នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍មុននឹងមានផ្ទុះជំងឺកូវីដ-១៩រាតត្បាតទូទាំងសាកលលោក ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយប្រាថ្នាថានឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។ ដោយមានវិស័យនាំចេញសម្លៀកបំពាក់និងទេសចរណ៍ជាអ្នកនាំមុខ សេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវកំណើនជាមធ្យមចំនួន ៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។
ជាអកុសល នៅក្នុងឆ្នាំ២០២០ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើផ្នែកធំៗទាំងបីនៃសេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យទេសចរណ៍, ការនាំចេញនៃកម្មន្តកម្ម, និងវិស័យសំណង់។ វិស័យទាំងបីនេះ រួមគ្នាមានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ការងារបានចំនួន ៣៩ភាគរយនៃការងារមានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស នៅក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ភាគរយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតតាំងពីឆ្នាំ១៩៩៤ មក។
បច្ចុប្បន្ន កម្ពុជាបានសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ហើយ។ កំណើនពិតប្រាកដនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ឡើងវិញថាសម្រេចបាន ៣ភាគរយ។ អាជ្ញាធររដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងចំពោះការធ្វើដំណើរ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្ម។ ការឆ្លងជំងឺកូវីដ-១៩ ដែលបានធ្លាក់ចុះក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ បានស្ទុះឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង។ ប្រហែល ៨៣ភាគរយនៃចំនួនប្រជាជនទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំង ២ដង។ ចំពេលមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ ការងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែមានកម្លាំងថែមទៀតដោយសារការស្ទុះឡើងវិញយ៉ាងខ្លាំងក្លានៃផ្នែកផលិតកម្ម ជាពិសេសវិស័យកាត់ដេរ, ទំនិញសម្រាប់ធ្វើដំណើរ, ស្បែកជើង និងឧស្សាហកម្មកង់ និងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ វិស័យសេវាកម្ម និងជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពផ្តល់ការងារដ៏សំខាន់ នៅតែមានភាពយឺតយ៉ាវនៅឡើយ នៅក្នុដំណើរការស្តារស្ថានភាពរបស់វាឡើងវិញ។
ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ថ្មីៗរបស់កូវីដ-១៩ អាចបន្ទច់បង្អាក់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ទោះបីជាតម្រូវការខាងក្រៅប្រទេសនៅបន្តមានការកើនឡើងក៏ដោយ។ ដោយសារកម្ពុជាជាអ្នកនាំចូលថាមពល និងអាហារដុល ការកើនឡើងតម្លៃថាមពល និងអាហារដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន អាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ នាំឱ្យភាពក្រីក្រកាន់តែកើនឡើងថែមទៀត។
ថ្មីៗនេះ កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ ២០១៩/២០២០ ដោយផ្តោតលើការចំណាយដើម្បីបំពេញតម្រូវការមូលដ្ឋាន និងប្រើប្រាស់កន្ត្រករួម ធ្វើជាមូលដ្ឋាន។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៅកម្ពុជាបច្ចុប្បន្ន ស្មើនឹង ១០.៩៥១ រៀល ឬស្មើនឹង ២,៧ ដុល្លារអាមេរិក (អត្រាប្តូរប្រាក់លើទីផ្សារ)សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ។ នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល ១៨ភាគរយនៃចំនួនប្រជាជនកម្ពុជាត្រូវបានកំណត់ថាជាអ្នកក្រីក្រ។ អត្រាភាពក្រីក្រប្រែប្រួលគួរឱ្យកត់សម្គាល់ទៅតាមតំបន់។ រាជធានីភ្នំពេញមានអត្រាភាពក្រីក្រទាបជាងគេបំផុតចំនួន (៤,២ ភាគរយ) បន្ទាប់មកតំបន់ទីប្រជុំជនផ្សេងទៀតមានអត្រាភាពក្រីក្រចំនួន ១២,៦ភាគរយ ហើយ តំបន់ជនបទមានអត្រាភាពក្រីក្រខ្ពស់ជាងគេបំផុតចំនួន (២២,៨ភាគរយ)។
គិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៩/២០២០ អត្រានៃភាពក្រីក្របានធ្លាក់ចុះចំនួន ១,៦ភាគរយក្នុងមួយឆ្នាំ ដោយសារមានការកើនឡើងនៃប្រាចំណូលពលកម្ម (ជាពិសេសប្រាក់ឈ្នួល) ដែលដើរតួជាកត្តាជំរុញមួយផ្នែកធំ។ ទោះជាយ៉ាងនេះក្តី ជំងឺរាតត្បាតកូវីដ-១៩ បាននាំឱ្យអ្នកអត់ការងារធ្វើមានចំនួនកើនឡើង និងបង្កើនភាពក្រីក្រ និងវិសមភាព ថែមទៀត។ ការពង្រីកជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០ ជួយសម្រាលបានមួយម្រិតនូវការបាត់បង់ប្រាក់ចំណូលដោយសារជំងឺរាតត្បាតនេះ។ កំណើនអត្រាភាពក្រីក្រក្នុងឆ្នាំ ២០២០ ត្រូវបានព្យាករណ៍ទុកថាមានកំណើនត្រឹម ២,៨ ភាគរយ។
ភាពក្រីក្រនៅតែមានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ លទ្ធផលនៃការស្ទង់មតិញឹកញាប់តាមទូរស័ព្ទជាមួយគ្រួសារបង្ហាញថា ការងារនៅមិនទាន់ត្រឡប់ទៅរកកម្រិត នៅមុនពេលមានជំងឺរាតត្បាតនេះនៅឡើយទេ។ ផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះលើប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជាលក្ខណៈគ្រួសារដែលពុំមានដីដាំដុះនៅតែមានសភាពធំធេង ដែលភាគច្រើនបណ្តាលមកពីតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ ស្ទើរតែពាក់កណ្តាលនៃគ្រួសាររាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលនៅចន្លោះខែធ្នូ ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។ ត្រង់នេះបង្ហាញថា សមាមាត្រនៃគ្រួសារដែលរងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ-១៩ បន្តមានការលំបាកពីការបាត់បង់ប្រាក់ចំណូលដែលអាចនាំឱ្យភាពក្រីក្រកើនឡើង។
ប្រទេសកម្ពុជាបានខិតខំធ្វើឱ្យមានភាពប្រសើរឡើងជាលំដាប់ក្នុងផ្នែកសុខាភិបាល, ការអភិវឌ្ឍកុមារតូច និងការអប់រំកម្រិតបឋមនៅតាមជនបទ។ អាយុកាលមធ្យមគិតចាប់តាំងពីពេលកើត បានកើនឡើងពី៥៨ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧០ឆ្នាំ ក្នុងឆ្នាំ២០២០។ សមាមាត្រអត្រាមរណភាពមាតាក្នុង ១០០ ០០០ កំណើតរស់ បានថយចុះពី៣៥១នាក់ក្នុងឆ្នាំ២០០៥ មកនៅត្រឹម១៦០នាក់ក្នុងឆ្នាំ២០១៧។ អត្រាមរណៈរបស់កុមារអាយុក្រោមប្រាំឆ្នាំបានថយចុះពី១០៦,៣នាក់ក្នុង ១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកនៅត្រឹម២៦,៦នាក់ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។ អត្រាមរណៈរបស់ទារកបានធ្លាក់ចុះពី ៧៨ នាក់ក្នុង ១០០០កំណើតរស់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ២២,៨នាក់ ក្នុង ១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។ ទោះបីជាមានវឌ្ឍនភាពនៃលទ្ធផលផ្នែកសុខភាព និងការអប់រំក៏ដោយ សូចនាករផ្នែកមូលធនមនុស្សនៅមានកម្រិតទាបជាងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបផ្សេងទៀតនៅឡើយ។ នៅឆ្នាំ២០២០ កុមារដែលកើតនៅក្នុងប្រទេសកម្ពុជានឹងត្រូវបានគេរំពឹងថានឹងមានផលិតភាពត្រឹមតែ ៤៩ភាគរយប៉ុណ្ណោះនៅពេលធំពេញរូបរាង ប្រសិនបើពួកគេទទួលបានការអប់រំប្រកបដោយគុណភាព, សុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវក្នុងវ័យកុមារភាព។ តាមការប៉ាន់ស្មាន កុមារអាយុក្រោមប្រាំឆ្នាំ ម្នាក់ក្នុងចំណោមបីនាក់ មានសភាពក្រិន ហើយមានតែ ៣៦ភាគរយនៃកុមារអាយុពី ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះដែលបានចូលរៀនកម្រិតដំបូង។ នៅឆ្នាំ២០២១ អត្រាចុះឈ្មោះចូលរៀនសរុបសម្រាប់ កម្រិតបឋមសិក្សា, អនុវិទ្យាល័យ និងមធ្យមសិក្សាទុតិយភូមិ បានឈានដល់ ៩១,៩ភាគរយ, ៦០,៧ភាគរយ និង ៣២,២ភាគរយ តាមលំដាប់នីមួយៗ។ អត្រាចុះឈ្មោះចូលរៀនបឋមសិក្សាសរុបសម្រាប់ក្មេងអាយុប្រាំឆ្នាំបានកើនឡើងពី ២៤,៦ភាគរយក្នុងឆ្នាំ២០០៤ ដល់ ៦១,០៨ភាគរយនៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២០, មាន១៥ភាគរយនៃប្រជាជនកម្ពុជា (២,៥លាននាក់) គ្មានលទ្ធភាពប្រើប្រាស់ទឹកស្អាត ហើយ ២៣ភាគរយ ( ៣,៨ លាននាក់) អត់មានបង្គន់អនាម័យប្រើប្រាស់ឡើយ។
កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់សំខាន់ៗ ដើម្បីរក្សានិរន្តរភាពកំណើនជួយជនក្រីក្រ, ជំរុញសមត្ថភាពប្រកួតប្រជែង, ការគ្រប់គ្រងទ្រព្យសម្បត្តិធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងលើកកម្ពស់លទ្ធភាពទទួលបានសេវា និងគុណភាពសេវាសាធារណៈ ។ កម្ពុជានៅតែមានការខ្វះខាតខ្លាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងអាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញផ្លូវ និងការវិនិយោគកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀតនឹងតម្រូវឱ្យមានការជំរុញសហគ្រិនភាព, ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងការកសាងជំនាញថ្មីៗ ដើម្បីដោះស្រាយតម្រូវការទីផ្សារការងារថ្មីៗដែលកំពុងលេចឡើង។ ស្ថាប័នសាធារណៈដែលមានគណនេយ្យភាព និងមានលក្ខណៈឆ្លើយតបក៏នឹងមានសារៈសំខាន់ចាំបាច់ផងដែរ។ គុណភាពនៃធនធានមនុស្សនឹងមានសារៈសំខាន់បំផុត ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន ក្នុងការឡើងដល់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០។
ទិន្នន័យថ្មីបំផុត: 29 មីនា 2022