ទំព័រ​នេះ​នៅ​ក្នុង:

រឿងពិសេស

អាហារូបករណ៍៤៥ដុល្លារនៅកម្ពុជា៖ តើអ្វីទៅជាផលប៉ះពាល់?

16 មេសា 2014

ជ្រៃ កម្ពុជា ៖ ស្ទើររៀងរាល់ព្រឹក  កុមារី រួន វណ្ណយ​ អាយុ
១៤ ឆ្នាំ រូតរះ​​ធ្វើ​កិច្ចការផ្ទះរបស់នាង  បន្ទាប់មក​ ប្រញាប់
ប្រញាល់​​ទាញកង់​របស់នាងជិះ​សំដៅ​ទៅ​កាន់វិទ្យាល័យ
ស្វាយធំដែលស្ថិតនៅ​ភាគពាយព្យនៃប្រទេសកម្ពុជាក្នុង
ភូមិជ្រៃ។ នាងបានតម្រង់ជួរ​ដើរចូលថ្នាក់រៀន​  បើក
សៀវភៅ​សរសេរ​និង​រង់ចាំរៀន​​មេរៀន​អក្សរសាស្រ្តខែ្មរ
ជា​មុខ​វិជ្ជាដែលនាងចូលចិត្តជាងគេ។

​កត្តាដែល​ជំរុ​ញ​ឲ្យនាង​​បន្តរៀន​​បានដល់​ថ្នាក់ទី ៩ ក្នុងបន្ទប់​
រៀនមួយដែល​មានសិស្ស​ដ៏ច្រើននោះ មិនមែន​ជា​រឿង
ងាយស្រួលនោះទេ។ នាង​គឺ​ជា​កូន​ស្រី​​ទីពីរ​ក្នុង​​គ្រួសារ 
ដែលមាន​កូនបួននាក់​ និង​​ជាកូន​ស្រី​តែ​ម្នាក់គត់​ដែល​បាន​
ចូលរៀន​។ ប្អូនៗរបស់នាង​ពីរនាក់ទៀត​ មិនបានចូលរៀន
ទេ ពីព្រោះពួកគេពិការ ចំណែកឯ​បងស្រី​របស់នាង​ដែល
មានអាយុ ១៦ ឆ្នាំ បាន​បោះបង់​ចោល​សាលាហើយ។

កុមារី វណ្ណយ​ បានទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤៥ដុល្លា ពីកម្មវិធី​អាហារូបករណ៍ នៅដើមឆ្នាំនេះ។
ប្រាក់​ឧបត្ថម្ភនេះ ជាផ្នែកមួយនៃ​កម្មវិធី​អាហារូបករណ៍ថ្នាក់​វិទ្យាល័យ​​របស់រដ្ឋាភិបាលកម្ពុជា
ដែល​មានគោល​បំណង​ជួយកុមារ​ក្នុងគ្រួសារក្រីក្រ​ ដូចជាគ្រួសាររបស់នាង​ ឲ្យបាន​រៀនសូត្រ។
ក​ម្មវិធីអាហារូបករណ៍នេះ ត្រូវបាន​គ្រប់គ្រងដោយរដ្ឋាភិបាល​កម្ពុជាចាប់តាំងពី​ឆ្នាំ ២០១០
ដោយមានការគំាទ្រពី​ធនាគារពិភពលោក ក្រោម​គម្រោង​​គាំទ្រ​វិស័យ​​អប់រំ (ភាសាអង់គ្លេស)

អាហារូបករណ៍​​ មានទំនាក់ទំនង​ទៅនឹងការចុះឈ្មោះ​ចូលរៀន

នៅពេល​ដែល​កម្មវិធីនេះ​បានចាប់ផ្តើម​​ដំណើរការនៅក្នុងឆ្នាំ ២០០៥ ការវាយតម្លៃ​អំពី​ផល
ប៉ះពាល់​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុងកម្មវិធីនេះ ដើម្បី​វាស់វែង​ប្រសិទ្ធិភាព​នៃ​កម្មវិធីអាហារូបករណ៍​
លើ​ការចុះឈ្មោះចូលរៀន និង​វាស់វែងថាតើ ​​​អាហារូបករណ៍​ ៤៥ដុល្លារ មានប្រសិទ្ធិភាព​ដូច​
អាហារូបករណ៍ ៦០​ដុល្លារ​ដែរឬយ៉ាងណា។ ការវាយតម្លៃដែល​គាំទ្រ​ដោយ​ មូលនិធិវាយតម្លៃ​ផល
ប៉ះពាល់ជាយុទ្ធសាស្រ្ត (ភាសាអង់គ្លេស)
របស់​ធនាគារពិភពលោក​ បាន​រកឃើញថា សិស្ស​ដែល​
បានទទួល​អាហារូបករណ៍នេះ ទំនង​ជា​​​​​នៅ​បន្តការរៀន​សូត្រ​បាន​ច្រើនជាង។ ​ការចុះឈ្មោះ​បាន​
ឡើងរហូតដល់ ៨០ភាគរយ សម្រាប់សិស្សដែល​បានទទួល​អាហារូបករណ៍ បើ​​ធៀបនឹង​​សិស្ស​
ដែលមិនបាន​ទទួលអាហារូបករណ៍​ គឺមានចំនួន​តែ​ ៦០ភាគរយប៉ុណ្ណោះ។ ការវាយតម្លៃអំពី
ផលប៉ះពាល់នេះក៏បាន​បង្ហាញឲ្យ​ឃើញផងដែរថា ​អាហារូបករណ៍​ ៤៥ ដុល្លារ មានប្រសិទ្ធិភាព
ដូច​អាហារូបករណ៍ ៦០ដុល្លារដែរ។

លោក បេង ស៊ីម៉េត មន្ត្រីជាន់ខ្ពស់​ផែ្នក​អប់រំ​​នៃ​ធនាគារពិភពលោក​ប្រចាំកម្ពុជា ដែល​​បាន​​​ធ្វើការ
លើ​កម្មវិធី​នេះ បាន​មានប្រសាសន៍ថា “លទ្ធ​ផល​នៃការវាយ​តម្លៃ​ បាន​ធ្វើ​ឲ្យ​ពួកយើ​ងមាន
ការភ្ញាក់ផ្អើល”។

​លទ្ធផលនេះ បាន​​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ជឿជាក់ និង​ពង្រីក​​​កម្មវិធីនេះ​ដោយ​​កំណត់​​យក​អត្រា ៤៥​
ដុល្លារ។ ឆ្នាំនេះ សិស្ស​ប្រ​ហែ​ល​ ៥៦០០០​នាក់​ បាន​ទទួល​​អាហារូបករណ៍​ ក្នុងនោះ​មាន​កុមារី
វណ្ណយផងដែរ។ រដ្ឋាភិបាល​ ក៏​កំពុងតែ​សាកល្បង​​ផ្តល់​អាហារូបករណ៍ដល់​សិស្ស​ថ្នាក់​បឋម​សិក្សា​
ផងដែរ  ព្រមទាំង​​អាហារូបករណ៍​ផ្អែក​លើស្នាដៃ​ ក្នុងគោល​បំណង​ដើម្បី​បង្កើន​គុណភាពនៃ
​ការសិក្សា​។

ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍
ថា ការវាយតម្លៃ​លើ​ផលប៉ះពាល់​នេះ បាន​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​​​ធ្វើ​សេចក្តី​សន្និដា្ឋន “ថាតើ​
អ្វីដែល​ដំណើរការ  អ្វីដែលមិនដំណើរការ  និង​អ្វី​ដែល​គួរ​កែលម្អ”។

ប្រាក់​សម្រាប់​សម្លៀកបំពាក់​ឯកសណ្ឋាន និង​សៀវភៅ

ការចូលរៀននៅកម្ពុជា មិន​តម្រូវឲ្យបង់​ប្រាក់​ទេ  ក៏ប៉ុន្តែ​ សម្លៀកបំពាក់ឯកសណ្ឋាន សៀវភៅ
អាន និង​សៀវភៅ​សរសេរ គឺ​​ត្រូវ​ចំណាយ​ប្រាក់​ទិញ ហើយ​គ្រួសារ​ក្រីក្រជាច្រើន គ្មាន​​
មធ្យោបាយ​ធ្វើ​ដំណើរ​ដើម្បី​ធានាឲ្យកូន​របស់​ពួកគាត់​ មាន​ទំនុកចិត្ត​​ក្នុងការទៅរៀន​បាន​រាល់ថ្ងៃ
ទេ។ គ្រួសាររបស់វណ្ណយ បាន​ប្រើប្រាស់​​ប្រាក់​ឧបត្ថម្ភនេះ ដើម្បីទិញសម្លៀកបំពាក់ឯកសណ្ឋាន
និង​សៀវភៅ ព្រមទាំង​សម្រាប់​ទិញ​នំ​ញ៉ាំ​នៅសាលារៀន។

លោក ណាំង ហួន នាយក​វិទ្យាល័យ​ស្វាយធំ បាន​ពន្យល់ថា “នៅពេល​ចេញលេង មិត្តរួមថា្នក់
របស់នាង​ ទិញអាហារញ៉ាំ ក៏ប៉ុន្តែ សិស្សក្រីក្រ​​អង្គុយនៅក្នុងថា្នក់ស្ងាត់ស្ងៀម ​ទោះបី​ជា​ពួក
គេ​ចង់​ទិញ​​អាហារញ៉ាំ​ដែរក៏ដោយ។ ពួកគេ​មានអារម្មណ៍​ខ្មាស់អៀន ហើយ​នៅទីបំផុត​ គឺមាន
ចិត្ត​ចង់​បោះបង់​ចោលសាលា”។

គ្រួសារ​របស់វណ្ណយ​ជួបប្រទះនូវបញ្ហាប្រឈមជាច្រើន នៅក្នុង​ប្រទេសមួយដែលមាន​
២០ភាគរយ​នៃ​ប្រជា​ជន​ទូទាំងប្រទេសរស់​នៅ​ពឹងផ្អែកលើ​ប្រាក់ចំណូល​ក្រោម​ ១,២៥ ដុល្លារ​
ក្នុងមួយថ្ងៃ។ ​ឪពុករបស់​ វណ្ណយមានមុខរបរជាកម្មករសំណង់ ហើយ​ម្តាយរបស់នាងគឺ
ស៊ីឈ្នួលដាំបាយឲ្យអ្នកធ្វើការនៅ​ក្បែរភូមិនោះ។ ប្រាក់ដែល​គ្រួសារ​នេះរកបាន ត្រូវ​ចំណាយ​
ជា​បឋម​លើ ស្បៀងអាហារ​ដែល​ចំាបាច់ ដូចជា អង្ករ​ ជាដើម។ អ្នកស្រី វឿន វណ្ណា មា្តយរបស់​
វណ្ណយ​ បាន​និយាយថា “ខ្ញុំសង្ឃឹមថា កូនស្រី​របស់ខ្ញុំ នឹង​រៀន​បាន​កាន់តែ​ខ្ពស់​ និង​រកបានការងារ
ធ្វើ​ដើម្បីជួយដល់​គ្រួសាររបស់យើង”។

ក្តីសង្ឃឹម​របស់គ្រួសារ

នៅដើមឆ្នាំនេះ រួន វណេ្ណត អាយុ ១៦ឆ្នាំ ត្រូវជាបងស្រីរបស់​វណ្ណយ បាន​បង្ខំចិត្តបោះបង់
ចោលសាលា។

វណ្ណេត ដែលមិនបាន​ទទួល​អាហារូបករណ៍ បាននិយាយថា “ខ្ញុំសង្ឃឹមថា នឹងមាន​នរណាម្នាក់
​ជួយខ្ញុំ​ឲ្យបានចូលរៀនវិញ”។​ ​​ប្អូនស្រីរបស់នាង ចូលចិត្តមុខវិជ្ជា​អក្សរសាស្រ្តខ្មែរ  ក៏​ប៉ុន្តែ​​ ​វណ្ណេត
ចូលចិត្ត​មុខវិជ្ជាគីមី។  “ខ្ញុំ​មិនសប្បាយចិត្ត​ទេ ដែល​ខ្ញុំ​មិនអាចរៀនបាន។ ប្រសិនបើ​យើង​រៀន
​មិនបានចប់​ថ្នាក់ទី ១២ ទេ យើង​នឹង​​ពិបាករកការងារធ្វើ​ហើយ”។

សម រចនា មិត្តរួមថ្នាក់របស់វណ្ណយ និង​ជាសិស្សម្នាក់ដែលបានទទួល​អាហារូបករណ៍​​ដែរ បាន​
ចំណាយ​ពេល​រសៀល​ធ្វើការ​នៅ​ក្នុងស្រែ​ក្បែរផ្ទះរបស់​នាង។ រចនា​ បាន​និយាយ​ក្នុង​កំឡុង​ពេល​
ឈប់​សម្រាក​រយៈពេលខ្លី​នៅក្រោម​ម្លប់​ដើមឈើមួយ​នៅក្បែរនោះ បន្ទាប់ពី​ច្រូតកាត់រួច ថា
“បញ្ហាប្រឈមសម្រាប់ខ្ញុំ និង​សហគមន៍របស់ខ្ញុំ គឺភាពក្រី​ក្រ”។ ថ្ងៃណាដែលនាង​មិន​ធ្វើការ
នៅក្នុងស្រែ រចនា ដើរ​ចម្ងាយ​ ២ គីឡូម៉ែត្រ ទៅក្នុងព្រៃ​ដើម្បីរក​ដំឡូង​ព្រៃ និង​បេះស្លឹកបះ
ដើម្បីយកទៅ​លក់នៅឯផ្សារ។ ក្នុង​វ័យទើបតែ ១៥​ ឆ្នាំប៉ុណ្ណោះ នាង​កំពុង​តែ​ជួយផ្គត់ផ្គង់​គ្រួសា
រ​របស់នាង។

អ្នកស្រី សម ហ៊ីម ម្តាយ​របស់នាង បាន​រៀនចប់ថ្នាក់ទី ៤ និង​មានមោទនភាព​ចំពោះ​កូនស្រី​ច្បង
​របស់​គាត់​ ដែល​​កំពុងសង្ឃឹម​ថានឹងបានក្លាយជា​គ្រូ​បង្រៀន​នៅថ្ងៃណាមួយ។ អ្នកស្រី បាន​និយា
ថា “យើងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ក៏ប៉ុន្តែ យើង​នឹង​គាំទ្រ រចនា រហូតដល់​នាង​រៀន
ចប់​ថ្នាក់ទី ១២។ ក្តីសង្ឃឹមគ្រួសាររបស់យើង គឺ​ពឹង​លើ​នាងហើយ”។