សេចក្តីប្រកាសព័ត៌មាន 9 តុលា 2017

ធនាគារពិភពលោក ៖ កាគ្រប់គ្រងការធ្វើចំណាកស្រុកបានប្រសើរ អាចជួយបង្កើនដល់សុខមាលភាពនិងកំណើនសេដ្ឋកិច្ចនៅអាស៊ាន

គោលនយោបាយចំណាកស្រុកនិងស្ថាប័ននានា គួរធ្វើឡើងឲ្យសមស្របទៅនឹងការវិវន្តនៃសេដ្ឋកិច្ច

សឹង្ហបូរី ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៧ ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតលើទេសន្តប្រវេសន៍ (ការធ្វើចំណាកស្រុក) ដើម្បីស្វែងរក​ការ​ងារ អាចជួយបង្កើនសុខមាលភាពរបស់កម្មករ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែប្រសើរ។

យោងតាមរបាយការណ៍ ដែលមានចំណងជើងថា ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាស  បានឲ្យដឹងថា ចំណាកស្រុកទៅក្រៅប្រទេសនៅក្នុងតំបន់អាស៊ាន បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងចន្លោះពីឆ្នាំ១៩៩៥ ដល់ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សឹង្ហបូរី និងថៃឡង់ ទៅជាទីកន្លែងសម្រាប់ពលករចំណាកស្រុក ចំនួន ៦,៥លាននាក់ រស់នៅក្នុងតំបន់នេះ គឺស្មើនឹង ៩៦ភាគរយនៃចំនួនពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន។

ប្រាក់ដែលពលករផ្ញើទៅកាន់ប្រទេសកំណើនរបស់ខ្លួន​នៅក្នុងតំបន់អាស៊ាន មានប្រមាណ ៦២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៥។ ប្រាក់ដែលផ្ញើពីខាងក្រៅគឺមាន១០ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសហ៊្វីលីពីន ស្មើ ៧ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសវៀតណាម ស្មើ ៥ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសមីយ៉ាន់ម៉ារ និងស្មើ ៣ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។

ពលករចំណាកស្រុកនៃប្រទេសអាស៊ានដែលមានជំនាញទាបនិងភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវ បានធ្វើបម្លាស់ទីដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ភាគច្រើននៅក្នុងវិស័យសំណង់ ដាំដុះ និងការបម្រើតាមផ្ទះ។ មានការងារដែលទទួលបានប្រាក់ខែខ្ពស់ៗត្រូវការអ្នកធ្វើ ក៏ប៉ុន្តែពលករជាច្រើនជានិច្ចជាកាលគ្មានលទ្ធភាពអាចឆក់យកអត្ថប្រយោជន៍ពីឱកាសទាំងនេះ ឬការងារបែបនេះទេ។ សហគមន៍សេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមសម្របសម្រួលដល់បម្លាស់ទីពលកម្មហើយ ក៏ប៉ុន្តែ បទបញ្ញត្តិជាច្រើន គឺគ្របដណ្តប់តែទៅលើអ្នកមានមុខរបរអាជីពជាក់លាក់ ដូចជា វេជ្ជបណ្ឌិត ទន្តពេទ្យ គិលានុប្បដ្ឋាក វិស្វករ ស្ថាបត្យករ គណនេយ្យករ និងអ្នកអាជីពផែ្នកទេសចរណ៍ ឬស្មើនឹង ៥ភាគរយប៉ុណ្ណោះនៃការងារនៅក្នុងតំបន់នេះ។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ជាមួយនឹងការជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវ ប្រទេសបញ្ជូនពលករចេញ អាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃចំណាកស្រុកទៅក្រៅប្រទេស ស្របពេលដែលមានការគាំពារពលករចំណាកស្រុកដែលជ្រើសរើសទៅធ្វើការក្រៅប្រទេស។ នៅក្នុងប្រទេសទទួលយកពលករ ពលករបរទេសអាចបំពេញនូវកង្វះខាតកម្លាំងពលកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនីរន្តរភាព ប្រសិនបើគោលនយោបាយទេសន្តប្រវេសន៍ដើរស្របគ្នាជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ច។ គោលនយោបាយមិនសមស្រប និងស្ថាប័នមិនមានប្រសិទ្ធិភាព មានន័យថា តំបន់នេះ កំពុងតែបាត់បង់ឱកាសទទួលបានប្រយោជន៍ដ៏ពេញលេញពីទេសន្តប្រវេសន៍នេះ។”

ជាទូទៅ នីតិវិធីទេសន្តប្រវេសន៍ នៅទូទាំងតំបន់អាស៊ាន នៅមានកម្រិតនៅឡើយ។ របាំងជាច្រើនដូចជា ដំណើរការនៃការជ្រើសរើសពលករដែលត្រូវចំណាយខ្ពស់និងប្រើរយៈពេលយូរ  កូតាដែលមានលក្ខណៈរឹតត្បិតលើចំនួនពលករបរទេសដែលបានអនុញ្ញាតនៅក្នុងស្រុក និងគោលនយោបាយការងារតឹងរឹង បានកំហិតជម្រើសការងាររបស់កម្មករ និងធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពរបស់ពួកគេ។ គោលនយោបាយដែលមានលក្ខណៈរឹតត្បិត ជាផ្នែកមួយដែលទទួលរងឥទ្ធិពលពីការយល់ឃើញថា ការហូរចូលនៃពលករចំណាកស្រុក នឹងមានផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចរបស់ប្រទេសទទួលពលករ។ ក៏ប៉ុន្តែ ភស្តុតាងជាក់ស្តែង គឺវាផ្ទុយពីការគិតនេះ។ នៅក្នុងប្រទេសម៉ាឡេស៊ី ភស្តុតាងស្រដៀងគ្នានេះដែរ បានបង្ហាញថា កំណើនជាក់ស្តែង ១០ភាគរយនៃពលករអន្តោរប្រវេសន៍ដែលមានជំនាញទាបទៅធ្វើការទីនោះ បានធ្វើឲ្យផលិផលសរុបក្នុងស្រុកជាក់ស្តែងកើនឡើង ១,១ភាគរយ។ នៅក្នុងប្រទេសថៃ ការវិភាគថ្មីៗនេះបានរកឃើញថា បើគ្មានពលករអន្តោប្រវេសន៍នៅក្នុងកម្លាំងពលកម្មទេ នោះផលិតផលសរុបក្នុងស្រុកនឹងធ្លាក់ចុះ ០,៧៥ភាគរយ។

សេដ្ឋកិច្ចវិទូផ្នែកការគាំពារសង្គមនិងការងាររបស់ធនាគារពិភពលោក លោក ម៉រ៉ូ តេស្តាវើដ ដែលជាអ្នកដឹកនាំសរសេររបាយការណ៍នេះ បានមានប្រសាសន៍ថា “មិនថាពលករចង់ធ្វើចំណាកស្រុកទៅកាន់ទីណាទេនៅក្នុងតំបន់អាស៊ាននេះ ពួកគេប្រឈមនឹង​បម្លាស់ទីដែលត្រូវចំណាយបីឬបួនដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ការកែលម្អដំណើរការនៃការធ្វើចំណាកស្រុក អាចជួយកាត់បន្ថយថ្លៃចំណាយរបស់ពលករទាំងនេះនាពេលអនាគត និងជួយប្រទេសទាំងនេះឆ្លើយតបបានប្រសើរទៅនឹងតម្រូវការទីផ្សារពលកម្មរបស់ខ្លួន។”

ផលប៉ះពាល់នៃបម្លាស់ទីពលកម្មទៅលើផែនការសេដ្ឋកិច្ចរបស់តំបន់នេះ អាចមានទំហំធំ ព្រោះការធ្វើចំណាកស្រុកអាចផ្តល់ដល់ពលករនានាដែលមកពីប្រទេសមានប្រាក់ចំណូលទាបជាងគេនូវឱកាសសម្រាប់បង្កើននូវប្រាក់ចំណូលរបស់ខ្លួន។ ផលប៉ះពាល់នៃការផ្ញើប្រាក់ទៅកាន់ប្រទេសកំណើនរបស់ខ្លួនលើផលិតផលសរុបក្នុងស្រុករបស់ជាតិ ក៏មានទំហំធំដែរ។ របាយការណ៍បានប៉ាន់ប្រមាណថា ការកាត់បន្ថយឧបសគ្គចំពោះបម្លាស់ទីពលកម្ម នឹងជួយធ្វើឲ្យប្រសើរឡើងដល់សុខមាលភាពរបស់កម្មករ គឺអាចបង្កើនសុខមាលភាពរបស់ពួកគេ បាន ១៤ភាគរយប្រសិនបើផ្តោតតែទៅលើក្រុមពលករដែលមានជំនាញខ្ពស់ និងអាចបង្កើនបាន ២៩ភាគរយ ប្រសិនបើផ្តោតទៅលើក្រុមពលករទាំងអស់។

គោលនយោបាយជាច្រើន អាចត្រូវបានគេយកមកអនុវត្តដើម្បីធ្វើលើកម្ពស់ដល់បម្លាស់ទីការងាររបស់ពលករ។ គេចាំបាច់ត្រូវតែបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនជ្រើសរើសពលករនៅទូទាំងតំបន់នេះ ។ ប្រទេសហ៊្វីលីពីន ដែលបានបង្កើតប្រព័ន្ធគាំទ្រយ៉ាងល្អ អាចយកធ្វើជាគម្រូសម្រាប់ប្រទេសដទៃទៀតបាន។ ប្រទេសឥណ្ឌូណេស៊ី អាចកែលម្អការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងារពាក់ព័ន្ធនានានិងធ្វើបច្ចុប្បន្នភាពនីតិវិធីនានា។ ប្រទេសវៀតណាម អាចទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រទេសន្តប្រវេសន៍ជាតិ ដើម្បីដឹកនាំការធ្វើកំណែទម្រង់នានា។ ដំណើរការផ្លូវការងាយៗ អាចជួយកាត់បន្ថយតម្លៃពលករចំណាកស្រុកចេញក្រៅប្រទេស ជាពិសេស នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបជាងគេ ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ារ។

ប្រទេសដែលទទួលយកពលករ ក៏អាចណែនាំបង្ហាញផងដែរនូវវិធានការនានាដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនបំផុតពីបម្លាស់ទីពលកម្មនេះ។ ប្រទេសម៉ាឡេស៊ី អាចកែសម្រួលគោលនយោបាយចំណាកស្រុកតម្រូវទៅតាមតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសខ្លួន រួមទាំងតាមរយៈការកែតម្រូវប្រព័ន្ធកម្រៃពន្ធបច្ចុប្បន្នរបស់ខ្លួន និងតាមរយៈការពង្រឹងកិច្ចសម្របសម្រួលជាមួយប្រទេសបញ្ជូនពលករចេញ។ ប្រទេសថៃ អាចទទួលបានអត្ថប្រយោជន៍ពីការរៀបចំធ្វើឲ្យពលករខុសច្បាប់ក្លាយជាស្របច្បាប់ និងការបំពេញបែបបទឆ្លងចូលក្នុងប្រទេស ត្រូវចំណាយកាន់តែតិចជាងមុន។

ខណៈដែលប្រទេសសឹង្ហបូរី បានរៀបចំបង្កើតប្រព័ន្ធចំណាកស្រុកមួយដែលមានលក្ខណៈទំនើបនិងដំណើរការបានល្អ គេគួរតែបន្តផ្តោតការយកចិត្តទុកដាក់លើសុខមាលភាពរបស់ពលករចំណាកស្រុក។

របាយការណ៍ “ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាស”  នេះ ត្រូវបានរៀបចំដោយនាយកដ្ឋានប្រព័ន្ធការពារសង្គមនិងការងារសកលរបស់ធនាគារពិភពលោក។ សម្រប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយត៍ តាមអាសយដ្ឋានwww.worldbank.org/eap និងwww.worldbank.org/jobsanddevelopment


ទំនាក់ទំនង

នៅសឹង្ហបូរី
Dini Djalal
+65 9002-4412
ddjalal@worldbank.org
នៅវ៉ាស៊ីនតោន
Lívia Pontes
+1 202 473-8949
Lpontes@worldbank.org
Api
Api