Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

រឿងពិសេស 25 វិច្ឆិកា 2019

ការបណ្តុះបណ្តាលជំនាញជួយជនក្រីក្រកម្ពុជាឱ្យមានពន្លឺអនាគត

Image

Saroeun Bou/World Bank


អត្ថបទថ្មីៗ

  • នៅភ្នំពេញ គម្រោងពង្រីកមុខរបរចិញ្ចឹមជីវិតនិងសមាគមជនក្រីក្រ នឹងផ្តល់ការបណ្តុះបណ្តាលជំនាញដល់ជនក្រីក្រជាងគេចំនួន ៧៥០នាក់ នៅក្នុងសង្កាត់ចំនួន១៣
  • ជនក្រីក្រជាងគេជិត១០០នាក់ហើយត្រូវបានជ្រើសរើសនិងទទួលការបណ្តុះបណ្តាល
  • គម្រោងនេះមានគោលដៅបង្កើនលទ្ធភាពរបស់គ្រួសារក្រីក្រនិងងាយរងគ្រោះនៅតាមសហគមន៍ជនបទនិងទីប្រជុំជនគោលដៅមួយចំនួន នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ

នៅក្នុងកូនខ្ទមមួយប្រក់ដំបូលស័ង្កីសស្ថិតនៅជាយក្រុងភ្នំពេញ តាមដងផ្លូវជាតិលេខ៥ លោកស្រី ថេង​ ម៉ាឡែន អាយុ ៣៤ឆ្នាំ កំពុង​តែ​ញាប់ដៃ​ក្នុង​ការលាបពណ៌សក់ឱ្យ​អតិថិជនម្នាក់ រីឯប្តីរបស់គាត់ក៏កំពុង​តែ​ជាប់ដៃលាបក្រចកឱ្យ​អតិថិជនម្នាក់ទៀត។

ពីរនាក់ប្តីប្រពន្ធ​នេះ​បាន​បើក​តូបធ្វើសក់និងសំអាងកាយមួយកាលពីពីរ​ខែមុន នៅលើដីតូចមួយ​កន្លែងដែលពួកគាត់​បាន​ជួល​ពី​ម្ចាស់​ដើមក្នុង​តម្លៃ ៥០ដុល្លារអាមេរិក ក្នុង​មួយខែ ក្នុងសង្កាត់ព្រែកតាទែន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមរយៈមុខរបរនេះ គាត់​ទាំង​ពីរនាក់​រក​ចំណូល​បានពី ១០០០០០រៀល ទៅ​២០០០០០​រៀល (ប្រហែល ២៥ ទៅ​៥០​ដុល្លារ) ក្នុង​មួយ​ថ្ងៃ។ 

គាត់​ទាំងពីរនាក់​ស្ថិតនៅក្នុងចំណើម​សិក្ខា​កាម​១៥​នាក់ ក្នុងចំណោមគ្រួសារក្រីក្រ​បំផុតនៅភ្នំពេញ ដែល​ទទួលបាន​ការ​បណ្តុះ​បណ្តាល​រយៈពេលបីខែ​ខាងជំនាញដែលទីផ្សារត្រូវការ ដូចជា សំអាងកាយ មានធ្វើ​សក់ ថែទាំងស្បែក ម៉ាស្សាមុខ ផាត់ម៉្សៅមុខ។ វគ្គបណ្តុះបណ្តាលនេះគឺក្រោមកម្មវិធីសាកល្បងនៃ​គម្រោងពង្រីកមុខរបរចិញ្ចឹមជីវិត​និង​សមាគមជនក្រីក្រ ដែល​គាំទ្រ​ធនាគារពិភពលោកចាប់តាំងពីឆ្នាំ២០១៧។

គម្រោង​នេះ​មាន​ផែនការ​ធ្វើ​ការ​បណ្តុះ​បណ្តាលជំនាញ​ដល់​ជនក្រីក្រជាងគេ​៧៥០នាក់ នៅ​ក្នុង​ខណ្ឌគោលដៅ។ រហូតមកដល់ពេលនេះ​ មានប្រជា​ជន​ក្រីក្រជាង​គេយ៉ាងហោចណាស់ចំនួន ​៨៣​នាក់ ​មកពីសង្កាត់​ចំនួន១៣ និង​១២ខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​បានជ្រើស​រើស​និង​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាលផងដែរ។

គម្រោង​មាន​គោលដៅ​ធ្វើ​ការ​បង្កើន​លទ្ធភាព​របស់គ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​តាម​តំបន់​ជន​បទ​ និង​ទី​ប្រជុំជន​ជា​ជម្រើស​មួយ​ចំនួន​ក្នុង​ខេត្ត​សៀម​រាប និងរាជធានីភ្នំពេញ ដើម្បីទទួលបាន​ឱកាស​បង្កើតប្រាក់ចំណូល និងទទួលបានសេវាសន្សីនិងសេវាកម្ចី​ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច ផង​ដែរ។ សម្រាប់​ទីក្រុងភ្នំពេញ គម្រោងនេះ​ផ្តល់​ការ​បណ្តុះបណ្តាលជំនាញតាមរយៈកម្មវិធីបណ្ណតំណាង​ប្រាក់  ដូច្នេះប្រជាពលរដ្ឋដែលក្រីក្របំផុតមានភាពបត់បែនសម្រាប់ការចុះឈ្មោះសម្រាប់ការបណ្តុះបណ្តាលតាមវិទ្យាស្ថានដែលផ្តល់សេវាតាមសម្រូវការរបស់ពួកគេ ហើយនឹង​ស្វែងរកការងារធ្វើបន្ទាប់ពីការបណ្តុះបណ្តាលត្រូវបានបញ្ចប់។ គម្រោងក៏​ជួយ​កសាងហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​​ឃុំសង្កាត់​គោលដៅ ឱ្យមានទទួល​បាន​ទឹកស្អាត​និង​សេវាអនាម័យ ប្រព័ន្ធ​ស្រោចស្រព​ខ្នាតតូច ប្រឡាយទឹក និង​ផ្លូវក្នុង​សហគមន៍។

ម៉ាឡែន បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៧ ដើម្បីជួយម្តាយក្នុង​ការរកស៊ីចិញ្ចឹម​គ្រួសារដែលមាន​សមាជិក ៦នាក់ បន្ទាប់ពីឪពុក​របស់​នាង​ស្លាប់​បាត់ទៅ។ នៅក្នុង​អាយុ១៤ឆ្នាំ នាង​ធ្លាប់​បាន​ធ្វើ​ការ​ជាអ្នកស៊ីឈ្នួល​តាម​ផ្ទះដោយ​ទទួល​បាន​កម្រៃ​ត្រឹម​ ១២០០០០រៀល (ឬ៣០ដុល្លារ) តែប៉ុណ្ណោះ។ ក្រោយ​មក​ទៀត នាង​ធ្វើ​ការ​ជា​កម្មកររោងចក្រកាត់ដេរ និងដឹក​បន្លែលក់តាមរម៉កម៉ូតូ​តាម​ដង​ផ្លូវ​ក្នុងទីក្រុង​ភ្នំពេញ ដោយ​រក​បាន​ប្រហែល ១០០០០រៀល (២,៥ដុល្លារ) យក​ទៅចិញ្ចឹមគ្រួសារ។ ដោយសារតែចំណូលតិច ពេលខ្លះនាងត្រូវខ្ចីបុល​ពី​អ្នក​ចងការប្រាក់ក្នុងអត្រា​ការប្រាក់​រហូតដល់​ទៅ១២០%ក្នុង១ឆ្នាំ​ក៏មាន ដើម្បី​បាន​ប្រាក់​យក​មក​បង្គ្រប់​សេចក្តីត្រូវការ​ក្នុង​គ្រួសារ។

ក្រោយ​ពីបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល ម៉ាឡែន​ បាន​យក​ជំនាញថ្មីទៅប្រើ​ដើម្បីបង្កើន​ចំណូល​បាន​ច្រើន​ជាង​មុន ដែលអនុញ្ញាតឱ្យ​នាង​អាចយកទៅសង​ប្រាក់​ដែលនាងខ្ចីបុលពីគេ​យក​មក​ធ្វើ​ហាងរបស់នាង។ ដោយ​មាន​មុខរបរថ្មីនេះ បច្ចុប្បន្ន នាង​មាន​លទ្ធភាព​ទទួល​កម្ចី​ ៥០០ដុល្លារ ​យកមកបើកហាងរបស់នាង ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែល​យក​ការ​ប្រាក់​ទាប​ជាង​អ្នកចងការប្រាក់​ឯកជន។

ជាមួយនឹងស្នាមញញឹមលើផ្ទៃមុខរបស់គាត់ ម៉ាឡែន និយាថា៖ «ពេលនេះយើងអាចមើលឃើញ​អនាគតរបស់​យើងហើយ។ យើង​មាន​ស្បៀងអាហារគ្រប់គ្រាន់​ជាងមុនសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយក៏លែងព្រួយបារម្ភរឿង​បង់​ប្រាក់សងកម្ចីយឺតទៀតដែរ។ មុខរបរនេះជួយបានច្រើនណាស់។»



Api
Api