Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

រឿងពិសេស 11 មិថុនា 2020

ការថែទាំកុមារនៅតាមសហគមនឹងជួយសម្រាលបន្ទុករបស់កម្មកររោងចក្រ និងជំរុញការវិវឌ្ឍរបស់កុមារតូច

Image

Photo: Chenda Sem / World Bank


អត្ថបទថ្មីៗ

  • ឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជាប្រើប្រាស់កម្មករប្រមាណជា ៧០០ ០០០នាក់ ដែលក្នុងចំណោមនោះសឹងតែ ៩០ភាគរយ ជាស្រ្តី។ ក្រៅពីមានបន្ទុកត្រូវរកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារ ស្ត្រីទាំងនេះនៅមានបន្ទុកមួយទៀត គឺការចិញ្ចឹមថែទាំកូនរបស់ខ្លួន។ ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីអាចឱ្យពួកគេទៅធ្វើការនៅតាមទីប្រជុំជនបាន ស្ត្រីខ្លះត្រូវបង្ខំចិត្តទុកកូនរបស់ខ្លួនឱ្យនៅស្រុកកំណើត ឬផ្ញើជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកផ្សេងទៀតឱ្យមើលចិញ្ចឹមបីបាច់ថែទាំជំនួសពេញមួយថ្ងៃៗ ចំនួនប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។
  • ការប្រឹក្សាយោបល់ជាច្រើនដែលបានធ្វើជាមួយកម្មកររោងចក្រ និងក្រុមគ្រួសាររបស់ពួកគេបានឆ្លុះបញ្ចាំងឱ្យឃើញថា សេវាថែទាំកុមារមានតម្រូវការខ្លាំងនៅតាមសហគមដែលកម្មករទាំងនេះរស់នៅ។ • ថ្មីៗនេះ ធនាគារពិភពលោក តាមរយៈជំនួយហិរញ្ញប្បទានពី មូលនិធិជប៉ុនសម្រាប់អភិវឌ្ឍន៍សង្គម (Japan Social Development Fund) បានផ្តល់អំណោយថវិកាចំនួន ២,៧លានដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះជាភាសាបារាំងថា Planète Enfants & Development (PE&D) សម្រាប់យកទៅអនុវត្តគម្រោង «សេវាថែទាំកូនរបស់កម្មករកាត់ដេរនៅតាមសហគម» (Community-based Childcare for Garment Factory Workers Project)។
  • គម្រោងនេះនឹងសហការជាដៃគូជាមួយបណ្តារោងចក្រ, ក្រុមហ៊ុនបញ្ជាទិញ និងរដ្ឋបាលមូលដ្ឋាន ក្នុងការឈានទៅបង្កើតមណ្ឌលថែទាំកុមារចំនួន ២២មណ្ឌល សម្រាប់ផ្តល់សេវាថែទាំកូនរបស់កម្មករកាត់ដេរនៅតាមសហគម ពីអាយុ ៣ខែ ដល់ ៣ឆ្នាំ។

ជាមួយដៃទាំងពីរកំពុងបីចៅអាយុប្រាំខែម្នាក់ លោកស្រី ឆាយ ឡេង អាយុ៦២ឆ្នាំ ដាក់ភ្នែកតាមឃ្លាំមើលជានិច្ចទៅលើចៅបួននាក់ផ្សេងទៀតដែលកំពុងតែលេងជាមួយគូកនរបស់គេនៅក្បែរផ្ទះ នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

លោកស្រីមានកូនស្រីប្រាំនាក់ និង​កូន​ប្រុសពីរនាក់ ដែលមានប្តីប្រពន្ធរៀងៗខ្លួនអស់ហើយ។ កូនស្រីរបស់គាត់ទាំងប្រាំនាក់ធ្វើការនៅរោងចក្រកាត់ដេរ ហើយរៀងរាល់ថ្ងៃពួកគេតែងតែទុកកូនរបស់ខ្លួន អាយុពី ៨ខែ ដល់​ ១០ឆ្នាំ ឱ្យលោកស្រីជាអ្នកមើលថែទាំ។ រៀងរាល់ថ្ងៃ លោកស្រី ឡេង ក្រោកពីគេងនៅម៉ោង ៤ភ្លឺ ដើម្បីចម្អិនអាហារពេលព្រឹកឱ្យបានរួចរាល់មុននឹងចៅទាំងប្រាំនាក់​ត្រូវបានម្តាយរបស់គេយកមកទុកឱ្យនៅជាមួយគាត់ មុននឹងបន្តដំណើរទៅធ្វើការ។ ចៅដែលនៅតូចជាងគេបៅម៉្សៅទឹកដោះគោ ក្រៅពីនោះញ៉ាំបបរ ឬ​បាយជាមួយ​សាច់ជ្រូកចៀន និង​ទឹកស៊ីអ៊ីវ។

ក្រៅពីអាហារ លោកស្រី ឡេង ចំណាយ ៥០០០រៀល ក្នុងមួយថ្ងៃទៅលើចំណីផ្សេងៗ ដូចជា ស្ករគ្រាប់ នំក្រៀម ឬ​នំធ្វើអំពីអង្ករ ឱ្យចៅរបស់គាត់ញ៉ាំ ដោយ​មិនបានខ្វល់យកចិត្តទុកដាក់ប៉ុន្មានទេទៅលើការណ៍ថាតើចំណីទាំងនោះមានប្រយោជន៍ដល់សុខភាព ឬ​មាន​សារធាតុចិញ្ចឹមគ្រប់គ្រាន់​ឬអត់។ 

ក្នុងមួយថ្ងៃៗ លោកស្រី ឡេង ត្រូវចំណាយពេល ១៤ ទៅ ១៥ម៉ោង ទៅលើការចិញ្ចឹមបីបាច់ថែទាំចៅទាំងប្រាំនាក់ ហើយដូច្នេះគាត់មិនសូវមានពេលសម្រាប់ទៅធ្វើកិច្ចការផ្សេងទៀតបានឡើយ។ 

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនចង់ទទួល​យកអម្រែកនេះទេ ពីព្រោះវា​ជាបន្ទុកមួយធ្ងន់ណាស់។ ខ្ញុំពិតជា​ចង់​មានពេលខ្លះសម្រាប់លំហែខ្លួនឯង ប៉ុន្តែបើខ្ញុំមិនជួយកូនរបស់ខ្ញុំ តើ​មានអ្នកណាមកជួយ?»

នៅឯភូមិក្រឡាញ់ ឃុំ​មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯណោះវិញ នាង កាំង សុម៉ាល័យ អាយុ២៩ឆ្នាំ ជាម្តាយមានកូនពីរនាក់។ កាលពីពេលថ្មីៗ នាងត្រូវបង្ខំចិត្តលាឈប់ពីការងារជាកម្មការិនីនៅរោងចក្រ​កាត់ដេរមួយ ដោយសារតែគ្មានអ្នកណាមើលថែទាំកូនតូចរបស់នាងដែលពេលនេះមានអាយុ ៤ខែ និង​កូន​បងអាយុ ៧ឆ្នាំ ដែលទើបនឹងចូលរៀន​ថ្នាក់បឋមសិក្សា។ ក្រៅពីកូនរបស់ខ្លួនទាំងពីរ នាង​ក៏ត្រូវមើលថែទាំម្តាយអាយុ ៦៦ឆ្នាំ ដែលកំពុងមាន​ជំងឺប្រចាំកាយ ផងដែរ។ នាងធ្លាប់រកបានចំណូលពីការងារបានពី ១៧០ ទៅ ២៦០​ដុល្លារអាមេរិក ក្នុងមួយខែ តែពេលនេះ​នាង​ត្រូវពឹងផ្អែកទាំងស្រុងលើ​ប្តីរបស់នាងដែលជាអ្នក​បើកបររថយន្ត​មានចំណូលតែ ២០០​ដុល្លារក្នុងមួយខែ ប៉ុណ្ណោះ។ ដូច្នេះ ប្រាក់ចំណូល​បាន​ក្លាយជាបញ្ហាចោទធំមួយ​សម្រាប់គ្រួសាររបស់នាង សុម៉ាល័យ។ នាងចង់ត្រឡប់ទៅធ្វើការវិញ​ដើម្បី​បាន​ប្រាក់​យក​មក​ឧបត្ថម្ភការសិក្សារ​បស់កូន និង​ចាយវាយទៅលើការថែទាំសុខភាពរបស់ម្តាយនាងផង។​ ទន្ទឹមគ្នានេះ នាងក៏ប្រាថ្នាចង់​ឃើញដែរថាភូមិ​របស់​នាង ឬ​ភូមិជិតខាង ​មាន​សេវាថែទាំទារក​ជាជម្រើសដែលនាងអាចប្រើ​ប្រាស់​បាន ដើម្បីបង្កលក្ខណៈឱ្យនាងអាចវិលទៅធ្វើការវិញ។

ថ្មីៗនេះ ធនាគារពិភពលោក តាមរយៈជំនួយហិរញ្ញប្បទាន​ពីមូលនិធិជប៉ុនសម្រាប់អភិវឌ្ឍន៍សង្គម (Japan Social Development Fund) បានផ្តល់អំណោយថវិកាចំនួន ២,៧លានដុល្លារអាមេរិក ដល់​អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះជាភាសាបារាំងថា Planète Enfants & Development (PE&D) សម្រាប់យកទៅអនុវត្តគម្រោង «សេវាថែទាំកូនរបស់កម្មករកាត់ដេរនៅតាមសហគម» (Community-based Childcare for Garment Factory Workers Project)។ គម្រោងនេះនឹងបង្កើតមណ្ឌលថែទាំកុមារចំនួន ២២មណ្ឌល សម្រាប់ផ្តល់សេវាថែទាំកូនរបស់​កម្មករ​កាត់​ដេរ​នៅតាមសហគម ពី​អាយុ ៣ខែ ដល់ ៣ឆ្នាំ។ ការផ្តល់សេវាថែទាំកុមារមានសុវត្ថិភាព អាចទុកចិត្តបាន និង​ក្នុងតម្លៃមួយសមរម្យ នឹងជួយបង្កលទ្ធភាព​ឱ្យកម្មករអាច​ធ្វើការបានដោយគ្មានរអាក់រអួល ឬ​អាចឆាប់បាន​វិលត្រឡប់ទៅកាន់ការងាររបស់ខ្លួនវិញក្រោយពីសម្រាកមាតុភាព និងជួយកាត់បន្ថយបាននូវអវត្តមានពីការងារដោយសារតែកូនឈឺ។

ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់​ម្តាយ និង​អ្នកថែទាំកូននៅក្នុងគ្រួសារ មណ្ឌលថែទាំកុមារទាំងនោះ​នឹងរួមចំណែក​ដល់​ការ​អភិវឌ្ឍកុមារតូចតាមរយៈការផ្តោតទៅលើការលូតលាស់​ប្រាជ្ញាយល់ដឹង, ជំនាញផ្នែកចលនា, ជំនាញផ្នែកសង្គម និង​ការរៀនសូត្រកម្រិតបឋម។ ជាមួយគ្នានេះ មណ្ឌលថែទាំនឹងផ្តល់​ដល់​កុមារទាំងនោះផងដែរនូវ​អាហារមានសុខភាព​សម្រាប់ការលូតលាស់​រាងកាយ និង​តាមដានមើលការវិវឌ្ឍ​របស់​ក្មេងទាំងនោះឱ្យទទួលបានសុខភាពកាន់​តែធំធាត់​ប្រសើរ​ថែមទៀត។

លោកស្រី ណាតាលី ឌុយប៉ុង នាយិកាប្រតិបត្តិ​របស់​អង្គការ PE&D បានចែករំលែកការយល់ឃើញ​របស់​គាត់​អំពីគម្រោងនេះដោយនិយាយថា៖ «អាទិភាពមួយនៅក្នុងចំណោមឧត្តមអាទិភាពនានារបស់យើង គឺ​ការកសាងឱ្យបាននូវភាពភាពទុកចិត្ត​ក្នុងចំណោមក្រុមគ្រួសារដែលយើងនឹង​ផ្តល់សេវានេះទៅឱ្យ។ មណ្ឌល​ថែទាំកុមារទាំងនោះនឹងត្រូវបានបំពាក់ដោយ​គ្រឿងបរិក្ខារ និង​សម្ភារសិក្សាមានគុណភាព។ អ្នកថែទាំកុមារនឹង​ទទួលការបណ្តុះបណ្តាលយ៉ាងប្រុងប្រយ័ត្ន។ មណ្ឌលនីមួយៗនឹងស្ថិតនៅក្រោមការ​តាម​ដាន​ជាប់ពីសំណាក់គណៈកម្មាធិការ​ប្រឹក្សាយោបល់មួយ ដែល​មាន​សមាសភាព​ជាថ្នាក់​ដឹកនាំ​ក្នុងមូល​ដ្ឋាន និង​មាតាបិតារបស់កុមារផ្ទាល់។ យើងក៏នឹងជួយ​ដល់មាតាបិតាផងដែរតាមរយៈសកម្មភាពអប់រំនានា​ស្តីពី​អាហារូបត្ថម្ភ, ការ​ចិញ្ចឹមបីបាច់កូនឱ្យ​បានល្អ, ការគ្រប់គ្រងថវិកា, វិធីសាស្ត្របង្រៀនក្មេងតូច និង​ការថែទាំសុខភាពកូនក្មេង។ គម្រោងនេះនឹងសម្រេចបានជោគជ័យ​ប្រសិន​បើ​ក្មេងៗសប្បាយចិត្តក្នុងការទៅនៅមណ្ឌលថែទាំ​ ហើយឪពុកម្តាយរបស់គេទៅធ្វើការបាន​ទាំងអារម្មណ៍ស្ងប់ចិត្ត​។»

គម្រោងនេះទើបតែនឹងចាប់ផ្តើមដំណើរការ មានរយៈពេលបួនឆ្នាំ ហើយត្រូវបានរំពឹងទុកថា​នឹងនាំប្រយោជន៍ដល់​ពលរដ្ឋប្រមាណជា ៣១២៥គ្រួសារ ភាគច្រើន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​រោងចក្រ​កាត់​ដេរជាង១២០រោងចក្រ និង​ផ្តល់​ការ​ងារ​មាន​ប្រាក់​កម្រៃដល់កម្មករជាង ១១២​ ០០០ នាក់ ក្នុងនោះ ៨៤ភាគរយ ជា​ស្រ្តី។ គម្រោងអាចនឹងបញ្ចូល​រោងចក្រ​ផ្សេងទៀតដែរ អាស្រ័យ​ទៅលើការចូលរួម​ពាក់​ព័ន្ធ​របស់​រោងចក្រទៅថ្ងៃខាងមុខ។

កន្លងមកបណ្តារោងចក្រដែលបានផ្តល់​ការគាំទ្រផ្នែកថែទាំកុមារដល់​កម្មកររបស់ខ្លួន គឺបានធ្វើដូច្នោះមែន​តាម​រយៈការផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនតិចតួច។ នៅ​ក្រោមគម្រោងនេះ បណ្តារោងចក្រដែលចូលរួមជាដៃគូ​ នឹងផ្តល់​ហិរញ្ញប្បទាន​ទៅឱ្យមណ្ឌលថែទាំកុមារតែម្តង ដែលជាវិធីមួយជួយកាត់បន្ថយបន្ទុកចំណាយថ្លៃដើម​ទៅលើ​កម្មករបានផង។ ក្រុមហ៊ុនបញ្ជាទិញចំនួនពីរ គឺក្រុមហ៊ុន VF Corporation និង Clarks Shoes កំពុងតែនាំមុខគេដោយ​បាន​សន្យាថា​នឹង​ធ្វើជាដៃគូជាមួយគម្រោងនេះ និងជំរុញលើកទឹកចិត្តរោងចក្រដែលផ្គត់ផ្គង់ទំនិញដល់គេ ឱ្យចូលរួមនៅក្នុងគម្រោងនេះដែរ។ ការចូលរួម​របស់​វិស័យឯកជនដែល​សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាសមាជិកមួយរបស់ធនាគាពិភពលោក កំពុងធ្វើការសម្របសម្រួល ពិតជា​មានសារៈសំខាន់ណាសក្នុងការធានាធ្វើយ៉ាងណាឱ្យមណ្ឌលថែទាំកុមារទាំងនេះមានចីរភាព​ក្នុងដំណើរការ និង​លទ្ធភាពពង្រីកវិសាលភាពរបស់​វាទៅអនាគត។ ការស្រាវជ្រាវមួយរបស់ សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងឃើញនូវអត្ថប្រយោជន៍ច្រើនដែលធុរកិច្ច​អាចទទួល​បាន​តាមរយៈការចូលរួមគាំទ្រ​ដល់​ការថែទាំកុមារ ក្នុង​ទម្រង់​ជាការ​កាត់បន្ថយនូវអត្រារើសកម្មករថ្មីមកជំនួសកម្មករដែលលាឈប់, កម្មករលែងសូវអវត្តមាន, ​កម្មករផ្ចង់ស្មារតីកាន់​តែខ្ពស់ និងបង្កើន​ផលិតភាពក្នុងការងារបានកាន់តែប្រសើរ។   


Api
Api