រឿងពិសេស 12 កញ្ញា 2019

កែលម្អគុណភាពអប់រំនៅកម្ពុជាតាមរយៈរបៀបបង្រៀននិងរបៀបរៀនថ្មី

Image

អត្ថបទថ្មីៗ

  • នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ជិត ៧០ភាគរយនៃសិស្សរៀបចប់កម្រិតបឋមសិក្សា ចាំបាច់ត្រូវពង្រឹងសមត្ថភាពអានរបស់ខ្លួនថែមទៀតមុននឹងឡើងថ្នាក់ទី ៧ បាន។
  • ការធ្វើតេស្តលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០១៨ សិស្ស ៨២នាក់ ក្នុងចំណោម ១២១នាក់ ឬជាង ៦៥% ប្រលងធ្លាក់។
  • មកដល់ឆមាសទីពីរ មានតែសិស្ស ១២នាក់ ឬ ជិត១០% ប៉ុណ្ណោះដែលប្រលងធ្លាក់។ សិស្សទទួលបាននិទ្ទេស A, B, និង C បានកើនពី ១នាក់ ដល់ទៅ ៦២នាក់។

កុមារី ណាង រិទ្ធិកញ្ញា ជាសិស្សថ្នាក់​ទី ៩ នៅ​វិទ្យាល័យ ហ៊ុន សែន តាំងគោក ក្នុង​ខេត្ត​កំពង់ធំ។ នាង​បាន​សារភាពថា នាង​បានចម្លង​ពីគេ​​ក្នុង​ពេល​ប្រលងដែល​ជា​លទ្ធផល​នាង​ត្រូវ​បាន​ចូលរៀនក្នុង​ថ្នាក់​កម្រិត​ខ្ពស់​។ ប៉ុន្តែ មួយខែក្រោយមក នាង​ប្រលងធ្លាក់​ក្នុងការប្រឡងច្រចាំខែដំបូង ដែល​ធ្វើ​ឱ្យ​នាង​មាន​ការ​ស្តាយ​ក្រោយយ៉ាងខ្លាំង។

នាង​បានរំឭករឿងរ៉ាវដោយនិយាយដូច្នេះថា៖ «កាលនោះខ្ញុំខ្ជិលរៀន ដោយ​ខ្ញុំគិតថា​មិត្តរបស់ខ្ញុំនឹងឱ្យ​ខ្ញុំ​ចម្លងចម្លើយ​របស់​គេម្តង​ទៀត​នៅ​ពេលប្រលងមិនខាន។» ប៉ុន្តែ នាង​ធ្លាក់​ការ​ប្រលង​ជា​លើកដំបូង ដោយសារ​ថា​ក្នុង​ពេលនោះ​ការ​ប្រលង​បាន​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​ដានយ៉ាង​តឹងរ៉ឹងពីសំណាក់​គ្រូៗ និង​អាណា​ព្យា​បាល។ នាង​ពោល​ថែម​ទៀតថា៖ «ក្រោយ​មក ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំ​បាន​ប្រលងជាប់​លើកមុន​ដោយ​សារ​តែ​ចំណេះដឹង​របស់​អ្នក​ដទៃ មិន​មែន​ដោយ​សារចំណេះដឹង​របស់​ខ្ញុំផ្ទាល់​ទេ។ ខ្ញុំ​ពិត​ជា​ខ្មាស​គេណាស់។»  

ភាព​តឹងរ៉ឹងក្នុង​ពេល​ប្រលង និង​ការឆ្លុះ​បញ្ចាំង​ផ្ទាល់​ខ្លួន​បាន​ផ្តល់​ឱ្យ​ រិទ្ធិកញ្ញា​ នូវ​ឱកាស​មួយ​ដើម្បីកែខ្លួន។ តាំង​ពីប្រលងធ្លាក់​ម្តងមក នាង​បាន​ដាក់​ការ​ខិតខំច្រើន​ជាងមុន​ទៅលើ​ការ​រៀនសូត្រ។ ជាលទ្ធផល នា​ងបានប្រលងជាប់​គ្រប់មុខវិជ្ជា​ក្នុង​ឆ្នាំនោះ រហូតដល់ដណ្តើម​បាន​ពិន្ទុខ្ពស់​ក្នុង​ការ​ប្រលង​បញ្ចប់​ថ្នាក់​កាល​ពីពេលថ្មីៗនេះផង។

ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំនៅ​កម្រិតមធ្យមសិក្សា​ចំណេះទូទៅឱ្យ​បំពេញ​បាន​ស្តង់ដា​អប្បបរមា​ គឺ​ជា​គោលដៅ​របស់​គម្រោងបង្កើន​គុណភាពអប់រំ​មធ្យមសិក្សា​ (Secondary Education Improvement Project/SEIP) ដែល​មាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក។ គោលបំណង​របស់​គម្រោង​នេះ​គឺ​ជួយ​ពង្រឹង​ការ​គ្រប់​គ្រង​សាលារៀន បង្កើន​គុណភាព​នៃ​ការ​បង្រៀន​និង​ការ​រៀន​នៅ​កម្រិត​ថ្នាក់ តាម​រយៈការ​បង្កើន​គុណវុឌ្ឍិ​របស់​គ្រូបង្រៀន ផ្តល់​ការ​ប្រឹក្សា​ណែនាំ និង​ធ្វើ​ការ​វាយ​តម្លៃត្រឹម​ត្រូវ​លើ​សមត្ថ​ភាព​របស់​គ្រូបង្រៀន ព្រម​ទាំង​ធ្វើ​ឱ្យ​រចនាសម្ព័ន្ធទ្រ​ទ្រង់​ការ​បង្រៀន​មាន​ភាព​ប្រសើរជាង​មុនផង​ដែរ។

គម្រោង​នេះ​ផ្តល់​មូលនិធិកែលម្អសាលារៀន​​តាម​រយៈ​មន្ទីរ​អប់​រំ​ខេត្ត​និង​ស្រុក ដើម្បី​យក​ទៅ​ពង្រឹង​ការ​គ្រប់​គ្រង​នៅ​តាមសាលារៀន។ មួយផ្នែក​ទៀត មូលនិធិនេះត្រូវ​បាន​ប្រើ​សម្រាប់​ជួយ​គ្រូកម្រិត​សិក្សា​ចំណេះទូទៅ​ឱ្យ​បង្កើន​សមត្ថភាពរបស់​ខ្លួន ជា​ពិសេស​នៅ​លើ​មុខ​វិជ្ជាគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាខ្មែរ និង​ប្រវត្តិវិទ្យា។ សាលា​រៀន​ចំនួន​ ១០០​កន្លែង​កំពុង​ទទួល​បាន​ការ​កែលម្អ​តាម​រយៈគម្រោងនេះ ក្នុង​នោះ​មាន​ការ​សាងសង់​ ឬការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធសាលា និង​តាម​រយៈការ​ជួយ​ទ្រទ្រង់​ដល់​សាលា​រៀន​និង​គ្រូប​ង្រៀន​ឱ្យ​បង្កើនលក្ខខណ្ឌ​ល្អសម្រាប់​ការ​បង្រៀន​និង​ការ​រៀន​មាន​ប្រសិទ្ធ​ភាព។ ក្រៅ​ពីនេះ សាលារៀន​ថ្មី​ចំនួន​៣០​ផ្សេងទៀត​ ក៏​នឹង​​ត្រូវ​បាន​សាង​សង់​ឡើង​តាម​រយៈគម្រោង​នេះ​ ផង​ដែរ។

នៅ​ក្រោម​គម្រោង​នេះ ការ​កែសម្រួល​មួយ​ចំនួន​នឹង​ត្រូវ​បាន​ធ្វើ​ទៅលើ​វិធីសាស្ត្រ​បង្រៀន​បែប​ប្រពៃណី​នៅ​ក្នុង​ប្រព័ន្ធអប់រំកម្ពុជា។ សិស្ស​នឹង​ទទួល​ប្រធាន​បទ​យក​ទៅធ្វើ​ការ​ពិភាក្សា​ជា​ក្រុម ហើយ​បន្ទាប់​មក​យក​លទ្ធ​ផល​នៃ​ការ​ពិភាក្សា​នោះ​មក​ធ្វើ​បទបង្ហាញ​នៅ​ក្នុង​ថ្នាក់។ ក្នុង​ការ​ប្រើ​វិធីបែបនេះ គ្រូ​បង្រៀន​នឹង​ចំណាយពេល​តិច​ជាង​មុន​ទៅលើ​ការ​សរសេរមេរៀននៅលើ​ក្តារខៀន ហើយ​ងាក​មក​ផ្តល់​គំនិត​ ឬ​ការណែនាំ ហើយ​ទុក​ឱ្យ​សិស្ស​ធ្វើ​កិច្ច​ការ​របស់​គេ​ជា​ក្រុម​វិញ។ មាតាបិតា​ត្រូវ​បាន​អញ្ជើញ​មក​អង្កេត​តាម​ដាន​មើល​ការ​ប្រលង​គ្រប់​ប្រភេទ ដើម្បី​មើល​ថា​តើ​សិស្ស​ណា​ខ្លះ​បាន​ធ្វើ​កិច្ចការ​ផ្ទះ​របស់ខ្លួន ហើយ​ក្រៅពីនោះ មាតាបិតាក៏​អាច​ចូល​រួម​នៅ​ក្នុង​ការ​រៀប​ចំ​បង្កើត​ផែនការ​សាលារៀន​ និង​តាមដាន​ការ​អនុវត្ត​របស់​វា​ដែរ។

លោក ស្រេង អាង ជា​គ្រូ​បង្រៀន​រូប​វិទ្យា​ថ្នាក់​ទី៧ និង​ទី៩ នៅវិទ្យា​ល័យ ហ៊ុន សែន តាំងគោក។ គាត់​ បាន​សម្តែងនូវ​ការ​ស្ញប់​ស្ញែង​ចំពោះ​វិធីសាស្ត្រថ្មី​ក្នុង​ការ​បង្រៀន​និង​ការ​រៀន ដែល​តាម​រយៈនេះ គាត់​និយាយ​ថា សិស្ស​រៀន​បាន​ឆាប់​ចេះ​លឿន​ជាង​មុន ជក់​ចិត្ត​ក្នុង​ការសិក្សា​ជាង​មុន ហើយ​មាន​ភាពច្នៃ​ប្រឌិត​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​លទ្ធ​ផល​នៃ​កិច្ច​ពិភាក្សា​របស់​គេទៀត​ផង។

លោកមាន​ប្រសាសន៍ដូច្នេះថា៖ «​កាល​ណា​ខ្ញុំ​ដាក់​ប្រធាន​បទ​ឱ្យ​ពួកគេ​ពិភាក្សា ពួកគេ​ចេះរក​ឧបករណ៍​ មកអនុវត្តជាក់​ស្តែង​តែម្តង។»

លោកស្រី ស៊ុយ ទេវី គ្រូប​ង្រៀន​អក្សរសាស្រ្ត​ខ្មែរ បាន​បន្ទរ​នូវ​អ្វី​ដែល​លោក​ ស្រេង អាង​ បាន​លើក​ឡើង។ លោកស្រី​និយាយថា វិធីនេះធ្វើ​ឱ្យ​សិស្ស​អាន​សៀវភៅ​​ជាងមុន ចេះ​ស្រាវ​ជ្រាវ​ជាងមុន បង្កើន​សកម្ម​ភាព​រៀន​បាន​ច្រើន ហើយ​ចេះជួយគ្នា​ក្នុង​ការ​រៀន​សូត្រ​ទៀតផង។

លោកស្រីមានប្រសាសន៍ថា៖ «​ខ្ញុំ​រីករាយ​ណាស់ដោយ​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​នេះ។ ចំណេះ​ដឹង​របស់​សិស្ស​មាន​ភាព​ប្រសើរ​ជាង​មុន​នៅពេលនេះ។»  

លោក នង សុវណ្ណារិទ្ធិ អាយុ ៤៨ឆ្នាំ ​ជាឪពុក​របស់​សិស្ស​ម្នាក់​រៀន​នៅ​វិទ្យា​ល័យ ហ៊ុន​ សែន តាំងគោក។ គាត់​និយាយ​ថា ចំណង​ទាក់​ទង​កាន់​តែល្អ​ជាង​មុន​រវាង​គ្រូ​និង​ឪពុក​ម្តាយអាណាព្យាបាលបានធ្វើឲ្យពួក​គាត់​​កាន់​​តែ​​មាន​​ភាព​កក់​ក្តៅ​​ទុក​ចិត្ត​អំពី​គុណភាព​របស់​សាលារៀន។ វិធីសាស្ត្រថ្មីនេះ ​ក៏​អាច​ជួយឪពុកម្តាយ​ឱ្យ​បាន​ដឹង​អំពីកម្រិត​នៃ​ការ​សិក្សា​របស់​កូនខ្លួន ថាតើ​កូន​របស់​ខ្លួន​ទៅរៀន​ទៀង​ទាត់​ប៉ុណ្ណា និង​ថា​តើ​គេ​អាច​ជួយ​កូន​គេ​បាន​ដូចម្តេច​ខ្លះ​ជាមួយ​កិច្ច​ការ​ដែលគ្រូដាក់​ឱ្យ​ទៅធ្វើ​​នៅ​ផ្ទះ។

លោក អៀង ប៊ុន​ហន នាយក​វិទ្យា​ល័យ ហ៊ុន សែន តាំងគោក បាន​រំឭកឡើង​អំពី​ការ​ធ្វើ​តេស្ត​សិស្ស​ប្រលងឡើង​កម្រិតបឋម​សិក្សា​ចូល​កម្រិ​តមធ្យមសិក្ស​ចំណេះទូទៅ។ ការ​ប្រលងនោះ​បាន​លាត​ត្រដាង​ឱ្យ​ដឹង​ថា សិស្ស​ជិត​ ៧០%​ ចាំបាច់​ត្រូវ​មាន​ការ​ពង្រឹងបន្ថែម​ជំនាញ​អាន​របស់​ខ្លួន ទើប​គេ​អាច​ត្រៀម​លក្ខណៈ​ចូល​ថ្នាក់​ទី ៧​បាន។

លទ្ធផល​ក៏​ស្រដៀងគ្នា​ដែរ​ក្នុង​ការ​ធ្វើ​តេស្ត​មុន​ឡើង​ថ្នាក់​ទី ៩។ លោក​នាយក​សាលា​មាន​ប្រសាសន៍ថា ក្នុងការ​ធ្វើ​តេស្ត​លើកដំបូង​នៅ​ខែធ្នូ ឆ្នាំ​២០១៨ សិស្ស​ ៨២នាក់​ក្នុង​ចំណោម​១២១នាក់ ឬ​ជាង ៦៥% ប្រលង​ធ្លាក់។ មាន​តែ​សិស្សម្នាក់​គត់​ទទួល​បាន​និទ្ទេស C ហើយ​គ្មាន​អ្នក​ណាទទួល​បាននិទ្ទេស​ A ឬ B ទេ។ ប៉ុន្តែ អត្រា​ប្រលង​ជាប់​មាន​ការ​កើនឡើង​គួរឱ្យ​កត់​សម្គាល់។ គិត​មក​ត្រឹម​ឆមាសទី២ មាន​សិស្ស​តែ ១២នាក់​ទេ ឬ​តិច​ជាង ១០% ដែល​ប្រលងធ្លាក់។ សិស្ស​ទទួល​បាន​និទ្ទេស A, B, និង C បានកើនពី ១នាក់ ដល់​ទៅ ៦២នាក់។  ​    

«យើង​បាន​ដេកលក់​អស់​ពេលដ៏​យូរ» លោក អៀង ប៊ុនហន​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​ទៅ​លើ​វិធីសាស្ត្រ​បង្រៀន​និង​ការ​រៀន​តាម​បែបប្រពៃណី​ដែល​លែង​មាន​ប្រសិទ្ធ​ទៀត​ហើយ​នោះ។

ផ្អែក​លើ​លទ្ធផល​បឋមទាំងនេះ លោក​នាយកមាន​ប្រសាសន៍​ថា​លោក​ចង់​ឱ្យ​គ្រូ​បង្រៀន​ទាំង​អស់​ទៅ​​ចូល​រួម​ក្នុង​កម្ម​វិធី​វិក្រឹតការ​គ្រូ (TUP) នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញដើម្បី​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​ឡើង​វិញ។ មក​ទល់​ពេលនេះ គ្រូ​បង្រៀន​១២​ក្នុង​ចំណោម​៦៣​នាក់​នៃសាលារ​បស់​គាត់​បាន​មក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ធ្វើ​វិក្រឹតការ​ហើយ។  

ថ្វី​បើ​គម្រោង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ឆ្នាំដំបូង​ក៏ពិតមែន លទ្ធផល​បឋម​ដែលវា​សម្រេច​បាន​មាន​ភាព​លក្ខណៈគួរ​យក​ជា​ការ​បាន​ ក្នុង​នោះ​មាន៖

  • គម្រោង​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​ជាង​ ១៩៥០០០​នាក់​ ​ជា​បុគ្គលិក​អប់​រំ គ្រូបង្រៀន និង​សិស្សសាលា;
  • សិស្ស​ជាង ១៧០០០​នាក់ បាន​ចូលរៀន​នៅ​ក្នុង​ថ្នាក់​រៀន​ដែល​ទើប​នឹង​ត្រូវ​បាន​សង់​ថ្មី;
  • សាលា​រៀនគោលដៅចំនួន១០០​កន្លែង​បាន​រៀប​ចំ​បង្កើន​ផែនការ​កែលម្អ​សាលា​រៀន​តាម​រយៈការ​ជួយ​ណែនាំ​របស់​គ្រូប​បណ្តុះ​បណ្តាល​ស្នូល​ថ្នាក់​ជាតិ;
  • គ្រូ​បង្រៀនមួយក្រុម​លើក​ដំបូង​គេ​ជិត ២០០នាក់​នឹង​បញ្ចប់កម្មវិធី​​វិក្រឹតការគ្រូ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ហើយ
  • សកម្មភាព​សាង​សង់​សាលារៀន​ថ្មី​កំពុង​តែ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​តាម​កាល​វិភាគកំណត់ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពីសំណាក់​សហគមន៍​ផង។

សម្រាប់​កញ្ញា ណាង រិទ្ធិកញ្ញា វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​បង្រៀន​និង​ការ​រៀន បាន​ធ្វើ​ឱ្យ​នាង​មាន​មោទនភាព​ណាស់​ចំពោះ​សាលា​រៀន​របស់​នាង។ នាង​មាន​អារម្មណ៍​ថា​នាង​ជា​មនុស្ស​ផ្សេង​មិន​ដូចមុន​ទៀត​ទេ ហើយ​ក្រៅ​ពី​បាន​កែលម្អខ្លួនឯង នាង​អាច​នឹង​ជួយ​បង្ហាត់​បង្រៀន​ដល់​សិស្ស​ដែល​មិន​សូវ​ចំណាប់​ក្នុង​ការរៀន​សូត្រ​នៅ​សាលារបស់​នាង​ទៀត​ផង។



Api
Api