Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

សេចក្តីប្រកាសព័ត៌មាន 22 វិច្ឆិកា 2017

របាយការណ៍របស់ធនាគារពិភពលោក៖ កម្ពុជាបន្តទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ និងបោះជំហានឈានឡើងក្នុងខ្សែសង្វាក់តមៃ្លវិស័យកម្មន្តសាល

ប្រព័ន្ធផ្សព្វផ្សាយចម្រុះ


ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ត បានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបាននូវភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម ៦,៨ភាគរយនៅក្នុងឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៦ ដែលមានអត្រា ៧ភាគរយ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលផ្សព្វផ្សាយថ្ងៃនេះ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់និងផលិតផលវាយណភ័ណ្ឌដទៃទៀត មានបរិមាណធម្យម ក៏ប៉ុន្តែ ទស្សនវិស័យរយៈពេលមធ្យម នៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញច្រើនប្រភេទទំនិញនិងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជាបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចមួយដែលបោះជំហានឈានឡើងក្នុងខ្សែសង្វាក់តម្លៃវិស័យកម្មន្តសាលមានការកើនឡើង ដូចជា ពីការកើនតែផ្នែកកាត់ដេរ មកកើនផ្នែកអគ្គិសនី និងគ្រឿងបម្លាស់យានយន្ត ហើយនោះគឺជាការអភិវឌ្ឍមួយដែលប្រកបដោយក្តីសង្ឃឹម។ ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគនិងពង្រីកការនាំចេញច្រើនប្រភេទទំនិញ កម្ពុជានឹងចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់លើអគ្គិសនីនិងភស្តុភារ ព្រមទាំងគម្លាតនៃជំនាញ។”​​​​ 

កំណើនសេដ្ឋកិច្ចពិតប្រាកដ ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ គឺកើនឡើងដល់ ៦,៩ភាគរយ នៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែ ការធ្លាក់ចុះដែលអាចកើតឡើងនៃសេដ្ឋកិច្ចនៅក្នុងតំបន់ ជាពិសេស នៅក្នុងប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើតមានឡើងទាក់ទងនឹងការបោះឆ្នោត បង្កនូវហានិភ័យចំពោះទស្សនវិស័យនេះ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍ (ចំនួនមកដល់នៃអ្នកទេសចរណ៍ មិនស្ថិតថេរ) របាយការណ៍នេះ ស្នើឲ្យបង្កើនសក្តានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅនិងផលិតផលសម្រាប់អ្នកទេសចរណ៍ និងតាមរយៈតភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍។ របាយការណ៍នេះ ក៏បានផ្តល់អនុសាសន៍ផងដែរ ឲ្យផ្តល់នូវការគាំទ្របន្ថែមទៀតដល់កសិករនានាដែលបានទទួលរងផលប៉ះពាល់ដោយសារតែតម្លៃកសិផលធ្លាក់ថៃ្ល ដែលកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះដើម្បីចូលទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឲ្យបានច្រើនប្រភេទ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ប្រចាំឆមាស ដែលផ្តល់ជូននូវព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ទាំងរយៈពេលខ្លីនិងរយៈពេលមធ្យម។


ទំនាក់ទំនង

នៅភ្នំពេល
លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
Api
Api