Skip to Main Navigation
រឿងពិសេស 17 តុលា 2020

#ការកាត់បន្ថយភាពក្រីក្រីនៅកម្ពុជា៖ «វាជាពេលវេលាដែលខ្ញុំត្រូវតបស្នងវិញ»

Image

លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៌មានប្រចាំការិយាល័យភ្នំពេញ កម្ពុជា 

ថតដោយ៖ សារឿន ផល្លីកា


សម្រាប់លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៌មាននៅភ្នំពេញនៅប្រទេសកម្ពុជា ការផ្លាស់ប្តូរពីគ្រួសារដែលប្រើអំពើហឹង្សា ក្រីក្រ និងមិនចេះអក្សរ មកជាអ្វីដែលលោកទទួលបាននាពេលនេះ គឺជាការផ្លាស់ប្តូរដ៏អស្ចារ្យបំផុតមួយ។ ក្នុងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ (១៧តុលា) លោក សារឿន បានចែករំលែករឿងរ៉ាវជីវិតផ្ទាល់ខ្លួននិងការតាំងចិត្តដើម្បីបញ្ចប់ភាពក្រីក្រ។

1. សូមប្រាប់យើងអំពីដំណើរជីវិតរបស់លោក។

ប៊ូ សារឿន (សារឿន)៖ ខ្ញុំកើតក្នុងគ្រួសារក្រីក្រមួយនៅតំបន់ជនបទដាច់ស្រយ៉ាលនៅកម្ពុជា។ ពុក ម៉ែខ្ញុំគាត់មិនចេះអក្សរទេ និងមានអំពើហឹង្សាក្នុងគ្រួសារ ហើយខ្ញុំបានរត់ចោលផ្ទះតាំងពីអាយុប្រហែលជិត ១៥ឆ្នាំ។

ខ្ញុំបានក្លាយជាអ្នកគ្មានផ្ទះសំបែង ជាអ្នករើសអេតចាយដែលអាចលក់យកមកចិញ្ចឹមជីវិតក្នុងរាជធានីភ្នំពេញ។ សំណាងល្អនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៨០ ខ្ញុំត្រូវបានបញ្ជូនឲ្យចូលសាលាវិញ។ នៅសាលា ខ្ញុំក៏នៅបន្តជាអ្នករើសអេតចាយ ធាក់ស៊ីក្លូ កង់ឌុប និងសំដែងល្ខោនបាសាកមហាជនដើម្បីចិញ្ចឹមជីវិត។ មិត្តភក្តិដែលរៀនជាមួយ បានរៃអង្គាសលុយកាក់ដើម្បីទិញសៀវភៅសរសេរ ប៊ិច ឯកសណ្ឋាន និងកាតាបឲ្យខ្ញុំ។

ដោយសារតែក្រីក្រ ខ្ញុំបានឈប់រៀនបន្ទាប់ពីចប់វិទ្យាល័យហើយបានចូលធ្វើការពេញម៉ោង។ ការងារដំបូងគឺជាអ្នករត់តុជាង៧ឆ្នាំ ក្រោយមកទៀតជាអ្នកកាសែតជាង៦ឆ្នាំ។ នៅឆ្នាំ២០០២ ខ្ញុំបានចូលធ្វើការនៅធនាគារពិភពលោក។ ពេលនេះ ខ្ញុំជាមន្រ្តីទំនាក់ទំនងព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។

2. ដោយសារបែបនេះមែនទេ ដែលលោកបានបង្កើតចំណង់ចិត្តឬការតាំងចិត្តក្នុងការកាត់បន្ថយភាពក្រីក្រ? អ្វីជាដើមចមដែលនាំឲ្យលោកមានចំណាប់អារម្មណ៍មកលើការងារអភិវឌ្ឍន៍នេះ?

សារឿន៖ ឆ្លងកាត់ជីវិតររស់នៅដ៏ជូរចត់ និងបានជួបក្មេងៗក្រីក្រជាច្រើន បានធ្វើឲ្យខ្ញុំចាប់ផ្តើមបង្កើតជាចំណង់ចិត្តមួយនេះឡើង។ នោះគឺការអប់រំ និងការជួយអ្នកក្រីក្រ។ ខ្ញុំមានជំនឿមុតមាំថា ការអប់រំអាចជួយឲ្យគ្រួសារក្រីក្រតោកយាកចាកចេញពីភាពក្រីក្របាន និងមានសុខភាពប្រសើរ រួមទាំងភាពរីករាយ។ ខ្ញុំបានមកដល់ថ្ងៃនេះក៏ព្រោះតែខ្ញុំត្រូវបានផ្តល់ឲ្យនៅឱកាសចូលរៀនវិញបើទោះបីជាអាយុខ្ញុំច្រើនហើយក៏ដោយ។ ខ្ញុំសូមអរគុណនិងដឹងគុណជានិច្ចចំពោះការជួយខ្ញុំដោយចិត្តសប្បុរសពីបងប្អូនពុកម៉ែទាំងអស់។ បើគ្មានអ្នកទាំងអស់គ្នាជួយខ្ញុំទេ ខ្ញុំមិនអាចដើរបានឆ្ងាយរហូតមកដល់ទីនេះទេ។ វាជាពេលវេលាដែលខ្ញុំត្រូវតបស្នងត្រឡប់វិញ។

ដើម្បីតបស្នងគុណដ៏ធំធេងនេះ ក្រៅពីការងារដែលខ្ញុំកំពុងបំពេញនៅធនាគារពិភពលោក ខ្ញុំមានការងារសំខាន់បំផុតពីរ។ ទី១ គឺខ្ញុំរៃអង្គាសថវិកាទិញកង់ចែកជូនសិស្សក្រីក្រសម្រាប់ជាមធ្យោបាយជិះទៅរៀន គឺសិស្សដែលនៅឆ្ងាយលើសពី៤គមពីសាលា។ លោកនាយកម្នាក់បានប្រាប់ខ្ញុំថា សិស្សដែលក្រីក្រហើយរស់នៅចម្ងាយជាង ៧គម ពីសាលា គឺជាង៥០%បានបោះបង់ចោលការរៀនសូត្រ ពិសេសកុមារី។ វាគឺជាក្តីបារម្ភដ៏ធំមួយ។ ដូចនេះហើយ កាលពីឆ្នាំមុន យើងបានទិញកង់ជិត ៣០០កង់ ដែលមានតម្លៃជាង ១ម៉ឺនដុល្លា ចែកជូនសិស្សក្រីក្រ។

ទី២ ចាប់តាំងពីមានការរាតត្បាតជំងឺកូវិដ១៩មក ខ្ញុំបានរៃអង្គាសថវិកាមួយចំនួនដើម្បីទិញស្បៀងអាហារជូនបងប្អូនដែលប៉ះពាល់ជាងគេបំផុត ដូចជាអ្នករើសអេតចាយ អ្នកគ្មានទីជំរក អ្នកធាក់ស៊ីក្លូ និងអ្នករុញអីវ៉ាន់លក់តាមថ្នល់។ ពួកគាត់ទាំងអស់នេះបានបាត់បង់ចំណូលប្រចាំថ្ងៃជាច្រើនដោយនៅសល់តែប្រមាណជា ២០% នៃអ្វីដែលពួកគាត់ធ្លាប់រកបានមុនពេលមានជំងឺរាតត្បាតនេះ។ រហូតមកដល់ពេលនេះ យើងបានចែកជូនជាង​១០០០ កញ្ចប់​ ដោយក្នុង១កញ្ចប់មាន អង្ករ ១០គក ទឹកត្រី ទឹកស៊ីអ៊ីវ​ ត្រីខកំប៉ុង មី និងអាលកុល សាប៊ូ និងម៉ាស់។


"«សម្រាប់ខ្ញុំ ការបញ្ចប់ភាពក្រីក្រគឺ ខ្ញុំអាចឃើញស្នាមញញឹមដ៏ស្រស់ស្អាត។ នេះមានន័យថា ប្រជាជនក្រីក្រអាចចាកចេញពីភាពក្រីក្រ ហើយរីករាយជាមួយនឹងជីវភាពរស់នៅរបស់ពួកគាត់ និងរបស់គ្រួសារ ហើយរីកលូតលាស់ជាមួយគ្នាក្នុងសហគមន៍មួយមានសុខសន្តិភាព។» "
ប៊ូ សារឿន

Image

នៅកម្ពុជា លោក ប៊ូ សារឿន រៃអង្គាសថវិកាទិញស្បៀងអាហារចែកជូនដល់ប្រជាជនដែលប៉ះពាល់ខ្លាំងជាងគេ ដូចជា​ អ្នករើសអេតចាយ អ្នកគ្មានទីជំរក អ្នកធាក់ស៊ីក្លូ និងអ្នកលក់ដូរកំប៉ិកកំប៉ុកតាមថ្នល់។

ថតដោយ: សារឿន ផល្លីកា


3. តើអ្នកចូលបំរើការងារនៅធនាគារពិភពលោកបានបែបណាដែរ?

សារឿន៖ ពេលដែលខ្ញុំជាអ្នកកាសែត ខ្ញុំបានសរសេរអត្ថបទជាច្រើនទាក់ទងនឹងបញ្ហាសង្គម និងបរិស្ថាន។ ខ្ញុំបានជួបគ្រួសារក្រីក្រជាច្រើន ពេលខ្លះបានជួបគ្រួសារដែលលក់កូនដើម្បីទិញអង្ករយកទៅចិញ្ចឹមកូនក្នុងបន្ទុកឯទៀត ហើយក៏បានឃើញគ្រួសារដែលប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ និងក្រុមដែលងាយរងគ្រោះ។​ ទាំងនេះហើយដែលធ្វើឲ្យខ្ញុំមានក្តីប្រាថ្នាមួយថា នៅថ្ងៃណាមួយខ្ញុំនឹងអាចធ្វើការក្នុងស្ថាប័នមួយដែលជួយដល់អ្នកក្រីក្រ និងអ្នកដែលងាយរងគ្រោះ។

ក្តីប្រាថ្នារបស់ខ្ញុំពិតជាកើតមានមែន។ ខ្ញុំបានធ្វើជាទីប្រឹក្សាធនាគារពិភពលោកលើផ្នែកទំនាក់ទំនងព័ត៌មាន និងបានជួយលើគម្រោងដែលមានហានិភ័យខ្ពស់ ដោយរួមមានគម្រោងកាត់រំសាយកងទ័ពនិងសមាហរណកម្ម គម្រោងគ្រប់គ្រងដីធ្លី គម្រោងដែលទាក់ទងនឹងជីវៈចម្រុះនិងព្រៃឈើជាដើម។ នេះគឺជាឱកាសមាសដែលបានឲ្យខ្ញុំជួយទាំងប្រជាជនក្រីក្រ និងប្រទេសរបស់ខ្ញុំ។

ក្រោយមកទៀតខ្ញុំក៏បានក្លាយជាបុគ្គលិកនៅធនាគារពិភពលោក។ ការងារមួយក្នុងចំណោមការងារជាច្រើនរបស់ខ្ញុំគឺធ្វើយ៉ាងណាសម្លេងរបស់ប្រជាជនក្រីក្រត្រូវបានឮដល់អ្នកដែលរៀបចំយុទ្ធសាស្រ្តសម្រាប់ជួយពួកគាត់។ ការងារនេះគឺបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ ការស្ទង់មតិសម្រាប់ប្រទេស ដែលជាធាតុចូលសម្រាប់ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍នានាដើម្បីគាំទ្រដល់កម្ពុជា។

Image
មុនមកធ្វើការនៅការនៅធនាគារពិភពលោក លោកសារឿន ជាអ្នកព័ត៌មាននៅកម្ពុជា។ (ថតដោយ តាំង ជិនសុធី)


4. អ្វីដែលធ្វើឲ្យលោកចង់ចាំបំផុត ឬការផ្លាស់ប្តូរដែលលោកបានប្រឈមក្នុងជីវិត?​

សារឿន៖ ការចាកចេញពីគ្រួសារដែលប្រើអំពើហឹង្សា ក្រីក្រតោកយាក និងមិនចេះអក្សរ មកដល់អ្វីដែលខ្ញុំមានរាល់ថ្ងៃនេះ គឺជាការផ្លាស់ប្តូដ៏អស្ចារ្យនិងនឹកស្មានមិនដល់ទាល់តែសោះ។ ក៏ដូចដែលបងប្អូនគ្មានទីជំរកធ្លាប់ជួបប្រទះដូច្នោះដែរ ពេលខ្លះខ្ញុំគ្មានបាយហូប គ្មានទឹកមុជ គឺអត់ទាំងអស់។ ពេលខ្លះផឹកទឹកមិនស្អាតដើម្បីឲ្យតែពេញពោះ រួចក៏ដេកទៅ។ នៅពេលដែលដេកលើគំនរសំរាមដែលពុកផុយ រួចសំឡឹងទៅលើមេឃនាពេលយប់ ខ្ញុំបានឃើញភ្លើងភ្លឹបភ្លែតៗពីយន្តហោះ ហើយខ្ញុំក៏មានក្តីប្រាថ្នាមួយថា «ប្រសិនបើខ្ញុំបានកើតមកជាមនុស្សម្តងទៀត សូមឲ្យខ្ញុំកើតក្នុងគ្រួសារដែលមានជីវភាពប្រសើរដែលអាចឲ្យខ្ញុំបានរៀនសូត្រត្រឹមត្រូវ គ្រួសារដែលគ្មានអំពើហឹង្សា និងអាចបានជិះយន្តហោះ»។ ពេលនេះក្តីប្រាថ្នានោះខ្ញុំបានទទួលហើយ។ ទាំងនេះក៏ដោយសារការសិក្សាអប់រំ និងការគាំទ្រពីមិត្តភក្តិនិងអ្នកមានចិត្តសប្បុរសទាំងអស់។ ដូច្នេះហើយ ខ្ញុំដឹងថា យើងទាំងអស់គ្នាអាចធ្វើអ្វីមួយដើម្បីជួយអ្នកក្រខ្សត់ឲ្យបំពេញក្តីប្រាថ្នារបស់ពួកគាត់បាន។

5. តើមានអ្វីធ្វើឲ្យលោកអាក់អន់ចិត្ត ឬជាការលើកទឹកចិត្តបំផុតនៅពេលដែលលោកបំពេញការងារសម្រាប់កាត់បន្ថយភាពក្រីក្រ?

លោក សារឿន៖ ខ្ញុំមិនមានអ្វីគួឲ្យអាក់អន់ចិត្តទេ។ ចំណង់ចិត្តរបស់ខ្ញុំដើម្បីជួយអ្នកក្រគឺបានជំរុញនិងលើកទឹកចិត្តខ្ញុំឲ្យបន្តទៅមុខជានិច្ច។ ខ្ញុំយល់ថាការជួយប្រជាជនក្រីក្រវាមិនមែនជាការងារងាយស្រួលទេ ហើយវាត្រូវការពេលវេលា។ យើងត្រូវការទៅជិតដិតជាមួយពួកគាត់ និងស្តាប់មតិយោបល់គាត់ និងបង្កើតបរិយាកាសដែលផ្តល់ឲ្យពួកគាត់មានឱកាសដូចគ្នានឹងគ្រួសារដែលមានជីវភាពគ្រាន់បើ។

នៅពេលដែលខ្ញុំចែកកង់ដល់សិស្សក្រីក្រ ក៏ដូចជាការជូនស្បៀងដល់អ្នកខ្វះខាតបំផុត ខ្ញុំតែងតែនិយាយប្រាប់ឲ្យបន្តការសិក្សា ជំរុញនិងឲ្យកូនទៅរៀន ប្រសិនបើចង់ឲ្យគាត់ចាកចេញពីភាពក្រីក្រ។ ពួកគាត់គោរពនូវពាក្យពេជទាំងនេះ ហើយបានអនុវត្ត។ នេះជារង្វាន់ដ៏ធំមួយសម្រាប់ខ្ញុំ។

6. អ្វីជាសមិទ្ធិផលដ៏ធំធេងដែលលោកទទួលបាន ហើយអ្វីជាបញ្ហាប្រឈមក្នុងករណីលើការងារនេះនៅកម្ពុជា?

សារឿន៖ សម្រាប់សមិទ្ធិផលធំធេងដែលខ្ញុំទទួលបាន គឺខ្ញុំមានមោទនភាពខ្លាំងណាស់ដែលអាចចូលបំរើការងារនៅក្នុងស្ថាប័នធនាគារពិភពលោក ហើយក៏ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជាច្រើននាក់ទៀតដែលបានជួយធនាគារពិភពលោកក្នុងការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍បានត្រឹមត្រូវដើម្បីគាំទ្រដល់កម្ពុជា ជាពិសេសអ្នកក្រីក្រ និងងាយរងគ្រោះ។

សម្រាប់បញ្ហាប្រឈមធំគឺ ចំនួនប្រជាជនក្រីក្ររបស់យើងនៅតែមានច្រើន គឺប្រមាណជា ១៣,៥%នៃប្រជាជនសរុប។ ពេលនេះយើងទទួលរងផលប៉ះពាល់ដោយសារកូវិដ១៩ទៀត ដូច្នេះចំនួននេះនឹងអាចកើនឡើងថែមទៀត។ ដូចនេះហើយយើងនៅមានបញ្ហាប្រឈមនាពេលខាងមុខដែលត្រូវជួយបន្ត។

7. ក្នុងប្រយោគមួយដ៏ខ្លី សូមលោកប្រាប់យើងមកថា តើការបញ្ចប់ភាពក្រីក្រមានន័យបែបណាចំពោះលោក?

សារឿន៖ សម្រាប់ខ្ញុំ ការបញ្ចប់ភាពក្រីក្រគឺ ខ្ញុំអាចឃើញស្នាមញញឹមដ៏ស្រស់ស្អាត។ នេះមានន័យថា ប្រជាជនក្រីក្រអាចចាកចេញពីភាពក្រីក្រ ហើយរីករាយជាមួយនឹងជីវភាពរស់នៅរបស់ពួកគាត់ និងរបស់គ្រួសារ ហើយរីកលូតលាស់ជាមួយគ្នាក្នុងសហគមន៍មួយមានសុខសន្តិភាព។ 

Image
«សម្រាប់ខ្ញុំ ការបញ្ចប់ភាពក្រីក្រគឺ ខ្ញុំអាចឃើញស្នាមញញឹមដ៏ស្រស់ស្អាត។» (ថតដោយ៖ សារឿន ផល្លីកា)
 


Api
Api