រឿងពិសេស 5 តុលា 2017

ការវិនិយោគលើការអប់រំកុមារតូចដើម្បីជោគជ័យក្នុងពេលអនាគត

Image

អត្ថបទថ្មីៗ

  • នៅកម្ពុជា ខណៈដែលអត្រាពិតនៃការចុះឈ្មោះចូលរៀន ក្នុងកម្រិតបឋមសិក្សា បានកើនឡើងដល់ប្រហែល ៩៨ភាគរយ នៅឆ្នាំ២០១៥ អត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុពី ៣ ដល់ ៥ឆ្នាំ នៅទូទាំងប្រទេស មានត្រឹមតែ ៤១ភាគរយ នៅឆ្នាំ២០១៦។
  • តាមរយៈគម្រោងអប់រំកុមារតូច (ECE) សាលារៀននិងសាលាមត្តេយ្យសហគមន៍ចំនួន ១០០ បានបើកដំណើរការដោយបានទទួលសិស្សអាយុចន្លោះពី ៣ ដល់ ៥ឆ្នាំ ឲ្យចូលរៀនបានជាង ១២៥.០០០នាក់។
  • ការវិនិយោគលើកុមារតូចតាមរយៈគម្រោងនេះ គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតមួយក្នុងចំណោមការវិនិយោគនានា ដែលកម្ពុជាអាចសម្រេចបានក្នុងការដោះស្រាយបញ្ហាវិសមភាព លុបបំបាត់ភាពក្រីក្រ និងចុងក្រោយ លើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែមានភាពប្រសើរឡើង។


រយៈពេលពីរឆ្នាំកន្លងទៅ អ្នកគ្រូមត្តេយ្យ ឆេ អ៊ាង អាយុ ៤០ ឆ្នាំ បានបង្ហាញដល់សហគមន៍របស់គាត់នូវជម្រើសមួយគឺ សាងសង់សាលារៀនមួយដែលមានសុវត្ថិភាពជាងមុនសម្រាប់សិស្សតូចៗចំនួន ៣០នាក់ដែលគាត់បានបង្រៀន ឬគាត់នឹងឈប់បង្រៀនប្រសិនបើគ្មានសាលាសមរម្យ។

អ្នកគ្រូ ឆេ អ៊ាង បានចង្អុលទៅផ្ទះមួយនៅក្បែរនោះដែលបានសុំម្ចាស់ផ្ទះធ្វើជាសាលាសម្រាប់បង្រៀនកុមារតូច ក្នុងសហគមន៍របស់គាត់ រួចមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំឈប់បង្រៀនហើយ ព្រោះវាមានការលំបាកខ្លាំងណាស់។” រួចអ្នកគ្រូបានរៀបរាប់ពីភាពលំបាកៗជាច្រើនដែលគាត់ជួបប្រទះ (ពីភ្លៀងសាច ធូលីហុយ ក្រោមផ្ទះគេគ្មានជញ្ជាំង និងឆ្កែកាចដែលបានខាំកូនសិស្សម្នាក់របស់គាត់ផងដែរ) ទាំងអស់នេះគឺវាគ្រប់គ្រាន់ល្មមហើយសម្រាប់អ្នកគ្រូ ឆេ អ៊ាង ដែលទទួលរងសម្ពាធដ៏ខ្លាំងនេះ។

សព្វថ្ងៃ អ្នកគ្រូ ឆេ អ៊ាង កំពុងបង្រៀននៅសាលាថ្មីនៅក្នុងសហគមន៍របស់គាត់ស្ថិតក្នុងភូមិ ភ្នំប្រាសាទ ខេត្តបន្ទាយមានជ័យ ។ អ្នកគ្រូសង្ឃឹមថា កូនសិស្សរបស់គាត់នឹងមានអនាគតល្អប្រសើរ។

សាលាមត្តេយ្យសហគមន៍ភ្នំប្រាសាទ គឺជាសាលាមត្តេយ្យមួយក្នុងចំណោមសាលាមត្តេយ្យសហគមន៍ចំនួន ៥០០ នៅទូទាំងប្រទេសដែលបានសាងសង់ដោយសហគមន៍ខ្លួនឯងផ្ទាល់ ក្រោមការទទួលបានការគាំទ្រពីគម្រោងអប់រំកុមារតូច។ គម្រោងនេះ គាំទ្រដោយមូលនិធិពហុភាគីពីកម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំ និងគ្រប់គ្រងដោយធនាគារពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

គ្រប់សហគមន៍គឺតែងតែចង់បានសាលាមត្តេយ្យសហគមន៍។ ឧទាហរណ៍ដូចជានៅភូមិ ភ្នំប្រាសាទនេះ ឪពុកម្តាយ មានការស្ទាក់ស្ទើរក្នុងការបញ្ជូនកូនរបស់ខ្លួនឲ្យទៅរៀននៅសាលាមត្តេយ្យរដ្ឋ ព្រោះត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ដែលជាការធ្វើដំណើរមួយប្រកបដោយគ្រោះថ្នាក់។ ឪពុកម្តាយជាច្រើនបាននិយាយថា សហគមន៍ គួរតែមានសាលាមត្តេយ្យនៅក្នុងភូមិ ហើយសហគមន៍អាចសាងសង់វាបាន។ តាមរយៈគម្រោងនេះ តំណាងជាច្រើនរបស់ឃុំ ត្រូវបានបណ្តុះបណ្តាលដើម្បីឲ្យចេះត្រួតពិនិត្យមើលការសាងសង់សាលារៀន។

លោកស្រី​ ទិត សុខុន នាយកសាលាមត្តេយ្យធនធានរបស់រដ្ឋ ស្ថិតនៅក្នុងស្រុក សូត្រនិគម ខេត្តសៀមរាប បានរៀបរាប់អំពីអត្ថប្រយោជន៍ ៥យ៉ាង នៃការចូលរៀនថ្នាក់មត្តេយ្យ៖ ការអភិវឌ្ឍជំនាញ ការហាត់ប្រាណនិងអនាម័យខ្លួនប្រាណ ការរៀនសូត្រអំពីសីលធម៌និងការគោរព សកម្មភាពនានាដែលលើកទឹកចិត្តក្មេងឲ្យមានគំនិតសហការគ្នា អភិវឌ្ឍជំនាញក្នុងការគិត និងសមត្ថភាពក្នុងការរៀនអក្សរខ្មែរ។

សិស្សបានរៀនចប់ថ្នាក់មត្តេយ្យ គឺជាក្តីប្រាថ្នាចង់បានយកទៅបង្រៀនរបស់គ្រូដែលបង្រៀនថ្នាក់ទី១ តួយ៉ាងដូចជាអ្នកគ្រូ វ៉ៃ ចន្ធី ដែលកំពុងបង្រៀននៅសាលាបឋមសិក្សាគម្រូ។ អ្នកគ្រូ ចន្ទី បានមានប្រសាសន៍ថា “សិស្សដែលបានរៀនចប់ថ្នាក់មត្តេយ្យ មានភាពវ័យឆ្លាត និងយល់មេរៀនបានលឿនណាស់”។ អ្នកគ្រូបន្តថា សិស្សដែលឆ្លងកាត់មត្តេយ្យបានឡើងថ្នាក់ជាបន្តបន្ទាប់។ ផ្ទុយទៅវិញ មានតែ ៥០ភាគរយប៉ុណ្ណោះនៃសិស្សដែលមិនបានឆ្លងកាត់មត្តេយ្យ បានប្រឡងជាប់ឡើងពីថ្នាក់ទី១ ហើយពួកគេ មានការលំបាកក្នុងការសិក្សាក្នុងរយៈពេលពីរបីខែដំបូង។

ក្រៅពីការសាងសង់សាលារៀន គម្រោងអប់រំកុមារតូចនេះ បានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់ម្តាយដែលមានផ្ទៃពោះ ដោយបង្រៀនពួកគាត់អំពីការជួយសង្គ្រោះបឋម ការចម្អិនអាហារដែលមានជីវជាតិ និងអនាម័យខ្លួនប្រាណដែលត្រឹមត្រូវ ដូចជា ការលាងសម្អាតដៃ និងការផ្តល់យោបល់ដែលមានប្រយោជន៍សម្រាប់ការមានផ្ទៃពោះនិងការចិញ្ចឹមកូនឲ្យមានសុខភាពល្អផងដែរ។


Image

រហូតមកដល់បច្ចុប្បន្ននេះ គម្រោងនេះកំពុងតែសម្រេចបានលទ្ធផលជាច្រើន។ ជាឧទាហរណ៍៖

  • គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ សាលារដ្ឋប្រហែល ១០០ និងសាលាមត្តេយ្យសហគមន៍ថ្មីប្រហែល ១.០០០ បានបើកដំណើរការ។
  • ជាង ៤៧ភាគរយនៃកុមារអាយុចន្លោះពី ៣ ដល់ ៥ ឆ្នាំ បច្ចុប្បន្ន បានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ ទាំងនៅក្នុងទីក្រុងនិងទាំងនៅតំបន់ជនបទ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៧ មានសិស្សជាង ១២៥.០០០នាក់ ដែលមានអាយុចន្លោះពី ៣ ដល់ ៥ឆ្នាំ បានទទួលអត្ថប្រយោជន៍ផ្ទាល់ពីគម្រោងនេះ។
  • គ្រូមត្តេយ្យសហគមន៍និងម្តាយ ជាង ៣.៨០០នាក់ ទទួលបានការបណ្តុះបណ្តាលស្តីពីការថែទាំសុខភាព ការសាងសង់សាលារៀន និងជំនាញចិញ្ចឹមកូន។

រដ្ឋាភិបាលសង្ឃឹមថា នេះគ្រាន់តែកត់សម្គាល់ពីការចាប់ផ្តើមមួយនៃការរីកចម្រើនកាន់តែច្រើនឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ អាស្រ័យហេតុនេះហើយ បានជា ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តលើកទឹកចិត្តមាតាបិតាទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចិញ្ចឹមថែទាំកូនតូចៗរបស់ខ្លួន ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ៣ឆ្នាំ ដោយបានចាត់ទុកថាជាពេលវេលាសំខាន់សម្រាប់ការចម្រើនវ័យផ្នែកកាយសម្បទារនិងបញ្ញាស្មារតី។

ឯកឧត្តម រដ្ឋមន្ត្រី ណារ៉ុន មានការជឿជាក់ថា ការអប់រំកុមារតូច បានបើកនូវឱកាសដ៏ទូលំទូលាយដល់ពួកគេ។ ឯកឧត្តមមានប្រសាសន៍ថា “មាតាបិតា គួរតែអនុញ្ញាតឲ្យកូនៗរបស់ខ្លួនចូលរៀននៅថ្នាក់មត្តេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេទទួលបានជោគជ័យក្នុងការបន្តការសិក្សានៅថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។”

 



Api
Api