Skip to Main Navigation
សុន្ទរថា និងសំរងអត្ថបទ 22 វិច្ឆិកា 2019

សុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីអនាគតការងារនៅកម្ពុជា

សូមគោរព ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី និង​សហការី ជាទីរាប់អាន!

អរុណសួស្តី!

ជា​បឋម ខ្ញុំសូមអនុញ្ញាតសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​វត្តមាន​របស់​អ្នក​ចូលរួមទាំងអស់គ្នា —  មាន​តំណាង​របស់​រាជរដ្ឋាភិបាល សង្គមស៊ីវិល ផ្នែកេកជន វិស័យអប់រំសិក្សា និង​ប្រព័ន្ធផ្សព្វផ្សាយ — នៅក្នុងពិធីសម្ពោធ​ថ្ងៃនេះ​នូវ​របាយការណ៍ថ្មីមួយទៀតរបស់ធនាគារពិភពលោក ដែលមានឈ្មោះថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់​ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» យើងខ្ញុំមានសេចក្តីរីករាយណាស់ ដោយ​មានវត្តមាន​របស់​ភ្ញៀវទាំងអស់នៅទីនេះ ក្នុងនោះមាន​តំណាង​មក​ពី​ក្រសួង​និង​វិស័យនានា ដែល​ជា​សក្ខីភាព​បង្ហាញឱ្យឃើញនូវ​ការ​យកចិត្តទុកដាក់​ចំពោះ​សារៈសំខាន់​នៃ​របៀបវារៈមុខរបរការងារ​នៅ​ក្នុង​ប្រទេសកម្ពុជា។ 

រឿងរ៉ាវជុំវិញវិស័យការងារក្នុង​ប្រទេសកម្ពុជា គឺជាជំពូកដ៏សំខាន់មួយនៅក្នុងដំណើរ​ ជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ក្នុង​ប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកធ្វើគោលនយោបាយ និងសេដ្ឋវិទូនៅកម្ពុជា និងនៅកន្លែងផ្សេងទៀត ទទួលស្គាល់សមិទ្ធផលទាំងឡាយដែលកម្ពុជា​សម្រេច​បាន ជាពិសេស ការសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបមធ្យម៧ភាគរយក្នុងមួយឆ្នាំ​ ជាងពីរទស​​វត្សរ៍​មកនេះ​ ដែល​ធ្វើ​ឱ្យ​អត្រានៃភាពក្រីក្រធ្លាក់ចុះជាប្រចាំ ប៉ុន្តែគេមិនត្រូវមើល​រំលង​ទេថា ​ការងារគឺជាយន្តការមួយដែលមនុស្សម្នាក់ៗ មើលឃើញអត្ថប្រយោជន៍របស់​វឌ្ឍនភាពនេះ។ ប្រជាជនទទួលបានផលច្រើន ​នៅពេលណាដែលពួកគេសំបូរឱកាសការងារធ្វើ មានប្រាក់ថ្លៃឈ្នួល​និង​ចំណូលកើនឡើង ហើយគុណភាពការងាររបស់ពួកគេកាន់​តែប្រសើរ។

ពលរដ្ឋកម្ពុជា​ជា​អ្នកប្រឹងប្រែងធ្វើការងារណាស់។ កម្ពុជា​មាន​ការងារ​ប្រមាណ​ជា​ ៨​លាន​ការងារ ដែលក្នុងនោះ​ ៨០ភាគរយ ជា​មនុស្ស​ពេញវ័យ។ ក្រោយពេលដែលកម្ពុជា​ចាប់​យក​យុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ​ ដែល​បើកចំហកាន់តែទូលាយ​សម្រាប់ទីផ្សារ​​អន្តរជាតិ និង​ការ​វិនិយោគបរទេស វិស័យឯកជន — និង​ជាពិសេស ឧស្សាហកម្មនាំចេញ — បានពង្រីកផលិតកម្ម​របស់ខ្លួន និង​ចំនួនឱកាស​ប្រកបដោយគុណភាពសម្រាប់​ពលករកម្ពុជា​ផង​ដែរ។ រវាងឆ្នាំ២០១០ និង​ឆ្នាំ​២០១៥ ចំនួនការងារ​មាន​ប្រាក់​ឈ្នួល​បានកើន​ជិត​១២ភាគរយក្នុងមួយឆ្នាំ ដែលក្នុងនោះ​ចំនួនមួយភាគបីជា​ការងារ​មាន​ប្រាក់​ឈ្នួល​ក្នុង​ក្រុមហ៊ុនកាន់កាប់ដោយជនបរទេស។

យ៉ាងណាក៏ដោយ ទន្ទឹម​នឹងជោគជ័យដែល​គំរូអភិវឌ្ឍន៍​របស់​កម្ពុជា​សម្រេច​បាន​នៅ​ក្នុង​ការ​ផ្តល់​ការងារ​បាន​កាន់​តែ​ច្រើន​និង​កាន់​តែល្អ — ហើយមិនបាច់សង្ស័យទេថា​ពិត​ជា​មានជោគជ័យពិតមែន — ឥឡូវនេះដល់ពេល​ដែល​ត្រូវ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​មើល​ថា​ត្រូវ​ធ្វើ​ដូចម្តេចទៀត​ដើម្បី​រក្សា​និរន្តរភាពរបស់​សមិទ្ធផលនេះ ឱ្យ​បាន​វែង​ឆ្ងាយ​ទៅមុខ​ទៀត។ សេដ្ឋកិច្ច​ពិភពលោកកំពុង​តែ​មាន​ការ​ប្រែ​ប្រួល កាន់​តែ​ខ្វះភាព​ប្រាកដ​ប្រជា ហើយជាមួយគ្នានេះ និន្នាការគ្រាក់ៗជាច្រើន — មានជាអាទ៌ ការកើនឡើងនូវ​ចំនួន​វណ្ណៈអ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​អាស៊ី និង​ដំណើរងាកទិស​របស់​លំនាំធ្វើ​ពាណិជ្ជកម្ម​ឆ្ពោះទៅរក​ស្វ័យប្រវត្តិកម្ម​និង​បដិវត្តន៍ឧស្សាហកម្ម៤.០ — នឹងធ្វើ​ឱ្យ​ប្រែប្រួល​ផង​ដែរ​នូវ​របៀប​ដែល​កម្លាំងទីផ្សារ​សាកល ​មានឥទ្ធិពលតម្រង់​ទិស​ការ​ងារ​នៅកម្ពុជា នា​ពេល​អនាគត​។ 

រាជរដ្ឋា​ភិបាល​កម្ពុជា ​យល់​ច្បាស់​ណាស់អំពី​សារៈសំខាន់​របស់​គោលនយោបាយ ដែល​ចាំបាច់​សម្រាប់​បញ្ចេញ​សក្តា​នុពល​សេដ្ឋកិច្ច​របស់កម្ពុជា​ឱ្យ​អស់​លទ្ធភាព ពី​ព្រោះ​គោលដៅនេះ​មាន​ភាពស្រប​គ្នា​ល្អណាស់​ជាមួយ​និងគោលដៅទាំងឡាយ ដែល​ត្រូវ​បានកំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រចតុកោណ​ទី៤ ដើម្បីកំណើន ការ​ងារ សមធម៌ និង​ប្រសិទ្ធភាព។ 

នៅធនាគារពិភពលោក យើងចូលរួមចែករំលែកជាមួយចក្ខុវិស័យការ​ងារ​នេះ ដែល​បន្ស៊ីគ្នា​ជាមួយ​នឹង​ការ​សង្កត់​ធ្ងន់ ដែល​បាន​យើង​ដាក់​ទៅលើ​ការលើក​ស្ទួយ​​ការ​​អភិវឌ្ឍ​មនុស្ស និង​ជំរុញ​កំណើន​វិស័យ​ឯកជន នៅ​ក្នុង​ឯកសារ​ «ក្របខណ្ឌ​ភាព​ជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣» របស់​យើង។   

ដោយ​ពិចារណាចក្ខុវិស័យរួមនេះ​សម្រាប់​អនាគត ដែល​នឹង​ផ្តល់​ការ​ងារ​កាន់​តែ​ច្រើន កាន់​តែល្អ និង​កាន់​តែបរិយាប័ន្នដល់​ពលករកម្ពុជា ធនាគារពិភពលោក​មាន​កិត្តិយស​ដោយទទួល​បាន​ការ​អញ្ជើញ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ឱ្យ​ធ្វើ​ការ​រៀបចំផលិត​របាយ​ការណ៍នេះ ក្រោម​ចំណងជើងថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់​ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ»​ការសិក្សា​មួយនេះគឺ​​ជា​លើក​ដំំបូងហើយ ដោយ​វា​បាន​គូស​ចេញជា​រូបភាព​គ្រប់​ជ្រុង​ជ្រោយ​មួយ​ស្តីពីអេកូឡូស៊ី​ការ​ងារ​នៅកម្ពុជា តាម​រយៈ​ការផ្គុំចូលគ្នានូវ​ជំនាញ​ និង​ទស្សនវិស័យ​អំពីការ​ងារពីសំណាក់​អ្នក​ឯកទេសពហុវិញ្ញសា៖ មាន​ខាង​ភាពក្រីក្រ,​ ម៉ាក្រូសេដ្ឋកិច្ច, ការ​អភិវឌ្ឍវិស័យឯកជន, ឧស្សាហកម្ម, ពាណិជ្ជកម្ម, ជំនាញ, និង​ ពលកម្ម។ ក្រុម​សេដ្ឋវិទូរបស់​យើង​បាន​ធ្វើ​ការ​ប្រមូលនិង​វិភាគទិន្នន័យ ស្រង់​យក​មេរៀនពីប្រទេស​ផ្សេងៗ ធ្វើ​ការ​ពិគ្រោះយោបល់​ជាមួយ​ផ្នែកសាធារណៈ ឯកជន និង​សង្គមស៊ីវិល​នៅ​ប្រទេស​កម្ពុជា ហើយ​សង្ខេបរបកគំហើញ​​និង​សំណើ​អនុសាសន៍​មកដាក់​នៅ​ក្នុង​របាយការណ៍នេះ ដែល​អ្នក​ចូល​រួម​ទាំង​គ្នា​បាន​ឃើញ​ស្រាប់​នៅថ្ងៃនេះ។ 

នៅ​ក្នុង​ការ​រៀបចំតាក់តែងរបាយការណ៍នេះ បេសកកម្មគន្លឹះរបស់យើង​គឺ​នៅ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​គោលនយោបាយណាដែល​អាចមានឥទ្ធិពល អាច​ធ្វើ​បាន មាន​និរន្តរភាព ហើយ​អាច​វាស់​ស្ទង់សមិទ្ធផល​បាន ដែល​នឹង​ជួយ​និង​ត្រៀមលក្ខណៈពល​ករ​កម្ពុជា​សម្រាប់​ឈាន​ទៅ​ទាញ​យក​ផល​ពី​កម្លាំងសេដ្ឋកិច្​ ដែល​នឹង​តម្រង់​ទិស​សេដ្ឋកិច្ច​របស់​ប្រទេស​នា​ពេល​អនាគត។ គោលនយោបាយតាមវិស័យជាក់លាក់ និង​តាមបែបសេដ្ឋកិច្ច​ទូលំទូលាយ ដែល​មាន​រៀបរាប់​ពិស្តារនៅ​ក្នុង​របាយការណ៍នេះ អាច​ផ្គុំចូល​គ្នា​ធ្វើ​ជា​យុទ្ធសាស្ត្របួនមុខព្រួញស្របគ្នា ដូចខាងក្រោមនេះ៖    

  • ទីមួយ កម្ពុជាគួរ​ធ្វើពិពិធកម្មវិស័យនាំចេញរបស់ខ្លួន​ ហើយបោះជំហានចូលក្នុង​សកម្មភាពសេដ្ឋកិច្ចទាំឡាយណា​ដែល​មានតម្លៃបន្ថែមកាន់តែខ្ពស់នៅ​​ក្នុងខ្សែចង្វាក់តម្លៃ ដើម្បី​បង្កើន​ឱកាស​ការងារ​មាន​គុណភាព​សម្រាប់​វិស័យ​នាំចេញ។
  • ទីពីរ គុណភាពការងារ​នៅ​ក្នុង​ក្រុមហ៊ុនគ្រប់គ្រងដោយ​អ្នកក្នុងស្រុក រាប់​ទាំង​អាជីវកម្មតាមគ្រួសារផង ត្រូវ​តែមាន​ការ​កែលម្អ​ឱ្យ​បាន​ប្រសើរឡើង​ថែម​ទៀត។ វិស័យ​ឯកជន​ចាំបាច់​ត្រូវ​មាន​ការ​គាំទ្រ​ដើម្បី​បង្កើត​បផលិត​ភាព​សហគ្រាស​របស់​ខ្លួន និង​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​ធុនតុចនិង​មធ្យម​អាចលូតលាស់​និង​បង្កើត​ការ​ងារ​បានកាន់​តែ​​ច្រើន​។ 
  • ទីបី ត្រូវ​ពង្រឹង​ថែម​ទៀត​នូវ​តំណភ្ជាប់​រវាង​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​ជន​បរទេស និង​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​ជន​ក្នុង​ស្រុក ដើម្បីជួយ​វិស័យនីមួយៗឱ្យ​ទទួល​បាន​ផល​ពី​ការលូតលាស់​ និង​ការ​រីកចម្រើន​របស់​ផង​គ្នា។​
  • ទីបួន កម្ពុជា​ត្រូវវិនិយោគទៅលើ​ពលករ​របស់​ខ្លួន និង​ជំនាញ​របស់​ពលករ។ ការកែលម្អ​ជំនាញ​របស់​ពលករ​ឱ្យ​ប្រសើរឡើង​នឹង​ទាក់​ទាញ​ការ​វិនិយោគ​បរទេស និង​បង្កើន​ផលិតភាព​របស់​ពលកម្ម បាន​ថែមទៀត។ វា​មិន​គ្រាន់​តែនឹង​ជួយ​ទ្រ​ទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ នា​ពេល​អនាគតប៉ុណ្ណោះទេ ប៉ុន្តែវា​នឹង​បង្កើន​ផលចំណេញ​​សេដ្ឋកិច្ច​ដែល​នឹង​ធ្លាក់​ទៅដល់​ដៃ​របស់​ពលករ​កម្ពុជា​ ផង​ដែរ។  

ថ្វីបើ​កម្ពុជា​​សម្រេច​បាន​វឌ្ឍនភាព​​ក្នុង​ផ្នែក​អប់​រំ​បណ្តុះ​បណ្តាល​កម្លាំង​ពលកម្ម​ របស់​ខ្លួនក៏ពិតមែន ការ​ងារ​នៅ​កម្ពុជា​កំពុង​តែក្លាយ​ជា​ការ​ងារ​បែបអតិពលកម្ម​កាន់​តែ​ខ្លាំងឡើងៗ ហើយ​និង​កំពុង​តែ​តម្រូវ​ឱ្យ​មាន​ល្បាយ​ចម្រុះគ្នា​រវាង​ជំនាញ​រឹង និង​ជំនាញ​ទន់។ ប្រការ​នេះ​នឹង​តម្រូវ​ឱ្យ​ប្រព័ន្ធអប់រំត្រូវអភិវឌ្ឍ​និង​ផ្តល់​នូវ​កម្រង​ជំនាញមួយ​មាន​ភាព​ចម្រុះស្រប​តាម​តម្រូវការ​របស់​ទីផ្សារ ក្នុងនោះរួម​មាន​ជំនាញ​ផ្នែក​កម្រិត​យល់​ដឹង, ផ្នែក​សង្គម-ផ្លូវចិត្ត​, និង​ផ្នែក​អក្ខរកម្ម​ឌីជីថល។ អាស្រ័យហេតុនេះហើយ ខ្ញុំរីករាយ​ណាស់​ដោយឃើញថា​ អនុសាសន៍​របស់​របាយការណ៍នេះ​ ទាក់​ទង​នឹង​យុទ្ធសាស្ត្រ​ជំនាញ ត្រូវ​បាន​បំពេញបន្ថែម​ដោយ​របកគំហើញ​នៃ​របាយការណ៍​មួយ​ទៀត​របស់​ធនាគារពិភពលោក គឺ របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ​២០១៨៖ បទពិសោធណ៍ឆ្ពោះទៅសម្រេច​ឱ្យ​បាន​ការ​សន្យ​របស់​ការ​អប់រំ ដែល​បាន​រំលេច​អំពី​យុទ្ធសាស្ត្រ​សម្រាប់​បង្កើតប្រព័ន្ធ​ និង​បរិស្ថាននានា​ដែល​ជួយ​ដល់​ការ​រៀនសូត្រ។  

ឯកឧត្តម សហការី លោក និង​លោកស្រី!

ដូចខ្ញុំ​បាន​និយាយ​មុននេះ ភាពសំបូរបែប និង​គុណភាព​ការ​ងារ​នៅ​កម្ពុជា​មាន​ភាពប្រសើរ​ឡើង​បន្តិចម្តងៗហើយ។ ប៉ុន្តែ និន្នាការ​សាកល ដូចជា​កំណើន​វណ្ណៈអ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​អាស៊ី, បម្រែបម្រួលនៃលំនាំធ្វើ​ពាណិជ្ជកម្ម, និង​ស្វ័យប្រវត្តិកម្ម តម្រូវ​ឱ្យ​កម្ពុជា​គិតគូរឡើងវិញអំពីយុទ្ធសាស្ត្រ​ការ​ងារ​របស់​ខ្លួន នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​ កំពុង​បោះជំហាន​ទៅ​រកដំណាក់កាលមួយទៀតនៃការអភិវឌ្ឍដែលនាំមុខ​ដោយ​ការ​នាំ​ចេញ។

ជាទីបញ្ចប់ ហើយក៏សំខាន់​ផង​ដែរ ជោគជ័យនៃយុទ្ធសាស្ត្រ​ការ​ងារ​របស់​កម្ពុជា​នឹង​អាស្រ័យលើ​ការ​ចូលរួម និង​សហប្រតិបត្តិការ​ពីសំណាក់​ភាគីពាក់ព័ន្ធ​ក្នុង​គ្រប់​ផ្នែក​នៃសេដ្ឋកិច្ច មិន​មែន​​អ្នកធ្វើ​គោលនយោបាយនិង​ថ្នាក់​ដឹកនាំរដ្ឋាភិបាល​ប៉ុណ្ណោះទេ ប៉ុន្តែ​មាន​សហគ្រិន វិនិយោគិន ដៃគូអភិវឌ្ឍន៍ ហើយ​ជា​ពិសេស គឺពលករខ្លួនឯងនេះតែម្តង។ 

យើងសង្ឃឹមថា ព្រឹត្តិការណ៍នៅថ្ងៃនេះ​អាចជំរុញឱ្យ​មាន​ការ​សន្ទនា​បែបស្ថាបនា​​ផុស​ផុល​ថែមទៀតជុំវិញ​វិញ្ញាសាការងារ​ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​យើង​សូមសង្ឃឹមទៀតថា របាយការណ៍នេះ នឹង​ជំរុញលើកទឹកចិត្ត​ល់​តួអង្គទាំងអស់​ដែលមាន​ការពាក់ព័ន្ធក្នុង​ការ​កំណត់​ទិស​សេដ្ឋកិច្ច​របស់​កម្ពុជា ឱ្យ​ចូលរួមសហការគ្នា​ថ្ងៃនេះ​ ដើម្បី​ចាប់​ផ្តើម​ចាក់គ្រឹះ​ដែលនឹង​ធានា​ឱ្យ​មាន​ជោគជ័យ​ក្នុង​វិស័យ​ការ​ងារ​នេះ នៅ​ថ្ងៃអនាគត។

សូមអរគុណ!

Api
Api