publication 22 វិច្ឆិកា 2017

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែតុលា ឆ្នំា២០១៧: កម្ពុជាបោះជំហានឡើងក្នុងខ្សែសង្វាក់តមៃ្លវិស័យកម្មន្តសាល

World Bank Group


របកគំហើញសំខាន់ៗ

  • ក្នុង​ឆ្នាំ​២០១៦ កំណើន​សេដ្ឋ​កិច្ចបន្តមាន​​សម្ទុះ​ខ្លាំង​នៅ​ឡើយគឺ​មាន ​៧ភាគរយ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៧ កំណើន​​សេដ្ឋ​កិច្ច​ត្រូវ​បាន​ព្យាករ​ថា​ថមថយបន្តិច​មក​នៅ​ត្រឹម​ ៦,៨​ភាគរយ។
  • ការ​នាំ​ចេញ​សំលៀក​​បំពាក់ និងផលិត​ផល​វាយនភណ្ឌ​ផ្សេង​ទៀត មាន​សម្ទុះ​មធ្យម រី​ឯ​វិស័យ​សំណង់​វិញ​ក៏​កំពុង​តែ​បង្ហាញ​សញ្ញា​ឲ្យ​ឃើញ​ថា​មាន​សភាព​ថម​ថយ​ដែរ។ ជា​ការ​ប៉ះប៉ូវ​ដល់​ការធ្លាក់​ចុះ​ក្នុង​ការ​នាំ​ចេញ​សំលៀក​បំពាក់ និងផលិតផល​វាយនភណ្ឌ គេឃើញ​មាន​ការ​កើនឡើង​នៃ​​​​ចំណែករបស់​​​ការ​នាំ​ចេញ​ផលិត​ផល​មិន​មែន​វាយនភណ្ឌ ជា​ពិសេស​គ្រឿង​អេឡិច​ត្រូនិក បរិក្ខារ និង​គ្រឿង​​បន្លាស់​យាន​យន្ត នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បោះ​ជំហាន​ឈាន​​​ឡើង​នៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​វិស័យកម្មន្តសាល។   
  • កិច្ច​ប្រឹង​ប្រែង​របស់​អាជ្ញាធរកម្ពុជា​​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ហាក់​ដូច​ជា​ទទួល​បាន​ផល ដោយ​គេ​ឃើញ​មាន​ការ​ងើប​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នូវ​ចំនួន​មក​ដល់​របស់​ទេសចរ​បរទេស។
  • អតិផរណា​នៅ​រក្សាសភាព​មធ្យម ដែល​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​មានភាព​ថម​ថយ​ ​ ​នៅ​ពេល​ដែល​កំណើន​​ក្នុង​ផ្នែក​សំណង់​បាន​បង្ហាញ​សញ្ញាធ្លាក់​​​​ល្បឿន ហើយ​សម្ទុះ​កំណើន​ឥណ​ទាន​ក្នុង​ស្រុក​ក៏ស្រុតចុះ​​បន្តិច​វិញ​ដែរ។ ​​ 
  • ទន្ទឹម​គ្នា​នេះ​ដែរ ស្ថាន​ភាព​នៅ​ខាង​ក្រៅ​រក្សា​បាន​លំនឹង ដោយ​ក្នុង​នោះ ឱនភាព​គណនេយ្យ​ចរន្ត​កាន់​តែ​រួម​តូច ហើយ​ទុន​បម្រុង​​អន្តរ​ជាតិសរុប​បានកើន ​ជា​សមមូល ​ស្មើ​នឹង​៦​ខែ ​នៃ​ទំហំតម្លៃ​​របស់​ការ​នាំ​ចេញ។ ​
  • ឱនភាព​សារពើពន្ធ​ជា​រួម ​ត្រូវ​បាន​​​​ប្រមាណ​​ឃើញ​ថារក្សា​បាន​ស្ថាន​ភាព​ដដែល ដោយ​សារ​​ការ​ប្រមូល​ចំណូល​បាន​ល្អ។ ការកើន​ឡើង​ទំហំ​វិក្កយបត្រ​បៀវត្សរ៍​ក្នុង​វិស័យ​សា​ធារ​ណៈ ត្រូវ​បានប៉ះ​ប៉ូវ​​វិញ​ដោយ​ការ​ធ្លាក់​ចុះ​នូវ​ការ​ចំណាយ​មូល​ធន​ដែលទទួល​ហិរញ្ញ​ប្ប​ទាន​ពី​​ម្ចាស់​ជំនួយ។  ​​
  • ទស្សនវិស័យ​ទៅ​មុខ​នៅ​មាន​ភាព​វិជ្ជ​មាន។ កំណើន​សេដ្ឋ​កិច្ច​ត្រូវ​បាន​ព្យាករ​ទុក​ថា​នឹង​មាន​សម្ទុះ​រឹងប៉ឹង​ ក្នុង​កម្រិត​៦,៩ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយ​សារ​តែ​ពិពិធកម្ម​ក្នុង​ការ​នាំ​ចេញ ការ​រក្សា​ស្ថាន​ភាពល្អ​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ផ្ទាល់​មក​ពី​ខាង​ក្រៅ និង​ការ​ប្រ​មើល​ទុក​ថា​ស្ថាន​ភាពសេដ្ឋ​កិច្ច​សាកលនឹង​មាន​ភាពកាន់​តែ​​ប្រសើរ។ ​​
  • យ៉ាង​ណាក៏ដោយ លទ្ធ​ភាព​ដែល​អាច​មាន​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់ ជា​ពិសេស​សេដ្ឋ​កិច្ច​ប្រទេស​ចិន និង​ភាព​មិន​ប្រាកដ​ប្រជា​ពាក់​ព័ន្ធ​ជាមួយ​ការ​បោះ​ឆ្នោត អាច​បង្ក​ហានិភ័យ​ដល់ទស្សន​វិស័យ​សម្រាប់​កំណើន​នេះ​ដែរ។

ជម្រើសគោលនយោបាយ

កម្ពុជាកំពុងបោះជំហានឡើងក្នុងខ្សែសង្វាក់តមៃ្លវិស័យកម្មន្តសាល។ កិច្ចប្រឹងប្រែងបែបនេះ អាចជួយជម្រុញដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត។

  • ជ្រោម​ជ្រែង​​ពិពិធកម្ម​ការ​នាំ​ចេញ​ឲ្យ​កាន់​តែ​រី​ក​លូត​លាស់ ដោយ​ប្រកាន់​យក​គោល​នយោបាយ​អត្រា​​តម្លៃ​​ថាម​ពល​អគ្គិសនីមួយ​ដែល​​​ជួយ​សម្រាល​ការ​ចំណាយ ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង។ កំណត់​អត្ត​សញ្ញាណ​ការ​ខ្វះ​ចន្លោះ​ផ្នែក​ជំនាញ ដើម្បី​រៀប​ចំ​តាក់​តែង​វគ្គនិង​កម្មវិធី​បណ្តុះ​បណ្តាលសម្រាប់​បំពេញ​ឲ្យ​ការ​ខ្វះ​ខាត​ទាំង​នោះ​។ បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ធុរកិច្ចនិងក្នុង​​បរិយាកាស​វិនិយោគ ដោយ​លុប​បំបាត់​ចេញ​នូវ​ឧបសគ្គ​ផ្នែក​ច្បាប់​បញ្ញត្តិ​នានា ដើម្បី​កាត់​បន្ថយ​​ថ្លៃ​ចំណាយ​​លើ​ការ​បើក​និង​ប្រតិបត្តិ​ការ​​ធុរកិច្ច ក៏​ដូច​ជា​ថ្លៃ​ចំណាយ​លើ​ផ្នែក​ភ័ស្តុភារ​ ផង​ដែរ។ ​
  • បង្ក​លទ្ធ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ​​ដល់​​កសិករក្នុង​ការ​​ស្វែង​រក​​ទី​ផ្សារ និង​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ផលិត​កម្ម​របស់​ខ្លួន  ពិសេស​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពួក​គេ​កំពុងរង​​ការ​​ប៉ះ​ទង្គិច​ពី​ការ​ធ្លាក់​ចុះ​ថ្លៃផលិត​ផល​កសិក​ម្ម។ វិធាន​ការ​នានា​សម្រាប់​​​ត​ភ្ជាប់គ្រួសារ​នៅ​ជន​បទ​ទៅ​នឹង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​វិស័យ​ទេសចរណ៍ ក៏​អាច​នាំ​មក​នូវ​ភាគលាភ​ខ្ពស់​ដែរ។
  • បើ​ទោះ​ជា​កម្រិត​​​ភាព​ក្រី​ក្រ​បន្តធ្លាក់​​ចុះមែន ​ដោយ​សារ​តែ​ពិពិធ​ភាព​នៃ​ប្រភព​ចំណូល​​របស់​គ្រួសារ​នៅ​ជន​បទ មាន​​ដូច​ជា​ប្រាក់បញ្ញើ ប្រាក់​កម្រៃ​ការ​ងារ​​មិន​មែន​កសិកម្ម ជំនួញ​​តាម​ផ្ទះ ជា​ដើម ភាព​ចាំ​បាច់​នឹង​នៅ​តែ​មានសម្រាប់​​​​តាម​ដានមើល​​ឲ្យ​បាន​ដិត​ដល់​នូវ​ការ​ប៉ះ​ទង្គិច​អវិជ្ជមាន​ដែល​អាច​កើតឡើង​ ដោយ​សារតែ​ការ​ថម​ថយ​សម្ទុះ​កំណើន​ក្នុង​វិស័យ​វាយនភណ្ឌ​និង​វិស័យ​សំណង់។  ​