Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

សេចក្តីប្រកាសព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅតែមានភាពល្អប្រសើរនៅក្នុងឆ្នាំ ២០១៥

13 មេសា 2015


តម្លៃប្រេង​ធ្លាក់ចុះទាបជាងមុន ផ្តល់នូវ​កាលនុវត្តភាពសម្រាប់ការធ្វើកំណែទម្រង់សារពើពន្ធ

កម្ពុជានៅតែទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ទោះបីវាមាន​ល្បឿន​យឺត​បន្តិចក៏ដោយ

សឹង្ហបូរី ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៥ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែល​ចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃនេះ បាន​ឲ្យដឹងថា កំណើន​សេដ្ឋកិច្ចនឹង​ថយចុះបន្តិចបន្តួចនៅក្នុង​បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅ​តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅឆ្នាំនេះ ខណៈដែល​តំបន់នេះ​ទទួលបាន​អត្ថប្រយោជន៍​ពី​តម្លៃប្រេងដែលទាបជាងមុន និង​ការបន្ត​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អភវិឌ្ឍន៍នានា។

កំណើនសេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ក្នុង​តំបន់អាស៊ីបូព៌ា ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើងត្រឹ​ម ៦,៧ភាគរយ​ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ដែលកំណើននេះ​បាន​ថយចុះបន្តិច​​ពី ៦,៩ភាគរយ​នៅក្នុងឆ្នាំ ២០១៤។ កំណើន​សេដ្ឋកិច្ច​របស់ប្រទេសចិន ត្រូវ​បាន​គេរំពឹងថានឹងកើន​ឡើង​ក្នុងកម្រិតមធ្យម​ប្រហែល ៧ភាគរយ នៅក្នុង​រយៈពេល​ពីរឆ្នាំខាងមុខ បើធៀបទៅនឹង​កំណើនក្នុង​ឆ្នាំ ២០១៤ ដែលមានចំនួន​ ៧,៤ភាគរយ។ កំណើន​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត​នៅក្នុងតំបន់អាស៊ីបូព៌ា ត្រូវ​បានគេរំពឹងថានឹង​កើន​ឡើងត្រឹម​ ០,៥ភាគរយ គឺឡើងដល់ ៥,១ភាគរយនៅឆ្នាំនេះ ជាពិសេស គឺ​កើនឡើង​ដោយ​សារ​បរិមាណ​តម្រូវការក្នុង​ស្រុក (ដោយ​សារតែការឆ្លើយតប​ជាវិជ្ជមាន​របស់អតិថិជន និង​ការធ្លាក់ចុះនៃ​តម្លៃប្រេង) នៅក្នុង​បណ្តាប្រទេសធំៗនៅ​ក្នុង​តំបន់​អាស៊ីអគ្នេយ៍។ បណ្តាប្រទេសដែលតូចៗជាងគេជាច្រើន ជាពិសេសប្រទេស​នាំចេញ​ទំនិញ​​ ដូចជា ម៉ុង​ហ្គោលី នឹង​​មាន​កំណើន​សេដ្ឋកិច្ច​ទាបជាងគេ។

លោក​ អាក់សែល​ វ៉ាន់ ត្រុតសេន​ប៊ើគ អនុប្រធាន​ប្រចាំតំបន់​របស់​ធនាគារពិភពលោក​ប្រចាំតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា “ទោះបីជា​​កំណើន​សេដ្ឋ​កិច្ច​នៅក្នុងតំបន់អាស៊ីបូព៌ា មាន​ល្បឿន​យឺត​បន្តិចក្តី ក៏​តំបន់នេះ នឹង​នៅ​តែ​មាន​កំណើនសេដ្ឋកិច្ច​ស្មើនឹង​មួយភាគបីនៃ​កំណើន​សេដ្ឋកិច្ច​សាកល​លោក​ដែរ គឺ​ស្មើនឹង​ពីរដង​នៃ​ការរួមបញ្ចូលគ្នា​រវាង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍទាំងអស់​ដទៃ​ទៀត​នៅក្នុងតំបន់។ តម្លៃប្រេងដែ​ល​ធ្លាក់ចុះទាបជាងមុន នឹងជួយបង្កើន​​បរិមាណតម្រូវការក្នុង​ស្រុក នៅក្នុង​បណ្តាប្រទេសភាគច្រើន​នៅក្នុង​តំបន់​នេះ និង​ផ្តល់ឱកាស​ដ៏​ពិសេស​មួយដល់​អ្នកតាក់តែងគោលនយោបាយដើម្បី​ជំរុញកំណែទម្រង់សារពើពន្ធ ដែល​នឹង​ជួយ​បង្កើន​ចំណូល​និង​បង្វែរ​ចំណាយ​សាធារណៈមកលើ​ហេដ្ឋារចនាសម្ព័ន្ធនិង​ការប្រើប្រាស់​ដែល​មាន​ប្រយោជន៍ដទៃផ្សេងទៀត។ កំណែទម្រង់ទាំងនេះ​ អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​ដល់​ភាពប្រកួត​ប្រជែង​របស់​​តំបន់អាស៊ីបូព៌ា និង​អាច​ជួយ​តំបន់នេះរក្សាបាននូវ​កិត្យានុភាព​របស់​ខ្លួនជាក្បាលម៉ាស៊ីនកំណើន​សេដ្ឋកិច្ច​របស់ពិភពលោក”

តម្លៃប្រេង​ទាប​នៅលើពិភពលោក នឹង​ផ្តល់​អត្ថប្រយោជន៍ដល់​​បណ្តាប្រទេសកំពុងអភិវឌ្ឍភាគច្រើន​នៅក្នុង​តំបន់អាស៊ី​បូព៌ា ជាពិសេស​ ប្រទេសកម្ពុជា ឡាវ ហ្វ៊ីលីពីន ថៃ និង​ប្រទេស​នៅ​តាមកោះប៉ាស៊ីហ្វិក។ ក៏​ប៉ុន្តែ អ្នកនាំចេញប្រេង​ឥន្ធនៈនៅក្នុង​តំបន់នេះ រួមមាន​ប្រទេស​ម៉ាឡេស៊ី និង​ប៉ាពូញូហ្គីនី នឹង​មាន​កំណើន​សេដ្ឋកិច្ច​យឺតជាងមុន និង​ចំណូល​របស់​រដ្ឋាភិបាល​ទាបជាងមុន។ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ផល​ប៉ះពាល់ដែលនៅសេសសល់​ នឹង​អាស្រ័យ​លើ​ថាតើការនាំចេញ​ធ្យូងថ្មនិង​ឧស្ម័ន​នឹង​មាន​ការធ្លាក់់​ចុះ​ប៉ុន្មាន​ទៀត​។

ផលប៉ះពាល់នានា​ទៅលើសេដ្ឋ​កិច្ច​សាកលលោក នៅបន្ត​បង្កហានិភ័យ​ដល់​បណ្តា​ប្រទេស​នានានៅ​តំបន់​អាស៊ីបូព៌ា​ដែលបាន​ធ្វើ​សមាហរណកម្មចូលក្នុង​ពិភពលោក។ ការងើបឡើងវិញនៃសេដ្ឋកិច្ច​នៅក្នុង​បណ្តាប្រទេសដែល​មាន​ប្រាក់ចំណូលខ្ពស់ នៅតែ​មាន​ល្បឿន​យឺតនិង​គ្មាន​លំនឹង និង​បន្តធ្លាក់ចុះនៅ​ក្នុង​តំបន់​អឺរ៉ុប ហើយ​ប្រទេសជប៉ុននឹង​ធ្វើ​ឲ្យ​ពាណិជ្ជកម្មពិភពលោក​ចុះខ្សោយ​។ អត្រាការប្រាក់​​ដែល​កាន់តែខ្ពស់​ជាងមុន​នៅសហរដ្ឋអាមេរិក និងប្រាក់ដុល្លារអាមេរិកដែលកំពុងមានតម្លៃកើនឡើង ព្រមជាមួយ​នឹង​ទិសដៅ​គោល​នយោបាយ​រូបិយវត្ថុ​ខុសៗគ្នានៅទូ​ទាំង​បណ្តាប្រទេស​ជឿន​លឿន អាច​ធ្វើ​ឲ្យ​ចំណាយ​លើ​ការសុំខ្ចីកើនឡើង បង្កឲ្យមាន​អស្ថេរភាព​ហិរញ្ញវត្ថុ និង​កាត់បន្ថយ​លំហូរ​មូលធន​ទៅកាន់​តំបន់​អាស៊ីបូព៌ា។ ការបន្តពង្រឹង​ប្រាក់ដុល្លារអាមេរិកទប់ទល់​ជាមួយនឹង​រូបិយប័ណ្ណសំខាន់ៗដទៃទៀត ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់ដល់បណ្តាប្រទេសដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​ដុល្លារ​ផងដែរ ដូចជា ប្រទេស​កម្ពុជា​ និង​ទីម័រលេស្តេ ជាដើម។

លោក ស៊ុដៀ សេទី ប្រធានអ្នក​សេដ្ឋកិច្ចរបស់​ធនាគារពិភពលោក​ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា “តំបន់អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វិក បានរីកលូត​លាស់បាន​ល្អ ទោះបីជា​ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​ពិភពលោកពី​វិបត្ត​ហិរញ្ញវត្ថុគ្មាន​លំនឹងក្តី ក៏ប៉ុន្តែ ហានិភ័យជាច្រើន​នៅតែបន្តកើត​មាន​សម្រាប់តំបន់នេះ ទាំង​ក្នុង​រយៈពេលខ្លីនិង​ក្នុង​រយៈពេលវែង។ ដើម្បី​ឆ្លើយតបទៅនឹង​ហានិភ័យទាំងនេះ ការកែលម្អ​គោល​នយោបាយ​សារពើពន្ធ​ជារឿង​សំខាន់។ ជាមួយនឹង​តម្លៃ​ប្រេង​ទាប បណ្តាប្រទេសនានា (ទាំងប្រទេស​នាំប្រេងចូលនិង​ប្រទេសនាំប្រេងចេញ) គួរ​តែកែប្រែ​តម្លៃថាមពលឲ្យ​ប្រសើរជាងនេះដើម្បី​​​គាំទ្រដល់គោលនយោបាយ​សារពើពន្ធ​ដែល​កាន់តែមាន​និរន្តរភាព​និងកាន់​តែ​មាន​សមធម៌”

របាយការណ៍បាន​និយាយថា នៅក្នុងចំណោម​បណ្តាប្រទេសធំៗជាច្រើន​នៅ​តំបន់​អាស៊ី កិច្ចខិតខំប្រឹង​ប្រែង​ដើម្បី​បង្កើន​ចំណូល​ និ​ង​គាំទ្រដល់​ការចំណាយ​លើ​ការរៀបចំរចនាសម្ព័ន្ធឡើងវិញ អាច​ជួយ​បំពេញ​គម្លាត​ក្នុង​ការ​វិនិយោគ​លើ​​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្កើត​​មូលនិធិ​កាន់តែ​ច្រើនឡើង​សម្រាប់​កម្មវិធី​ការការពារពីសង្គមនិងធានារ៉ាប់រង ដែល​​បាន​ស្ថិតនៅក្រោម​សម្ពាធក្នុង​ចំណោម​បណ្តាប្រទេសនៅក្នុង​តំបន់ដែល​កំពុងរីកលូតលាស់​យ៉ាង​លឿន។ នៅក្នុង​​បណ្តាប្រទេស​នាំចេញ​ប្រេង​ឥន្ធនៈនានា និង​ប្រទេស​ម៉ុង​ហ្គោលី ការពង្រឹង​​សារពើពន្ធ គឺ​ជារឿង​ចាំបាច់។

របាយការណ៍នេះ​បាន​និយាយថា ជាពិសេស តម្លៃ​ប្រេង​ដែល​ទាបជាងមុន បង្កើត​បាននូវ​ឱកាសមួយ​សម្រាប់​រដ្ឋាភិបាលនានា ដើម្បី​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​លើ​ប្រេងឥន្ធនៈ និង​​បង្កើន​ពន្ធលើ​ថាមពល។ នៅ​ក្នុង​បណ្តាប្រទេសជាច្រើន​នៅក្នុង​តំបន់នេះ ប្រាក់​ឧបត្ថម្ភ​លើ​ប្រេងឥន្ធនៈនិង​ចំណាយ​ពន្ធដែលពាក់ព័ន្ធ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ហិរញ្ញវត្ថុ​សាធារណៈ និង​បាន​ធ្វើ​ឲ្យ​គណនីចរន្តចុះ​ខ្សោយ​។ ប្រទេសមួយ​ចំនួន រួមទាំង​ប្រទេស​ឥណ្ឌូ​ណេស៊ី និង​ម៉ាឡេស៊ី នាពេលថ្មីៗនេះ​បាន​ចាត់វិធានការ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភលើ​ប្រេង​ឥន្ធនៈ ក៏ប៉ុន្តែ​ លោក សេទី បាន​មានប្រសាសន៍ថា សន្ទុះនេះ ចាំបាច់​​ត្រូវ​តែ​មាន​និរន្តរភាព​និង​ត្រូវបានពង្រីក ទោះបីជា​តម្លៃ​ប្រេង​​ចាប់ផ្តើម​ងើបឡើង​វិញក៏​ដោយ​។

នៅប្រទេសចិន​ ​នៅពេល​ដែល​ខ្លួន​ផ្លាស់ប្តូរទៅរក​គំរូ​កំណើនមួយ​ដែល​នាំមុខដោយការប្រើប្រាស់ ជាជាង​នាំមុខ​ដោយ​ការវិនិយោគ​ បញ្ហាប្រឈម​ធំគឺ​​ ត្រូវ​អនុវត្ត​​កំណែទម្រង់​នានា​ដែល​នឹង​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ក្នុង​រយៈពេល​វែង។ របាយការណ៍នេះ​បាន​និយាយថា គោលនយោបាយ​​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ គួរតែ​គាំទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​រៀបចំរចនាសម្ព័ន្ធ​ឡើង​វិញ។

របាយការណ៍នេះ​បាន​និយាយថា ក្នុង​រយៈពេល​មធ្យម​ បណ្តាប្រទេសនានា គួរតែ​ពង្រីក និ​ង​កែលម្អ​​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ និង​ធ្វើ​ឲ្យ​ប្រសើរឡើងដល់​លទ្ធភាពទទួលបាន​ការអប់រំ​កាន់តែខ្ពស់និង​ការថែទាំសុខភាព​។ ក្នុង​រយៈពេលវែង បណ្តាប្រទេសនានា​ នឹង​ចាំបាច់​ត្រូវតែ​ស្វែងរក​វិធីនានា​ដើម្បីទ្រទ្រង់​ដល់​កំណើន​នៃ​ផលិតភាព ត្រួតពិនិត្យ​មើល​លើ​ចំណាយ​ផ្នែក​ថែទាំសុខភាព​ និងពង្រីក​​មូលដ្ឋាន​ចំណូល​សម្រាប់​សន្តិសុខ​សង្គម។

លោក លី​ សូដេត អ្នកសេដ្ឋ​ប្រចាំប្រទេសរបស់ធនាគារពិភពលោកនៅកម្ពុជា​ ​មានប្រសាសន៍ថា “អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវ​បានប៉ានប្រមាណថានឹង​កើន​ឡើង​ក្នុងកម្រិតមធ្យម​ដល់ ៦,៩ភាគរយនៅក្នុង​ឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដោយសារតែកម្ពុជា​ប្រឈម​ទៅនឹង​ការប្រកួតប្រជែង​កាន់តែខ្លាំងឡើង​លើ​ការនាំចេញផ្នែ​ក​វិស័យកាត់ដេរ កំណើន​វិស័យ​កសិកម្ម​ដែល​នៅតែបន្តទន់ខ្សោយ និង​កំណើនលើ​វិស័យទេសចរណ៍បានធ្លាក់ចុះបន្តិច”។​​

ដើម្បីបន្តកំណើនឲ្យនៅតែប្រសើរ លោក សូដេត មានស្នើរឲ្យបន្តនិរន្តភាព​ស្ថេរភាព​​ទីផ្សារពលកម្ម ធ្វើឲ្យប្រសើរឡើងដល់​បរិយាកាសជំនួញ ​ការដឹកជញ្ជូនតាមផ្លូវថ្នល់ និងការកែលម្អ​លទ្ធភាពទទួលបាន​ហិរញ្ញវត្ថុសម្រាប់​អ្នកផលិតស្រូវ​និងរោង​ម៉ាស៊ីនកិនស្រូវ​ និងវិនិយោគលើផលិតកម្មកសិកម្ម។​

របាយការណ៍បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺ​ជា​​របាយការណ៍ត្រួតពិនិត្យមើល​ឡើងវិញដែល​មានលក្ខណៈពិស្តាររបស់​ធនាគារពិភពលោក​លើសេដ្ឋកិច្ច​នៅក្នុងតំបន់​នេះ។ របាយការណ៍នេះ ត្រូវ​បាន​បោះពុម្ពផ្សាយពីរដងក្នុងមួយឆ្នាំ និងអាចរកមើលបាន​ដោយ​ឥតគិតថ្លៃនៅលើ​វេបសាយត៍​ដែលមាន​អាសយដ្ឋាន https://www.worldbank.org/eapupdate ។​​​



ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
សារឿន ប៊ូ
ទូរស័ព្ទ: (៨៥៥ ២៣) ៨៦១ ៣១៥
sbou@worldbank.org
នៅ​​ក្នុង សឹង្ហបូរី
ឌីនី ចាឡាល
ទូរស័ព្ទ: +៦២ ២១ ៥២៩៩ ៣១៥៦
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
ចេន ហ្សាង
ទូរស័ព្ទ: +១ (២០២) ៤៧៣ ១៣៧៦
janezhang@worldbank.org

ធន​ធាន



Api
Api