសំបុក។ វគ្គបណ្តុះបណ្តាលនោះបង្ហាញគាត់អំពីទីផ្សារដែលអាចមានសក្តានុពលសម្រាប់គាត់រកចំណូលបានបន្ថែមទៀត ពីការលក់ផលដំណាំ និងពីហាងម្ហូបអាហារតូចមួយនៅក្នុងភូមិកាកុត ដែលស្ថិតតាមដងផ្លូវជាតិ។
លោក ផល្លា គ្រោងនឹងពង្រីកចម្ការបន្លែរបស់គាត់ និងកៀរគរអ្នកស្រុកឱ្យមកចូលរួមក្នុងក្រុមជាមួយគាត់ ដើម្បីផលិតភោគផលបន្លែឱ្យបានបរិមាណច្រើនសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗ។ គាត់និយាយដូច្នេះថា៖ “ពេលនេះយើងមានជំនាញនិងបទពិសោធន៍ក្នុងការដាំបន្លែឱ្យបានល្អនិងច្រើនជាងមុន ដូច្នេះយើងអាចពង្រីកការដាំដុះថែមទៀតបាន”។
គាត់ចាប់ផ្តើមពង្រីកការដាំបន្លែរបស់គាត់នៅដើមឆ្នាំ២០២០ នៅពេលដែលគាត់បាត់បង់ជំនួយពីកូនរបស់គាត់ដែលធ្វើការនៅប្រទេសថៃ ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។ មុននឹងការផ្ទុះជំងឺនេះ កូនរបស់គាត់ធ្លាប់ផ្ញើលុយឱ្យគាត់ប្រហែលជា ៣០០ដុល្លារអាមេរិក ក្នុងមួយខែៗ ប៉ុន្តែក្រោយមកកូនពីរនាក់ត្រូវបាត់បង់ការងារ ធ្វើឱ្យប្រាក់ឧបត្ថម្ភពីកូនធ្លាក់មកនៅត្រឹមតែ ៦០ដុល្លារក្នុងមួយខែវិញ។ ពេញមួយឆ្នាំ២០២០ ក្រោយពីគាត់បានពង្រីកការដាំដុះរបស់គាត់មក លោក ផល្លា រកចំណូលបានប្រហែល ២លានរៀលពីការលក់បន្លែ។ នៅរដូវប្រាំង គាត់ដូរទៅដាំដំណាំណាដែលមិនសូវចុះទឹក ដូចជាសណ្តែកកួរ និងត្រកួន ជាដើម។
លោក ស៊ុន រ៉ុន អ្នកស្រី សាន សុគន្ធ និងលោក កៅ ផល្លា ជាកសិករក្នុងចំណោម ៥០៩១គ្រួសារ ដែលបានទទួលដី និងជំនួយមុខររបរតាមរយៈគម្រោងនានារបស់ LASED។ គម្រោងនេះផ្តល់ដីសម្រាប់សង់លំនៅឋាន និងដីសម្រាប់ដាំដុះដល់គ្រួសារដែលគ្មានដី និងដែលមានដីតិចតូចៗ។ ក្រៅពីនេះ ពួកគេក៏ទទួលបានផងដែរនូវគ្រាប់ពូជ និងការបណ្តុះបណ្តាលសម្រាប់កែលម្អផលិតភាពនៃដំណាំរបស់ខ្លួន រួមមាន បន្លែង ដំឡូងមី ស្វាយចន្ទី ដើមកៅស៊ូ និងផលិតភាពក្នុងការចិញ្ចឹមសត្វ ទៀតផង។
គម្រោងទាំងនេះក៏បានជួយផងដែរដល់ការកសាងផ្លូវ ស្ពាន និងប្រព័ន្ធស្រោចស្រពខ្នាតតូចក្នុងជនបទ សាលារៀន មណ្ឌលសុខភាព និងផ្សារសហគមន៍។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ គ្រួសារចំនួន ៣៣៦២ (ត្រូវនឹង៧៦%) បានទទួលប័ណ្ណកម្មសិទ្ធិដីហើយក្រោយពីទទួលបានដីធ្លីសម្រាប់ប្រើប្រាស់។ គ្រួសារដែលនៅសេសសល់ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំ២០២១។
ពីនេះទៅមុខ ក្រុមគម្រោងបានរៀបចំយុទ្ធសាស្ត្របញ្ចប់គម្រោង ដោយធ្វើយ៉ាងណាធានាឱ្យជោគជ័យនិងសមិទ្ធផលលេចធ្លោដែលសម្រេចបាននៅតាមគោលដៅគម្រោង មាននិរន្តរភាពបន្តទៅទៀត។ នៅក្នុងនោះរួមមានការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់គ្រួសារដែលនៅសេសសល់ បង្កើតមូលនិធិអភិវឌ្ឍន៍សហគមន៍ ការផ្ទេរចំណេះធ្វើទៅឱ្យសហគមន៍ និងការលើកកម្ពស់បណ្តាញតភ្ជាប់ជាមួយទីផ្សារ។
មកទល់ពេលនេះ មានសហករកសិកម្មចំនួនប្រាំបីហើយដែលត្រូវបានបង្កើតឡើង ហើយក្នុងនោះមានសហករពីរដែលបានចុះហត្ថលេខាកិច្ចសន្យាលក់ដំឡូងមីសរីរាង្គទៅឱ្យក្រុមហ៊ុន Cambodian Agriculture Cooperative Corporation PLC.។
ឯកឧត្តម បណ្ឌិត រដ្ឋ ហុក ប្រធានគម្រោង LASED II និងជាអនុរដ្ឋលេខាធិការក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា៖ “តាមរយៈជំនួយរបស់គម្រោងនេះ ជីវភាពរបស់អ្នកស្រុកបានកែប្រែប្រសើរឡើងតាំងពីឆ្នាំដំបូងមក។ ឥឡូវនេះពួកគេបានចាប់ផ្តើមប្រមូលផលដំណាំ ដូចជាកៅស៊ូ និងគ្រាប់ស្វាយចន្ទី ហើយមានច្រើនណាស់ដែលបានសង់ផ្ទះធំជាងមុន ក្នុងនោះមានទាំងផ្ទះថ្មផង។ ខ្ញុំមានជំនឿថា ពួកគាត់នឹងមិនដើរចោលដីរបស់ខ្លួនទេ តែនឹងខិតខំប្រើប្រាស់ដីធ្លីនេះដើម្បីធ្វើឱ្យជីវភាពកាន់តែប្រសើរឡើងថែមទៀត”។
ឯកឧត្តម បណ្ឌិត រដ្ឋ ហុក ប្រធានគម្រោង LASED II និងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា៖ “តាមរយៈជំនួយរបស់គម្រោងនេះ ជីវភាពរបស់អ្នកស្រុកបានកែប្រែប្រសើរឡើងតាំងពីឆ្នាំដំបូងមក។ ឥឡូវនេះពួកគេបានចាប់ផ្តើមប្រមូលផលដំណាំ ដូចជាកៅស៊ូ និងគ្រាប់ស្វាយចន្ទី ហើយមានច្រើនណាស់ដែលបានសង់ផ្ទះធំជាងមុន ក្នុងនោះមានទាំងផ្ទះថ្មផង។ ខ្ញុំមានជំនឿថា ពួកគាត់នឹងមិនដើរចោលដីរបស់ខ្លួនទេ តែនឹងខិតខំប្រើប្រាស់ដីធ្លីនេះដើម្បីធ្វើឱ្យជីវភាពកាន់តែប្រសើរឡើងថែមទៀត”។
ជាការបញ្ជាក់បន្ថែមទៅលើប្រសាសន៍របស់ ឯកឧត្តម រដ្ឋ ហុក អ្នកស្រី នាង ឈឿន អាយុ ៥៤ឆ្នាំ ដែលជាអ្នកទទួលផលគម្រោងម្នាក់នៅឃុំព្រែធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖ “យើងធ្លាប់តែរស់នៅក្នុងអតីតកាលដែលយើងគ្មានអាហារគ្រប់គ្រាន់ហូប គ្មានដីសម្រាប់ដាំដុះ។ យើងផ្លាស់ពីមួយកន្លែងទៅមួយកន្លែងទៀតដើម្បីលក់ពលកម្មដើម្បីរស់។ នេះជាឱកាសលើកទីពីរនៅក្នុងជីវិតរបស់ពួកយើង ហើយខ្ញុំមិនចង់បាត់បង់ដីធ្លីម្តងទៀតទេ។”