Skip to Main Navigation
publication 9 ធ្នូ 2021

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា , ធនាគារពិភពលោក៖ កម្ពុជាកំពុងរស់នៅជាមួយកូវីដ-១៩

World Bank Group


  •          នៅពេលនេះ ប្រទេសកម្ពុជាកំពុងរៀនរស់នៅជាមួយជំងឺកូវីដ-១៩។  ចាប់ពី​ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋា​ភិបាល​បានបន្ធូរបន្ថយវិធានការរឹតត្បិត ដោយ​បើក​ប្រទេសឱ្យដំណើរការ​ពេញលេញឡើងវិញ អមជា​មួយ​នឹង​ការ​បន្ត​អនុវត្ត​វិធានការ​ការ​ពារ​សុខភាព​ដែលមានជាធរមានស្រាប់។
  •         កំណើនជាក់ស្តែងនៃផលិតផលសរុប​ក្នុងស្រុក (ផ.ស.ស) របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំនេះ​ត្រូវ​បាន​ព្យាករថានឹងមានត្រឹម​ ២,២% ប៉ុណ្ណោះ ដោយសារមានករណីឆ្លងវីរុសកូវីដ-១៩​ច្រើន ដែលពន្យឺតដំណើររើបឡើងវិញនៃសេដ្ឋកិច្ច ជាពិសេសនៅ​​ក្នុង​វិស័យ​ទេសចរណ៍, លក់ដុំ និង​លក់​រាយ នៅក្នុងអឡុងពេលត្រីមាសទី២ និង​ត្រីមាសទី៣ នៃឆ្នាំ២០២១។
  •         វិស័យប្រពៃណីដែលជំរុញកំណើន​កន្លងមក ក្នុងនោះមានឧស្សាហកម្ម​ផលិតសម្លៀកបំពាក់, ទំនិញធ្វើដំណើរ, ស្បែកជើង និង​កង់ ព្រម​ទាំងវិស័យ​កសិកម្ម​ផង​ នៅ​តែ​បន្ត​ដើរតួនាទីសំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច។
  •         ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី, គ្រឿងអេឡិចត្រូនិក និង​គ្រឿងបន្លាស់យានយន្ត កំពុងតែមានសកម្មភាព​រើបឡើងវិញបន្តិចម្តងៗវិញ រីឯ​ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ជាពិសេស​ ផ្នែក​កែច្នៃ​អាហារ និង​ឈើ និងគ្រឿងសង្ហារិម ក៏កំពុងតែកម្រើកសកម្មភាពឡើងវិញដែរ។   
  •         បើទុកជាមានការរើបឡើងវិញនូវសកម្មភាពផលិតសម្រាប់នាំចេញ និង​ការពង្រីកការនាំចេញផលិតផល​កសិកម្ម​ក៏ពិតមែន  ឱនភាពផ្នែកពាណិជ្ជកម្ម​រីកទំហំកាន់តែធំ​គួរឱ្យកត់សម្គាល់។
  •         ស្ថានភាពហិរញ្ញវត្ថុ​នៅបន្តរក្សាបានភាពអំណោយផលល្អ ដោយសារ​មាន​ការ​បន្ធូរបន្ថយខ្លះ​នៅ​ក្នុង​គោល​នយោបាយ​រូបិយវត្ថុ។
  •         គិតត្រឹមខែតុលា ឆ្នាំ​២០២១ គ្រួសារចំនួន ៦៧៨ ៤៥៩ខ្នងផ្ទះ ឬសមមូលទៅនឹង ១៩ភាគរយនៃខ្នងផ្ទះ​ទាំងអស់ក្នុងប្រទេស បានទទួល​ការផ្ទេរប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
  •         ភាពក្រីក្រ​បន្តកើនឡើងខ្ពស់ជាងកាលមិនទាន់ការផ្ទុះជំងឺរាតត្បាតនេះ ពីព្រោះកម្រិតមានការ​ងារ​ធ្វើ​មិន​ទាន់​បាន​វិលទៅរកកម្រិតមុនមានផ្ទុះជំងឺកូវីដ-១៩ ហើយម៉្យាងវិញទៀត ផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះទៅលើ​អាជីវកម្មគ្រួសារដែលមិនមែនដាំដុះនៅតែ​បន្ត​មាន​សភាព​ធ្ងន់​ធ្ងរ សំខាន់​ដោយ​សារ​តែតម្រូវការ​របស់​អ្នកទទួលទាន​​ប្រើ​ប្រាស់​នៅខ្សោយនៅឡើយ។
  •         តាមការព្យាករ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើបឡើងវិញ​ក្រោយពីវិធាន​ការ​រឹតត្បិត​ពាក់​ព័ន្ធ​នឹង​កូវីដ-១៩ ត្រូវ​បាន​ដក​ចេញ។ នៅក្នុង​ឆ្នាំ​២០២២ ផ.ស.ស ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​សម្រេច​បាន​កំណើន ៤,៥%។
  •         ស្ថានភាពហិរញ្ញវត្ថុនៅតែបន្តប្រឈមហានិភ័យ​ពាក់ព័ន្ធការខាតបង់ផ្នែកសេដ្ឋកិច្ច ខណៈដែលគេមិន​អាច​ទស្សន៍ទាយ​បាន​អំពីការវិវត្តន៍របស់​​ជំងឺកូវីដ-១៩។ ការធ្លាក់ចុះនៃតម្រូវការលើសកលលោកអាច​នឹង​ជះឥ​ទ្ធិ​ពល​មិន​ល្អទៅលើ​វិស័យ​បម្រើការនាំចេញនៃសេដ្ឋកិច្ច ខណៈដែល​វិស័យទេសចរណ៍​អាច​នឹង​រើបឡើងវិញ​តែក្នុងដំណើរយឺតៗ ដោយសារ​មនុស្សម្នា​អាចនៅរារែក​ចិត្តអំពីការធ្វើដំណើរផ្លូវឆ្ងាយ បើទុក​ជា​វិធាន​ការ​រឹត​ត្បិត​ត្រូវ​បាន​បន្ធូរ​បន្ថយ​ហើយក៏ដោយ។ លើសពីនេះ កំណើនឥណទានខ្ពស់ និង​ការប្រមូលផ្តុំនៃកម្ចីក្នុង​ស្រុក​តែនៅក្នុង​វិស័យសំណង់និង​អចលនទ្រព្យ នៅតែជាហានិភ័យធំមួយ​ចំពោះ​ស្ថិរភាពហិរញ្ញវត្ថុ​របស់​កម្ពុជា។

ជម្រើសគោលនយោបាយ

ក្នុងការឈានទៅធ្វើ​ឱ្យ​សេដ្ឋកិច្ច​ស្ទុះងើបឡើងវិញ កម្ពុជា​ចាំបាច់​ត្រូវ​មាន​បរិស្ថាន​អំណោយ​ផល​មួយ​ដែល​អនុញ្ញាត​ឱ្យ​វិស័យជំរុញកំណើនធំៗ បន្ត​បង្កើន​ល្បឿន​ទៅមុខ​។ កំណែទម្រង់សំខាន់​ៗ​អាចរួម​មាន៖

  •         ការដាក់​ចេញ​វិធាន​និង​បទប្បញ្ញត្តិ​ច្បាស់​លាស់​ស្តីពី​ការ​រៀន​រស់​ជាមួយ​កូវីដ-១៩ ស្រប​តាម “គន្លងប្រក្រតីភាពថ្មី”
  •         ត្រូវ​មានវិធានការផ្នែក​​បទប្បញ្ញត្តិ​និង​ផ្នែក​សារពើ​ពន្ធ​ដែល​ជួយ​ដល់​ការ​រស់​រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍ និង
  •         ការ​ដាក់​ចេញ​ជា​បន្ទាន់នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និយោគថ្មី។

នៅពេលណាដែលការងើបឡើងវិញនៃសេដ្ឋ​កិច្ចបាន​លេចចេញជារូបរាងហើយ កម្ពុជាអាច​ចាប់​ផ្តើម​រៀបចំ​កែសម្រួល​លំហ​សារ​ពើពន្ធ​របស់​ខ្លួន​ឡើងវិញ ហើយទន្ទឹមគ្នានោះ បន្ត​តាមដាន​មើលលើគុណភាព​របស់ធនធាន និង​បង្កើន​ភាព​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។


ពហុសារព័ត៌មាន

Image
click
វីដេអូ

ការរំលេចស្ថានភាពផ្តោតលើវិស័យជាក់លាក់

  •         ជោគជ័យ​របស់​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ បាន​អនុញ្ញាត​ឱ្យ​ប្រទេស​​អាច​បើក​ទ្វារ​សា​លា​រៀន​ឡើង​វិញ​ក្រោយ​ពី​វា​ត្រូវ​បាន​បិទ​ទ្វារ​អស់​ពេល​ជា​យូរ​ក្នុង​ពេល​មាន​ការ​រាត​ត្បាត​នៃជំងឺ​នេះ​។
  •         កម្ពុជា​បានទទួលរង​ការ​ខាត​បង់​ធំធេង​នៅការរៀននៅ​ទូទាំង​ប្រទេស ដែលធ្វើ​ឱ្យវិបត្តិក្នុង​ការ​រៀនសូត្រ​​ដែល​មាន​ស្រាប់​ត្រូវ​ជួប​ការលំបាកកាន់តែធំថែមទៀត ដោយសារ​តែសាលា​រៀន​ត្រូវ​បិទទ្វារ​អស់​ពេល​ជា​យូរ​ក្នុងអំឡុងពេលមានការ​រាតត្បាតជំងឺ។
  •         បើទុកជា​​កម្មវិធី​រៀន​ពី​ចម្ងាយ​ច្រើន​បែប​យ៉ាងត្រូវ​បាន​រៀបចំ​សម្រាប់​​ផ្តល់ជូន​ក៏ពិតមែន សិស្ស​មួយចំនួន​នៅ​តែ​មិន​អាច​ប្រើប្រាស់​​វា​បាន ឬ មិន​បាន​ប្រើ​ប្រាស់​វា​សោះ​តែ​ម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬ​ដែលបោះបង់ចោលការសិក្សា​ នឹង​មានលទ្ធ​ភាព​អាច​រក​ចំណូលបានកាន់តែ​តិចនៅក្នុងមួយជីវិត​របស់​ខ្លួន ខុសពី​អ្នក​ដែល​បាន​រៀន​សូត្រ​គ្រប់​គ្រាន់។
  •         ពេលនេះ កម្ពុជា​មាន​ភាពចាំបាច់​ពីរ​យ៉ាង​ដែល​ត្រូវ​ដោះស្រាយ៖ ១) បើកសាលាររៀនឱ្យដំណើរការឡើងវិញ​ប្រកបដោយ​សុវត្ថិភាព និងប្រសិទ្ធភាព, ២) ទន្ទឹមគ្នានេះ កម្ពុជាត្រូវ​ធ្វើ​ឱ្យ​បាន​ប្រសើរ​ថែម​ទៀត​នូវ​ប្រព័ន្ធ​រៀន​ពី​ចម្ងាយ ប្រការ​សម្រាប់​ករណីដែល​សាលា​រៀន​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ម្តងទៀត។
  •         ក្រសួងអប់រំ យុវជន និង​កីឡា បាន​ដាក់ចេញគោលការណ៍ស្តង់ដាប្រតិបត្តិ​ផ្នែកសុវត្ថិភាពនិងអនាម័យ សម្រាប់​សាលារៀននៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំសាលារៀន និង​លោកគ្រូអ្នកគ្រូ​ត្រូវ​ធ្វើ​ឱ្យ​បាន​ប្រាកដ​ថា​គោលការណ៍នេះមាន​ការ​ប្រតិបត្តិ​តាម​ឱ្យ​បា​ខ្ជាប់​ខ្ជួន។ ការឆ្លងក្នុងសហគមន៍នៅ​ក្នុង​សាលារៀន​អាច​នាំឱ្យមានការបិទទ្វារសាលា​ម្តងទៀតជាមិនខាន។
  •         ពិតណាស់ គ្រូ​បង្រៀន​និង​ថ្នាក់​ដឹកនាំសាលារៀនត្រូវ​​វិល​ទៅ​បំពេញ​កាតព្វ​កិច្ច​ដ៏សំខាន់​របស់​ពួកគេឡើងវិញ គឺការផ្តល់ចំណេះដឹងឱ្យសិស្ស។ ទន្ទឹមគ្នានេះ គ្រូនិងថ្នាក់ដឹកនាំសាលាក៏ចាំបាច់​ត្រូវ​​ធ្វើ​ចំណាត់ការភ្លាមៗដើម្បី​ទប់​ស្កាត់​ការ​ឈប់​រៀន​របស់​សិស្ស, វាយតម្លៃ​ការ​សិក្សា​របស់​សិស្ស, និង​អនុវត្ត​បច្ចេកទេស​ស្តារ​មេរៀនឡើងវិញ ដើម្បី​ជួយ​សិស្ស​ឱ្យ​ងាក​មករកលើគន្លង​ផ្លូវ​សិក្សា​ឱ្យ​បាន​ពេញលេញ។
  •         ក្នុងខណៈនេះ កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​រក្សា​ និង​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​រៀន​ពីចម្ងាយ​របស់​ខ្លួន​ ថែម​ទៀត ដែល​ជា​ការចាំបាច់​ដើម្បី​ទ្រ​ទ្រង់​ដល់​ប្រព័ន្ធ​រៀន​ឆ្លាស់​វេន​គ្នា​ថ្មី​មួយ សម្រាប់ជា​ប្រយោជន៍​ដល់​សិស្ស​ទាំង​ឡាយ​ណា​ដែលមិន​បាន​មក​រៀន​នៅក្នុងថ្នាក់ នៅថ្ងៃណាមួយ។
  •         ទៅមុខទៀត បើទុកជា​សិស្ស​ទាំង​អស់​បាន​វិល​ទៅ​រៀន​នៅតាម​​សាលា​វិញ​ហើយ​ក៏ដោយ បណ្តាញ​ប្រព័ន្ធ​រៀន​ពី​ចម្ងាយ​នៅ​តែ​អាច​បំពេញ​បន្ថែម​ទៀត​បាន​ពីលើ​​​ការ​រៀន​ផ្ទាល់​នៅ​ក្នុង​ថ្នាក់​ដែរ។ ហើយ​បើ​សិន​ជា​ចាំ​បាច់ បណ្តាញ​ប្រព័ន្ធ​នេះ​នឹង​អាច​ក្លាយ​ជា​មធ្យោបាយ​ចម្បង​សម្រាប់​ការ​បង្រៀន​ទៀត ក្នុង​ករណីដែល​សាលា​រៀន​ត្រូវ​បាន​បង្ខំឱ្យ​បិទ​ទ្វារ​សាជា​ថ្មី។
  •         ពីនេះទៅមុខ ជំហានដំបូងត្រូវ​កំណត់​ឱ្យបានថា​តើ​ពេលនេះ​សិស្ស​នៅមានចំណេះដឹងកម្រិតណា ផ្អែក​តាម​ការ​ធ្វើ​តេស្ត​ជាប្រព័ន្ធ​លើ​ការ​រៀនសូត្រ​របស់ពួកគេ។ ការវាយតម្លៃការរៀនសូត្រ​នៅ​ក្នុង​ថ្នាក់​រៀននឹងជួយ​គ្រូ​ក្នុង​កែសម្រួល​មេរៀន និង​ផ្តល់​មតិបែបស្ថាបនាដល់សិស្ស​បាន​។
  •         អ្វីដែលសំខាន់ទៀតនោះគឺត្រូវបង្កើន​ថែមទៀតនូវ​ពេលវេលារៀននៅក្នុងថ្នាក់នៅគ្រប់កម្រិតសិក្សា​ទាំង​អស់ ដើម្បី​បំពេញសងមកវិញដល់ការខាតបង់ក្នុងការរៀនសូត្រកន្លងមក។
  •         បើទុកជាមានការដំឡើង​បៀវត្សរ៍ដើម្បីជួយដល់ស្ថានភាពរបស់គ្រូបង្រៀនក៏ពិតមែន ការវិភាជន៍​ថវិកា​ទៅឱ្យវិស័យអប់រំនៅតែមានកម្រិតទាបនៅឡើយ ខណៈដែល​ការបំពេញកិច្ច​របស់​គ្រូ​ពុំមាន​ការ​ពិនិត្យ​តាម​ដាន​ឱ្យ​បាន​គ្រប់គ្រាន់នៅឡើយទេ។