Skip to Main Navigation
publication 2 កញ្ញា 2020

ការប៉ាន់តម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃឈើក្នុងអាងស្ទឹងខេត្តពោធិសាត់ ប្រទេសកម្ពុជា

Image

រូបភាពថតពីលើអាកាសបង្ហាញជ្រោះទឹកធ្លាក់ក្នុងតំបន់ដាច់ស្រយាលមួយកន្លែងក្នុងជួរភ្នំក្រវាញ។

Conservation International/David Emmett


សង្ខេបលទ្ធផលសំខាន់ៗ

  • នៅ​ក្នុង​អាងស្ទឹងខេត្តពោធិសាត់ អត្ថ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពីធនធានព្រៃឈើ​ដែល​គ្មានរងការ​ខូចខាត (តម្លៃប៉ាន់ស្មានជាទឹកប្រាក់ ៩៩លានដុល្លារអាមេរិក) មានទំហំ​ប្រាំដងច្រើន​ជាង​ផល​ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បីយក​ដី​ធ្វើ​កសិកម្ម​ខ្នាត​តូចនិង​ធ្វើ​អាជីវកម្ម​ដុត​ធ្យូង ដែលផ្តល់ផលគិត​ជា​ទឹក​ប្រាក់​សរុប​មាន​ត្រឹម​ប្រមាណជា ២២លានដុល្លារអាមេរិក ប៉ុណ្ណោះ​។
  • ថ្លៃចំណាយតិចទៅលើការថែរក្សា​ព្រៃឈើ​ គឺ​ ២០ដង ទាប​ជាងអត្ថ​ប្រយោជន៍​ដែល​ព្រៃឈើអាច​​ផ្តល់​ចំពោះ​ផ្នែកនានា​​នៃសេដ្ចកិច្ច។ ព្រៃឈើនៅ​ក្នុង​អាងស្ទឹងខេត្តពោធិសាត់ផ្តល់​អត្ថ​ប្រយោជន៍​មាន​តម្លៃប៉ាន់​ស្មាន​ប្រមាណជា​ ៨,២លានដុល្លារអាមេរិក ពី​សកម្មភាព​ទេសចរណ៍ធម្មជាតិ និង​ពីការ​គ្រប់​គ្រង​របបកាបោន ​និង​រំហូរ​ទឹក​និង​កំណដី។ រដ្ឋា​ភិបាល​ចំណាយ​ប្រហែល ៤០០.០០០ដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំទៅលើ​ការ​ការ​ពារ​ព្រៃឈើនៅ​ក្នុង​ខេត្ត​ពោធិសាត់។ ការណ៍​នេះ​សបញ្ជាក់​ឱ្យ​ឃើញថា​ ផល​ដែល​បាន​មក​ពីការចំណាយ​ទៅ​លើ​កិច្ច​ការ​ពារ​ព្រៃឈើ​ គឺជា​ការ​ប្រើ​ប្រាស់​ប្រកបដោយ​ស័ក្តិសិទ្ធ​នូវ​ថវិការបស់​​រដ្ឋ។
  • ឱកាស​មាន​ច្រើនសម្រាប់​​ការ​​រក​ចំណូល​ពី​ប្រភពធន​ធានវិស័យឯកជន និងពី​អន្តរជាតិដើម្បី​​យក​ទៅ​បម្រើ​ការ​ថែរក្សា​ព្រៃឈើ ដែលនៅទីបំផុតអាច​មាន​ន័យថា គ្មាន​ភាពចាំបាច់យក​ថវិការដ្ឋទៅចំណាយ​ទៅលើ​ការ​ថែរក្សា​ព្រៃឈើទៀតឡើយ ទៅថ្ងៃអនាគតយូរអង្វែង។

អនុសាសន៍សំខាន់ៗ

  • ផ្តោតការយកចិត្តទុកដាក់​លើ​កិច្ច​ខិត​ខំ​ការពារ​និង​ស្តារព្រៃឈើឡើងវិញនៅ​តាម​ទីជម្រាលទឹក​ខ្ពស់ ក្នុងដែនទេស​ភាព​តំបន់ការ​ពារ​ជួរ​ភ្នំក្រវាញ ដើម្បី​បង្កើនភាពធន់​របស់​ធនធាន​ទឹក។ កិច្ច​ការ​នេះ​អាចសម្រេច​បាន​ដោយ៖
    • ធ្វើ​អាទិភាព​ការ​កំណត់​តំបន់​និង​ការ​រៀបចំបង្កើតផែនការ​គ្រប់​គ្រង​តំបន់​ការ​ពារ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃសំកុស និង​ច្រក​របៀង​អភិរក្ស​ជីវៈចម្រុះ;
    • វាយតម្លៃកាលានុវត្តភាព​សម្រាប់​​អភិវឌ្ឍកសិរុក្ខកម្ម​នៅ​លើ​ដី​កសិកម្ម​បច្ចុប្បន្ន និង
    • រៀបចំបង្កើតកិច្ចអន្តរាគមន៍នានាសម្រាប់​កាត់​បន្ថយ​សម្ពាធ​លើ​ធនធានព្រៃឈើពី​ការ​ធ្វើ​អាជីវកម្ម​ធ្យូង រួមមាន​ការ​ផលិតធ្យូង​តាមបែបដែលមានចីរភាព និង​ជម្រើស​ដែលមានមេត្រីភាពបរិស្ថាន ជំនួសឱ្យការ​កាប់ឈើយកទៅធ្វើ​ធ្យូង ផងដែរ។
  • សិក្សារកលទ្ធភាព​ទាក់ទាញហិរញ្ញវត្ថុពីវិស័យឯកជនមកជួយគាំទ្រដល់​ការ​គ្រប់​គ្រង​តំបន់​ការ​ពារ។
  • រៀបចំបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់​ពង្រីក​ការ​វាយ​តម្លៃ​អត្ថ​ប្រយោជន៍​ផ្នែកសេដ្ឋកិច្ច​ពីសេវាកម្ម​អេកូឡូស៊ីទូទាំងប្រទេសកម្ពុជា ដោ​យប្រើ​អភិក្រម​ គណនេយ្យភាពទុនធម្មជាតិ  Natural Capital Accounting (NCA)។