- font-medium
- bg_blue_05
អត្ថបទថ្មីៗ
- នៅប្រទេសកម្ពុជា គម្រោងមួយចំនួនដែលគាំទ្រដោយធនាគារពិភពលោក ត្រូវបានធ្វើការកែសម្រួលឆ្ពោះទៅជួយការស្តារសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ១៩។
- កាលពីខែមេសា ឆ្នាំ២០២០ ធនាគាពិភពលោកបានអនុម័ត គម្រោងឆ្លើយតបបន្ទាន់ទៅនឹងកូវីដ១៩ ដែលមានតម្លៃទឹកប្រាក់ ២០លានដុល្លារអាមេរិក ព្រមទាំងបញ្ចេញថវិកា ១៤លានដុល្លារអាមេរិកថែមទៀត នៅក្រោមគម្រោងបង្កើនសមធម៌និងគុណភាពសុខាភិបាល (Health Equity and Quality Improvement)។
- ការស្ទង់មតិតាមទូរសព្ទដើម្បីតាមដានមើលសភាពនៃផលប៉ះពាល់របស់កូវីដ១៩ទៅលើក្រុមគ្រួសារ បានបង្ហាញថា សភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះចំណូលគ្រួសារមានភាពធូរស្រាលបន្តិចម្តងៗក្នុងឆ្នាំ២០២០។
- lp-body-content
- first-letter
នៅក្នុងវ័យជិតឈានចូលហុកសិបឆ្នាំទៅហើយ យូ ធី និង នាត ស៊ីម ដែលជាគូស្វាមីភរិយា ត្រូវតែបង្ខំចិត្តវិលត្រឡប់ទៅភូមិកំណើតនៅក្នុងឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំវិញ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩។
អ្នកទាំងពីរធ្លាប់ប្រកបការងារនៅខេត្តសៀមរាប ប៉ុន្តែពួកគាត់ ដូចមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសដែរ ត្រូវអស់ការងារធ្វើក្រោយពេលដែលការរាតត្បាតជំងឺទូទាំងសាកលលោក ធ្វើឱ្យលែងមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបទៀត។
សំណាងដែរ ដែលគាត់ទាំងពីរនាក់នៅមានដីធ្លីដែលគាត់អាចវិលត្រឡប់ទៅរកវិញបាន។ ចាប់តាំងពីពេលដែលគាត់បានត្រឡប់មករស់នៅក្នុងភូមិរបស់ខ្លួនវិញ គាត់ទាំងពីរនាក់បានខិតខំដាំដុះបន្លែ ចិញ្ចឹមមាន់ និងចៀរជ័រកៅស៊ូនៅលើដីទំហំ ១,៥ហិកតារបស់គាត់។ ក្រៅពីការផ្គត់ផ្គង់ដល់ការហូបចុកក្នុងគ្រួសារ គាត់រកបានចំណូលប្រហែល ៦០ម៉ឺនរៀល ($150) ពីការលក់បន្លែក្នុងមួយរដូវ។ គាត់លក់ជ័រកៅស៊ូបានប្រហែល ៨០ម៉ឺនរៀល ($200) ក្នុងមួយខែ រីឯមាន់ចំនួន ៨០ក្បាលក៏ជិតគ្រប់អាយុលក់បានដែរ។
កំពុងអង្គុយលើគ្រែឫស្សីក្រោមម្លប់ស្វាយនៅក្បែរផ្ទះ លោក ធី រៀបរាប់បទពិសោធន៍គ្រួសាររបស់គាត់ទាំងទឹកមុខញញឹម។ គាត់ពោលដូច្នេះថា៖ “យើងសប្បាយចិត្តណាស់ដោយយើងមានផ្ទះសម្បែង និងដីធ្លី។ ប្រសិនបើគ្មានទេ ពួកយើងប្រហែលជាត្រូវរងការប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩ នេះជាមិនខាន និងប្រហែលជាត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយដើម្បីស៊ីឈ្នួលពលកម្មគេទៀតហើយ។”
គ្រួសាររបស់លោកធី ដែលមានកូនពីរនាក់ ស្ថិតក្នុងចំណោមមនុស្ស២៥០គ្រួសារដែលបានទទួលដីតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (Land Allocation for Social and Economic Development – LASED) ដែលគាំទ្រដោយធនាគារពិភពលោក។ គ្រួសារទាំងនេះពីមុនជាពលរដ្ឋក្រគ្មានដី ឬមានដែរតែមានតិចតួច។
ថ្វីដ្បិតតែលោកធី និងប្រពន្ធគាត់ កាលនៅធ្វើការនៅសៀមរាប ធ្លាប់រកលុយបានគ្រប់គ្រាន់សម្រាប់ដោះបំណុលដ៏ធ្ងន់ធ្ងរក៏ដោយ ទាំងពីរនាក់គ្មានផែនការថានឹងវិលទៅសៀមរាបវិញទេ នៅពេលណាភ្ញៀវទេសចរចាប់ផ្តើមវិលមកកម្ពុជាសាជាថ្មី។ គាត់ទាំងពីរនាក់សប្បាយចិត្តជាងក្នុងការប្រឹងបង្កបង្កើនផល ចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងទៀតនៅលើដីរបស់ខ្លួន។
យុន ឡេងស៊ឹង អាយុ៣០ឆ្នាំ និងប្តីរបស់គាត់ ផា សុភ័ន អាយុ២៩ឆ្នាំ ក៏ឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នាដែរ។ ពីរនាក់ប្តីប្រពន្ធវ័យក្មេងនេះបានវិលទៅរស់នៅក្នុងផ្ទះឪពុកម្តាយក្នុងខេត្តក្រចេះវិញ កាលពីពាក់កណ្តាលឆ្នាំ២០២០ បន្ទាប់ពីអស់ការងារធ្វើក្នុងវិស័យសំណង់នៅប្រទេសថៃមក។ ពួកគេធ្លាប់ចំណាយពេលជិត១០ឆ្នាំធ្វើការនៅទីនោះ ហើយថ្វីដ្បិតតែពួកគេទាំងពីរនាក់អាចរកបានជិត៣លានរៀល ($750) ក្នុងមួយខែក្តី ក៏ពួកគាត់អាចសន្សំបានតិចតួចណាស់ ដោយសារតែការចំណាយនៅទីនោះខ្ពស់។
ឪពុកម្តាយរបស់នាង ឡេងស៊ឺង ទទួលបានដីមួយកន្លែងសម្រាប់សង់លំនៅ និងដី៣ហិកតាផ្សេងទៀតតាមរយៈគម្រោង LASED សម្រាប់យកទៅធ្វើការដាំដុះ។ ចាប់តាំងពីពេលមកដល់ស្រុកវិញ ពីរនាក់ប្តីប្រពន្ធវ័យក្មេងនេះបានជួយជ្រោមជ្រែងគ្នាពង្រីកការដាំដំឡូងមី។ ឆ្នាំនេះ ដំឡូងមីដុះបានល្អ ហើយពួកគេរំពឹងថានឹងប្រមូលផលបានប្រហែល១០តោន។ បើគិតតាមថ្លៃបច្ចុប្បន្ន ៤៥០រៀលក្នុងមួយគីឡូ ពួកគាត់អាចនឹងរកបានចំណូលបានជិត ៤,៥លានរៀល ($1,125)។ នាង ឡេងស៊ុន ពោលដូច្នេះថា៖ “កាលណាកូវីដ១៩ចប់ ក៏ពួកយើងមិនទៅថៃវិញទៀតទេ។ ប្តីខ្ញុំ និងខ្ញុំ នឹងនៅទីនេះជួយមើលដំណាំ និងថែទាំឪពុកម្តាយរបស់យើងវិញ។”
គម្រោង LASED នេះត្រូវបានអនុវត្តរួមគ្នាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មកទល់ពេលនេះ គម្រោងបានជួយគ្រួសារជនបទប្រហែល ៥០០០គ្រួសារហើយឱ្យទទួលបានដីកាន់កាប់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ នៅក្នុងឆ្នាំកន្លងទៅ ជិត៥០គ្រួសារដែលទទួលដីតាមរយៈគម្រោងនេះ បានវិលទៅធ្វើការដាំដុះលើដីរបស់ខ្លួនដើម្បីរកចំណូលឱ្យគ្រួសារ ក្រោយពីត្រូវបានបាត់បង់ការងារដោយសារតែការរាតត្បាតជំងឺកូវីដ១៩។
គម្រោងនេះបានដើរតួនាទីសំខាន់មួយនៅក្នុងការជួយពលរដ្ឋកម្ពុជាឱ្យជម្នះបាននូវផលអាក្រក់ពីជំងឺកូវីដ១៩ ហើយវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារពិភពលោក សម្រាប់ជួយស្តារសេដ្ឋកិច្ចកម្ពុជាឱ្យរើបឡើងវិញ។ នៅក្នុងការជួយជ្រោមជ្រែងដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ធនាគារបានអនុម័តលើគម្រោងឆ្លើយតបបន្ទាន់ទៅនឹងកូវីដ១៩ ដែលមានតម្លៃទឹកប្រាក់ ២០លានដុល្លារអាមេរិក, បញ្ចេញថវិកា ១៤លានដុល្លារអាមេរិកថែមទៀត នៅក្រោមគម្រោងបង្កើនសមធម៌និងគុណភាពសុខាភិបាល និងធ្វើការសហការជាមួយគម្រោងគម្រោងទ្រទ្រង់ប្រព័ន្ធអប់រំបំប៉នជំនាញគ្រូពេទ្យមុនចូលបម្រើការងារ Strengthening Pre-service Education System for Health Professionals project ដើម្បីកសាងប្រព័ន្ធផ្តល់សេវាសុខាភិបាលរឹងមាំមួយនៅក្នុងប្រទេស។
ក្រៅពីនេះ គម្រោងមួយចំនួនទៀតដែលគាំទ្រដោយធនាគារពិភពលោក បានធ្វើការកែសម្រួលកម្មវិធីរបស់ខ្លួនដើម្បីជួយលៃលកផលប៉ះទង្គិចរបស់កូវីដ១៩ផងដែរ។ គម្រោងបង្កើនគុណភាពឧត្តមសិក្សា បានវិនិយោគទឹកប្រាក់ ៥លានដុល្លារអាមេរិក ទៅលើការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កលទ្ធភាពឱ្យសិស្សជិត ៣លាននាក់ នៅកម្រិតមតេ្តយ្យ បឋមសិក្សា និងកម្រិតចំណេះទូទៅ អាចរៀនពីផ្ទះបាននៅពេលដែលសាលារៀនត្រូវបានបិទទ្វារដោយសារកូវីដ១៩។ គម្រោងបង្កើនពិពិធកម្មវិស័យកសិកម្ម បានផ្តល់ហិញ្ញប្បទាន១០លានដុល្លារអាមេរិកទ្រទ្រង់សកម្មភាពនានាសម្រាប់ដោះស្រាយបញ្ហាសន្តិសុខស្បៀងរបស់ក្រុមពលរដ្ឋងាយរងគ្រោះ។ ទន្ទឹមគ្នានោះដែរ គម្រោងបង្កើនការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ កំពុងជួយពង្រីកការតភ្ជាប់បណ្តាញទឹកនៅតាមមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងផ្តល់ឧបករណ៍សម្រាប់ឈរលាងដៃនៅតាមផ្ទះក្នុងបណ្តាសហគមន៍មានចំណូលតិចតួច។
ដើម្បីតាមដានផលប៉ះពាល់របស់កូវីដ១៩ទៅលើគ្រួសារបន្តទៀត ធនាគារពិភពលោក និងវិទ្យាស្ថានជាតិស្ថិតិ បានរៀបចំនិងធ្វើការអង្កេតយ៉ាងប្រញឹកមួយតាមប្រព័ន្ធទូរសព្ទ។ ការអង្កេតជុំទីបី ដែលចប់សព្វគ្រប់នៅក្នុងខែតុលានិងវិច្ឆិកាឆ្នាំ២០២០ បានបង្ហាញលទ្ធផលថា បន្ទាប់ពីរងភាពរង្គោះរង្គើបណ្តាលមកពីការរាតត្បាតជំងឺនេះនៅគ្រាដំបូងមក ភាពមានការងារធ្វើនៅរក្សាលំនឹងបានគួរសម ដោយក្នុងនោះ អ្នកផ្តល់ចម្លើយចំនួន៦៥ភាគរយ នៅមានការងារធ្វើនៅឡើយ។ សឹងតែទាំងអស់គ្នាក្នុងចំណោម៦៥ភាគរយនេះ សុទ្ធតែនៅមានការងារដដែលដូចកាលក្នុងអំឡុងពេលនៃការធ្វើអង្កេតជុំមុនៗដែរ។ ការអង្កេតខែតុលាឆ្នាំ២០២០ ក៏បង្ហាញដែរថា ៥១ភាគរយនៃគ្រួសារបានឱ្យដឹងថាការធ្លាក់ចុះនៃចំណូលគ្រួសារមិនសូវមានសភាពធ្ងន់ធ្ងរដូចជុំមុនៗទេ បើធៀបទៅនឹង ៦៣ភាគរយកាលពីខែសីហា និង៨៣ភាគរយកាលពីខែឧសភា។
សូមចុចត្រង់នេះ Click here ដើម្បីទទួលបានព័ត៌មានថែមទៀតអំពីផលប៉ះពាល់របស់កូវីដ១៩ទៅលើជីវភាគគ្រួសារនៅកម្ពុជា។
ជាប់ទាក់ទិន
- lp-body-content
- first-letter