Skip to Main Navigation
publication 31 មករា 2022

គំហើញសំខាន់ៗក្នុងរបាយការណ៍ជំនួយស្មារតីអំពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា (CEM)

Productivity, Diversification, Domestic Investment Are Key to Cambodia’s Economic Recovery

World Bank Group


ដំណើរការផលិតកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ គឺជាផ្នែកដែលរកផលប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងជាងគេពីសំណាក់ការរាតត្បាតជំងឺកូវីដ-១៩។

·        មុននឹងមានការផ្ទុះជំងឺរាតត្បាតនេះ កម្ពុជាគឺ​ប្រទេសឈានមុខមួយលើពិភពលោក​ ខាងផ្នែក​កំណើន​សេដ្ឋកិច្ច និង ការ​កាត់​បន្ថយភាពក្រីក្រ។ ប្រទេសនេះធ្លាប់រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧ភាគរយក្នុងមួយ​ឆ្នាំ ក្នុងចន្លោះឆ្នាំ​១៩៩៥ និង​ឆ្នាំ​២០១៩ ដូច្នេះ​ចំណូល​សម្រាប់មនុស្សម្នាក់ក៏កើនទៅតាមនោះដែរ។

·        ចំណូលសម្រាប់​មនុស្សម្នាក់​កើនពី ៣២៣ដុល្លារអាមេរិក​ ក្នុងឆ្នាំ​១៩៩៥ ទៅ​ដល់​ ១៦២១ដុល្លារអាមេរិកក្នុង​ឆ្នាំ​២០១៩ ហើយតាមរយៈនេះ កម្ពុជា​បាន​ឈានឡើងឋានៈជាប្រទេសមានចំណូលមធ្យមទាប​នៅឆ្នាំ​២០១៥។ អត្រាភាពក្រីក្រ​បានធ្លាក់ចុះពី៤៧,៨ភាគរយក្នុងឆ្នាំ២០០៧ មក​នៅត្រឹម​១៣,៥ភាគរយ​ក្នុង​ឆ្នាំ​២០១៤។

·        ការថមថយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុង​ឆ្នាំ២០២០ ដោយសារមកពីការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរ​ក្នុងចំណោមការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា។ កំណើនធ្លាក់ចុះ​ប្រហែល ១០,១ភាគរយ​ពីអត្រាកំណើនដែលធ្លាប់មាននៅមុនមានវិបត្តិ​កូវីដ។

·        ការធ្លាក់ចុះយ៉ាងគំហុកនៃកំណើននេះ​ គឺ​ដោយសារតែសេដ្ឋកិច្ច​ពឹងផ្អែកលើ​ផលិតផល, ទីផ្សារ និង​កត្តាធាតុចូល​ដែល​មាន​មូលដ្ឋានតូចចង្អៀតពេក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលចំនួនប្រាំមុខមានទំហំ​៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា, ទីផ្សារ​ធំ​ចំនួនពីរប៉ុណ្ណោះដែលស្រូបយក​៦៩ភាគរយនៃបរិមាណទំនិញនាំចេញ​ទាំងនោះ ហើយ​ទុនពីបរទេស​មាន​ទំហំ៧២ភាគរយនៃ​ទុនវិនិយោគសរុបក្នុង​ឆ្នាំ​២០១៨។  ​   

ការធ្វើពិពិធកម្មសេដ្ឋកិច្ច​ជួបបញ្ហា​នៅត្រង់ថា​ផលិតភាពមានកម្រិតទាបហើយ​កាន់​តែធ្លាក់ចុះថែមទៀត, ការតភ្ជាប់បណ្តាញក្នុងការនាំចេញមានគុណភាពទាប​ហើយ​ខ្សោយ, ឯការវិនិយោគផ្ទាល់ពីបរទេសមានកម្រិតខ្ពស់ (FDI) នៅពេលដែលការវិនិយោគក្នុងស្រុកមានកម្រិតទាប។

·        បញ្ហាកង្វះសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ពង្រីកកន្ត្រក​ផលិតផលក្នុងសេដ្ឋកិច្ច អាច​ពន្យល់​បាន​តាមរយៈ​ផលិតភាពទាបនៃកម្លាំងពលកម្ម ឬ​និយាយម៉្យាងទៀតថា ទិន្នផល​ក្នុងពលករម្នាក់ ដែលនៅយឺតសឹងតែជាងគេបង្អស់ក្នុងចំណោមប្រទេសលើពិភពលោកដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នានឹងកម្ពុជានាពេលបច្ចុប្បន្ន។  ផលិតភាពពលកម្មទាប មួយផ្នែកណាមួយនោះ​ ឆ្លុះបញ្ចាំងនូវ​គុណភាពធនធាមនុស្សទាបដែរ។ ប៉ុន្តែ អ្វីដែលជាកត្តារួមចំណែកនាំឱ្យមានបញ្ហាប្រឈមត្រង់ចំណុចនេះ គឺ​ កត្តាផលិតភាពសរុប (TFP) ទាបស្រាប់​ហើយកាន់តែធ្លាក់ចុះថែមទៀត។

·        សមត្ថភាពប្រកួតប្រជែងនៅទាប រីឯការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល (GVCs) ក៏នៅមានកម្រិត ធ្វើ​ឱ្យ​លទ្ធភាពទីផ្សារ​និង​ការធ្វើពាណិជ្ជកម្ម​មិនអាចសាយភាព​បាន​ទូលំទូលាយ។ ឧបសគ្គ​ដល់​ការ​ធ្វើ​ពិពិធកម្ម និង​បង្កើន​ពាណិជ្ជកម្ម​របស់​កម្ពុជា​គឺ​មកពីគុណភាព​របស់ការវិនិយោគផ្ទាល់ពីបរទេស, សមត្ថភាពទាប​របស់​ក្រុមហ៊ុន​និង​ពលករ, របារបទប្បញ្ញត្តិដែលនាំឱ្យមានការចំណាយខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម (ជាពិសេស​ប៉ះពាល់លើផលិតផលកសិកម្ម), ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម, និងអ្នក​នាំចេញ​មិនទាន់មាន​​បទពិសោធន៍ច្រើន​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មតំបន់សម្រាប់ជួយដល់ការពង្រីកទីផ្សារ​សម្រាប់​ការ​នាំចេញ។

·        អត្រាសន្សំប្រាក់ក្នុង​ស្រុក​នៅទាប ហើយតាមរយៈនេះ​ការវិនិយោគក្នុងស្រុកក៏មានកម្រិតទាប ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ពឹងផ្អែកខ្លាំង​ទៅលើ​ធន​ធាន​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស។ ការដែលមានគ្រួសារប៉ុន្មានខ្នងផ្ទះសន្សំប្រាក់ ហើយ​សន្សំ​បានប៉ុន្មាននោះវាជារឿងសំខាន់ហើយ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះ​គឺនៅត្រង់ថាតើគ្រួសារនានាសន្សំប្រាក់ដោយរបៀបណា ហើយត្រង់នេះឯងទំនងជា​កត្តាគន្លឹះដែលនាំឱ្យមានឧបសគ្គធំដល់​ការ​វិនិយោគ​ក្នុង​ស្រុក។ ​ 

មានភាពចាំបាច់បីយ៉ាងដែលត្រូវ​ធ្វើ​បរិវត្តន៍​ទើបអាច​ពង្រឹង​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច និង​ជួយ​ប្រទេស​ឱ្យ​វិល​ទៅ​រក​គន្លង​ផ្លូវ​មានកំណើនសេដ្ឋកិច្ច​​ទៀងទាត់ឡើងវិញ។

·        ភាពចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើ​ក្រុមហ៊ុនអាជីវកម្ម និង​ពលករ គឺ​ជាគន្លឹះនាំទៅបង្កើន​ផលិតភាព។ ការកែទម្រង់គោលនយោបាយ​នៅតាម​ផ្នែកគោលដៅមួយចំនួន​ អាច​ជួយ​ប្រទេស​ឱ្យសម្រេចបានសក្តានុពល​របស់​ខ្លួន ក្នុងនោះរួមមាន៖ ការវិនិយោគលើមូលធនមនុស្សតាមរយៈការលើកកម្ពស់ផ្នែកសុខភាព និង ការអប់រំ, ការទ្រទ្រង់ឱ្យមាន​ការ​បែងចែកប្រកបដោយប្រសិទ្ធផលខ្ពស់នូវធនធានតាមរយៈការកែលម្អ​ស្ថាប័នទីផ្សារ​និង​ការ​គ្រប់​គ្រង​ព័ត៌​មានអំពី​ផលិតផល (PIM),​ សម្រួលភាពស្មុគស្មាញផ្នែកបទប្បញ្ញត្តិ​សម្រាប់​ក្រុមហ៊ុនដើម្បីឈានទៅកាត់បន្ថយបន្ទុក​ចំណាយក្រៅផ្លូវការ និង​ផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើអាជីវកម្ម, និងកែលម្អ​ការបំពេញមុខងារនៅតាម​សេវាកម្មធាតុចូលសំខាន់​ ដើម្បីពង្រឹងការតភ្ជាប់បណ្តាញនៅក្នុងស្រុក។

·        ការធ្វើពិពិធកម្ម​នៃការនាំចេញអាច​បន្តជំរុញកំណើន​នៅ​ក្នុង​ដំណើរស្តារសេដ្ឋកិច្ច​ពី​ការ​រាតត្បាតជំងឺ​កូវីដ​-១៩។ របៀបវារៈគោលនយោបាយ​ប្រទាក់ក្រឡានិង​មានរយៈពេលមធ្យមមួយសម្រាប់​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ​របស់​កម្ពុជា គួរ​ត្រូវ​បាន​រៀបចំរចនាសម្ព័ន្ធឡើង​ក្នុងគោលដៅជំរុញ​ខ្សែច្រវាក់​តម្លៃ​សាកលក្នុង​ផ្នែកឧស្សា​ហកម្ម​ផលិត ដោយ​បង្កើតឡើងនូវតម្លៃបន្ថែមក្នុង​វិស័យ​កសិកម្ម និង​បង្កើន​សមត្ថភាពប្រកួតប្រជែង​​ដើម្បីនាំចេញនូវ​សេវាកម្ម​ទំនើបៗ។ ​

·        ការប្រើប្រាស់​ការ​វិនិយោគក្នុងស្រុក​អាច​ជួយ​ផ្គត់ផ្គង់ហិរញ្ញវត្ថុ​ដល់​ការ​ជំរុញកំណើន​នៅដំណាក់​កាលខាងមុខ។ ផ្នែកគោលនយោបាយពាក់ព័ន្ធមាន ការ​លើកទឹកចិត្ត​ឱ្យ​មាន​ការ​វិនិយោគផ្ទាល់​ពីបរទេស​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​និង​នាំចេញ, ការជំរុញលើកទឹកចិត្ត​ឱ្យ​មាន​ការសន្សំប្រាក់​ក្នុង​ស្រុក​កាន់​តែមានកម្រិតខ្ពស់, លើកកម្ពស់​ភាព​បរិយាបន្ន​ហិរញ្ញវត្ថុ​តាមរយៈការ​បង្កើន​លទ្ធភាព​រកបានឥណទានពីស្ថាប័ន​សន្សំប្រាក់, ផ្តល់​ការគាំទ្រ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ឌីជីថល​តាម​រយៈ​បច្ចេកវិទ្យា​ឌីជីថល, ការ​បន្ទាប​ថ្លៃសេវា​សម្រាប់​គណនីសន្សំ, និង​ការជួយ​រក្សាស្ថិរភាព​ក្នុង​វិស័យហិរញ្ញវត្ថុ និង ការ​អភិវឌ្ឍ​ឱ្យ​បាន​កាន់តែទូលំទូលាយថែមទៀត។

ចាំបាច់​ត្រូវ​ធ្វើ​សកម្ម​ភាព​ជាបន្ទាន់​ដើម្បីជួយ​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច​របស់​កម្ពុជា​ពី​វិបត្តិនៃជំងឺកូវីដ-១៩ តាមរបៀបមួយដែល​ឆ្លើយតបទៅនឹង​បញ្ហា​ធ្វើ​ពិពិធកម្ម ដើម្បី​ការ​កសាងសេដ្ឋកិច្ច​ឡើងវិញ​កាន់​តែមានភាពរឹងមាំជាង​មុន។

·        ចាំបាច់ត្រូវមាន​របៀបវារៈ​កែទម្រង់ប្រកបដោយមហិច្ឆតាមួយ — គឺរបៀបវារៈដែលផ្តោតលើការកែលម្អសមត្ថភាពឱ្យ​ប្រសើរឡើង, ការ​ពង្រឹងបទប្បញ្ញត្តិ, និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ

គំហើញនៅក្នុងជំនួយស្មារតីនេះ​ត្រូវ​បាន​ធ្វើ​ឡើងតាមរយៈ​ការ​វិភាគស៊ីជម្រៅ និង​ការ​ពិគ្រោះយោបល់ល្អិតល្អន់​ជាមួយ​តួអង្គពាក់​ព័ន្ធ​យ៉ាងទូលំទូលាយ។

·        ជំនួយស្មារតីស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា (CEM) គឺជារបាយការណ៍មួយ​ដែលធនាគារពិភពលោក​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ពិគ្រោះយោបល់ជាមួយ​តួអង្គពាក់ព័ន្ធ​នានា។ របាយការណ៍នេះ​បាន​ពិនិត្យមើលឡើងវិញនូវ​គំរូកំណើនសេដ្ឋកិច្ច​របស់​កម្ពុជាកន្លងមក​ ក្នុង​គោលបំណងកំណត់អត្តសញ្ញាណ​ឧបសគ្គ​ និង កាលានុវត្តភាព​នានា​សម្រាប់ការ​រក្សា​កំណើន និង លើកឡើងនូវ​ជម្រើសអនុសាសន៍​សម្រាប់​ឆ្លើយតបទៅថ្ងៃមុខ។