សេចក្តីប្រកាសព័ត៌មាន

របាយការណ៍របស់ធនាគារពិភពលោកផ្តល់នូវទិន្នន័យថ្មីដើម្បី
ជួយធានាថាការរីកលូតលាស់នៅក្នុងតំបន់ទីក្រុងរួមចំណែក
ជួយដល់ជនក្រីក្រ

26 មករា 2015


សឹង្ហបុរី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥ ៖ យោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយនៅថ្ងៃនេះដោយ​ធនា​គារ​ពិភព​លោក បានឲ្យដឹងថា​​ ប្រជាជនជិត ២០០លាននាក់ បានផ្លាស់ទីលំនៅមករស់នៅក្នុង​តំបន់​ទីក្រុង នៅក្នុងតំបន់អាស៊ីបូព៌ា ក្នុងចន្លោះពីឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០១០ ដែលជាតួលេខ​មួយ​ដែលប្រហាក់ប្រហែលនឹងប្រទេសមួយដែលមាន​ចំនួន​ប្រជាជន​ច្រើនជាង​គេ​បំផុតលំដាប់ទី៦នៅលើពិភពលោក។

​សម្រាប់លើកដំបូង ទិន្នន័យនេះធ្វើការប្រៀបធៀបជាប្រចាំរវាងតំបន់ទីក្រុងនិងចំនួន​ប្រជាជន​នៅ​ក្នុង​​ទីក្រុង នៅទូទាំងតំបន់​អាស៊ីបូព៌ា ដោយធ្វើ​ឲ្យ​រដ្ឋាភិបាលនិងមេដឹកនាំនៅក្នុងតំបន់បានយល់ដឹង​កាន់​តែ​ប្រសើរថែមទៀត​អំពី​រូបរាង និង​ទំហំនៃ​ការរីកលូតលាស់ ដើម្បីឲ្យ​រដ្ឋាភិបាល​និងមេដឹកនាំទាំងនោះ​អាចរៀបចំអភិវឌ្ឍទីក្រុង​បាន​ត្រឹមត្រូវ និងបង្កើត​​កាលានុវត្តភាព​សម្រាប់​ទាំងអស់គ្នា។

លោក អាក់សែល​ វ៉ាន់​ ត្រុតសេន​ប៊ើហ្គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ីបូព៌ានិង​ប៉ាស៊ី​ហ្វិក បានមានប្រសាសន៍ថា “នគរូបនីយកម្មដែលមានល្បឿនលឿន គឺជាបញ្ហាប្រឈម​ដ៏ធំមួយ​សម្រាប់តំបន់អាស៊ីបូព៌ា ប៉ុន្តែយើង​មិនអាចគ្រប់គ្រងនូវអ្វីដែលយើងមិនអាច​វាស់វែងបាន​ទេ។ យើង​ផ្សព្វផ្សាយទិន្នន័យនេះ ដើម្បី​ឲ្យ​មេដឹកនាំនៅទីក្រុង​​អាច​​យល់​ដឹង​​កាន់តែ​ប្រសើរ​ថែម​ទៀតអំពីរូបរាង​និង​ចាត់​វិធានការ​ដើម្បី​ធានា​ថា​ ​ការរីកលូត​លាស់​នៅ​ក្នុង​តំបន់​ទីក្រុង​​ រួម​ចំណែក​ជួយដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុងរស់​នៅ​ក្នុងទីក្រុង​កាន់តែ​ច្រើនឡើងៗ​ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ”។

ផ្អែកលើការវិភាគនៅក្នុង​របាយការណ៍ថ្មីមួយដែលមានចំណងជើងថា “ទិដ្ឋភាពទីក្រុង​ដែល​កំពុង​មាន​ការផ្លាស់ប្តូ​នៅ​អាស៊ីបូព៌ា ៖ ការ​វាស់​ស្ទង់​រយៈពេល​មួយ​ទសវត្សនៃ​ការរីកលូត​លាស់​ទាក់​ទង​នឹង​ទំហំ” ទិន្នន័យ​នៅ​ក្នុង​​របាយការណ៍នេះបង្ហាញ​ថា ជារួម តំបន់​ទីក្រុង​នៅក្នុ​ង​តំបន់​អាស៊ីបូព៌ា​ បានរីកធំ ជាមធ្យម​២,៤ភាគរយ​ក្នុងមួយឆ្នាំ ក្នុង​កំឡុងពេល​​មួយទសវត្សដែលគេបានសិក្សា ដែល​ទំហំផ្ទៃដី​របស់ទីក្រុង​បាន​​កើនឡើងដល់ ១៣៤ ៨០០ គីឡូម៉ែត្រក្រឡា នៅក្នុង​ឆ្នាំ ២០១០។

ចំនួនប្រជាជន​នៅទីក្រុង​ បាន​កើនឡើងលឿនជាងមុនក្នុង​អត្រា​ជាមធ្យមប្រចាំឆ្នាំ ៣,០ភាគរយ គឺ​បាន​កើនឡើងដល់ ៧៧៨លាននាក់​ នៅក្នុងឆ្នាំ ២០១០ ដែលជាចំនួនមួយ​ច្រើនបំផុត​សម្រាប់​តំបន់នេះ​នៅ​ក្នុងពិភពលោក។ ប្រភពព័ត៌មានផ្សេងទៀត​បានបង្ហាញថា វាត្រូវការពេលវេលាច្រើនជាង ៥០ឆ្នាំ សម្រាប់ចំនួន​ដូចគ្នា​នេះដើម្បី​អភិវឌ្ឍនៅក្នុង​តំបន់អឺរ៉ុប។

របាយការណ៍នេះ​បាន​រកឃើញនូវទំនាក់ទំនង​ផ្ទាល់​មួយ​រវាងនគរូបនីយកម្ម និង​កំណើន​នៃប្រាក់ចំណូល ដែល​បង្ហាញ​អំពី​វិធី​ដែល​ធាតុចេញ​នៃ​សេដ្ឋកិច្ច​សម្រាប់មនុស្ស​ម្នាក់ បានកើនឡើងនៅទូទាំង​តំបន់នេះ នៅពេល​ដែល​​ភាគរយនៃ​ចំនួន​ប្រជាជនរស់នៅក្នុង​តំបន់ទីក្រុង​បាន​កើន​ឡើង។

របាយការណ៍នេះនិយាយថា​ មាន​តំបន់ទីក្រុងចំនួន ៨៦៩​តំបន់ ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាង ១សែន​​នាក់​នៅក្នុង​តំបន់អាស៊ីបូព៌ា។ តំបន់​ទាំង​នេះ​រួម​បញ្ចូល​ទាំង​​ទីក្រុង​ធំៗចំនួន​ ៨ ដែល​មាន​ប្រជាជនរស់នៅ​ច្រើនជាង ១០​លាន​នាក់ គឺ ទីក្រុង​ដីសណ្តរភៀលរីវើ (​ទន្លេគុជ)  ទី​ក្រុង​សៀងហៃ និងទីក្រុង​ប៉េកាំងនៅប្រទេសចិន  ទីក្រុង​តូក្យូនិងទីក្រុង​អូសាកានៅប្រទេសជប៉ុន និងទីក្រុង​ហ្សាការតា ទីក្រុង​សេអ៊ូល និងទីក្រុង​ម៉ានីល។ ទីក្រុង​ដីសណ្តរទន្លេគុជ​របស់ប្រទេសចិន បាន​រីក​លូត​លាស់​លើស​ទីក្រុង​តូក្យូ ដោយ​បាន​ក្លាយ​ទៅជា​តំបន់ទីក្រុង​ដ៏ធំជាងគេបំផុត​នៅលើពិភពលោក ទាំង​ទំហំ និង​ចំនួន​ប្រជាជន។

ស្របពេលជាមួយគ្នានេះដែរ មានការរីកលូតលាស់គួរឲ្យ​កត់​សម្គាល់នៅក្នុង​តំបន់​ទីក្រុងតូចៗ​ជាងគេជាច្រើន។ តាមពិត តំបន់​ទីក្រុង​ដែលតូចជាង​គេ​បំផុត​​ចំនួន ៥៧២​ តំបន់ ដែលមាន​ប្រជាជន​សរុបពី ១សែននាក់ ទៅ ៥សែននាក់ ព្រម​ទាំងតំបន់ទីក្រុង​ដែល​មាន​ទំហំមធ្យមចំនួន ១០៦ តំបន់ ដែលមាន​ប្រជាជន​សរុបពី ១លាននាក់ ដល់ ៥​លាន​នាក់ មាន​ផ្ទៃដី​សរុប​ច្រើន​ជាង​ទីក្រុង​ធំ​ទាំង​៨​។

លក្ខណៈដែលគួរឲ្យកត់សម្គាល់នៃការពង្រីកនេះគឺ តំបន់ទីក្រុង​ជាច្រើន​ក៏កំពុងតែ​ចង្អៀត​ទៅៗជា​មធ្យម​ផងដែរ ​ប្រសិនបើ​គេគ្រប់គ្រង​បាន​ល្អ អាច​នឹង​ល្អ​សម្រាប់​បរិស្ថាន និង​អាច​ឈាន​ទៅដល់​​ការ​បែងចែក​សេវាកម្មជូន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​​ប្រសិទ្ធិភាព​ជាងនេះ។ ក៏ប៉ុន្តែ ការរីកលូត​លាស់​នេះ បង្កឲ្យ​មាន​បញ្ហា​ដ៏ធំមួយ​ ដោយសារតែការប្រឈមនៃទីក្រុង ដែលក្នុងនោះមានទីក្រុង​ជិត​៣៥០​តំបន់​ទីក្រុងមានបញ្ហាលើដែនគ្របគ្រង​រដ្ឋបាល​មូលដ្ឋាន​។ ក្នុងករណី​ខ្លះ ទីក្រុង​ច្រើនកំពុង​តែប្របាច់​បញ្ចូល​គ្នា​ទៅជាទីក្រុង​តែមួយ ខណៈដែល​​តំបន់​ទាំងនេះ​នៅបន្ត​គ្រប់គ្រង​ដោយ​ឡែកៗ​ពីគ្នា។

ដោយសារតែ​នគរូបនីយកម្ម​បាន​កែប្រែមុខមាត់​របស់​តំបន់អាស៊ីបូព៌ា រដ្ឋាភិបាលនិង​មេដឹកនាំ​ក្នុង​តំបន់​ទីក្រុងទាំងនោះកំពុង​ព្យាយាមស្វែងយល់និងឆ្លើយតបទៅនឹងបញ្ហា ប៉ុន្តែត្រូវបាន​រារាំងដោយ​សារតែ​កង្វះ​​ទិន្នន័យ​ប្រៀបធៀប​​កម្រិត​អន្តរជាតិ​ ពីព្រោះ​បណ្តាប្រទេសជាច្រើនឲ្យនិយមន័យ​ខុសៗគ្នា​ទៅលើ​ពាក្យ​តំបន់ទីក្រុង​និង​ប្រជាជន។

សំណុំទិន្នន័យ​ថ្មីនេះ ត្រូវ​បាន​ចងក្រង​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ តា​មរយៈការ​ប្រើប្រាស់​រូបភាព​ផ្តល់​ដោយ​ផ្កាយ​រណប និង​បច្ចេក​ទេស​ក្នុង​ការ​បង្ហាញ​អំពីរបាយប្រជាជន  ការធ្វើ​ផែនទី​សំគាល់​​ការតាំងទីលំនៅថ្មីរបស់​មនុស្សទាំងអស់ ដើម្បី​ឲ្យ​មានការយល់​ដឹង​ជារួមមួយ​អំពី​និន្នាការនៃ​នគរូបនីយ​កម្ម។ វិធីសាស្ត្រនេះ អាចបង្កើត​បាន​តាមលក្ខណៈប្រព័ន្ធនៅ​ទីណាដែល​កំពុង​មាន​ការធ្វើនគរូបនីយ​កម្ម ថាតើវា​កំពុង​កើតឡើង​លឿន​កម្រិតណា និងថាតើ​កំណើន​ប្រជាជន​ទាក់ទង​ទៅនឹង​កំណើន​នៃ​ផ្ទៃ​ដី​ទីក្រុង​យ៉ាងដូចម្តេច។

លោកស្រី ម៉ារីសែឡា ម៉ុងតូលី មុណូ នាយកផ្នែកប្រតិបត្តិសាលកនៃកិច្ចការសង្គម ទីក្រុង ជនបទ និងភាពធន់នឹងអាកាសធាតុ​របស់ធនាគារពិភពលោក មានប្រសាសន៍ថា “នៅពេលដែលទីក្រុង​ត្រូវ​បាន​កសាងឡើង រចនាសម្ព័ន្ធនៃទីក្រុង​ទាំងនោះ និងរចនាបទនៃការប្រើប្រាស់ដីត្រូវបានបន្សល់​ទុកជា​ច្រើន​ជំនាន់។ ​ការកែលម្អគុណភាពទិន្នន័យដើម្បី​ស្វែងយល់ពី​និន្នាការនានាទាក់ទងនឹង​ការ​ពង្រីក​ទីក្រុងមាន​សារៈ​សំខាន់ណាស់ ដូចនេះ​​អ្នក​តាក់​តែង​គោល​នយោបាយនានា​អាច​ធ្វើការ​សម្រេចចិត្ត​បាន​កាន់តែ​ល្អជាងនេះ​ ដើម្បីគាំទ្រ​ដល់​សហគមន៍​ប្រកបដោយ​និរន្តរភាព​​ នៅក្នុង​បរិយាកាស​មួយ​ដែល​​កំពុង​មាន​ការ​ផ្លាស់​ប្តូ​រ​យ៉ាង​លឿន ជាមួយនឹង​ការទទួលបា​ននូវ​សេវាកម្មនានា ការងារ និង​ការស្នាក់នៅ”។

ទោះបី​ជា​មាន​ការរីកលូតលាស់​ដ៏គួរ​ឲ្យ​កត់​សម្គាល់​និង​មាន​ល្បឿន​លឿន​ដូច​នេះក្តី ក៏​ទិន្នន័យ​បង្ហាញ​ឲ្យ​ឃើញ​ថា ​​តិចជាងមួយភាគរយនៃ​​​ផ្ទៃ​ដី​សរុប​នៅក្នុង​តំបន់​អាស៊ីបូព៌ា​ ត្រូ​វបាន​​ធ្វើ​នគរូបនីយកម្ម និង​​មាន​តែ​ ៣៦​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជា​ជន​សរុប​ គឺ​​ជាអ្នក​ទីក្រុង​ ដែ​ល​ទិន្នន័យ​នេះ​បាន​បង្ហាញថា​ការ​​ពង្រីក​ទីក្រុង​នៅក្នុ​ង​តំបន់​នេះទើប​តែ​បាន​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ដោយសារតែ​ការលូតលាស់​នគរូបនីយកម្ម​នៅក្នុង​តំបន់នេះ​ភាគច្រើន​ត្រូ​វបាន​ជំរុញ​ដោយ​​​កំលាំង​ទីផ្សារ​ ដូចនេះអ្នកតាក់​តែង​គោលនយោបាយ​នានា​នៅ​​ថ្នាក់​ជាតិនិង​ថ្នាក់ក្រុង​ មាន​តួនាទី​សំខាន់​ណាស់ ​ដើម្បី​ធានាថា វា​មាន​និរន្តរភាព​ ​និ​ងត្រូវ​បាន​រាប់​បញ្ចូលគ្រប់ជ្រុងជ្រោយ​៖

១.    ត្រៀម​រៀបចំ​សម្រាប់​ការពង្រីក​ទំហំ​ទីក្រុង​នាពេល​អនាគត តាមរយៈការ​សម្របសម្រួល​​ដល់​​សិទ្ធិទទួលបាន​ដីធ្លី ដើម្បី​ឲ្យ​ការពង្រីក​ទីក្រុង​អាច​ធ្វើ​ឡើង​ប្រកបដោយ​សក្តិ​សិទ្ធិ​ភាព ដោយ​ប្រើ​ប្រាស់នូវ​​យន្តការនានា ដូចជា​​គោល​ការណ៍​ណែនាំ​អំពី​ការអភិវឌ្ឍដីធ្លី ការ​បូករួម​ដី​បញ្ចូល​គ្នានិង​ការកែ​តម្រូវ​ឡើង​វិញ  ការចែក​រំលែកដីនិងការផ្ទេរសម្រាប់សិទ្ធិ​អភិវឌ្ឍន៍។

២.   ធានា​ឲ្យមាន​ការធ្វើនគរូបនីយកម្មដែលមាន​សក្តិសិទ្ធិ​ភាព​តាម​លក្ខណៈសេដ្ឋកិច្ច​ ដោយ​ផ្តោ​ត​ការយក​ចិត្ត​ទុក​ដាក់លើ​​ប្រព័ន្ធ​ទីក្រុង​ទាំងមូល​ តាមរយៈយុ​ទ្ធសាស្ត្រ​នគរូបនីយកម្មជាតិ​ គាំទ្រ​​ដល់​វិនិយោគទុន​សាធារណៈនៅក្នុង​ទីក្រុង​ធំ តូច និងទំហំមធ្យម​ ដើម្បី​​ជំរុញ​សកម្មភាព​សេដ្ឋ​កិច្ច​ចម្រុះ។

៣.   ដាក់បញ្ចូល​ផែនការនគរូបនីយកម្ម តាមរយៈការ​ធ្វើ​ផែនការ​អំពី​ការរីក​លូត​លាស់​ទាក់​ទងនឹង​ទំហំនៃ​ទី​ក្រុង​ ដើម្បី​ជួយកាត់បន្ថយ​វិសមភាព​​លើ​​លទ្ធភាពទទួលបាន​នូវ​កាលានុវត្តភាព​សេដ្ឋ​កិច្ច និង​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​របស់​ជន​ចំណាកស្រុកថ្មី​ៗ។

៤.   ជំរុញ​នគរូបនីយកម្មដែលប្រកបដោយ​និរន្តរភាព ដោយ​ធានាថា តំបន់​ទីក្រុង​នានា​ដែលមាន​ដង់ស៊ីតេខ្ពស់​ ត្រូវ​បាន​​កំណត់​ទីតាំង​បាន​ល្អ ធ្វើ​ផែនការ​បាន​ល្អ និង​សម្រប​សម្រួល​បាន​ល្អ ដើម្បី​បង្កើត​​​ឲ្យ​មាន​ទី​កន្លែង​ដែល​អាចដើរដោយថ្មើរជើង និង​អាចរស់​នៅ​បាន​។

៥.    លុបបំបាត់​ចោល​ការបែងចែកនៃ​ទីក្រុង តាមរយៈការសម្របសម្រួល​ឲ្យ​មាន​សេវាកម្មទីក្រុង​នៅ​តាម​ព្រំប្រទល់​ទីក្រុង​នានា ដោយ​ប្រើ​ប្រាស់​នូវ​យន្តការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នៅក្នុង​តំបន់​​ ​និ​ង​យន្តការ​ដទៃ​ទៀត​។

លោក អាប់បាស ចា ប្រធានគ្របគ្រង​ផ្នែកប្រតិបត្តសាកលនៃកិច្ចការសង្គម ទីក្រុង ជនបទ និងភាពធន់​របស់ក្រុមធនាគារពិភពលោកមានប្រសាសន៍ថា “ការ​សម្របសម្រួល​លើ​ផ្នែក​រចនាសម្ព័ន្ធ​ទីក្រុង ដង់ស៊ីតេ និង​រដ្ឋបាល​ឲ្យ​បាន​ត្រឹម​ត្រូវ នឹង​​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​បញ្ចប់​ភាពក្រីក្រ​តោកយ៉ាក និ​ងជំរុញ​ឲ្យមាន​វិបុល​ភាពសម្រាប់​ទាំងអស់គ្នា”។

----------------------------------

ការពង្រីកទីក្រុង​នៅ អាស៊ីបូព៌ា បង្ហា​ញ​តាម​រយៈតួលេខ (ឆ្នាំ ២០០០ ‑ ២០១០)

២០០​ លាន​នាក់   ប្រជាជន​ទីក្រុង​ថ្មី​របស់​តំបន់​អាស៊ីបូព៌ា​ មាន​ចំនួន​ស្មើ​នឹង​ចំនួន​ប្រជាជនរបស់​ប្រទេស​ដែល​ធំជាង​គេ​បំផុត​ទី​៦​​របស់​ពិភពលោក

៤២ លាន​នាក់    ចំនួន​ប្រជាជន​សរុប​របស់ទី​ក្រុង​ដី​សណ្តរទន្លេគុជ​ ដែល​ជា​តំបន់​ទីក្រុង​ដែល​ធំជាងគេបំផុត​របស់ពិភព​លោក​ (​ច្រើ​នជាង​​ប្រទេស​អាហ្សង់ទីន អូស្ត្រាលី កាណាដា និង​ម៉ាឡេស៊ី។

២,៤%       កំណើន​ដី​ទី​ក្រុង​ជាមធ្យម​ក្នុង​មួយឆ្នាំ

១%          ផ្ទៃដី​ទីក្រុង​សរុប​ក្នុង​ឆ្នាំ ២០១០

៣៦%        ចំនួនប្រជាជន​ទីក្រុង​សរុប​ក្នុង​ឆ្នាំ ២០១០ កើន​ឡើង​ពី ២៩%​ក្នុង​ឆ្នាំ ២០០០

៨៦៩           ផ្ទៃដី​ទីក្រុង​សរុបដែលមាន​ប្រជាជន​ច្រើន​ជាង​ ១០០.០០០​នាក់

-------

ការសិក្សានេះ​បាន​ធ្វើ​ឡើង​​ដោយជោគជ័យ​ក្រោមការគាំទ្រ​ពី​ជំនួយសប្បុរសរបស់​រដ្ឋាភិបាល​ប្រទេសអូស្ត្រាលី។

ដើម្បី​អាន​របាយការណ៍​ទាំងស្រុង សូម​ចូល​មើល​តាម​វេបសាយ​ត៍​ដែល​មាន​អាសយដ្ឋាន ៖ http://www.worldbank.org/eap/MeasuringUrbanExpansion

ដើម្បី​មើល​ផែនទី និង​ទាញយក​ទិន្នន័យ​ សូម​ចូល​មើល​តាម​វេបសាយត៍​ដែល​មាន​អាស័យ​ដ្ឋាន ៖ puma.worldbank.org​

-----------------------------------------------------------

ការប្រកួត​ប្រជែង វិភាគ​ទិន្នន័យ​អំពី​ការ​ពង្រីក​ទីក្រុង​

ដើម្បី​កែលម្អ​ការយល់ដឹង​របស់​យើង​បន្ថែមទៀត​អំពី​ការ​ពង្រីកទីក្រុង ក្រុមធនាគារពិភពលោក កំពុង​ប្រកាស​ឲ្យ​​ដាក់​បញ្ជូន​ (១) ទិន្នន័យ​ជារូបភាព​មើលឃើញ និង (២) សំណើ​សុំ​ឯកសារ​ស្រាវជ្រាវគោល​នយោបាយ​ ដែលប្រើប្រាស់​នូវ​សំណុំទិន្នន័យ​ថ្មី ដែល​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ «ទិដ្ឋភាពទីក្រុង​ដែល​កំពុង​មាន​ការផ្លាស់ប្តូ​នៅ​អាស៊ីបូព៌ា ៖ ការ​វាស់​ស្ទង់​រយៈពេល​មួយ​ទសវត្សនៃ​ការរីកលូត​លាស់​ទាក់ទង​នឹង​ទំហំ»។ សម្រាប់ព័ត៌មាន​បន្ថែម​ សូ​មចូល​ទៅកាន់អាសយដ្ឋាន​ ៖ http://www.worldbank.org/eap/MeasuringUrbanExpansion



ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង សឹង្ហបូរី៖
Dini Djalal
ទូរស័ព្ទ: +62-81-699-1218
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន ឌីស៊ី៖
Chisako Fukuda
ទូរស័ព្ទ: +1 (202) 473-9424
cfukuda@worldbankgroup.org




Api
Api