សេចក្តីប្រកាសព័ត៌មាន 10 ឧសភា 2018

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចខ្ពស់នៅកម្ពុជា រំពឹងថានឹងនៅបន្តកើតមាន

ភ្នំពេញ ថ្ងៃទី១០ ខែឧសភាព ឆ្នាំ​២០១៨ — ធនាគាពិភពលោកនិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែបន្ត​រក្សា​​ភាពស្វាហាប់ ហើយ​ត្រូវ​បាន​ព្យាករទុកថា​នឹង​កើន​ល្បឿនបន្តិច​រហូតដល់​ទៅ​ ៦,៩ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះឡើងវិញ​ក្នុង​វិស័យនាំចេញ​វាយនភណ្ឌនិងសំលៀកបំពាក់ អមដោយ​ការ​ងើបឡើង​​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ផងដែរ។

យោង​តាម​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ដែល​ត្រូវ​បានសម្ពោធ​នៅថ្ងៃនេះ ចំណាយ​កាន់​តែ​ច្រើនឡើង​របស់​រដ្ឋា​ភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោកមានអំណោយផល ក្នុង​នោះ​រួមមាន​តម្រូវ​ការ​យ៉ាង​ស្វា​ហាប់​នៅ​ក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿនលឿងផង សុទ្ធ​តែ​ជា​កត្តា​ដែល​ត្រូវ​បាន​គេរំពឹង​ទុកថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើ​ឱ្យកម្ពុជា​បន្ត​​ទទួលបាន​​កំណើនសេដ្ឋកិច្ច​ខ្ពស់​​។   

ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តមាន ហើយ​ក្នុង​នោះ​រួមមាន​ការ​បាត់​បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញដោយសារ​តែ​ការ​កើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​​របស់​កម្មករ ពំនូនគរនៃភាពងាយរងគ្រោះ​ដែល​មានមក​ជាយូរមក​ហើយ​នៅ​ក្នុង​កំណើននៃវិស័យ​អចលនទ្រព្យ​និង​សំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមាន​ជុំវិញ​​ការ​បោះឆ្នោត ភាពរញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម និង​ភាព​តានតឹង​ខ្លាំងឡើង​នៅ​ក្នុង​វិវាទពាណិជ្ជកម្មរវាងប្រទេសដែលមានការជំនួញធំៗក្នុងពិភពលោក។ ​​

 

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីរក្សា​ឱ្យ​បាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេសកម្ពុជា សំខាន់​ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំ និង​

បណ្តុះបណ្តាលជំនាញ ហើយ​ស្របពេលគ្នានោះដែរ​ ត្រូវ​ប្រឹង​រកដំណោះស្រាយដល់​ឧបសគ្គនានាដែល​ធុរកិច្ច​ធុនតូចនិងមធ្យម​កំពុង​ជួបប្រទះ។ ការ​វិនិយោគទៅលើមនុស្ស​ជា​ជម្រើស​​ដ៏​ប្រសើរបំផុត​សម្រាប់​ឈាន​ទៅកាន់​អនាគតមួយ​កាន់តែចម្រុងចម្រើន»។

 

របាយការណ៍នេះបានធ្វើ​កត់សម្គាល់​ថា ប្រទេសកម្ពុជា​អាច​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ចកាន់តែមានចម្រុះភាពជាងមុន និង​បង្កើត​ការ​ងារ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​របស់​ក្រុម​ហ៊ុន​ទៅលើ​ដំណើរការ​បំពេញ​បែបបទបង្កើតក្រុមហ៊ុន ទៅលើ​ផ្នែក​ប្រតិបត្តិការ និង​ទៅលើ​ការ​ធ្វើ​ហិរញ្ញប្បទាន។ របាយការណ៍នេះក៏​បាន​ផ្តល់​ផង​ដែរនូវអនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​តាម​ឃ្លាំមើល​ឱ្យ​បាន​ដិត​ដល់​ទៅលើ​ដំណើរ​​ស្ទុះឡើងនៅក្នុង​វិស័យ​សំណង់និងអចលនទ្រព្យ ដោយ​រៀបចំឱ្យមានគោលនយោបាយ​ប្រុងប្រយ័ត្ន​ជា​លក្ខណៈ​ម៉ាក្រូ ដែល​នឹង​ជួយ​បន្ថយវិសាលភាព​របស់​សកម្មភាពដែលកេងយកចំណេញនៅក្នុង​វិស័យទាំងនេះ។

  

ការ​មកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ដល់​ទៅ ១១,៨ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ ប្រៀបទៅនឹង​កំណើន ៥ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ ដោយសារលទ្ធផលនៃ​កិច្ច​ខិតខំរបស់​អាជ្ញាធរ​រដ្ឋា​ភិបាល​ក្នុងការ​ធ្វើ​ឱ្យ​មាន​ការ​ហោះ​ហើរ​កាន់​តែ​ច្រើន​មក​ពី​ក្នុង​តំបន់ រួម​ទាំង​ពីប្រទេសចិនផង ដែល​ជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យទេសចរណ៍។ វិស័យកសិកម្មក៏មានការស្ទុះឡើងដែរ ជាមួយ​នឹង​ការ​ពង្រីក​ផ្ទៃដីធ្វើ​ស្រូវ​និង​ចម្ការកៅស៊ូ និង​ការ​ងើបឡើងវិញ​បន្តិចម្តងៗរបស់​តម្លៃ​កសិផល។    

បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ជារបាយការណ៍ដែល​ត្រូវបានរៀបចំឡើងពីរដងក្នុងមួយឆ្នាំ សម្រាប់ផ្តល់​ព័ត៌មាន​ថ្មីៗបំផុតអំពី​ការ​វិវត្ត​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុង​រយៈពេលខ្លី និង​ក្នុង​រយៈពេលមធ្យម។


Api
Api