Result Briefs 12 កញ្ញា 2019

ជួយទ្រទ្រង់ដល់សហគមន៍ និងមជ្ឈមណ្ឌលសុខភាព ដើម្បីពលរដ្ឋកម្ពុជាគ្រប់រូបមានសុខភាពកាន់តែប្រសើរ

World Bank Group


គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានជួយពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រនៅប្រទេសកម្ពុជាក្នុងការទទួលបានសេវាសុខាភិបាល និងអាហារូបត្ថម្ភមានគុណភាព តាមរយៈការផ្តល់សេវាព្យាបាលរោគដោយឥតគិតថ្លៃ។ តាមរយៈគម្រោងនេះ ជនក្រីក្រអាចទទួលបាននូវការព្យាបាលរោគដោយឥតត្រូវបង់ថ្លៃចំណាយអ្វីទាំងអស់ ហើយស្រ្តីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការពិនិត្យតាមដាននិងការព្យាបាលជំងឺមហារីកស្បូន និងសេវាពន្យារកំណើនរយៈពេលយូរ។

បញ្ហា​ប្រឈម

វិស័យសុខាភិបាល​នៅ​កម្ពុជា​សម្រេច​បាន​គុណភាពល្អប្រសើរ​គួរឱ្យកត់សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ។ រវាងឆ្នាំ២០០៥ និង​ឆ្នាំ​២០១៤ អត្រា​ស្លាប់​របស់​មាតា បាន​ធ្លាក់​ចុះ​ពី​៤៧២​នាក់​មក​នៅ​ត្រឹម​១៧០​នាក់ ​ក្នុង​រាល់ការ​ផ្តល់​កំណើត​រស់​១០០០០០កំណើត ហើយ​អត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥ឆ្នាំ​ ក៏​មាន​ការ​ថយ​ចុះ​ដែរ ពី៨៣​នាក់​មក​នៅ​ត្រឹម​៣៥​នាក់ ក្នុងរាល់​កំណើត​រស់​ចំនួន ១០០០កំណើត។ យ៉ាងណាក្តី វិសមធម៌​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​លទ្ធផល​នៃ​វិស័យ​សុខាភិបាលសម្រាប់​​ក្រុម​និង​តំបន់​មានស្ថានភាពសេដ្ឋកិច្ចសង្គម និង​ស្ថាន​ភាព​ភូមិសាស្ត្រខុសៗគ្នា និង​រវាង​ប្រជា​ជន​ដែល​រស់​នៅ​តាម​ទីប្រជុំជន​និង​នៅ​តាម​ទី​ជន​បទ។ ទៅអនាគត ប្រទេសកម្ពុជាប្រឈម​មុខ​ទៅនឹង​ការ​កើនឡើងនៃបន្ទុកជំងឺដែលមិនឆ្លង (NCDs) ជា​ពិសេស​ជំងឺ​សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និង​ជំងឺសួត​រ៉ាំរ៉ៃ ជា​ដើម។ កត្តា​ហានិភ័យ​នាំឱ្យ​មាន​ជំងឺទាំងនេះមានខ្ពស់ ដោយសារ​ថា​ចំនួន​ពលរដ្ឋ​ដែល​មាន​អាយុ​ជាង​ ៦០​ឆ្នាំ​ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់ នឹង​មាន​ចំនួន​កើនឡើង​ជិត​ទ្វេដង​នៅ​ក្នុង​អំឡុង​ពេល ២០ឆ្នាំ​ ខាង​មុខ គឺ​ពីអត្រា ៦,២ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១០ រហូត​ដល់​ទៅ ១១,៩ភាគរយ នៅ​ក្នុង​ឆ្នាំ​២០៣០។

អភិក្រម (ឬវិធីសាស្ត្រ)

ធនាគារ​ពិភពលោក​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​អស់​ពេល​១៥​ឆ្នាំកន្លងមក ហើយ ដោយ​មាន​ការចូលរួមធ្វើ​ហិរញ្ញប្បទាន​ពី​រដ្ឋា​ភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត។ ការ​កៀរគរមូលនិធិចូលគ្នា​ដើម្បី​គាំទ្រ​ដល់​ការ​កែទម្រង់​ក្នុង​ប្រព័ន្ធ​សុខាភិបាល បាន​ជួយ​ពង្រឹង​ភាព​ម្ចាស់ការ​ និង​គណនេយ្យភាព​របស់​រដ្ឋា​ភិបាល និង​ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ដល់​ការ​ងារ​សម្រប​សម្រួល​ក្នុង​ចំណោម​ដៃគូអភិវឌ្ឍន៍ ដែល​មានសារៈសំខាន់​ខ្លាំង​ក្នុង​ការ​ជំរុញ​វិសាល​ភាពគ្រប​ដណ្តប់ និង​គុណភាព​របស់​សេវា​សុខាភិបាល ទទួល​បាន​ការ​កែលម្អប្រសើរ​យ៉ាង​ឆាប់​រហ័ស។

គម្រោង​លើកកម្ពស់គុណភាព និង​សមធម៌សុខាភិបាល មានមូលដ្ឋាន​រឹង​មាំ​នៅ​លើ​លទ្ធផល និង​ភាព​ច្នៃប្រឌិត​ថ្មីនានា​ដែល​បាន​ដាក់​ចេញ​តាម​រយៈកម្មវិធីពង្រឹង​វិស័យ​សុខាភិបាលជំហាន​ទី១និងទី២ ដែល​មាន​គោលដៅ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​របស់​ប្រជា​ជន។ ភាព​ច្នៃប្រឌិត​ថ្មីៗ​ទាំងនោះ​រួម​មាន ​ការ​ធ្វើ​ហិរញ្ញប្បទាន​ផ្អែកលើលទ្ធផល តាម​រយៈបរិធានដូច​ជា មូលនិធិសមធម៌សុខាភិបាល (HEFs) និង មូលនិធិ​ផ្តល់​សេវា (Service Delivery Grants) ដែល​ត្រូវ​បានបង្កើតឡើងដើម្បី​កែលម្អគុណភាព​របស់​សេវា​សុខាភិបាលឱ្យ​កាន់​តែប្រសើរ និង​បង្កើនការ​ប្រើ​ប្រាស់​របស់​ជនក្រីក្រ​នូវ​សេវា​ថែទាំ​សុខភាព​ក្នុង​ស្រុក។

មូលនិធិសមធម៌សុខាភិបាលទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​សន្ធឹកសន្ធាប់​ និង​បង្កើន​ការ​ប្រើ​ប្រាស់របស់​ជន​ក្រីក្រ​នូវ​សេវា​សុខាភិបាល ហើយ​ផ្តល់​នូវ​ប្រភព​ហិរញ្ញប្បទាន​គួរ​ទុក​ចិត្ត​បាន​សម្រាប់​ជួយ​​ដល់គ្រឿង​ប្រដាប់​សម្រួល​ដល់​កិច្ច​ការ​ក្នុង​ផ្នែក​សុខាភិបាល​ផង​ដែរ។ ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​និង​គុណភាព​នៃ​ការ​ថែទាំ​សុខភាព​នៅ​តាម​គោលដៅ​ដែល​បំពេញការងារពុំទាន់​បាន​ល្អ ក្រសួង​សុខាភិបាល​បាន​បង្កើត​ភ្នាក់​ងារ​ប្រតិបត្តិ ​ពិសេស​នៅ​តាម​ខេត្ត​ មន្ទីរ​ពេទ្របង្អែកស្រុក និង​ស្រុកប្រតិបត្តិ ជា​ជម្រើស​មួយចំនួន។ នៅ​តាម​កន្លែងទាំងនោះ បុគ្គលិកមន្ទីរពេទ្យ​​បាន​ចុះ​កិច្ច​សន្យាជា​​រួម​និង​ជា​លក្ខណៈបុគ្គល​ ដោយ​ក្នុង​កិច្ចសន្យា​ទាំង​នោះ​មាន​កំណត់​គោលដៅ​បំពេញ​ការ​ងារ​ប្រចាំឆ្នាំ ហើយ​ការ​សម្រេច​បាន​តាម​គោលដៅ​ការ​ងារ​ទាំង​នោះ​នឹង​នាំ​ឱ្យ​ពួកគេទទួល​បាន​មូលនិធិ​ផ្តល់​សេវា ជា​ការ​លើក​ទឹកចិត្ត។ គោលដៅ​បំពេញ​ការ​ងារ​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ការផ្តល់​សេវា​កាន់​តែ​មាន​ភាព​ប្រសើរ​ថែម​ទៀត។ វិធីសាស្ត្រនេះ​បាន​ជួយ​បង្កើន​ការ​ផ្តល់​សេវា​នៅ​តាម​មន្ទីរពេទ្យ​និង​មណ្ឌលសុខភាព​សាធារ​ណៈ អនុញ្ញាតឱ្យ​មាន​ការ​ជួល​បុគ្គលិក​បន្ថែម​ដើម្បីបំពេញតម្រូវការ និង​កាត់បន្ថយ​នូវ​ការ​ខ្វះខាត​ឱសថ​និងបរិក្ខារបម្រុង​ចាំបាច់​នៅ​ក្នុង​ឃ្លាំង។ យន្តការ​សម្បទាន​នេះ​បាន​ផ្តល់​មូលនិធិបន្ថែម​ដល់មន្ទីរពេទ្យ​និង​មណ្ឌលសុខភាព​សម្រាប់​កែលម្អគុណភាព​សេវា ដូច​ជា​តាម​រយៈការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​បុគ្គលិកណា​ដែល​សម្រេច​បាន​ ឬ​ធ្វើ​ហួស​ពីគោលដៅ​ការ​ងារ​ដែល​ត្រូវ​បាន​កំណត់នៅ​ក្នុង​កិច្ច​សន្យា​ទៅទៀត។


Image
2.6 million

មូលនិធិសមធម៌សុខាភិបាល បានជួយឱ្យអ្នកជំងឺចំនួន ២,៦លាននាក់ ទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយអនុញ្ញាតឱ្យជនក្រីក្រ១៩០០០០នាក់ ចូលបានចូលសម្រាកទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ជារៀងរាល់ឆ្នាំ។


លទ្ធផល

ចាប់តាំងពីឆ្នាំ២០១៦ មក គម្រោង​សម្រេច​បាន​លទ្ធផល​ដូច​តទៅនេះ៖

  • មូលនិធិសមធម៌សុខាភិបាល បាន​ជួយ​ឱ្យ​អ្នក​ជំងឺចំនួន ២,៦លាននាក់ ​ទទួលបាន​សេវា​ពិនិត្យ​សុខភាព​ដោយឥតគិតថ្លៃ ហើយ​អនុញ្ញាត​ឱ្យ​​ជន​ក្រីក្រ១៩០០០០នាក់ ​ចូល​បានចូលសម្រាកទទួល​ការ​ព្យាបាលក្នុង​​មន្ទីរ​ពេទ្យ​ ជា​រៀងរាល់​ឆ្នាំ។ ​
  • ចំនួនមណ្ឌល​សុខ​ភាព​ដែល​ទទួល​បាន​ពិន្ទុ​លើស​ ៦០ភាគរយ ក្នុង​ការ​វាយ​តម្លៃគុណភាពសេវា បាន​កើន​ពីចំនួន ៤៩​មណ្ឌលក្នុង​ឆ្នាំ​២០១៦ ដល់​៤៤២​មណ្ឌល​ក្នុង​ឆ្នាំ​២០១៨។      

វិភាគទានហិរញ្ញវត្ថុរបស់ក្រុម​ធនាគារពិភពលោក

សមាគមអភិវឌ្ឍន៍អន្តរជាតិ​បាន​ផ្តល់​ឥណទានទឹកប្រាក់ ៣០លានដុល្លារ​អាមេរិក ដើម្បើ​ជួយ​ដល់​គម្រោង​នេះ។

ដៃគូ

គម្រោង​លើកកម្ពស់គុណភាព និង​សមធម៌សុខាភិបាល បានទទួល​អត្ថ​ប្រយោជន៍​ច្រើន​ពី​ភាព​ជា​ដៃគូ​រឹងមាំ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដែល​បានធ្វើ​បដិភាគថវិកាចំនួន ៩៤,៣លានដុល្លារអាមេរិក និង​ជាមួយ​កម្មវិធីមូលនិធិត្រាស់ពហុម្ចាស់ជំនួយ (MDTF) ដែលទទួល​វិភាគទាន​ថវិកាសរុប ៥៦លានដុល្លារអាមេរិក ​ពី​រដ្ឋាភិបាល​អូស្រ្តាលី (តាម​រយៈ​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម), ពីរដ្ឋាភិបាលអាល្លឺម៉ង់ (តាមរយៈទីភ្នាក់​ងារ Kreditanstalt fur Wiederaufbau - KfW) និង​ពីទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិរបស់​សាធារណរដ្ឋ​កូរ៉េ (KOICA)។ ក្រៅពីនេះ​នៅ មាន​ថវិកាចំនួន ១លាន​ដុល្លារ​អាមេរិកទៀត​ ដែល​កម្មវិធីមូលនិធិត្រាស់នេះ​ទទួល​បាន​ពី​រដ្ឋា​ភិបាល​ជប៉ុន តាម​រយៈ​មូលនិធិ​ត្រាស់​សម្រាប់គោលនយោបាយ​និង​ការ​អភិវឌ្ឍធនធានមនុស្ស (Policy and Human Resources Development Trust Fund)។   

ឆ្ពោះទៅមុខ

ដើម្បីជួយគាំទ្រ​ដល់​ការ​បង្កើន​គុណភាព​របស់​ប្រព័ន្ធផ្តល់​សេវា​សុខាភិបាល​នៅ​កម្ពុជាតទៅមុខ​ទៀត ធនាគាពិភពលោក និង​ដៃគូអភិវឌ្ឍនានា - រួមមាន សេវាកម្ម​ហិរញ្ញប្បទាន​សាកល​សម្រាប់​ស្ត្រី​ កុមារ និង​ជនពេញវ័យ (Global Financing Facility for Women, Children and Adolescents)​, រដ្ឋាភិបាល​អូស្ត្រាលី, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់, និង​ មូលនិធិពហុម្ចាស់ជំនួយរបស់​គម្រោង​លើកកម្ពស់គុណភាព និង​សមធម៌សុខាភិបាល - បាន​រួម​គ្នា​បង្កើត​គម្រោងអាហារូបត្ថម្ភថ្មីមួយទៀត​នៅកម្ពុជា។ គម្រោងនេះមានគោលដៅ​ពង្រីក​​លទ្ធភាព​ទទួល​បាន​សេវា​អាហារូបត្ថម្ភ​ និង​បង្កើន​គុណភាព​របស់​សេវា​នេះសម្រាប់​មាតា​និង​កុមារ​​ នៅ​តាម​ខេត្ត​ជា​បឋម​មួយចំនួន មាន​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ឆ្នាំង និង​កោះកុង។ ខេត្ត​ទាំង​នេះ​សុទ្ធ​តែ​ជា​ខេត្ត​ដែលនៅ​មាន​ភាពយឺតយ៉ាវ​ក្នុង​សមិទ្ធផល​សេវា​សុខាភិបាល។ បន្ទាប់​មក គម្រោង​នេះ​នឹង​ពង្រីកវិសាលភាពគ្រប់​ដណ្តប់​ ​ទូទាំងប្រទេស នៅ​ត្រឹម​ពាក់កណ្តាលអាណត្តិ​របស់​វា។

អ្នក​ទទួលផលពីគម្រោង

ដាំ ស៊ីវលាន ជា​មាតា​មួយ​រូប​មាន​អាយុ ១៨ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ប៊ូស្រា ស្រុកពេជ្រដា ខេត្ត​មណ្ឌលគិរី។ នាង​ផ្តល់​កំណើត​កូន​ដំបូង​របស់​នាង​នៅ​មណ្ឌល​សុខភាព​ស្រុក​ពេជ្រដា។ នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា​តើ​នាងទទួល​បាន​ការ​ប្រព្រឹត្តបែបណាខ្លះពីសំណាក់​បុគ្គលិកនៅទីនោះ នាង​ពោល​ទាំងទឹកមុខញញឹមថា៖ «គ្រូពេទ្យ​រួសរាយណាស់។ ពួកគាត់​ប្រើ​សម្តី​ទន់​ភ្លន់​ជួយ​កុំឱ្យខ្ញុំភ័យ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈឺពោះខ្លាំង។»

គ្រួសារ​របស់​នាង​ជា​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​​ក្រី​ក្រ​ជាង​គេ​​នៅ​ក្នុង​សហ​គមន៍​នោះ​ដែរ។ ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយធ្វើ​ចម្ការស្រូវ ក៏ប៉ុន្តែ​ទិន្ន​ផល​ដែល​ទទួល​បាន​អាច​ឱ្យ​គ្រួសារ​បរិភោគ​បាន​តែ​បួន​ទៅ​ប្រាំ​ខែ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។  នាង​ ស៊ីវលាន និង​ប្តីរបស់​នាង ស៊ី​ឈ្នួល​ពលកម្ម​ឱ្យ​អ្នក​ជិត​ខាង​របស់​នាង​នៅ​ពេល​ណា​ដែល​ពួក​គាត់​មាន​ឱកាស ដោយ​រកចំណូល​​បាន​ប្រហែល​ ២០០០០រៀល តែប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ។ 

ដោយ​សារ​តែ​មាន​ចំណូល​ទាប​ដូច្នេះ គ្រួសារ​របស់​នាង​ ស៊ីវលាន ទទួល​បាន​​ប័ណ្ណ​ក្រីក្រ​មួយ​សន្លឹក ដែលអនុញ្ញាត​ឱ្យ​សមាជិក​គ្រួសារ​​អាច​ទទួល​បាន​ធន​ធាន​ពី​មូលនិធិ​សមធម៌សុខាភិបាល ​សម្រាប់​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​និង​ព្យា​បាល​ជំងឺ​ដោយ​ឥតគិតថ្លៃ។ មូលនិធិ​សមធម៌សុខាភិបាលនេះបាន​ទទួល​រ៉ាប់រង​ថ្លៃចំណាយ​ទាំង​អស់​​ ជុំវិញ​ការសម្រាល​កូន​របស់​នាង​នៅ​មណ្ឌល​សុខភាព​ពេជ្រដា។ ប្រសិនបើ​គ្មាន​មូលនិធិនេះជួយ​ទេ នាង​ប្រាកដ​ជា​នឹង​ត្រូវ​ទៅខ្ចីបុល​​ពី​អ្នក​ចង​ការ​ប្រាក់​នៅ​ក្នុងមូលដ្ឋានដែល​តែង​តែ​យក​ការ​ប្រាក់​យ៉ាង​ខ្ពស់ ជា​មិន​ខានឡើយ។