- add-style
- font-medium
- lp-body-content
ការរើបឡើងវិញនៃសេដ្ឋកិច្ចនៅក្រៅតំបន់ នឹងនាំអំណោយផលដល់កំណើននៅក្នុងតំបន់ ក្នុងឆ្នាំ២០២៤
ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣—កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ត្រូវបានព្យាករថានៅរក្សាលំនឹងបានថេរល្អត្រឹម ៥ភាគរយ ក្នុងឆ្នាំ២០២៣ ប៉ុន្តែវានឹងថមថយសន្ទុះបន្តិចវិញក្នុងអំឡុងប្រាំមួយខែចុងក្រោយនៃឆ្នាំដដែល រហូតដល់ឆ្នាំ២០២៤ ដែលកំណើនត្រូវបានព្យាករថានឹងធ្លាក់មកនៅត្រឹម ៤,៥ភាគរយ ប៉ុណ្ណោះ។ ធនាគារពិភពលោកនិយាយដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយអំពីស្ថានភាពសេដ្ចកិច្ចនៅក្នុងតំបន់ ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ។
នៅក្នុងរបាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៣” (East Asia and Pacific October 2023 Economic Update 2023) ធនាគារពិភពលោកនិយាយថា នៅឆ្នាំនេះ តំបន់ទទួលបានកំណើនខ្ពស់ជាងកំណើនជាមធ្យមដែលបានព្យាករទុកសម្រាប់ប្រទេសដែលកំពុងរីកចម្រើនផ្សេងទៀត និងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ប៉ុន្តែវានៅតែទាបជាងការព្យាករកាលលើកមុន។ កំណើននៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ត្រូវបានព្យាករថានឹងមាន ៥,១ភាគរយ ហើយនៅក្នុងតំបន់ក្រៅពីចិន កំណើននឹងមានត្រឹម ៤,៦ភាគរយ។ កំណើនក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វ៊ិកត្រូវបានរំពឹងទុកថានឹងមាន ៥,២ភាគរយ។
នៅឆ្នាំ២០២៤ ស្ថានភាពប្រសើរឡើងនៅខាងក្រៅតំបន់នឹងជួយដល់កំណើននៅផ្នែកដទៃនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ប៉ុន្តែស្ថានភាពលំបាកដែលបន្តមាននៅក្នុងប្រទេសចិន - ជាពិសេស ការថមថយសន្ទុះនៃការងើបឡើងវិញពីការបើកឡើងវិញសេដ្ឋកិច្ចរបស់ចិន, ការពូនគរបំណុល, និងការចុះខ្សោយក្នុងវិស័យអចលនទ្រព្យ, កត្តារចនាសម្ព័ន្ធដូចជា ភាពចាស់ជរាក្នុងចំណោមប្រជាជនចិន ជាដើម - នឹងដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដោយទាញវាឱ្យធ្លាក់ចុះមកនៅត្រឹម ៤,៤ភាគរយ ក្នុងឆ្នាំ២០២៤។ កំណើននៅក្នុងផ្នែកដទៃទៀតនៃតំបន់ ត្រូវបានរំពឹងទុកថានឹងរើបឡើងវិញដល់កម្រិត ៤,៧ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ អាចជួយប៉ះប៉ូវទូទាត់ជាមួយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីការធ្លាក់ចុះនៃកំណើននៅក្នុងប្រទេសចិន និងពីវិធានការគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសផ្សេងទៀត។
លើសពីនេះ ការកើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងលទ្ធភាពកើតមានគ្រោះមហន្តរាយធម្មជាតិ រួមមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗផង សុទ្ធតែជាហានិភ័យដែលអាចជះផលអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ផងដែរ។
លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ដូច្នេះថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនលឿនជាងគេ និងមានភាពស្វាហាប់បំផុតក្នុងពិភពលោក បើទោះបីជាកំណើនមានកម្រិតមធ្យមក៏ដោយ។ ក្នុងរយៈពេលមធ្យម ការរក្សាកំណើនខ្ពស់ឱ្យមាននិរន្តរភាព ទាមទារឱ្យមានកំណែទម្រង់ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងឧស្សាហកម្ម, ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបញ្ចេញសក្តានុពលនៃការបង្កើនផលិតភាព និងការបង្កើតការងារនៅក្នុងវិស័យសេវាកម្ម។”
ផ្នែកផ្តោតពិសេសក្នុងរបាយការណ៍នេះនិយាយថា វិស័យសេវាកម្មអាចដើរតួនាទីកាន់តែខ្លាំងជាងមុនក្នុងការជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ដែលគេស្គាល់ជាទូទៅថាជាតំបន់ដែលមានវិស័យផលិតកម្មជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ វិស័យសេវាកម្មបានក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនផលិតភាពការងារសរុប ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការនាំចេញសេវាកម្មបានកើនឡើងលឿនជាងការនាំចេញទំនិញ។
រីឯកំណើននៃការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសេវាកម្មវិញ វាមានលើសប្រាំដងលើការវិនិយោគនៅក្នុងវិស័យផលិតកម្មនៅក្នុងប្រទេសចិន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន និងថៃ។
ការរីកសាយភាយរបស់បច្ចេកវិទ្យាឌីជីថល និងកំណែទម្រង់សេវាកម្ម កំពុងធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការកាន់តែប្រសើរឡើង។ នៅក្នុងប្រទេសហ្វីលីពីន ការចាប់យកមកអនុវត្តដោយបណ្តាក្រុមហ៊ុននូវកម្មវិធី និងការវិភាគទិន្នន័យ បានបង្កើនផលិតភាពរបស់ក្រុមហ៊ុនចំនួន ១,៥ភាគរយជាមធ្យម ក្នុងរយៈពេលពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ នៅប្រទេសវៀតណាម ការកាត់បន្ថយរបាំងគោលនយោបាយ ដូចជាការរឹតបន្តឹងលើការហូរចូលពីបរទេស និងភាពជាម្ចាស់កម្មសិទ្ធិក្នុងវិស័យដឹកជញ្ជូន, ហិរញ្ញវត្ថុ, និងសេវាកម្មអាជីវកម្ម បាននាំឱ្យតម្លៃបន្ថែមប្រចាំឆ្នាំកើនឡើង ២,៩ភាគរយ សម្រាប់កម្មករម្នាក់ៗ ក្នុងវិស័យទាំងនេះ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ ការលុបបំបាត់របាំងទាំងនេះ ក៏បាននាំឱ្យមានការកើនឡើង ៣,១ភាគរយនៃផលិតភាពការងារនៅក្នុងសហគ្រាសផលិតកម្មដែលប្រើប្រាស់សេវាកម្មទាំងនេះដែរ ដែលជាប្រយោជន៍ដល់សហគ្រាសឯកជនខ្នាតតូច និងមធ្យម។
ការផ្គួបគ្នានៃកំណែទម្រង់សេវាកម្ម និងឌីជីថលភាវូបនីយកម្ម មិនត្រឹមតែបង្កើតឱកាសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងពង្រឹងសមត្ថភាពរបស់មនុស្សក្នុងការទាញយកអត្ថប្រយោជន៍ពីឱកាសទាំងនេះផងដែរ។ ឧទាហរណ៍ ការអប់រំពីចម្ងាយ និងវេជ្ជសាស្ត្រតាមសោតទស្សន៍ ដែលទ្រទ្រង់ដោយបុគ្គលិកក្នុងស្រុកដែលត្រូវបានជ្រើសរើស, បណ្តុះបណ្តាល និងលើកទឹកចិត្តយ៉ាងត្រឹមត្រូវ បានធ្វើឱ្យការរៀនសូត្រ និងសេវាសុខាភិបាល ទទួលបានលទ្ធផលកាន់តែប្រសើរឡើងនៅក្នុងតំបន់ ទោះបីជានៅមានវិសមភាពក្នុងលទ្ធភាពទទួលបានការប្រើប្រាស់ក៏ដោយ។
លោក អាឌីត្យ៉ា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគាពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក និយាយថា៖ “កំណែទម្រង់សេវាកម្ម និងឌីជីថលភាវូបនីយកម្ម អាចនាំឱ្យមានវដ្តប្រកបដោយគុណធម៌មួយសម្រាប់បង្កើនឱកាសសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពមនុស្ស សម្រាប់ផ្តល់ថាមពលដល់ការអភិវឌ្ឍនៅក្នុងតំបន់។”
Kym Smithies
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style