- add-style
- font-medium
- lp-body-content
វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ – ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។
ឥណទាននេះគឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះបន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរមានគុណភាពខ្ពស់”។ លោកស្រី បានបន្ថែមទៀតថា៖ “ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។”
ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចបានស្តារស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៃបែបផែនកំណើនរបស់ប្រទេសនេះ។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាពមានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។ សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឱ្យមានការរងការប៉ះទង្គិចពីសំណាក់ស្ថានការណ៍អង្រួនកន្ត្រាក់ណាស់។ ប្រទេសនេះក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។
ឥណទានថ្មីនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជំនួយនេះនឹងជួយបង្កើតបរិយាកាសអំណាយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌។ ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់នៃសារពើពន្ធតាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន តាមរយៈសញ្ញាបណ្ណជាតិ។
ឥណទានថ្មីនឹងជួយសម្រួលផងដែរ ដល់ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរងគ្រោះឱ្យបានកាន់តែទូលំទូលាយ ក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ។
លោក ប៊ូ សារឿន
Mark Felsenthal
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style