Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 3 កក្កដា 2017

ធនាគារពិភពលោក តែងតាំងនាយកថ្មីសម្រាប់ប្រទេស កម្ពុជា ឡាវ និងមីយ៉ានម៉ា

វ៉ាស៊ីនតោន ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ៖ ធនាគារពិភពលោកបានតែងតាំង លោកស្រី អេឡែន ហ្គោលស្ទីន ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ ក្នុងតួនាទីជានាយិកាថ្មីនេះ លោកស្រី នឹងទទួលការងារសម្រាប់ពង្រឹងភាពជាដៃគូរជាមួយ នឹងប្រទេសជាអតិថិជន ហើយជាមួយគ្នានេះដែរ លោកស្រី និងមានភារៈផ្លាស់ប្តូរយោបល់អំពីកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណង បញ្ចប់ភាពក្រីក្រតោកយ៉ាក និងជំរុញឲ្យមានវិបុលភាពរួម។ នេះជាលើកទីមួយហើយ ដែលធនាគារពិភពលោកសម្រេចដាក់ទីស្នាក់ការជានាយកប្រចាំការនៅការិយាល័យរបស់ខ្លួនក្នុងទីក្រុងយ៉ាងហ្គោន ហើយនេះក៏ជាការឆ្លុះបញ្ចាំងពីការពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសមីយ៉ានម៉ា ខណៈដែលប្រទេសនេះបន្តការផ្លាស់ប្តូរជាប្រវត្តិសាស្ត្ររបស់ខ្លួនឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារបន្ថែមទៀត និងឆ្ពោះទៅរកការធ្វើសមាហរណកម្មតំបន់និងពិភពលោកកាន់តែច្រើន។

លោកស្រី ហ្គោលស្ទីន បានមានប្រសាសន៍ថា“ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាតំណាងធនាគារពិភពលោកប្រចំានៅប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ និងស្វែងយល់ឲ្យកាន់តែប្រសើរពីប្រវត្តិនិងគន្លងនៃការអភិវឌ្ឍរបស់ប្រទេសទាំងនេះ។ ក្នុងរយៈពេលថ្មីៗនេះ ប្រទេសទាំងបីនេះ បានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងតំបន់អាស៊ី ។ តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូរបស់យើងនៅក្នុងប្រទេសនីមួយៗ ធនាគារពិភពលោកនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចដែលមានលក្ខណះរួមដែលមានផ្តល់ប្រយោជន៍ ដល់ជនក្រីក្រ ។"

លោកស្រី អេឡែន ហ្គោលស្ទីន មានឯកទេសក្នុងការងារភាពជាអ្នកដឹកនាំចំរុះបែប និងការគ្រប់គ្រងនិងត្រួតពិនិត្យផ្អែកលើលទ្ធផល ហើយនាពេលថ្មីៗនេះ លោកស្រីកាន់តំណែងជានាយិកាប្រចាំប្រទេសនៅបាល់កានខាងលិចក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាលដែលមានស្នាក់ការនៅ វីអេណា។ មុននឹងកាន់តួនាទីនៅតំបន់អឺរ៉ុប លោកស្រី ហ្គោលស្ទីន បានកាន់តួនាទីជានាយិកាប្រចាំប្រទេសបង់ក្លាដេស និងនេប៉ាល់ ដែលប្រចាំទីក្រុងដាក់កា ។ លោកស្រី បានចំណាយអស់រយៈពេលជាង ៣០ឆ្នាំ ធ្វើការជាមួយធនាគារពិភពលោក ក្នុងតំណែងជាថ្នាក់ដឹកនាំដែលទទួលខុសត្រូវតំបន់អាហ្វ្រិក អាស៊ីខាងត្បូង អាហ្វ្រិកខាងលិច។  លោកស្រី ក៏បានបង្កើតនាយដ្ឋានធានាគុណភាពនិងលទ្ធផលផងផងដែរនៅឯធនាគារអភិវឌ្ឍន៍អាហ្វ្រិក និងដឹកនាំការរាយការណ៍ពីលទ្ធផលសម្រាប់ការដាក់បំពេញបន្ថែមដល់មូលនិធិអភិវឌ្ឍន៍អាហ្វ្រិក។

លោកស្រី ហ្គោលស្ទីន បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈពីសាលាវូដ្រូវីលសុនផ្នែកកិច្ចការសាធារណៈនិងអន្តរជាតិនៅឯសាកលវិទ្យាល័យព្រីនសថឹន និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែគសុខភាពសាធារណៈពីសាលាចនហប់ឃីន។

លោកស្រី ហ្គោលស្ទីន បានប្តូរមកកាន់ទីក្រុងយ៉ាងហ្គោន ហើយនឹងរៀបចំកិច្ចប្រជុំជាលើកដំបូងជាមួយមន្រ្តីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធដទៃទៀតនៅក្នុងប្រទេសទាំងបីក្នុងខែនេះ។

ធនាគារពិភពលោក កំពុងគាំទ្រគម្រោងសកម្មចំនួន ៤៣ នៅក្នុងប្រទេសទាំងបីនេះ ដែលមានទឹកប្រាក់ជាង ២,៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ ។ ក្រៅពីគម្រោងគាំទ្រ ធនាគារពិភពលោកក៏ផ្តល់ជូននូវការងារវិភាគនិងប្រឹក្សាយោបល់ដែលចែករំលែកចំណេះដឹងនិងដំណោះស្រាយដើម្បីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ វិនិយោគលើប្រជាពលរដ្ឋតាមរយៈការទទួលបានសេវាសុខភាពនិងអាហារូបត្ថម្ភ ការអប់រំ ផ្លូវថ្នល់ប្រសើរ ថាមពល និងកសាងភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ជំនួយរបស់ធនាគារពិភពលោកនាពេលបច្ចុប្បន្ន

កម្ពុជា៖ គម្រោងកំពុងប្រតិបត្តិការចំនួន ១២ មានតម្លៃជាទឹកប្រាក់ ២៤៣ លានដុល្លារអាមេរិក (រួមទាំងមូលនិធិមរតក)

ឡាវ៖ គម្រោងកំពុងប្រតិបត្តិការចំនួន ១៨ មានតម្លៃជាទឹកប្រាក់ ៤៣៧,៣លានដុល្លារ អាមេរិក (រួមទាំងមូលនិធិមរតក)

មីយ៉ានម៉ា៖ គម្រោងកំពុងប្រតិបត្តិការចំនួន ១៣ មានតម្លៃជាទឹកប្រាក់ ២,០៨ ពាន់លានដុល្លារអាមេរិក (រួមទាំងមូលនិធិមរតក)


ទំនាក់ទំនង៖

ទំនាក់ទំនង

នៅមីយ៉ានម៉ា៖
Kyaw Soe Lynn
+959 782 789 400
klynn@worldbank.org
នៅឡាវ៖
Hannah McDonald-Moniz
+856 20 2222 1330
hmcdonaldmoniz@worldbank.org
នៅកម្ពុជា៖
Saroeun Bou
+855 12 414 088
sbou@worldbank.org
Api
Api