Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

BRIEF

ផែនការទំនាក់ទំនងសម្រាប់ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ

8 វិច្ឆិកា 2016


Image

ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ គឺជាការសិក្សាទូទាំងប្រទេសមួយ ដែលត្រូវបានរៀបចំធ្វើឡើងដោយក្រុមធនាគារពិភពលោក ដោយមានការពិគ្រោះយោបល់យ៉ាងម៉ត់ចត់ជាមួយអាជ្ញាធរថ្នាក់ជាតិ និងភាគីពាក់ព័ន្ធដទៃទៀតជាច្រើន។ ជាការសិក្សានេះ មានគោលបំណងបង្កើតឲ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់មួយរវាងរដ្ឋាភិបាលកម្ពុជា ក្រុមធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងៗផ្តោតការយកចិត្តទុកដាក់លើគោលដៅរបស់ខ្លួនលើសកម្មភាពនានាដែលមានផលប៉ះពាល់ខ្លាំង និងសមស្របជាមួយគោលដៅការបញ្ចប់ភាពក្រីក្រតោកយ៉ាក និងជំរុញបង្កើនវិបុលភាពរួមប្រកបដោយនិរន្តរភាពនៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់
ទៀត។ ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធនេះ នឹងផ្អែកលើការវិភាគដែលអាចមាន និងទាញចេញពីភស្តុតាងដែលមានស្រាប់ដោយមិនកំណត់ទៅលើផ្នែកការងារ ឬវិស័យនានាដែលក្រុមធនាការពិភពលោក កំពុងអនុវត្តនោះទេ។

គោលបំណង

ដោយសារប្រទេសកម្ពុជា បានវិវត្តរីកចម្រើនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនាពេលថ្មីៗកន្លងទៅនេះ ការចូលរួមជាសាធារណៈជុំវិញការបង្កើតប្រព័ន្ធនេះ មានគោលបំណងរកឲ្យឃើញនូវបញ្ហាប្រឈមធំៗសម្រាប់ការអភិវឌ្ឍ និងកំណត់នូវអាទិភាពនានាដើម្បីបង្កើនល្បឿនក្នុងការបញ្ចប់ភាពក្រីក្រតោកយ៉ាក និងបែងចែកវិបុលភាពឲ្យបានទូលំទូលាយ។

ទម្រង់នៃការចូលរួម

ការចូលរួមនេះ នឹងធ្វើឡើងតាមការជួបប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធអ៊ីនធើណេតផងដែរដើម្បីបង្កលក្ខណៈឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានាឲ្យបានច្រើន។

កិច្ចប្រជុំទល់មុខគ្នា នឹងរួមបញ្ចូលនូវកិច្ចពិភាក្សាពេញអង្គ កិច្ចប្រជុំតុមូល និងកិច្ចពិភាក្សាក្រុមតូចៗ។ កិច្ចប្រជុំទាំងនេះ នឹងត្រូវការពេលវេលាប្រហែល ៣‑៤ម៉ោង រួមទាំងតម្រូវឲ្យមានការបំបែកជាក្រុមពិភាក្សាផងដែរ និងអាចមានអ្នកចូលរួមចន្លោះពី ២០ ទៅ ៨០នាក់ ក្នុងគោលបំណងដើម្បីទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅថែមទៀតលើផ្នែកសំខាន់ៗ។

គេរំពឹងថា ការចូលរួមតាមប្រព័ន្ធអ៊ីនធើណេត នឹងប្រមូលបាននូវទស្សនៈនានាតាមរយៈការស្ទាបស្ទង់មតិតាមប្រព័ន្ធអ៊ីនធើណេត ជាភាសាខ្មែរ និងអង់គ្លេស ដែលអាចមានក្នុងកំឡុងពេលនៃការចូលរួមពិភាក្សា។ អ្នកមានបំណងចង់ចូលរួម អាចបំពេញទម្រង់នៅលើអ៊ីនធើណេត ឬផ្ញើមកកាន់អ៊ីម៉េល៖ cambodia@worldbank.org មុនថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦។ ទម្រង់នៃការស្ទាបស្ទង់មតិតាមអ៊ីនធើណេត នឹងត្រូវផ្ញើទៅកាន់អ្នកចូលរួម តាមប្រព័ន្ធអេឡិចត្រូនិក (cambodia e-alert) ដែលអ្នកចូលរួមអាចចុះឈ្មោះបានដោយ ចុចនៅត្រង់នេះ 

ក្រៅពីនេះ តារាងសំណួរជាប័ណ្ឌបំពេញព័ត័មាន នឹងត្រូវចែកជូនដើម្បីប្រមូលទស្សនៈពីសាធារណជន នៅក្នុងខេត្តព្រះសីហនុ សៀមរាប និងក្រចេះ ព្រមទាំងនៅរាជធានីភ្នំពេញ។ អ្នកចូលរួមនឹងត្រូវបានស្នើសុំឲ្យផ្តល់មតិយោបល់អំពីថា តើពួកគាត់ចង់ឃើញប្រទេសកម្ពុជាយ៉ាងដូចម្តេចក្នុងពេលអនាគត។

ភាគីពាក់ព័ន្ធសំខាន់ៗ

កិច្ចប្រជុំទាំងនេះ នឹងត្រូវបានរៀបចំឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធយ៉ាងច្រើន ដែលរួមមាន៖

  • រដ្ឋាភិបាល៖ មន្រ្តីមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា
  • សភាជាតិ៖ សមាជិកសភា
  • រដ្ឋាភិបាលថ្នាក់ក្រោមជាតិ៖ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំដែលជាប់ឆ្នោតនៅក្នុងខេត្តតាកែវ កំពត ព្រះសីហនុ និងកោះកុង។
  • ដៃគូអភិវឌ្ឍន៍៖ តំណាងមកពីទីភ្នាក់ងារសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត។
  • វិស័យឯកជន៖ តំណាងមកពីក្រុមហ៊ុនវិស័យឯកជនក្នុងស្រុកនិងអន្តរជាតិ និងសភាពាណិជ្ជកម្មខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កណ្តាល កំពង់ឆ្នាំង និងកំពង់ស្ពឺ។
  • អង្គការសង្គមស៊ីវិល និងយុវជន៖ តំណាងរបស់អង្គការនៅមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាលធ្វើការផ្នែកផ្គត់ផ្គង់សេវា អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកតស៊ូមតិ ក្រុមផ្តល់គំនិតយោបល់ វិទ្យាស្ថានស្រាវជ្រាវ គ្រឹស្ថានអប់រំជាន់ខ្ពស់ យុវជន និងបណ្តាញអ្នកស្រឡាញ់ភេទដូចគ្នា LGBT។

ទីតាំងនិងអ្នកចូលរួម

កិច្ចប្រជុំនេះនឹងរៀបចំធ្វើឡើងនៅ ភ្នំពេញ ខេត្តសៀមរាប (ភាគខាងជើង) ខេត្តក្រចេះ (ភាគខាងកើត) និងខេត្តព្រះសីហនុ (ភាគខាងត្បូង)។ ខេត្តទាំងនេះ ត្រូវបានជ្រើសរើសសម្រាប់ធ្វើជាទីកន្លែងជួបប្រជុំ ដែលអ្នកចូលរួមភាគច្រើនអាចមកបានពីខេត្តដែលនៅជិតខាង។

  • ភ្នំពេញ
  • សៀមរាប៖ សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង
  • ក្រចះ៖ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ មណ្ឌលគីរី ស្ទឹងត្រឹង
  • ព្រះសីហនុ៖ ព្រះសីហនុ កំពត កោះកុង តាកែវ

អ្នកចូលរួមមកពីអង្គការសង្គមស៊ីវិលនានា នឹងត្រូវបានជ្រើសរើសតាមរយៈបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចំនួន៥គឺ៖ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាល បណ្តាញកសាងសន្តិភាពសហគមន៍ សម្ព័ន្ធយុវជនដើម្បីរួបរួមនិងអភិវឌ្ឍន៍ បណ្តាញយេនឌ័រនិងការអភិវឌ្ឍ និងខេមអាស៊ាន‑មីក្រូ រេនបូអន្តរជាតិ។

ភាសា

កិច្ចប្រជុំជាមួយរដ្ឋាភិបាល វិស័យឯកជន សហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ នឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស ដោយមានការបកប្រែប្រដេញជាភាសាខ្មែរ។ កិច្ចប្រជុំជាមួយមន្ត្រីថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និងក្រុមអ្នកចូលរួមក្នុងស្រុកដទៃទៀត នឹងត្រូវធ្វើឡើងជាភាសាខ្មែរ ដោយមានការបកប្រែប្រដេញជាភាសាអង់គ្លេស។ ឯកសារសម្រាប់កិច្ចប្រជុំ នឹងមានចែកជូនជាភាសាខ្មែរនិងអង់គ្លេស។

លិខិតអញ្ជើញ និងឯកសារព័ត៌មានសាវតារ

លិខិតអញ្ជើញ និងឯកសារព័ត៌មានសាវតារជាភាសាអង់គ្លេសនិងខ្មែរ នឹងត្រូវផ្ញើជូនអ្នកចូលរួម ១០ថ្ងៃមុន កិច្ចប្រជុំដែលបានគ្រោងទុក។

មតិត្រឡប់របស់ភាគីពាក់ព័ន្ធ

សេចក្តីសង្ខេបអំពីកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ព្រមទាំងបញ្ជីរាយនាមអ្នកចូលរួមទាំងអស់ នឹងត្រូវបានដាក់ផ្សាយនៅលើទំព័រវេបសាយស្តីពីកិច្ចពិគ្រោះយោបល់របស់ក្រុមធនាគារពិភពលោក។ សេចក្តីសង្ខេបទាំងនេះ នឹងមានជាភាសាខ្មែរ និងភាសាអង់គ្លេស។ សេចក្តីសង្ខេបបឋមមួយដែលរួមមានធាតុចូលនិងការផ្តល់យោបល់ពីកិច្ចប្រជុំពិគ្រោះយោបល់ទាំងអស់និងការស្ទាបស្ទង់តាមប្រព័ន្ធអ៊ីនធើណេត នឹងត្រូវយកទៅបង្ហាញជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបមួយដែលបានគ្រោងទុក នៅចុងបញ្ចប់នៃកិច្ចប្រជុំពិគ្រោះយោបល់។