Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 19 មេសា 2018

ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Monash University ទទួលរង្វាន់ផ្នែកនវានុវត្តភាពក្នុងការទប់ស្កាត់អំពើហិង្សាលើផ្លូវភេទនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ — ក្រុម​ធនាគារពិភពលោក និងកម្ម​វិធី​​ស្រាវ​ជ្រាវ​អំពើ​ហិង្សាលើ​ផ្លូវភេទ​ Sexual Violence Research Initiative (SVRI) កាលពីពេលថ្មីៗនេះ​បាន​ផ្តល់រង្វាន់​​ទឹក​ប្រាក់​ចំនួន ​៩៩៩០០ដុល្លារអាមេរិក ដល់​សាកលវិទ្យាល័យម៉ូណាស្ហ (Monash University) សម្រាប់​​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយនៅ​ប្រទេស​កម្ពុជា​ ​ដែល​មាន​គោលបំណងជួយ​កាត់​បន្ថយ​ឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ (gender-based violence )។

រង្វាន់នេះ ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី“​ការ​អភិវឌ្ឍ​ទីផ្សារ​ឱ្យ​មាននវានុវត្តភាពដើម្បី​ដោះស្រាយ​អំពើ​ហិង្សាទាក់ទង​នឹង​យេនឌ័រ ឆ្នាំ​២០១៨” (2018 Development Marketplace for Innovation to Address Gender-Based Violence)* នឹង​ជួយ​អង្គការ​សម្ព័ន្ធ​សុខភាពកុមារ​ និង សុខ​ភាពបន្តពូជ (Reproductive and Child Health Alliance) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា និង​សាកលវិទ្យាល័យ Monash University នៅ​ប្រទេស​អូស្រ្តាលី ធ្វើ​​ការ​ស្ទង់​រកមើលអានុភាពផ្នែក​វប្បធម៌ដែល​ជាឫសគល់​​នាំឱ្យ​មាន​អំពើហិង្សាទាក់​ទង​នឹងយេនឌ័រ និង​ធ្វើតេស្ត​​មើល​ថា​តើ​ អន្តរាគមន៍​នានា​ពីសំណាក់​ព្រះសង្ឃ​ និង យាយជី អាច​រួម​វិភាគទាន​បាន​ប៉ុនណា​ដល់​​ការ​ទប់​ស្កាត់​អំពើ​ហិង្សាលើ​ផ្លូវភេទ។

ជា​ពិសេស​ រង្វាន់នេះនឹង​ជួយឱ្យ​ស្ថាប័នជ័យលាភីទាំងពីរនេះ​ធ្វើ​តេស្តមើលថាតើ ស្ត្រី បុរស ក្មេង​ស្រី និង​ក្មេងប្រុស​ ប្រើ​ប្រាស់​​​តឹកតាង​​វប្ប​ធម៌ជា​សំអាង​​របៀបណាខ្លះ ដើម្បី​​យល់ដឹង​អំពី​អំពើហិង្សាទាក់​ទង​នឹងយេនឌ័រ​ដែល​ពួកគេ​អាច​ធ្លាប់​បាន​ទទួល​រង​ ឬ​ធ្លាប់​បាន​ឃើញ។ ដោយសហការជាមួយបណ្តាញព្រះសង្ឃ ជ័យលាភីទាំងពីរនឹង​ពិនិត្យ​ទៅលើ​គំនិត​ផ្តួចផ្តើមនានា​ដែលបណ្តាញ​​ព្រះសង្ឃ​បាន​បង្កើតឡើងសំដៅ​ជួយ​ទប់ស្កាត់​​អំពើហិង្សាទាក់​ទង​នឹងយេនឌ័រ និង​កាត់​បន្ថយ​ផលប៉ះទង្គិចរបស់វា។ ពួកគេក៏នឹង​ធ្វើ​ការ​ចង​ក្រង​ជាឯកសារ​ផងដែរ​ថាហេតុអ្វីបាន​ជា​ជនល្មើស​ និង អ្នកនៅរស់​ផុត​ពី​អំពី​ហិង្សា ងាកទៅរក​​ព្រះ​សង្ឃ​ និង យាយ​ជី​ឱ្យ​ជួយ​ពួកគេ ហើយ​ថា​តើ​ទង្វើ​បែបនេះបានធ្វើ​ឱ្យ​​ពួកគេ​​ផ្លាស់​ប្តូរ​ឥរិយាបថដូចម្តេច​ខ្លះ​ចំពោះ​ស្រ្តី និង ក្មេងស្រី។

លោកមីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន នាយកគ្រប់គ្រងធនាគារពិភពលោកស្តីទីសម្រាប់​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា៖ «ប្រទេសកម្ពុជា​សម្រេច​បាន​វឌ្ឍនភាពច្រើនក្នុង​ការ​ប្រឆាំងទៅនឹងអំពើហិង្សាទាក់​ទង​នឹងយេនឌ័រ ក៏ប៉ុន្តែការយល់​ដឹងអំពីឥរិយាបថ​ផ្នែក​វប្ប​ធម៌ជាសមាសភាគ​មួយ​មានសារៈសំខាន់​​សម្រាប់​ធ្វើ​យ៉ាង​ណា​​ធានាឱ្យ​ការ​ឆ្លើយតបទៅអំពើហិង្សាទាក់​ទង​នឹងយេនឌ័រ សម្រេច​បានជោគជ័យ។» លោកមាន​ប្រសាសន៍ថែមទៀតថា៖ «យើង​សូមអបអរ​សាទរ​ចំពោះ​អ្នកទទួល​ជ័យលាភី​លើ​វិធីសាស្ត្រ​បែប​នវានុវត្តន៍មួយនេះ ហើយ​សង្ឃឹមថា​​យើង​នឹង​រៀនសូត្រ​បាន​ច្រើន​ទៀត​អំពី​វិធី​​ដែល​ព្រះសង្ឃ និង យាយជី​អាច​ប្រើ​ដើម្បី​ទប់​ស្កាត់​ និង​ កាត់​បន្ថយ​ផលប៉ះទង្គិចរបស់អំពើហិង្សាទាក់​ទង​នឹងយេនឌ័រ។»

អង្គការ​សុខភាពពិភពលោកបាន​ធ្វើ​ការ​ប៉ាន់​ស្មានថា ៣៥ភាគរយនៃស្ត្រី​នៅទូទាំង​ពិភពលោក​ ធ្លាប់​ទទួលរង​អំពើ​ហិង្សា​លើ​រាង​កាយ​ ឬ​អំពើហិង្សា​លើ​ផ្លូវ​ភេទពីសំណាក់ដៃគូរបស់​ខ្លួន​ ឬអំពើហិង្សា​លើ​ផ្លូវភេទពីសំណាក់​ជនមិនមែនជាដៃគូ ពេញ​​មួយដំណើរ​ជីវិត​របស់​ពួកគេ។ យោងតាម​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​លើកកម្ពស់​សមភាពយេនឌ័រ UN Women ​ប្រចាំនៅប្រទេសកម្ពុជា យ៉ាងហោចណាស់​មាន​ស្ត្រីកម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​ជាជនរងគ្រោះនៃ​​អំពើហិង្សា​ទាក់​ទង​នឹង​យេនឌ័រ ហើយ​ជាង​ពាក់​កណ្តាលនៃចំនួនកុមារ​ទាំងអស់ ​រងនូវ​អំពើ​ហិង្សា​លើ​រាង​កាយ​ក្នុង​ទម្រង់​ណាមួយពីសំណាក់​ដៃគូស្និទ្ធស្នាល ឪពុកម្តាយ ញាតិ​សន្តានពេញវ័យ ឬពីសំណាក់​សមាជិកក្នុង​សហគមន៍របស់​ពួកគេ។ 

លោកស្រី ការ៉េន ក្រោន នាយកជាន់ខ្ពស់​ផ្នែកយេនឌ័រ​របស់​ក្រុម​ធនាគារពិភពលោក មានប្រសាសន៍ថា៖ «ការសិក្សា​ជា​ច្រើន​បាន​ឱ្យដឹងថា អំពើហិង្សាទាក់​ទង​នឹង​យេនឌ័រ​អាចបណ្តាល​ឱ្យ​មាន​ការ​បង់​ខាត​ផ្នែកសេដ្ឋកិច្ច​រហូតដល់​ទៅ​ ៣,៧ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) ដោយសារ​តែ​ផលិតភាព​ផ្នែកសេដ្ឋកិច្ច​ត្រូវ​បាន​បាត់​បង់ ថែមពីលើគ្រោះ​ថ្នាក់​ដោយ​ផ្ទាល់​ដែល​មានទៅលើ​ស្ត្រី និង បុរស ជា​ជន​រង​គ្រោះ​។» លោកស្រី​មាន​ប្រសាសន៍​ទៀតថា៖ «ក្រុមធនាគារពិភពលោកមាន​មោទនភាព​ក្នុង​ការ​ជួយ​ឧបត្ថម្ភដល់​អ្នកទទួល​ជ័យលាភី​ក្នុង​កម្ម​វិធី​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​ទីផ្សារ ដែលគម្រោង​របស់​ពួកគេនឹង​រិះរក​វិធីសាស្ត្រ​នានា​​ប្រកប​ដោយ​និរន្តរភាព​​ហើយ​អាច​ពង្រីកមាត្រាដ្ឋាន​បាន​កាន់​តែធំ​ថែមទៀត សម្រាប់​យើង​យក​ទៅ​ប្រើ​ទប់​ស្កាត់​អំពើហិង្សាទាក់​ទង​នឹង​យេនឌ័រ​នាពេល​បច្ចុប្បន្ន​ និង​នៅជំនាន់​ក្រោយៗទៀត។»

កម្ម​វិធី​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​ទីផ្សារនេះ​ត្រូវ​បាន​សម្ពោធឡើង​នៅឆ្នាំ​២០១៥ ជាការឧទ្ទិសដល់​អនុស្សាវរីយ៍​របស់​នាង ហាណា ក្រាហាម (Hannah Graham) ដែលកូនស្រីរបស់​បុគ្គលិក​យូរឆ្នាំ​ម្នាក់​របស់​ក្រុម​ធនាគារពិភពលោក។ កម្ម​វិធីនេះ​ជា​ការ​ប្រកួតប្រជែង​ប្រចាំ​ឆ្នាំ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ដែលស្វែង​រក​ដំណោះស្រាយ​បែបនវានុវត្ត៍ ដែល​អាច​ជួយ​ដល់​បុគ្គល សហគមន៍ និង​ប្រទេសនានា​ ក្នុង​ការ​បង្ក្រាប​អំពើហិង្សាទាក់​ទង​នឹង​យេនឌ័រ​។​

អ្នក​ទទួល​ជ័យលាភីឆ្នាំនេះ - ដែល​ត្រូវ​បាន​ជ្រើសចេញពីការដាក់ពាក្យ​ប្រកួត​ប្រជែង​ពី​ស្ថាប័នស្រាវជ្រាវ អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​អង្គការ​ជំនួយនានា​ចំនួន​២៥០​មក​ពីជុំវិញ​ពិភពលោក - មាន​ប្រទេស អាមេនី កម្ពុជា កូឡុំប៊ី ហុងឌូរ៉ាស់ ហ្សកដង់ កេនយ៉ា នេប៉ាល់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉េរូ រវ៉ាន់ដា និង​ អាហ្វ្រ៊ិកខាងត្បូង។

ក្រុម​ជ័យលាភីនីមួយៗទទួល​បាន​រង្វាន់ជាទឹកប្រាក់ ១០០០០០ដុល្លារអាមេរិក ហើយ​ពួកគេត្រូវ​បាន​ជ្រើស​រើស​ដោយ​ផ្អែកលើ​គុណវុឌ្ឍិ រចនាបទ​​របស់​ការ​ស្រាវ​ជ្រាវ​ឬ​គម្រោង​និង​វិធិសាស្ត្រ​របស់​វា អត្ថន័យសារៈសំខាន់​របស់​ការស្រាវ​ជ្រាវ​ឬគម្រោង ជំនាញ​របស់​ក្រុម និង​ការ​ពិចារណា​ផ្នែក​ក្រម​សីលធម៌ផងដែរ។

កម្ម​វិធីផ្តល់ថវិការបស់ SVRI នេះ​គឺ​ជាកម្ម​វិធី​ផ្តល់​រង្វាន់​បែបនវានុវត្តន៍​​លក្ខណៈសាកលមួយ​ដែល​បាន​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤ ហើយ​កន្លង​មក​ធ្លាប់​បាន​ផ្តល់​រង្វាន់​ទឹក​ប្រាក់​អស់​ជាង​ ១លានដុល្លារអាមេរិក ដល់​គម្រោង​ចំនួន​ប្រាំបួន ក្នុង​ប្រទេស​ចំនួន​ប្រាំពីរ រួចមកហើយ។ ជាមួយ​សមាជិកជាង ៥៥០០នាក់ កម្ម​វិធី SVRI ជា​បណ្តាញ​ស្រាវ​ជ្រាវ​លំដាប់​សាកល​ធំជាងគេ​បង្អស់​ដែល​មាន​បេសកកម្ម​ផ្តោតទៅលើ​អំពើ​ហិង្សា​លើ​ស្ត្រី។ កម្ម​វិធីនេះ​គាំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​ដោយធ្វើ​​ការ​ផ្សព្វ​ផ្សាយ និង​ចែករំលែក​ចំណេះដឹង​ ធ្វើ​កិច្ច​សហ​ការ​គ្នា​និង​ពង្រីកបណ្តាញ ហើយរួមចំណែកកែលម្អ​គោលនយោបាយ​និង​ទម្លាប់អនុវត្ត​​ដោយ​គាំទ្រ​និង​ផ្តល់​ថវិកា​សម្រាប់​ការងារ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ​សមត្ថ​ភាព។ រៀង​រាល់​ពីរឆ្នាំម្តង កម្មវិធីនេះ​រៀប​ចំ​ឱ្យ​មាន​វេទិកា​អន្តរជាតិមួយ​ដើម្បី​បង្កើន​និង​ពង្រីក​ការ​ស្រាវ​ជ្រាវអំពី​អំពើ​ហិង្សា​លើ​ផ្លូវភេទ និងអំពីហិង្សា​បង្ក​ដោយដៃគូស្និទ្ធ​ស្នាល។

*ចំណងជើងផ្លូវការគឺSexual Violence Research Initiative and the World Bank Group’s 2018 Development Marketplace for Innovation in the prevention and response of gender-based violence (In memory of Hannah Graham)”

ឯកសារ​ស្រាវ​ជ្រាវ​ផ្សេងទៀត

World Bank Group Gender Equality Strategy 2016-2023

Violence Against Women & Girls Resource Guide

Sexual Violence Research Initiative


Api
Api