Skip to Main Navigation
publication 15 ធ្នូ 2020

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា:សេដ្ឋកិច្ចរបស់កម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល


សង្ខេបព័ត៌មានសំខាន់ៗ៖

·         ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារ​ឥទ្ធិពល​នៃ​ការ​រាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ច​កំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវ​បានព្យាករថានឹងរួញទំហំប្រមាណជាដក ២ភាគរយ​ក្នុង​ឆ្នាំ២០២០ ប៉ុន្តែត្រូវ​បាន​រំពឹងទុកថា​នឹង​ងើបឡើងវិញ​ហើយ​លូតលាស់​បាន​ប្រហែលជិត៤​ភាគរយ ក្នុង​ឆ្នាំ​២០២១។

·         ដោយវិធានការរក្សា​សុវត្ថិភាពសង្គមមានសភាពធូរស្រាលបន្តិច សកម្មភាពសេដ្ឋកិច្ចក្នុង​ស្រុក​កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់​រដ្ឋា​ភិបាល បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការទ្រទ្រង់ដល់​ផ្នែក​ទទួល​ទាន​ប្រើ​ប្រាស់​ឱ្យនៅស្ថិតស្ថេរ ហើយ​អតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផង​ដែរ។

·         យោង​តាម​របាយ​ការណ៍នេះ លំហូរចូលនៃការវិនិយោគផ្ទាល់​ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ ​និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់។

·         ទោះបីជា​ការនាំចេញ​សរុបនៃផលិតផលកមន្តសាល​បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាតជំងឺនេះក៏ដោយ ក៏កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រដទៃទៀត មាន​កង់, គ្រឿងបង្គុំអគ្គិសនី, និង​គ្រឿងបន្លាស់រថយន្ត​ និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំចេញអង្ករ​និងផលិតផល​កសិកម្មផ្សេងទៀត​​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នានេះ ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ កម្រើក​ឡើងវិញ។

·         រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ក្នុងទំហំមួយមិនធ្លាប់មានពីមុនមក ដោយ​ចំណាយថវិកា​ប្រមាណជា ៥ភាគរយនៃផ.ស.ស ទៅជួយ​គាំពារ​ដល់​ក្រុមប្រជាជនដែលរងការប៉ះពាល់​ពីការរាតត្បាតជំងឺ ក្នុងនោះក៏មានផងដែរនូវការ​ចំណាយ​ពាក់​ព័ន្ធផ្នែកសុខាភិបាល, ជំនួយទ្រទ្រង់ចំណូលគ្រួសារ, ការ​ចាក់បន្ថែមទុនទៅក្នុងសេដ្ឋកិច្ច, ការធានាលើកម្ចី, ការចំណាយលើការអភិវឌ្ឍ និង​ការ​អនុគ្រោះពន្ធ។

·         ការ​ស្ទង់មតិតាមទូរស័ព្ទ​ដែល​ធនាគារពិភពលោក​បាន​ធ្វើ​ពីរដង​រយៈកន្លងទៅ បាន​ឱ្យ​ដឹង​ថា៖

o   ចំនួន​អ្នក​ផ្តល់ចម្លើយដែលកំពុងធ្វើ​អាជីវកម្ម​ក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះ​ពី៨២ភាគរយនៅមុនមានការផ្ទុះជំងឺកូវីដ១៩ មក​នៅត្រឹម​៧១ភាគ​ក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។

o   ការ​រាតត្បាតជំងឺនេះនៅតែបន្ត​ជះផលអវិជ្ជមានទៅលើ​សកម្មភាព​ធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែ​ក្នុង​សភាពមួយ​ដែល​មិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេល​ដែលវិបត្តិនេះ​បានផ្ទុះឡើងភ្លាមៗ។

o   ការ​បាត់​បង់​ចំណូល​នៅតែ​មានទំហំធំធេងនៅឡើយ បើទោះជា​ការធ្លាក់ចុះចំណូល​គ្រួសារ​ថយល្បឿនបន្តិចវិញ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់ចេញកម្មវិធីថ្មីមួយ​សម្រាប់​ផ្ទេរសាច់ប្រាក់ទៅជួយ​គ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ។ ការ​ស្ទង់មតិបាន​បង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវ​បានកំណត់អត្តសញ្ញាណថាជា​អ្នក​ក្រ បាន​រាយការណ៍ថា​បាន​ទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែ​សីហា និង​កញ្ញា។

·         ហានិភ័យដែលកម្ពុជាត្រូវ​ប្រឈម​រួមមាន ការ​ផ្ទុះនៃការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍, ការ​អូសបន្លាយនៃការធ្លាក់ចុះភ្ញៀវទេសចរណ៍ដោយសារតែ​ការ​ឆ្លងរាតត្បាតជាសាកលនៅរ៉ាំរ៉ៃ, ការ​ក្រ​មក​ដល់​របស់​ថ្នាំ​វ៉ាក់សាំងសម្រាប់ចាក់​ឱ្យ​ពលរដ្ឋទូទៅ និង​ការកើនភាពតានតឹងក្នុង​ផ្នែកពាណិជ្ជកម្ម​និង​នយោ​បាយ​គាំពារ​ ទូទាំងសាកលលោក។  

·         ក្នុងគោលបំណងជួយ​កម្ពុជា​ឱ្យ​ឆាប់​រើខ្លួនចេញពីការ​រាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍​បាន​ស្នើ​ឱ្យ៖

o   បង្កើន​ការ​វិនិយោគសាធារណៈសម្រាប់​ជួយ​​ដល់ជនក្រីក្រី និង​សម្រាប់ជំរុញកំណើន រួម​មាន​ទាំងកម្មវិធី​បង្កើត​ការ​ងារ​ជា​ថ្នូរ​យក​ប្រាក់​កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ព្រមទាំងលើកកម្ពស់វិស័យ​អតិពលកម្មនានាដើម្បី​បង្កើត​ការ​ងារ​ក្នុងឱកាសដែលមានការរើបឡើងវិញឆាប់រហ័សក្នុង​​តម្រូវការ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​ស្រុក។

o   សម្រួល​ការ​ពង្រីក​ការ​វិនិយោគ​ក្នុង​ស្រុក​និង​ពី​បរទេស ដែលកើតចេញពី​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​កម្ពុជានិងចិន និង​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

o   រៀបចំបង្កើត​ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំមួយសម្រាប់​វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជា​ការ​តាម​ដាន​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ​នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​អាច​បង្ក​ដោយ​កំណើនអូសបន្លាយ​យូរពេករបស់​វិស័យសំណង់​ និង​អចលនទ្រព្យ។