Skip to Main Navigation
BRIEF 24 ធ្នូ 2018

ផែនការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ អំពី:ក្របខណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា (Cambodia Country Partnership Framework)

សាវតារ

ក្រុមធនាគារពិភពលោក (WBG) កំពុងរៀបចំធ្វើ ក្របខណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា (Country Partnership Framework - CPF) ថ្មីមួយ សម្រាប់​រយៈពេលប្រាំឆ្នាំខាងមុខ ២០១៩– ២០២៣។ CPF នេះកំពុង​ត្រូវ​បាន​រៀបចំធ្វើ​ដោយ​ផ្អែកលើមូលដ្ឋាន​នៃការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈប្រព័ន្ធ (Systematic Country Diagnostic - SCD) មួយ ដែល​បុគ្គលិករបស់ក្រុមធនាគារពិភពលោកបានរៀបចំឡើងកាលពីពេលថ្មីៗនេះ តាមរយៈការពិគ្រោះយោបល់យ៉ាងលំអិតជាមួយអាជ្ញាធរជាតិ និងតួអង្គពាក់ព័ន្ធនានា។ SCD ធ្វើការ​កំណត់​អត្តសញ្ញាណ និង​វិភាគ​បញ្ហា​ប្រឈម​ធំៗ​ដែល​ជាឧបសគ្គដល់​កាលានុវត្តភាព ឬ​មាគ៌ា​សម្រាប់​ឈាន​ទៅសម្រេច​ឱ្យ​បាន​កំណើន​​រឹងមាំ មាន​ចីរភាព និង​សមធម៌ ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់​ធ្ងរ។ SCD នេះបាន​ឆ្លង​កាត់​កិច្ច​ពិគ្រោះយោបល់​យ៉ាង​ទូលំទូលាយ​ជា​ច្រើន​លើក​នៅទូទាំងប្រទេស រួមមាន​ជាមួយ​មន្ត្រី​ជាប់​ឆ្នោត តំណាង​ផ្នែកឯកជន សង្គមស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍។

ជាផ្នែកមួយ​នៃដំណើរការរៀបចំបង្កើត CPF ថ្មីនេះ ក្រុម​ធនាគារពិភពលោកកំពុង​ត្រៀមផែនការធ្វើ​កិច្ច​​ប្រជុំ​ពិគ្រោះយោបល់ជា​​ច្រើននៅក្នុង​ខែ​មករា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​ប្រមូល​ព័ត៌មាន និង​យោបល់​មក​បំពេញ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង CPF។ ក្នុងនោះមាន កិច្ច​ប្រជុំទល់មុខគ្នា​ជាមួយ​ក្រុមតួអង្គពាក់ព័ន្ធ​សំខាន់​ៗនៅទូទាំងប្រទេស ព្រម​ទាំង​វេទិកា​លើ​ប្រព័ន្ធអ៊ីនធឺណិតផងដែរ ដើម្បី​ទទួល​បាន​ព័ត៌មាន​និង​មតិ​ពី​ក្រុម​តួ​អង្គ​ពាក់​ព័ន្ធ​ឱ្យ​បាន​កាន់​តែទូលំទូលាយថែមទៀត។

គោលបំណងរបស់​កិច្ច​ពិគ្រោះយោបល់ CPF

គោលំណងរបស់កិច្ច​ពិគ្រោះយោបល់​នេះ គឺដើម្បី​ស្វែងរកការ​យល់ដឹងរួមគ្នាមួយ​អំពី​បញ្ហាប្រឈម​បន្ទាន់​ជាង​គេ​បំផុត​ដែល​ប្រទេសកម្ពុជាកំពុង​ជួប​ប្រទះ ហើយ​ថា​តើ​​ផ្នែកណាខ្លះ​ដែល​ក្រុម​ធនាគារពិភពលោក​គួរ​ផ្តោត​ការ​គាំទ្រ​របស់​ខ្លួនទៅលើ នៅ​ក្នុង​អំឡុងពេល​៥ឆ្នាំខាងមុខ។

ក្រុមតួអង្គសំខាន់ៗសម្រាប់​ការ​ពិគ្រោះយោបល់

រាជរដ្ឋាភិបាលនិង​សភា

មន្ត្រីមកពីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ប្រធាន​និ​អនុប្រធាន​គណៈកម្មការពាក់​ព័ន្ធ​របស់​សភាជាតិ មន្ត្រី​និង​តំណាង​របស់​ក្រសួង​ខ្សែបណ្តោយ​មួយចំនួនដែលមាន​ការ​ពាក់​ព័ន្ធ មន្ត្រី​និង​តំណាង​មក​ពី​អង្គភាពសាធារណៈមួយចំនួន ដូច​ជា​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ ក្រុមប្រឹក្សា​សម្រាប់​ការ​អភិវឌ្ឍកសិកម្ម​និង​ជនបទ និង គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់​ក្រោម​ជាតិ។

  

រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

តំណាង​មក​ពីបណ្តា​ក្រុម​ប្រឹក្សាខេត្ត ស្រុក និង​ឃុំ

ផ្នែកឯកជន

តំណាង​មក​ពីក្រុម​ហ៊ុន​ឯកជនក្នុង​ស្រុក និង​ក្រុម​ហ៊ុន​អន្តរជាតិ​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស

អង្គការ​មិនមែនរដ្ឋាភិបាល និង​សង្គមស៊ីវិល

តំណាងរបស់​អង្គការ​នៅមូលដ្ឋាន អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ផ្តល់​សេវា អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផ្នែក​តស៊ូមតិ និង​អង្គការយុវជន

ដៃគូអភិវឌ្ឍន៍

តំណាងម្ចាស់​ជំនួយ និង​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ

ដំណើរការពិគ្រោះយោបល់

កិច្ច​ប្រជុំទល់មុខគ្នា​តាមក្រុម

កិច្ច​ប្រជុំទល់មុខគ្នា​ជាមួយក្រុមនីមួយៗ (F2F) ដូច​បាន​ជម្រាបជូន​ខាង​លើ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​​អង្គ​ប្រជុំពេញ​អង្គ​មាន​បទបង្ហាញ ជា​ការ​ពិភាក្សា ឬ​ជា​ការ​ពិភាក្សា​តាម​ក្រុម​តូចៗ។ កិច្ច​ប្រជុំទល់មុខគ្នា​ (F2F) នេះ​នឹង​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ ហើយ​កាលវិភាគរបស់​វា​នឹង​ត្រូវ​បានបង្ហាញ​ជូន​​នៅ​លើ​ទំព័រវេប​ដែល​បង្កើត​ឡើង​សម្រាប់​កិច្ច​ពិគ្រោះយោបល់នេះ https://consultations.worldbank.org/consultation/country-partnership-framework-consultation-cambodia។  

សម្រាប់​កិច្ច​ពិគ្រោះយោបល់​ជាមួយ​អង្គការ​មិន​មែនរដ្ឋាភិបាល ឬ​សង្គមស៊ីវិល ក្រុម​ធនាគារពិភពលោក​នឹងធ្វើដៃគូ​ជាមួយ​បណ្តាញអង្គការមិន​មែនរដ្ឋាភិបាលចំនួនបី – គឺ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC), វេទិកានៃអង្គការមិន​មែនរដ្ឋាភិបាលស្តីពីកម្ពុជ (NGO Forum) និងសមាគមយុវជនខ្មែរ (Khmer Youth Association) – ដើម្បី​កំណត់មុខ​សញ្ញា​ដែល​ត្រូវអញ្ជើញ​ឱ្យ​ចូលរួម។ បណ្តាញនីមួយៗក្នុងចំណោម​បណ្តាញទាំងបីនេះ ត្រូវបានស្នើសុំ ​កំណត់​អត្ត​សញ្ញាណ​អ្នក​ចូលរួម​មក​ពី​អង្គការ​​មិន​មែន​រដ្ឋា​ភិបាល​ឬសង្គមស៊ីវិលនៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត សម្រាប់​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទល់មុខគ្នា (F2F)។

កិច្ច​ប្រជុំ​ទល់មុខគ្នា (F2F) នឹង​ត្រូវ​បាន​រៀបចំធ្វើ​នៅ​ទីក្រុង​ភ្នំពេញ។ 

កន្លែង

អ្នក​ចូលរួម

ភ្នំពេញ

សម្រាប់​អ្នកចូលរួមមកពីភ្នំពេញ ព្រៃវែង កំពង់ឆ្នាំង ព្រះសីហនុ តាកែវ កំពង់ចាម សៀមរាប  និងបាត់ដំបង។ 

ភាសា៖ កិច្ច​ប្រជុំពិគ្រោះយោបល់​ជាមួយ​តំណាង​របស់​រដ្ឋាភិបាល សភា ផ្នែកឯកជន អង្គការ​សហប្រជាជាតិ និង​ដៃគូអភិវឌ្ឍន៍ នឹង​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​ អម​ដោយ​ការ​បក​ប្រែ​ដំណាលគ្នាជា​ភាសាខ្មែរ។ កិច្ច​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​អង្គការមិន​មែនរដ្ឋាភិបាល​ឬសង្គមស៊ីវិល នឹង​ធ្វើ​ឡើង​ជា​ភាសាខ្មែរ​ អម​ដោយ​ការ​បក​ប្រែ​ដំណាលគ្នា​ជា​ភាសាអង់គ្លេស។

ឯកសារព័ត៌មាន​សាវតារ​ពាក់​ព័ន្ធ៖ លិខិត​អញ្ជើញ​ និង​ឯកសារព័ត៌មាន​ពាក់​ព័ន្ធ (សេចក្តី​សង្ខេប​ប្រតិបត្តិ​របស់ SCD, ព័ត៌មាន​សង្ខេប​ស្តីពីកម្មវិធីរបស់​ធនាគារពិភពលោក​ក្នុង​ប្រទេស  (Country Portfolio Factsheet) និងផែនការ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់ជា​ភាសា​អង់គ្លេស និង​ខ្មែរ) នឹង​ត្រូវ​បាន​ដឹក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​អ្នក​ចូលរួម​តាម​ការ​អញ្ជើញទាំង​អស់ យ៉ាងហោចណាស់ ១៤ថ្ងៃ (ពីរសប្តាហ៍) នៅមុន​ថ្ងៃកំណត់​កិច្ច​ប្រជុំនីមួយៗ មកដល់។ ឯកសារ​ព័ត៌មានផ្សេងទៀត រួម​ទាំង​របាយការណ៍ទាំងដុល​របស់ SCD 2017 នឹង​មាន​ដាក់​ជូន​នៅលើ​ទំព័រវេបរបស់​កិច្ច​ពិគ្រោះ​យោបល់​ សម្រាប់​អ្នក​ចូល​រួម​ទាញ​យក។

វេទិកាពិគ្រោះយោបល់នៅលើទំព័រវេប

ក្រៅពីកិច្ច​ប្រជុំទល់មុខគ្នា យើង​នឹងដាក់ឱ្យ​ប្រើ​នូវ​វេទិកា​ពិគ្រោះយោបល់​លើ​ទំព័រវេបមួយ​ទៀត ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ ដើម្បី​ប្រមូល​មតិ​យោបល់​ពី​តួអង្គ​ដទៃទៀត​ដែល​មាន​ការ​ចាប់​អារម្មណ៍លើ​ប្រធាន​បទនេះ។ អ្នក​ផ្តល់​ចម្លើយ​នឹង​មាន​លទ្ធភាព​ចូលរួម​ផ្តល់​យោបល់​ តាម​រយៈការ​ឆ្លើយ​សំណួរ​នៅលើ​ទម្រង់​ស្ទង់​មតិ​អនឡាញ​ផ្ទាល់​តែម្តង ឬ​ដោនឡូតយកទម្រង់​នោះ​មក​ឆ្លើយហើយ​បន្ទាប់​មក​ផ្ញើវាតាមហ្វាក់ស៍ តាម​ប្រៃសណីយ៍ ឬ​តាម​អ៊ីមែល ទៅកាន់​ការិយាល័យ​ធនាគារពិភពលោក​នៅរាជធានីភ្នំពេញ។ ទំព័រ​ពិគ្រោះយោបល់​នេះនឹង​ដាក់​ឱ្យដំណើរការ​រហូតដល់​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩។

ការ​សម្រិត​សម្រាំង​​មតិយោបល់

កំណត់​ត្រា​សង្ខេប​ស្តី​ពីកិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នឹង​ត្រូវ​បាន​រៀបចំឡើង និង​ធ្វើ​បទ​បង្ហាញ​ជូន​អ្នក​ចូល​រួម​មុន​ពេល​កិច្ច​ពិគ្រោះ​យោបល់​ត្រូវ​បាន​បញ្ចប់។ មតិធាតុ​ចូល និង​យោបល់​តបនានាដែល​ទទួល​បាន​តាម​រយៈ​កិច្ច​ប្រជុំ​ទល់​មុខ​គ្នា​ និង​តាម​រយៈ​វេទិកាពិគ្រោះលើទំព័រវេប នឹង​ត្រូវ​បាន​យក​មក​ច្របាប់​បញ្ចូល​គ្នា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​តាម​តែ​អាចធ្វើ​ទៅរួច។ សេចក្តីសង្ខេបចុងក្រោយ​របស់​កិច្ច​ប្រជុំជាមួយ​ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន អង្គការមិន​មែនរដ្ឋាភិបាល/សង្គមស៊ីវិល ព្រមទាំងបញ្ជី​ឈ្មោះអ្នក​ចូលរួម​ផង​ដែរ នឹង​ត្រូវ​បាន​ដាក់ជូន​​នៅលើទំព័រវេបសាយពិគ្រោះយោបល់។ ម៉ាទ្រិចដែល​មាន​ខ្លឹម​សារ​សង្ខេប​អំពី​ការផ្តល់​យោបល់ (សម្រាប់​កិច្ច​ប្រជុំ​ទល់​មុខ​គ្នា និង​ការ​ផ្តល់​មតិ​តាម​វេទិកា​អនឡាញ) នឹង​ត្រូវ​បាន​ដាក់​ជូន​នៅលើ​ទំព័រ​វេបនៃការ​ពិគ្រោះយោបល់នេះដែរ ដើម្បីបង្ហាញ​ថាតើ​មតិបតអ្វីខ្លះ​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា និង​ការ​ពន្យល់​បក​ស្រាយ ក្នុង​ករណីដែលមតិតបមិន​អាច​ត្រូវ​បាន​យក​មក​ពិចារណាបញ្ចូល​ទៅក្នុង​សេចក្តីសង្ខេប ដែល​​នឹង​មាន​ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ។