ទស្សនៈទូទៅ

បច្ចុប្បន្នភាពចុងក្រោយ៖  ខែ មេសា ឆ្នាំ ២០១៧

បន្ទាប់ពីកំណើនសេដ្ឋកិច្ចមានភាពរឹងមាំអស់រយៈពេលជាងពីរទស្សវត្សរ៍កន្លងមក កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបគិតត្រឹមឆ្នាំ ២០១៥ ដែលមានចំណូលជាតិសរុបក្នុងមនុស្សម្នាក់កើនឡើងដល់ ១០៧០ដុល្លារអាមេរិក។ ដឹកនាំដោយផ្នែកនាំចេញសម្លៀកបំពាក់និងទេសចរណ៍ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៦ភាគរយនៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ២០១៥ ដែលបានឈរក្នុងលំដាប់ថ្នាក់ទី៦នៅលើពិភពលោក។ យោងតាមការប៉ាន់ស្មានបឋម បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចបានថយចុះបន្តិចបន្តួចពី ៧,០ភាគរយក្នុងឆ្នាំ ២០១៥ មកនៅ ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៦។ ក៏ប៉ុន្តែ គេរំពឹងថាកំណើននេះនឹងនៅតែមានភាពរឹងមាំក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍រួមជាមួយនឹងការពង្រីកសារពើពន្ធ នឹងជួយបំពេញនៃការថយចុះលើផ្នែកនាំចេញសម្លៀកបំពាក់ និងកំណើនលើផ្នែកសំណង់។

ភាពក្រីក្របន្តធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ទោះបីជាការធ្លាក់ចុះនេះមានសភាពយឺតជាងក្នុងឆ្នាំកន្លងទៅក្តី។ នៅក្នុងឆ្នាំ ២០១៤ អត្រានៃភាពក្រីក្រមាន ១៣,៥ភាគរយ បើធៀបនឹងឆ្នាំ ២០០៧ មាន ៤៧,៨ភាគរយ។ ប្រហែល ៩០ភាគរយនៃប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងតំបន់ជនបទ។ ខណៈដែលកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ដោយបានកាត់បន្ថយអត្រាភាពក្រីក្របាន៥០ភាគរយនៅក្នុងឆ្នាំ ២០០៩ គ្រួសារភាគច្រើនលើសលប់ដែលបានចាកផុតពីភាពក្រីក្រមានជីវភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ចំណែកឯប្រជាពលរដ្ឋប្រហែល ៤,៥លាននាក់ទៀតកំពុងរស់នៅក្បែរបន្ទាត់ភាពក្រីក្រ។

វិស័យសុខាភិបាលនិងអប់រំនៅតែជាបញ្ហាប្រឈមធំនិងអាទិភាពសម្រាប់ការអភិវឌ្ឍសម្រាប់កម្ពុជា។ ៣៣ភាគរយ (ឬប្រហែល ០,៥លាននាក់)នៃកុមារអាយុក្រោម៥ឆ្នាំ មានកាយសម្បទាក្រិនមិនលូតលាស់។ ខណៈដែលចំនួនកុមារចុះឈ្មោះចូលរៀនពិតប្រាកដនៅកម្រិតបឋមសិក្សាបានកើនឡើងពី ៨២ភាគរយក្នុងឆ្នាំ ១៩៩៧ ដល់ ៩៧ភាគរយនៅឆ្នាំ ២០១៦ អត្រាបញ្ចប់កម្រិតមធ្យមសិក្សាបឋមភូមិមាន ៤៣ភាគរយនៅក្នុងឆ្នាំ ២០១៣ ដែលអត្រានេះមានកម្រិតទាបក្រោមធម្យមភាគសម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ៧៩ភាគរយនៃប្រជាពលរដ្ឋទូទាំងកម្ពុជា (១២,៣លាននាក់) មិនមានទឹកស្អាតប្រើប្រាស់ និង ៥៨ភាគរយ (៩,៣លាននាក់) មិនបានទទួលអនាម័យសាធារណៈដែលមានលក្ខណល្អប្រសើរទេ (ឆ្នាំ ២០១៥)។

កម្ពុជាមានការរីកចម្រើនល្អក្នុងការកែលម្អកម្មវិធីសុខភាពមាតា កម្មវិធីអភិវឌ្ឍន៍កុមារតូច និងកម្មវិធីអប់រំថ្នាក់បឋមសិក្សានៅតំបន់ជនបទ។ អត្រាស្លាប់របស់់ម្តាយក្នុង ១សែនកំណើតរស់ បានថយចុះពី ៤៧២នៅឆ្នាំ ២០០៥ មកនៅត្រឹម ១៦១នាក់ នៅឆ្នាំ ២០១៥ អត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី ៨៣ ក្នុង ១ពាន់កំណើតរស់ក្នុងឆ្នាំ ២០០៥ មកនៅ ២៨,៧ នៅឆ្នាំ ២០១៥។

ទោះបីជាសម្រេចបានសមិទ្ធិផលទាំងនេះក្តី ក៏កម្ពុជានៅតែមានបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍមួយចំនួនទៀតដែរ រួមទាំង ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពល្អធ្វើឲ្យរាំងស្ទះដល់ការងារអភិវឌ្ឍលើគ្រប់វិស័យ រដ្ឋបាលដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ ចីរភាពបរិស្ថាន និងអភិបាលកិច្ចល្អ។ ការបោះជំហ៊ានទៅមុខ ជោគជ័យនៃការដោះស្រាយបញ្ហាប្រឈមទាំងនេះនឹងមិនមែនពឹងផ្អែកតែទៅលើការថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងការបង្កើនភាពចម្រុះបែបនៃសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងសម្រាប់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើការកែលម្អគុណភាពនៃការផ្គត់ផ្គង់សេវាសាធារណៈ រួមទាំងការបង្កើនការបែងចែកនិងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈនិងធនធានមនុស្សផងដែរ។

បច្ចុប្បន្នភាពចុងក្រោយ៖  ខែ មេសា ឆ្នាំ ២០១៧

កម្ពុជាបានទទួលឥណទានលើកដំបូងរបស់ខ្លួនពីធនាគារពិភពលោកនៅក្នុងឆ្នាំ ១៩៩៣។ បន្ទាប់ពីមានជម្លោះច្រើនទសវត្សមក ផ្នែកអាទិភាពសំខាន់របស់ធនាគារពិភពលោក គឺត្រូវគាំទ្រដល់ការស្តារឡើងវិញនៃស្ថាប័នសង្គមកិច្ចនិងសេដ្ឋកិច្ច និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ចាប់តាំងពីឆ្នាំ ១៩៩៩មក មានការផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនឡើងលើកំណែទម្រង់អភិបាលកិច្ច ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការអភិវឌ្ឍវិស័យឯកជន ការអភិវឌ្ឍជនបទ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការកែលម្អនិងពង្រីកសេវាកម្មសុខាភិបាលនិងអប់រំ។

យុទ្ធសាស្ត្រជំនួយអភិវឌ្ឍន៍ប្រទេសរបស់ធនាគារពិភពលោក (ឆ្នាំ ២០០៥ ­­‑ ២០០៨ ពន្យាដល់ឆ្នាំ ២០១១) បានកំណត់វិស័យអាទិភាពសំខាន់ចំនួនពីរ៖ លប់បំបាត់ចោលកត្តរារាំងនៃអភិបាលកិច្ចចំពោះកំណើននិងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយុទ្ធសាស្ត្រនិងការវិនិយោគដែលចាំបាច់ត្រូវសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ គម្រោងនានាដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក ត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០០៦‑២០១១ (ពន្យាដល់ឆ្នាំ ២០១៣) និងសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

នៅឆ្នាំ ២០១៥ ក្រុមធនាគារពិភពលោក បានរៀបចំកិច្ចពិគ្រោះយោបល់ទូលំទូលាយថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធជាច្រើនស្តីពីកាលានុវត្តភាពនិងបញ្ហាប្រឈមជុំវិញការអភិវឌ្ឍរបស់កម្ពុជា។ កិច្ចពិគ្រោះយោបល់ទាំងនេះ បានជួយដល់ការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងប្រចាំប្រទេសរបស់ធនាគារពិភពលោក ដែលជាយុទ្ធសាស្ត្រមួយមានរយៈពេលពីរឆ្នាំដើម្បីគាំទ្រដល់កម្ពុជាក្នុងការទ្រទ្រង់កំណើនលើគ្រប់វិស័យនិងរឹងមាំសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពរួម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦។

យុទ្ធសាស្ត្រដែលបានចែងក្នុងឯកសារយុទ្ធសាស្ត្រទំនាក់ទំនងនេះ គាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤‑២០១៨របស់កម្ពុជា និងមានគោលបំណងជួយកម្ពុជាកែលម្អបន្ថែមទៀតនូវបរិយាកាសធុរកិច្ចរបស់ខ្លួន ផ្គត់ផ្គង់នូវសេវាសង្គមកិច្ចនិងហេដ្ឋរចនាសម្ព័ន្ធឲ្យបានល្អប្រសើរជាងមុន និងបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋទីទ័លក្រតាមរយៈការវិនិយោគលើអ្វីដែលអាចជំរុញការផលិត។

ក្រៅពីសកម្មភាពវិភាគនិងផ្តល់យោបល់ កម្មវិធីក្រោមយុទ្ធសាស្ត្រទំនាក់ទំនងនេះ រួមមានគម្រោងវិនិយោគចំនួន៧ ដែលមានទឹកប្រាក់សរុបប្រហែល ២៥០លានដុល្លារ ផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ជនក្រីក្រ។

ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្រុមធនាគារពិភពលោកបានរៀបចំការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណះជាប្រព័ន្ធ​ (SCD) ដើម្បីជួយកំណត់រកឲ្យឃើញនូវឱកាសនិងបញ្ហាប្រឈមនានា ព្រមទាំងផ្នែកអភិវឌ្ឍន៍ដែលជាអាទិភាពសម្រាប់ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដែលរឹងមាំ លើគ្រប់វិស័យ និងដែលប្រកបដោយចីរភាព និងវិបុលភាពរួមនៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅថ្ងៃអនាគត។ នៅខែ វិច្ឆិកា និងធ្នូ ឆ្នាំ ២០១៦ ក្រុមធនាគារពិភពលោក បានចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើនអំពី SCD (៩កិច្ចប្រជុំ ៤ទីតាំងប្រជុំ មានអ្នកចូលរួមចំនួន ៣៧៥នាក់)។

ផ្អែកលើការវិភាគនិងកិច្ចពិគ្រោះយោបល់នេះ SCDនេះបានរកឃើញវិធីសាស្ត្រចំនួនបីសម្រាប់ការអភិវឌ្ឍ៖

១.     បង្កើនភាពប្រកួតប្រជែងលើផ្នែកនាំចេញ និងបង្កើនភាពចម្រុះបែបនៃសេដ្ឋកិច្ចដើម្បីទ្រទ្រង់ដល់កំណើនដែលរឹងមាំនិងបង្កើតការងារ

២.     កសាងធនធានមនុស្សដើម្បីសម្របសម្រួលដល់ចល័តភាពសេដ្ឋកិច្ចនិងវិបុលភាពរួម

៣.     ធានាឲ្យមានគន្លងកំណើនសេដ្ឋកិច្ចមួយដែលកាន់តែមានចីរភាពជាងមុនតាមរយៈការវិនិយោគលើធនធានធម្មជាតិ ភាពធន់ទៅនឹងអាកាសធាតុ និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

SCDនេះ ក៏បានស្នើនូវអន្តរាគមន៍ជាក់លាក់មួយចំនួនដើម្បីរួមចំណែកដល់ការអភិវឌ្ឍលើផ្នែកទាំងបីនេះ។

កាវិភាគនៃSCDនេះ នឹងជួយរៀបចំក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសរបស់ធនាគារពិភពលោកនៅពេលខាងមុខ។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ក្រុមធនាគារពិភពលោក ដែលផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់វិស័យឯកជននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងរយៈពេលពីឆ្នាំ ២០១៦ ដល់ ២០១៧ កំពុងតែវិនិយោគប្រហែល ២០០លានដុល្លារអាមេរិកនៅប្រទេសកម្ពុជា បន្ថែមពីលើការផ្តល់សេវាប្រឹក្សាយោបល់លើផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម និងភាពប្រកួតប្រជែង។

ទីភ្នាក់ងារធានាវិនិយោគទុនពហុភាគី ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកធ្វើការងារលើផ្នែកធានារ៉ាប់រងហានិភ័យនយោបាយ បានត្រៀមលក្ខណជាស្រេចដើម្បីផ្តល់នូវការធានារ៉ាប់រងលើហានិភ័យនយោបាយ និងផ្តល់ការធានាដល់វិនិយោគិននានានៅក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ ផលិតកម្ម កសិពាណិជ្ជកម្ម និងសេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ។

បច្ចុប្បន្នភាពចុងក្រោយ៖  ខែ មេសា ឆ្នាំ ២០១៧

ធនាគារពិភពលោក បានគាំទ្រគម្រោងអប់រំជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីជាច្រើនដែលគ្រប់គ្រងដោយធនាគារពិភពលោក និងផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូសាកលសម្រាប់ការអប់រំ ព្រមទាំងដៃគូអភិវឌ្ឍន៍ដទៃទៀតជាច្រើន។ កម្មវិធីជាច្រើន បានផ្តល់អាហារូបករណ៍ដល់សិស្សនិងបានបណ្តុះបណ្តាលគ្រូបង្រៀនជាច្រើន ក្រៅពីការសាងសង់សាលារៀនជាច្រើន និងការបង្កើតកម្មវិធីអប់រំកុមារតូចជាច្រើន។ ៣៨,៥១ភាគរយនៃកុមារអាយុចន្លោះពី ៣ឆ្នាំ ទៅ ៥ឆ្នាំ បានចុះឈ្មោះចូលរៀននៅទីក្រុងនិងជនបទ ដែលនៅទីនោះមានអគារមត្តេយ្យសិក្សាថ្មីចំនួន ១០០ និងមត្តេយ្យសហគមន៍ចំនួន ៥០០ ត្រូវបានសាងសង់ឡើងគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៦។ គ្រូមត្តេយ្យសហគមន៍សម្រាប់អប់រំកុមារតូចនិងម៉ែបង្គោលចំនួន ៣៨៦១នាក់ ទទួលបានការបណ្តុះបណ្តាល និង សិស្សតូចៗជាង ១២៥៣៣៧នាក់អាយុចន្លោះពី ៣ឆ្នាំដល់ ៥ឆ្នាំ បានទទួលអត្ថប្រយោជន៍ផ្ទាល់ពីគម្រោងទាំងនេះ។

គម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពឧត្ថមសិក្សា បានផ្តល់អាហារូបករណ៍ដល់និស្សិតប្រហែល ១០០០នាក់ និងសាស្ត្រាចារ្យរដ្ឋនិងឯកជននិងបុគ្គលិកចំនួន ៦៤នាក់ មានលទ្ធភាពអាចបញ្ចប់ការសិក្សានៅបរទេស ដែលពួកគាត់បានសិក្សាយកជំនាញឯកទេសមួយចំនួន។ មូលនិធិសម្រាប់ការស្រាវជ្រាវសរុបចំនួន ៤៥ បានផ្តល់ជូនដើម្បីគាំទ្រដល់ការបង្រៀននិងការសិក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហានៅមូលដ្ឋាន។ កម្មវិធីសិក្សាក្រៅប្រទេសចំនួន ៧៨ និងកម្មវិធីបណ្តុះបណ្តាលក្នុងស្រុកចំនួន ២៥៤ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំ នាយកគ្រប់គ្រង និងគ្រូៗនៅឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំរបស់កម្ពុជា។

ការកើនឡើងនៃការចូលរួមជាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និង ពីដៃគូអភិវឌ្ឍន៍នានា បានរួមចំណែកយ៉ាងច្រើនដល់ការកែលម្អការគ្របដណ្តប់និងគុណភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដាច់ស្រយ៉ាលនិងតំបន់ដែលពិបាកចូលទៅដល់។ គម្រោងសុខភាពជាច្រើន បានគាំទ្រក្នុងការពង្រីកបណ្តាញសេវាសុខភាព ការផ្តល់នូវបរិក្ខាពេទ្យ និងការផ្តល់ហិរញ្ញប្បទានលើការកែលម្អសមត្ថភាពផ្នែកបច្ចេកទេសនិងស្ថាប័ន និងអនាម័យសាធារណៈនិងគុណភាពទឹកដែលល្អប្រសើរជាងមុន។ មូលនិធិសមធម៌សុខភាព កំពុងជួយប្រជាពលរដ្ឋបានជាង ៣លាននាក់នៅក្នុងប្រទេស ឲ្យទទួលបាននូវសេវាថែទាំសុខភាពពេញលេញ និងបានផ្តល់ហិរញ្ញប្បទានសម្រាប់អ្នកជម្ងឺទៅជួបពិគ្រោះយោបល់នៅមណ្ឌលសុខភាពសាធារណៈបានចំនួន ១០,៤៦លានដង នៅត្រឹមដំណាច់ឆ្នាំ ២០១៦។

នៅក្នុងវិស័យទឹកនិងអនាម័យសាធារណៈ ១៥,៨៤០ គ្រួសារនៅក្នុងស្រុកចំនួន ១០ បានទទួលអនាម័យសាធារណៈល្អប្រសើរជាងមុនគិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៦។

ក្នុងវិស័យដឹកជញ្ជូន គម្រោងគ្រប់គ្រងសម្បត្តិផ្លូវ-ថ្នល់ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក បានជួយស្តារឡើងវិញនូវបណ្តាញផ្លូវជាតិនិងផ្លូវថ្នល់តាមខេត្តនៅក្នុងប្រទេសកម្ពុជាបានប្រវែងប្រហែល ៤៧០គីឡូម៉ែត្រ។ ជាលទ្ធផល ថេរៈវេលានៃការធ្វើដំណើរ បានថយចុះពី ២ម៉ោង មកនៅ ១,៦ម៉ោងក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ គម្រោងនេះក៏បានជួយពង្រឹងសមត្ថភាពនៅក្នុងក្រសួងសាធារណៈការ និងដឹកជញ្ជូនក្នុងការរៀបចំផែនការគ្រប់គ្រងសម្បត្តិផ្លូវ-ថ្នល់ រៀបចំថវិកា និងថែទាំផ្លូវថ្នល់ជាប្រចាំនិងតាមកាលកំណត់។

តាមរយៈគម្រោងធ្វើទំនើបកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសកម្មភាពពាក់ព័ន្ធជាច្រើនទៀត ក្រុមធនាគារពិភពលោក កំពុងជួយប្រទេសកម្ពុជាដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូល និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន។ សមិទ្ធិផលសំខាន់ៗជាច្រើនដែលសម្រេចបាន រួមមាន ការពង្រឹងសមត្ថភាពបង្កើតប្រាក់ចំណូលនិងការកំណត់អត្រាចីរភាពបំណុល  ការប្រើប្រាស់ប្រព័ន្ធធនាគារសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការតម្លើងប្រព័ន្ធគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុដើម្បីសម្រួលដល់ការគ្រប់គ្រងថវិកាឲ្យបានប្រសើរជាងមុនតាមរយៈប្រព័ន្ធដំណើរការទូទាត់ប្រាក់ស្វ័យប្រវត្តិទាន់ពេលវេលាជាងមុន និងប្រព័ន្ធរាយការណ៍ហិរញ្ញវត្ថុដែលមានភាពត្រឹមត្រូវនិងមានតម្លាភាពដែលអាចប្រើប្រាស់និងវិភាគដោយរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធដទៃទៀត។


ការឲ្យខ្ចី

​កម្ពុជា​: ទឹកប្រាក់សន្យាតាមឆ្នាំសារពើពន្ធ (ជាលានដុល្លារ)*

*ទឹកប្រាក់សន្យារួម របស់ IBRD និង IDA

Welcome