នៅដើមសតវត្សទី ២១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅជាក់លាក់មួយ ដើម្បីសម្រេចឲ្យបាននូវការគ្របដណ្តប់អនាម័យទូទាំងប្រទេសនៅឆ្នាំ ២០២៥។ ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ការខិតខំប្រឹងប្រែងកាន់តែមានការកើនឡើង ដើម្បីសំរេចជោគជ័យនូវគោលដៅនេះ តាមរយៈការធ្វើផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់ អនាម័យនៅជនបទ ដែលបានអនុម័ត ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅដើមឆ្នាំ ២០១៤។
លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលខុសត្រូវលើកិច្ចការអនាម័យជនបទបានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចសហការនិងការសម្របសម្រួលនាពេលបច្ចុប្បន្ន ជាមួយដៃគូអភិវឌ្ឍន៍នៃវិស័យនេះ ខ្ញុំមានជំនឿថា យើងនឹងអាចឈានដល់គោលដៅឆ្នាំ ២០២៥ នេះជាមិនខាន”។
កម្មវិធីទឹកស្អាតនិងអនាម័យ (WSP) នៃក្រុមប្រតិបត្តិការសកល វិស័យទឹក (Water Global Practice) របស់ធនាគារពិភពលោក កំពុងចូលរួមគាំទ្រ រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាអនាម័យជូនប្រជាជនជាទ្រង់ទ្រាយធំប្រកបដោយនិរន្តរភាព និងកំពុងផ្តល់យោបល់ដល់រដ្ឋាភិបាលថ្នាក់ជាតិអំពីផែនការអនុវត្តការផ្តល់សេវាអនាម័យតាមបែបវិជ្ឈមការ ដើម្បីឲ្យរដ្ឋបាលថ្នាក់ស្រុកនិងឃុំ ទទួលយកអណត្តិសម្រាប់អនុវត្តកម្មវិធីអនាម័យ នេះ។
សមត្ថភាពមន្រ្តីថ្នាក់ស្រុកនិងឃុំនៅមូលដ្ឋានគឺជាគន្លឹះនៃភាពជោគជ័យក្នុងការលើកកម្ពស់អនាម័យ ព្រោះអាចធ្វើ ឱ្យអ្នកដែលនៅជិតបញ្ហានិងយល់ដឹងពីបរិបទមូលដ្ឋានជាងគេ អាចប្រមែប្រមូលប្រជាពលរដ្ឋ និងវិស័យឯកជននៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយនានា។ “រដ្ឋបាលមូលដ្ឋានកំពុងតែចូលរួមធនធាន ដែលរួមមានទាំងហិរញ្ញប្បទានផងក្នុងការផ្តល់សេវាអនាម័យជនបទ“ លោក ចាន់ វីរៈ អ្នកឯកទេសផ្នែកទឹកស្អាតនិងអនាម័យនៃកម្មវិធីទឹកស្អាតនិងអនាម័យរបស់ធនាគារពិភពលោក (WSP) បានពន្យល់ថា “បច្ចុប្បន្ន ឃុំខ្លះបានបែងចែកថវិការបស់ខ្លួនមួយផ្នែកសំរាប់ការងារអនាម័យ ដែលជាជំហានដ៏ធំមួយ ឆ្ពោះទៅកាន់ការសំរេចដោយជោគជ័យនូវការទទួលបានអនាម័យទូទាំងប្រទេស”។
ស្រុកនិងឃុំកំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងដៃគូផ្សេងទៀត ក្នុងការផ្សារភ្ជាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFIs) ដើម្បីជួយផ្តល់ ប្រាក់កម្ចីខ្នាតតូចដល់គ្រួសារក្រីក្រដែលមានការខ្វះខាតប្រាក់កាស ក្នុងការទិញបង្គន់អនាម័យ។ គម្រោងហិរញ្ញប្បទានសាកល្បងដែលមានរយៈពេល ៩ ខែសម្រាប់ អនាម័យជនបទនៅខេត្តកណ្តាល អាចឲ្យុគ្រួសារចំនួន ១៩៩៤ អាចទិញបង្គន់អនាម័យដោយបង់រំលោះ ដែលនេះ ជា ភស្តុតាងថា ការទទួលបានហិរញ្ញប្បទានអាចពន្លឿនការទទួលបានបង្គន់អនាម័យប្រសើរជាងមុនសំរាប់គ្រួសារនានា ដោយរួមមានទាំងគ្រួសារក្រីក្រផងដែរ ។ ការទទួលបានប្រាក់កម្ចីរបស់គ្រួសារដែលខ្វះខាតថវិកាគឺមានសារៈសំខាន់សំរាប់ធានាថា ពួកគាត់មានឱកាសទិញបង្គន់អនាម័យ។ ទោះជាយ៉ាងណា គ្រួសារ ក្រីក្របំផុតដែល រកប្រាក់ចំណូលបានតិចជាង ១,២៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ នៅតែមិនអាចទទួលបានប្រាក់កម្ចីដដែល ដោយសារពួកគាត់ត្រូវបានសន្មត់ថា មិនមានលទ្ធភាពសង ត្រឡប់វិញបាន។
បន្ថែមលើការផ្តល់ហិរញ្ញប្បទាន គំនិតឆ្នៃប្រឌិតថ្មីៗក្នុងការបង្កើតគំរូបង្គន់ ការផលិត និងការផ្គត់ផ្គង់ផលិតផលបង្គន់ បានជួយឱ្យផលិតផលបង្គន់មានតម្លៃទាប ដែលបានជួយប្រជាជនកាន់តែមានលទ្ធភាពទទួលបានអនាម័យគ្រប់ៗគ្នា។ គេបានឃើញកិច្ចការនេះរួចទៅហើយនៅប្រទេសកម្ពុជាតាមរយៈគម្រោងបង្កើតបង្គន់ងាយស្រួល (Easy Latrine) ដែលជាបង្គន់អនាម័យចាក់ទឹកមានតម្លៃថោកដែលអាចឱ្យប្រជាពលរដ្ឋទិញបាន ហើយការអភិវឌ្ឍន៍និងការបង្កើតទីផ្សារថ្មីរបស់គម្រោងនេះទទួលបានការគាំទ្រពីធនាគារពិភពលោក។ ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ តាំងពីការចាប់ផ្តើមគម្រោងនេះមក បង្គន់អនាម័យប្រភេទនេះចំនួនប្រមាណ ១៧០០០០ ត្រូវបានលក់ចេញដោយសហគ្រិននៅថ្នាក់មូលដ្ឋាន ដែលការនេះបង្ហាញថា សហគ្រាសមូលដ្ឋានអាចរកប្រាក់ចំណេញបានពីការផលិតនិងការលក់បង្គន់អនាម័យដែលមានតម្លៃថោក និងអាចឱ្យប្រជាពលរដ្ឋមួយចំនួនធំដែលមានប្រាក់ចំណូលតិចតួចមានលទ្ធភាពទិញ។ នេះជាឧទាហរណ៍ មួយដែលបង្ហាញថាការរាប់បញ្ចូលនូវបរិបទមូលដ្ឋាន តម្រូវការរបស់អ្នកទិញ និងលទ្ធភាពទិញបានរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់ក្នុងការជួយឱ្យប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើម សំរេចបានដោយជោគជ័យនូវគោលដៅនៃការទទួលបានអនាម័យទូទាំងប្រទេស។