រឿងពិសេស

អាហារូបករណ៍ផ្តល់ឲ្យនិស្សិតក្រីក្រនៅកម្ពុជាមានអនាគតភ្លឺស្វាង

23 មីនា 2017


Image

អត្ថបទថ្មីៗ
  • សិស្សក្រីក្រនៅកម្ពុជាមានឱកាសតិចតួចណាស់សម្រាប់ការសិក្សានៅថ្នាក់ឧត្តម
  • និស្សិតក្រីក្រប្រមាណ១០០០នាក់ទទួលបានអាហារូបករណ៍រៀននៅថ្នាក់ឧត្តមសិក្សាពីគម្រោងដែលគាំទ្រដោយធនាគារពិភពលោកសម្រាប់ឧត្តមសិក្សា
  • មូលនិធិសម្រាប់អាហារូបករណ៍រៀនបន្តក៏បានផ្តល់ជូនគ្រូ និងមន្ត្រីចំនួន ៦៤រូបបានទៅរៀននៅបរទេសដើម្បីបង្កើត និងពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួនសម្រាប់ការលើកកម្ពស់គុណភាពនៃការបង្រៀន

នៅក្រោមម្លប់ផ្ទះឈើមួយ ក្នុងភូមិតូចមួយស្ថិតនៅខេត្តកំពត ភាគអគ្នេយ៍នៃប្រទេសកម្ពុជា យុវតី ហេង ស៊ីណាត អាយុ ២៤ឆ្នាំ កំពុងតែប្រើផ្ទាំងក្រដាសធំ ដើម្បីពន្យល់អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ មានអ្នកភូមិមួយក្រុម ភាគច្រើនជាស្ត្រី បានកំពុងអង្គុយស្តាប់ ស៊ីណាត ក្នុងឋានៈជាអ្នកសម្របសម្រួលសហគមន៍ពន្យល់អំពីប្រធានបទមួយចំនួនដូចជា ការរៀបចំម្ហូបអាហារ ការដាំទឹក និងការបង្កើតសួនបន្ថែ។

ស៊ីណាត បាននិយាយក្រោយពីបញ្ចប់បទបង្ហាញថា "ខ្ញុំមានមោទនភាពណាស់ដែលមានឱកាសបម្រើប្រជាពលរដ្ឋនៅជនបទរបស់យើង និងបានឃើញអ្នកភូមិផ្លាស់ប្តូរទម្លាប់របស់ខ្លួន ដូចជាដូរពីហូបទឹកឆៅមកដាំទឹកហូប មានចំណេះដឹងអំពីអាហារូបត្ថម្ភ និងចាប់ផ្តើមដាំបន្ថែផ្ទាល់ខ្លួន។”

ស៊ីណាត ទទួលបានប្រាក់ខែ ៣៥០ដុល្លារ ក្នុងមួយខែ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់ និងទំនុកបម្រុងការសិក្សារបស់ប្អូនប្រុសខ្លួនដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

ជីវិតដែលស៊ីណាតតស៊ូ មើលទៅហាក់ដូចជាសុបិនចម្លែកមួយសម្រាប់ខ្លួនឯងជាក្មេងរស់នៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូនបង្កើតចំនួន ៧នាក់។ ឪពុកម្តាយរបស់នាង ពុំមានលទ្ធភាពផ្គត់ផ្គង់ឲ្យនាងបានសិក្សានៅថ្នាក់សាកលវិទ្យាល័យបានទេ ហើយការងារតែមួយគត់ដែលនាងស្រមើស្រមៃអាចធ្វើក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ គឺកម្មកររោងចក្រកាត់ដេរនៅខេត្តដែលនាងរស់នៅ។

តាមពិត មិត្តភក្តិជាច្រើនរបស់ស៊ីណាតដែលធ្លាប់រៀនជាមួយគ្នា គឺធ្វើការជាកម្មកររោងចក្រកាត់ដេរមែន។ ក៏ប៉ុន្តែ នាងបានសម្រេចចិត្តបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យក្រោយពីទទួលបានអាហារូបករណ៍ពីគម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពឧត្តមសិក្សា (HEQCIP) ។ នាងបានចុះឈ្មោះចូលសិក្សានៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ នៅខេត្តព្រៃវែងដើម្បីសិក្សាជំនាញផ្នែកអភិវឌ្ឍន៍ជនបទ។

ជាអ្នកដែលធំធាត់ដឹងក្តីនៅក្នុងគ្រួសារទីទ័លក្រនៅជនបទ ស៊ីណាតបានដឹងច្បាស់ថាអ្វីដែលប្រជាពលរដ្ឋក្រីក្រត្រូវការដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យប្រសើរឡើង និងអ្វីជាឱកាសតិចតួចដែលពួកគាត់មាន។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គម្រោង HEQCIP ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រប្រមាណ ១០០០នាក់។ ស៊ីណាត បាននិយាយថា បើគ្មានកម្មវិធីនេះទេ នាងនិងសិស្សក្រីក្រដទៃទៀត នឹងមិនអាចទទួលបានជំនាញដែលពួកគេកំពុងប្រើប្រាស់ដើម្បីអភិវឌ្ឍប្រទេសទេ។

និស្សិតអាហារូបករណ៍ម្នាក់ទៀតឈ្មោះ ឃុន ខា អាយុ ២៨ឆ្នាំ ដែលបានប្រលងជាប់ផ្នែកគ្រប់គ្រងទេសចរណ៍ពីសាកលវិទ្យាល័យបៀលប្រាយ ហើយបច្ចុប្បន្នបម្រើការនៅក្រុមហ៊ុនសេវាកម្មទេសចរណ៍ក្នុងតួនាទីជាអ្នកគ្រប់គ្រងសាខានៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍របស់កម្ពុជា។ លោក ខា ទទួលបានប្រាក់ខែចំនួន ៣៨០ដុល្លារក្នុងមួយខែ ដែលអាចឲ្យគាត់ផ្គត់ផ្គង់ចិញ្ចឹមប្រពន្ធនិងកូនពីរនាក់របស់គាត់បាន។

លោកខា និងស៊ីណាត មានស្ថានភាពគ្រួសារប្រហាក់ប្រហែលគ្នា។ លោក ខា ក៏បានធំធាត់ដឹងក្តីក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូនបង្កើតចំនួន ៧នាក់ដែរ នៅខេត្តកំពត។ ពេល ខា អាយុបាន ១០ឆ្នាំ ឪពុកម្តាយបានស្លាប់ចោល ធ្វើឲ្យបំណងប្រាថ្នាចង់រៀនបន្តនៅមហាវិទ្យាល័យរបស់ខ្លួនត្រូវរលាយ។ ពិតណាស់ ជាកូនទីបីនៅក្នុងគ្រួសារ វាហាក់ដូចជាថា ខា នឹងត្រូវដើរតាមគន្លងបងៗពីរនាក់របស់ខ្លួនគឺចំណាកស្រុកប្រកបដោយគ្រោះថ្នាក់ទៅលក់កម្លាំងពលកម្មប្រចាំថ្ងៃនៅប្រទេសថៃ។

លោក ខា ស្រឡាញ់ការសិក្សានៅមហាវិទ្យាល័យខ្លាំងណាស់។ នៅឆ្នាំទីមួយ ខា បានដើរទៅរៀន ឬ ប្រសិនបើគាត់មានអារម្មណ៍ថាមានកម្លាំង គាត់រត់ទៅរៀនក៏មាន។ នៅចុងឆ្នាំនោះ គាត់សន្សំប្រាក់ពីគម្រោងអាហារូបករណ៍នេះបានល្មមទិញកង់មួយគ្រឿងសម្រាប់ជិះទៅរៀន។ សព្វថ្ងៃ គាត់មានម៉ូតូមួយគ្រឿង និងដីតូចមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលគាត់គ្រោងនឹងសាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់នៅទីនោះ។


" ការទទួលបានអាហារូបករណ៍នេះ គឺវាបានប្តូរជីវិតរបស់ខ្ញុំតែម្តង។ ពេលនេះខ្ញុំអាចផ្គត់ផ្គង់ការសិក្សារបស់កូនខ្ញុំបាន។ ខ្ញុំបានសម្រេចចិត្តឲ្យពួកគេរៀនរហូតដល់ថ្នាក់មហាវិទ្យាល័យ។ "

លោក ឃុន ខា បាននិយាយថា

និស្សិតអាហារូបករណ៍

Image

លោក ខា បាននិយាយថា “ការទទួលបានអាហារូបករណ៍នេះ គឺវាបានប្តូរជីវិតរបស់ខ្ញុំតែម្តង។ ពេលនេះខ្ញុំអាចផ្គត់ផ្គង់ការសិក្សារបស់កូនខ្ញុំបាន។ ខ្ញុំបានសម្រេចចិត្តឲ្យពួកគេរៀនរហូតដល់ថ្នាក់មហាវិទ្យាល័យ។”

គម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពឧត្តមសិក្សានេះបានជួយបង្កើតនិងពង្រឹងជំនាញនិងសមត្ថភាពគ្រូនិងមន្ត្រីតាមសាកលវិទ្យាល័យនានាដើម្បីលើកកម្ពស់គុណភាពបង្រៀន។ លោក ង៉ុយ យុទ្ធនា គ្រូឧទ្ទេសនៅមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានទទួលអាហារូបករណ៍ពីគម្រោងនេះទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជេមឃុករបស់ប្រទេសអូស្ត្រាលី។ គាត់បានយល់ដឹងអំពីភាពខុសគ្នាមួយចំនួនរវាងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់ប្រទេសទាំងពីរ ព្រមទាំងលក្ខណៈផ្សេងៗទៀតដូចជា ចំនួននិស្សិតក្នុងថ្នាក់ និងពីរបៀបដែលនិស្សិតរៀនសូត្រជាដើម។

លោក យុទ្ធនា និយាយថា “ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលទទួលបានអាហារូបករណ៍នេះ។” គាត់បានបន្ថែមទៀតថា គាត់ប្រាកដជានឹងយកចំណេះដឹងដែលគាត់បានរៀនទៅបង្រៀននិស្សិតរបស់គាត់។ “វាបានជួយខ្ញុំយ៉ាងច្រើននិងគ្រូឧទ្ទេសដទៃទៀតនៅទីនេះដើម្បីបញ្ចប់ការសិក្សារបស់ពួកយើង ហើយប្រើប្រាស់ចំណេះដឹងដែលបានរៀនពីប្រទេសអភិវឌ្ឍន៍ដើម្បីបង្រៀននិស្សិតរបស់យើងនៅក្នុងប្រទេសកម្ពុជាឲ្យបានល្អប្រសើរ។”

គម្រោងនេះ ក៏ផ្តល់ជំនួយឥតសំណងដល់សាកលវិទ្យាល័យរដ្ឋ និងឯកជន ដែលមានបំណងចង់ស្រាវជ្រាវរកដំណោះស្រាយបញ្ហានៅក្នុងប្រទេស។ សាកលវិទ្យាល័យសៅស៍អ៊ីសថ៏អេយសៀ ដែលជាសាកលវិទ្យាល័យឯកជនមួយស្ថិតនៅខេត្តសៀមរាប បានប្រើប្រាស់ប្រាក់ជំនួយដែលខ្លួនទទួលបានដើម្បីធ្វើការសិក្សាអំពីវិស័យទេសចរណ៍។ ការសិក្សានោះនាំឲ្យសាកលវិទ្យាល័យនេះអាចកែទម្រង់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍របស់ខ្លួនបាន។

លោក រស់ ប៊ុនធី នាយកប្រតិបត្តិនៃសាកលវិទ្យាល័យនេះ បានមានប្រសាសន៍ថា “ប្រាក់ជំនួយសម្រាប់ធ្វើការស្រាវជ្រាវនេះ បានជួយពួកយើងរកឃើញនូវបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋាន។ យើងបានរកឃើញថា កម្មវិធីសិក្សាចាស់របស់យើង មិនស៊ីគ្នាទាំងស្រុងទៅនឹងតម្រូវការដែលទីផ្សារពលកម្មមានសម្រាប់និស្សិតចេញពីសាកលវិទ្យាល័យទេ ហើយជំនួយនេះបានធ្វើឲ្យយើងកែលម្អកម្មវិធីសិក្សាបានល្អជាងមុន។ ឥឡូវនេះ ខ្ញុំមានសុទិដ្ឋិនិយមថា និស្សិតដែលចេញពីសាកលវិទ្យាល័យរបស់យើងនឹងអាចទទួលបានការងារល្អនៅក្នុងឧស្សាហកម្មទេសចរណ៍នេះ។”

ចាប់តាំងពីឆ្នាំ២០១០ គម្រោងបានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រចំនួន ៩៩៩នាក់ បានរៀននៅមហាវិទ្យាល័យ។ សើសពីនេះទៀត សាស្ត្រាចារ្យនិងបុគ្គលិករដ្ឋនិងឯកជនចំនួន ៦៤នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួននៅក្រៅប្រទេស ដែលបានរៀនយកជំនាញផ្សេងៗគ្នា។

ជំនួយឥតសំណងសម្រាប់ការស្រាវជ្រាវសរុបចំនួន ៤៥ ត្រូវបានផ្តល់ជូនសម្រាប់គាំទ្រដល់ការបង្រៀននិងការសិក្សា និងស្វែងរកដំណោះស្រាយបញ្ហានៅក្នុងមូលដ្ឋាន។ ដើម្បីជួយលើកម្ពស់គុណភាពអប់រំនៅកម្ពុជា កម្មវិធីបណ្តុះបណ្តាលក្រៅប្រទេសចំនួន ៧៨ និងក្នុងស្រុកចំនួន ២៥៤ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងគ្រូបង្រៀនកម្រិតឧត្តមសិក្សាចំនួនជាង ១ម៉ឺននាក់។



Api
Api